ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ជា​ផ្លូវការ​តែងតាំង​លោក ប៉ាទ្រីក ម័រហ្វី ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា

ព្រឹទ្ធសភា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១ ខែ​សីហា បាន​អនុម័ត​ជា​ផ្លូវការ យល់ព្រម​តែងតាំង​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​ជូនដំណឹង​អំពី​ចំណាត់ការ​ចុងក្រោយ​របស់​ព្រឹទ្ធសភា​អាមេរិក ទាក់ទង​ទៅ​នឹង​ការ​វិវត្ត​នៃ​ដំណើរការ​តែងតាំង​លោក ប៉ាទ្រីក ម័រហ្វី ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា។

ការសម្រេច​នេះ ធ្វើឡើង​ទន្ទឹមគ្នា​នឹង​ថ្ងៃ​ដែល​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន លោក ផៃ ស៊ីផាន បាន​បង្កើន​វោហារសាស្ត្រ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក ដោយ​បាន​ត្អូញត្អែរ​ថា កម្ពុជា​ពិបាក​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក ដោយសារតែ​គ្មាន​ឯកអគ្គរដ្ឋទូត​។ លើស​ពី​នេះ លោក ផៃ ស៊ីផាន បាន​បន្តុះបង្អាប់​មន្ត្រី​ការទូត​អាមេរិកាំង​នៅ​កម្ពុជា ថា​ជា «​មន្ត្រី​រម៉ិករម៉ក់» និង​ជា «មនុស្ស​ព្រៃ​»​។ ប្រតិកម្ម​ធ្ងន់ៗ​ពី​សំណាក់​របប​ក្រុងភ្នំពេញ​នេះ កើតឡើង​ក្រោយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ចេញ​សារ​រិះគន់​ចំ​ពេល​ខួប ១​ឆ្នាំ នៃ​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ថា ជា​កំហុស​ឆ្គង​យ៉ាង​ខ្លាំង មិន​មាន​ភាព​សេរី គ្មាន​យុត្តិធម៌ និង​មិន​តំណាង​ឱ្យ​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។សហរដ្ឋអាមេរិក បាន​ទុក​តំណែង​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​កម្ពុជា ឱ្យ​នៅ​ទំនេរ ត្រឹម​កម្រិត​ភារធារី អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ក្រោយ​តំណែង​ឯកអគ្គរដ្ឋទូត​ចាស់ លោក វីល្លៀម ហៃដ៍ (William Heidt) បាន​ចប់​អាណត្តិ កាលពី​ចុង​ឆ្នាំ​២០១៨ កន្លងទៅ។

លោក ប៉ាទ្រីក ម័រហ្វី បច្ចុប្បន្ន​ជា​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍​។ លោក​ធ្លាប់​បាន​បម្រើ​ការងារ​ជា​អនុប្រធាន​បេសកកម្ម និង​ជា​ភារធារី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ថៃ ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦ និង​ប្រចាំ​ប្រទេស​ប្រទេស​ឡឺសូតូ (Lesotho) ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០០៨​។ លោក​នឹង​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ទី​១៧ របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ពេល​លោក​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​នា​ពេល​ខាងមុខនេះ។

អាស៊ីសេរី​នៅ​មិនទាន់​ទទួល​បាន​ការ​បញ្ជាក់​ពី​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​នៅឡើយ​ទេ អំពី​ពេលវេលា​ជាក់លាក់ នៃ​ការ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​នៅ​កម្ពុជា។

ដំណើរការ​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិក​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ល្អក់​កករ និង​រកាំរកូស​ខ្លាំង ក្រោយ​របប​ក្រុង​ភ្នំពេញ​បាន​រម្លាយ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហើយ​ងាក​ទៅ​ឱប​ក្រសោប​មហា​យក្ស​ចិន​កាន់តែ​ខ្លាំង​។ របប​ក្រុងភ្នំពេញ​កន្លងទៅ សង្ស័យ​ថា សហរដ្ឋអាមេរិក ជា​មេ​ក្លោង​បដិវត្ត​ពណ៌​នៅ​កម្ពុជា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។ ការ​ឡើង​កាន់​តំណែង​របស់​លោក​នេះ ក៏​ធ្វើឡើង​ស្រប​ពេល​ដែល​សមាជិកសភា និង​ព្រឹទ្ធសភា​អាមេរិក កំពុង​នាំគ្នា​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​របប​ក្រុងភ្នំពេញ តាមរយៈ​ការ​បង្កក​ទ្រព្យសម្បត្តិ​ការ​រឹតត្បិត​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​នេះ និង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ​ហៅថា GSP របស់​ខ្លួន​។ ទន្ទឹម​នឹង​នោះ សហរដ្ឋអាមេរិក ក៏បាន​សម្ដែង​ក្តី​ព្រួយបារម្ភ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ពី​រឿង​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា លើ​ទឹកដី​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។