ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖ លោក ហ៊ុន សែន ថា លោកខិតជិតកៀកជំងឺទឹកនោមផ្អែម
2023.02.21
១. លោក ហ៊ុន សែន ថា លោកខិតជិតកៀកជំងឺទឹកនោមផ្អែម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយឱ្យសាធារណជនដឹងថា លោកជិតកើតជំងឺទឹកនោមផ្អែមហើយ។ អ្នកវិភាគសង្ស័យថា លោក ហ៊ុន សែន ទំនងធ្ងន់ធ្ងរជាងអ្វីដែលលោកបានអះអាង។ លោក ហ៊ុន សែន បង្ហាញពីស្ថានភាពរបស់ខ្លួនពេលនេះ ក្រោយពេលបងប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន ណេង និងប្អូនថ្លៃស្រីពៅរបស់លោក គឺលោកស្រី ប៊ុន សុថា បានទទួលមរណភាពដោយជំងឺជាបន្តបន្ទាប់ដ៏គូរឱ្យភ្ញាក់ផ្អើល។

២. សាលាឧទ្ធរណ៍ភ្នំពេញបដិសេធបណ្ដឹងសុំនៅក្រៅឃុំ របស់លោក ថាច់ សេដ្ឋា
សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា ទៅតាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ មន្ត្រីសង្គមស៊ីវិល ស្នើឱ្យចៅក្រមគួរពិចារណាឡើងវិញ និងអនុញ្ញាតឱ្យលោក ថាច់ សេដ្ឋា នៅក្រៅឃុំដើម្បីដោះស្រាយជាមួយដើមបណ្ដឹង និងចូលរួមការបោះឆ្នោតនៅពេលខាងមុខ។

៣. តុលាការលើកពេលសវនាការក្រុមសហជីពណាហ្គាវើលដ៍
តុលាការលើកពេលសវនាការលើសំណុំរឿងញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម របស់សហជីពណាហ្គាវើលដ៍ទៅពេលក្រោយ។ សវនាការនេះមានក្រុមកូដករជាង ១០០នាក់តាមដានឃ្លាំមើលនៅមុខតុលាការ ដោយអ្នកខ្លះកាន់បដាជាប់ដៃ ដែលមានខ្លឹមសារថា «ខ្ញុំមកធ្វើជាសាក្សី» ដើម្បីបង្ហាញដល់តុលាការថា ពួកគាត់ចូលរួមធ្វើកូដកម្មដោយស្ម័គ្រចិត្តមិនមាននរណាម្នាក់ញុះញង់ ឬបង្ខិតបង្ខំឡើយ។

៤. មន្រ្តីបក្សភ្លើងទៀនខេត្តត្បូងឃ្មុំចោទអាជ្ញាធរថាប៉ុនប៉ងធ្វើទុក្ខបុកម្នេញបំបាក់ស្មារតីលើរូបលោក
មន្រ្តីគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ គឺលោក ស៊ូ យាន ចោទអាជ្ញាធរមូលដ្ឋានដែលដេញចាប់លោកដល់ផ្ទះថា ជារឿងនយោបាយដើម្បីគំរាមកំហែង និងបំភិតបំភ័យលើសកម្មជននយោបាយច្រើនជាងហេតុផលភាន់ច្រឡំ។ ប៉ុន្តែអាជ្ញាធរស្រុកច្រានចោលការចោទប្រកាន់នេះ។
៥. សង្គមស៊ីវិលរិះគន់ក្រសួងកិច្ចការនារីថា ធ្វើការងារគ្មានតម្លាភាពរឿងការមាក់ងាយស្ត្រីអ្នកសារព័ត៌មានវីអូឌី (VOD)
មន្ត្រីសង្គមស៊ីវិលរិះគន់ក្រសួងកិច្ចការនារីថា មិនឈរលើគោលការណ៍ច្បាប់ ពាក់ព័ន្ធនឹងការមាក់ងាយលើស្ត្រីអ្នកសារព័ត៌មានវីអូឌី។ ការលើកឡើងនេះបន្ទាប់ពីក្រសួងកិច្ចការនារីចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី២០ ខែកុម្ភៈ អំពាវនាវដល់បណ្ដាអង្គការ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្ហាញនូវ អព្យាក្រឹតភាពក្នុងការអនុវត្តការងារ ជៀសវាងការប្រើប្រាស់ស្តង់ដារពីរ ដែលជាការកេងចំណេញផ្នែកនយោបាយ។
៦. អង្គការសង្គមស៊ីវិល និងអ្នកវិភាគនយោបាយមិនរំពឹងថា ចំនួនស្រ្តីតំណាងរាស្រ្តកើនឡើងនៅក្នុងអាណត្តិទី៧
អ្នកជំនាញកិច្ចការបោះឆ្នោតជំរុញឱ្យគណបក្សនយោបាយដែលមានប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ យកចិត្តទុកដាក់បង្កើនចំនួនបេក្ខភាពស្រ្តី និងបង្កលទ្ធភាពឱ្យស្រ្តីអាចជាប់ឆ្នោតបានច្រើន នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅក្នុងខែកក្កដាខាងមុខ។ សំណើរនេះស្របពេល ដែលគណបក្សនយោបាយចូលរួមការបោះឆ្នោតកំពុងចាប់ផ្តើមរៀបចំបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួន ដើម្បីដាក់ទៅ គ.ជ.ប ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៨ ខែឧសភាខាងមុខ។
៧. សកម្មជនបរិស្ថាន រិះគន់អាជ្ញាធរខេត្តកែបថាអសមត្ថភាពក្នុងការទប់ស្កាត់បញ្ហាបង្ហូរទឹកស្អុយចូលសមុទ្រ
សកម្មជនបរិស្ថាន រិះគន់អាជ្ញាធរខេត្តកែបថា សមត្ថភាពក្នុងការទប់ស្កាត់បញ្ហាបង្ហូរទឹកស្អុយចូលសមុទ្រនៅម្ដុំច្រកចូលសិលាចាំប្ដី ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅទីនោះ។ ប៉ុន្តែអាជ្ញាធរខេត្តកែប បដិសេធលើការចោទប្រកាន់នេះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។