ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ ដែលលោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃអង្គារ​នេះ

. អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ស្នើ​ឱ្យ​បញ្ឈប់​ការ​រើសអើង​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន

សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន​ខក​ចិត្ត​ចំពោះ​ការ​រើស​អើង​មិន អនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ចូល​យក​ព័ត៌មាន។ ពួកគេ​ទាមទារ​រដ្ឋាភិបាល​បក​ស្រាយ​មូល​ហេតុ និង​កែ​លម្អ​ស្ថានភាព​រើសអើង​ឡើង​វិញ។

អានព័ត៌មានពិស្តារ...

. នាយករដ្ឋមន្ត្រី​ជប៉ុន ចង់​ឃើញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ២០២៣ ដំណើរការ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌

នាយករដ្ឋមន្ត្រីជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio) ចង់ឃើញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ២០២៣ ខាងមុខ ដំណើរការ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ និង​ឆ្លុះបញ្ចាំង​ពី​សំឡេង​ចម្រុះ​របស់​ពលរដ្ឋ​កម្ពុជា។

អានព័ត៌មានពិស្តារ...

. មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​យក​លុយ​ជាង​កន្លះ​លាន​ដុល្លារ​ជួយ​ជន​ក្រីក្រ ជាជាង​ទិញ​នាឡិកា​ជូន​មេ​ដឹកនាំ​បរទេស​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា រដ្ឋា​ភិបាល គួរ​តែ​យក​លុយ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​នោះ ទៅ​ជួយ​ជន​ក្រីក្រ​វិញ ជាជាង​យក​ទៅ​ផលិត​នាឡិកា​ដៃ​ដ៏​ប្រណិត​ជូន​ទៅ​ដល់​មេ​ដឹក​នាំ​អាស៊ាន និង​មេ​ដឹក​នាំ​ពិភព​លោក ដែល​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​ដឹង​ថា នាឡិកា​ដៃ​ដែល​មាន​ចំនួន​២៥គ្រឿង ដែល​លោក​ជូន​ជា​កាដូ​អនុស្សាវរីយ៍​ដល់​ថ្នាក់​ដឹក​នាំ​ដែល​បាន​មក​ចូល​រួម កិច្ច​ប្រជុំ​កំពូល​អាស៊ាន មាន​តម្លៃ​ជាង​២ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រឿង (២០,០០០ដុល្លារ)។

អានព័ត៌មានពិស្តារ...

. អាជ្ញាធរថៃ​មិនទាន់​បញ្ជូន​មន្ត្រី​យោធា​កម្ពុជា​បើកឡាន​ចូលប្រទេសថៃ​ខុស​ច្បាប់​មក​កម្ពុជា​វិញ​ទេ

អាជ្ញាធរថៃ​មិន​ទាន់​បញ្ជូន​មន្ត្រីយោធា​កម្ពុជា ដែល​បើក​ឡាន​ចូល​ប្រទេសថៃ​ខុស​ច្បាប់ កាល​ពី​ព្រលប់​ថ្ងៃទី៥ ខែវិច្ឆិកា ត្រង់ចំណុច​ព្រំដែន​អន្តរជាតិ​ស្រុក​សំពៅលូន ខេត្តបាត់ដំបង មក​កម្ពុជា​វិញ​នោះ​ទេ។ តុលាការ​ថៃ​នឹង​កាត់ទោស​នាយទាហាន​ខ្មែរ​ស័ក្ដិ៥​នោះ តាម​បទចោទ​៤​ករណី ដែល​ប៉ូលិស​ព្រំដែនថៃ​បាន​ចោទ​ប្រកាន់ ហើយ​ត្រូវ​អនុវត្តទោស​នៅ​ប្រទេសថៃ​គ្រប់​ពេល​កំណត់ ទើប​បញ្ជូន​ទៅ​ខ្មែរ​វិញ។

អានព័ត៌មានពិស្តារ...

. យុវជន​ខ្មែរ​៩​នាក់​ជួប​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន​ជជែក​ពី​ការងារ​ជំរុញ​ការគោរព​សិទ្ធិមនុស្ស

យុវជនខ្មែរ​៩​នាក់​មក​ពី​ភ្នំពេញនិង​តាម​បណ្តាខេត្ត​នានា​មាន​ឱកាស​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃឌិន (Joseph R. Biden Jr.) នៅ​ពេល​លោក​មក​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាននិង​កិច្ចប្រជុំពាក់ព័ន្ធ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី១៣ ខែវិច្ឆិកា។ យុវជន​ទាំង៩​នាក់នោះ​ជា​សមាជិក​នៃ​គម្រោង​គំនិត​ផ្តួចផ្តើម​នៃ​មេដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍ (YSEALI)។

ពួកគេ​ជួបជា​មួយ​លោក បៃឌិន ដើម្បីប្រាប់​ពីការងារ​របស់ពួកគេ​ក្នុងការ​ជំរុញការ​គោរព​សិទ្ធិមនុស្សការអភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាពនិង​ការ​អប់រំព្រមទាំង​ការចូលរួម​ប្រឆាំង​ការជួញដូរ​មនុស្សនិង​ការ​បំផ្លាញ​បរិស្ថាន។ ពួកគេ​ក៏បាន​រម្លឹក​ប្រាប់​លោក ចូ បៃឌិន ពីបទពិសោធន៍​របស់គេ​នៅក្នុង​សហរដ្ឋអាមេរិក​នៅក្នុង​អំឡុង​ពេល​ពួកគេ​បាន​ទៅ​ចូលរួម​កម្មវិធី​នៅ​ទី​នោះ។

ក្នុងជំនួប​នោះ​ដែរលោកប្រធានាធិបតីអាមេរិក​បានបញ្ជាក់ពី​ការប្តេជ្ញា​ចិត្តរបស់​សហរដ្ឋអាមេរិក​​​ចំពោះ​​សមាគមអាស៊ាន​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​និងយុវជន​ជំនាន់​ក្រោយ​នៅ​អាស៊ីអាគ្នេយ៍៕

. កូដករ​ណាហ្គាវើលដ៍​២​នាក់​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

ក្រុមកូដករ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ២នាក់​បានចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ ដែល​បាន​ប្ដឹង​ពួកគាត់​ថា បាន​រំលោភ​លំនៅ​ឋាន និង​បង្ខាំង​ដោយ​ខុស​ច្បាប់។ កូដករ​ណាហ្គាវើលដ៍ និង​មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឲ្យតុលាការ​ទម្លាក់ចោល​ការចោទ​ប្រកាន់​លើ​ពួកគាត់​ហើយ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរពន្លឿន​បញ្ចប់​វិវាទ​ដោយ​យក​ច្បាប់​ការងារ​ជាគោល​ដើម្បី​លើក​កម្ពស់​សិទ្ធិការងារ​នៅ​កម្ពុជា។

អានព័ត៌មានពិស្តារ...

. ប្រជាសហគមន៍​ខេត្តកំពង់ស្ពឺ បារម្ភ​ពី​សុវត្ថិភាព​សត្វ​ព្រៃ​កម្រ បន្ទាប់​ពី​មាន​ការ​លួច​ពង្រាយ​អន្ទាក់​ជា​ច្រើន​នៅតំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្តកំពង់ស្ពឺ​ព្រួយបារម្ភ ពី​សកម្មភាព​ដាក់អន្ទាក់​ចាប់​សត្វ​ព្រៃ​ កំពុង​បង្ក​គ្រោះថ្នាក់​ខ្លាំង ដល់​សុវត្ថិភាព​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ ដែល​កំពុង​រស់​នៅ ក្នុង​តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ់​កណ្តាល។ ពួកគាត់​អះអាង​ថា សត្វ​ព្រៃ​ងាប់ និង​បាត់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ ដោយសារ​មានជនល្មើសអន្ទាក់ និង​ការ​លួច​បរបាញ់​ខុសច្បាប់ ក្នុង​តំបន់​អភិរក្ស​មួយ​នេះ។

អានព័ត៌មានពិស្តារ...

. ពលរដ្ឋ​អ្នកដាំ​ដំឡូងមី បារម្ភ​តម្លៃ​ដំឡូងមី​ធ្លាក់​ថ្លៃ ប៉ះពាល់​ដល់​ជីវភាព

ប្រជាពលរដ្ឋ​ប្រកប​របរ​ដាំដំឡូងមីបារម្ភ​តម្លៃ​ដំឡូង​ចុះ​ធ្លាក់​ថ្លៃប៉ះពាល់​ដល់​ជីវភាព​ស្រប​ពេល​កសិករ​កំពុង​មមាញឹក​ប្រមូល​ផល​បណ្ដើរៗ។មន្ត្រីសង្គមស៊ីវិល​យល់ថា រដ្ឋាភិបាលនិង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ស្វះស្វែង​រក​វិនិយោគ​ទុន​បរទេសមក​កែច្នៃ​ដំឡូងមីនិង​ដំណាំ​ផ្សេងៗ​ដើម្បី​អោយ​កសិករ​មាន​ទីផ្សារ​លក់​កសិផល​សមរម្យ៕

អានព័ត៌មានពិស្តារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។