អង្គការសង្គមស៊ីវិលមួយចំនួនស្នើដល់រដ្ឋាភិបាលថ្មីរបស់អាមេរិកឱ្យបន្តផ្ដល់ជំនួយ ដើម្បីជួយដល់ពលរដ្ឋខ្មែរ
2025.01.28

អង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស លើកកម្ពស់ប្រជាធិបតេយ្យ និងការពារធនធានធម្មជាតិស្នើឱ្យរដ្ឋាភិបាលថ្មីរបស់អាមេរិកបន្តផ្ដល់ជំនួយ ដើម្បីជួយដល់ពលរដ្ឋខ្មែរ។ ពួកគាត់លើកឡើងថា សហរដ្ឋអាមេរិកបានដើរតួនាទីជាច្រើនទសវត្សមកហើយ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ហើយរដ្ឋាភិបាលអាមេរិកគួរតែជួយបន្តទៀត ព្រោះថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅមិនទាន់ល្អប្រសើរនៅឡើយ។
ការអំពាវនាវរបស់អង្គការសង្គមស៊ីវិលនេះ ធ្វើឡើងក្រោយពេលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសផ្ដាច់ជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅប្រទេសនានារួមទាំងកម្ពុជាផងដែរក្នុងរយៈរយៈពេល ៩០ថ្ងៃ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី លើកឡើងថាសមាគមរបស់លោកក៏ទទួលបានការជូនដំណឹងពីការផ្អាកជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែរ។ លោកថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានទទួលជំនួយពីរដ្ឋាភិបាលអាមេរិកប្រមាណ២០ ទៅ ៣០ភាគរយ ដែលបានជួយលើការអនុវត្តសកម្មភាពបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន និងរាយការណ៍ព័ត៌មាន។
លោក ណុប វី ស្នើដល់រដ្ឋាភិបាលអាមេរិកពិចារណា និងគួរបន្តផ្ដល់ជំនួយដល់ពលរដ្ឋខ្មែរឡើងវិញ ព្រោះថា បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបរិស្ថាននៅកម្ពុជានៅតែត្រូវការរដ្ឋាភិបាលអាមេរិកបន្តគាំទ្រ។
លោក ណុប វី៖ «ជារួមទាក់ទងជាមួយនឹងធនធានមូលនិធិទាំងអស់ហ្នឹង វាមានពាក់ព័ន្ធផ្ទាល់ទៅផលប្រយោជន៍របស់ប្រជាពលរដ្ឋជាពិសេសទាក់ទងនឹងការបណ្ដុះបណ្ដាលជំនាញ ចំណេះដឹងការបន្តផ្សព្វផ្សាយព័ត៌មានដោយខ្ញុំនិយាយដាច់ដោយឡែក ទាក់ទងជាមួយហ្នឹងការងាររបស់ស្ថាប័នអង្គការសមាគមសារព័ត៌មាន ទាក់ទងនឹងអង្គការសិទ្ធិមនុស្ស ឃើញថា មានផលប្រយោជន៍មានជាប់ពាក់ព័ន្ធផ្ទាល់អ្នកទទួលផល គឺប្រជាពលរដ្ឋ»។
ដោយឡែក នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ការផ្អាកជំនួយរបស់រដ្ឋាភិបាលអាមេរិកនឹងធ្វើឱ្យសកម្មភាពមួយចំនួនរបស់សមាគមបណ្ដាញយុវជនកម្ពុជា ដែលពាក់ព័ន្ធនឹងការពង្រឹងសិទ្ធិអំណាចយុវជន និងលទ្ធភាពការពារធនធានធម្មជាតិថយចុះ។ លោក ហេង គឹមហុង រំពឹងថា រដ្ឋាភិបាលអាមេរិកបន្តផ្ដល់ជំនួយដល់អង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។
លោក ហេង គឹមហុង៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយមថាសហរដ្ឋអាមេរិកនឹងនៅរក្សាជំហរផ្ដល់ជំនួយទៅអន្តរជាតិ ដោយសារតែសហរដ្ឋអាមេរិកចាត់ទុកជាប្រទេសដែលមានសក្ដានុពលមួយនៅលើពិភពលោកមិនមែនជាប្រទេសដែលគិតគូរពីខ្លួនឯងប៉ុណ្ណោះទេ អាមេរិកជាប្រទេសមួយការពារ និងធានានូវការជំរុញឱ្យមានការថែរក្សាសណ្ដាប់ធ្នាប់ពិភពលោក ការកសាងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការកសាងឱ្យមានភាពល្អប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស»។
រីឯនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សេង សុវឌ្ឍនា លើកឡើងថា ការផ្អាកជំនួយពីភាគីសហរដ្ឋអាមេរិកនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសកម្មភាពមួយចំនួនរបស់ស្ថាប័នជាពិសេសការផ្អាកជំនួយទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះដីធ្លី ក្នុងនោះ រួមទាំងជនជាតិដើមភាគតិច។ លោកទទូចដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណាឡើងវិញ ក្នុងការបន្តជួយដល់ពលរដ្ឋខ្មែរ។
លោក សេង សុវឌ្ឍនា៖ «យើងចង់ឱ្យសហរដ្ឋអាមេរិកមានប្រធានាធិបតីថ្មី គាត់នឹងពិចារណាឡើងវិញក្នុងការបន្តការគាំទ្រសម្រាប់ជំនួយផ្នែកសិទ្ធិមនុស្ស ក៏ដូចជា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីសម្រួលដល់អង្គការសង្គមស៊ីវិលអាចមានលទ្ធភាពធ្វើកិច្ចការលើកកម្ពស់សិទ្ធិមនុស្ស ហើយការពារសម្រាប់អ្នក ដែលត្រូវការជំនួយផ្នែកច្បាប់ជាដើម»។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែមករា ដែលត្រូវបានចែករំលែកជាសារសាធារណៈតាមរយៈបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានស្នើឱ្យមានការផ្អាកផ្ដល់ជំនួយ និងការកែសម្រួលឡើងវិញ លើជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងសាជាថ្មី។
ជុំវិញករណីនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច និងជាសមាជិកព្រឹទ្ធសភា លោក សុខ ឥសាន លើកឡើងថា ការសម្រេចផ្អាកជំនួយរបស់រដ្ឋាភិបាលអាមេរិក គឺជារឿងរបស់សហរដ្ឋអាមេរិក ហើយលោកថា ម្ចាស់ជំនួយនានា មានសិទ្ធិក្នុងការបន្តផ្ដល់ឱ្យ ឬផ្អាក គឺជាការសម្រេចរបស់ពួកគេ។
លោក សុខ ឥសាន៖ «ឥឡូវវាសភាពការវាផ្លាស់ប្ដូរ វាទូទៅទាំងសាកលលោកហើយ។ ប្រទេសដទៃទៀត ដែលមិនបានជំនួយពីអាមេរិកមកហ្នឹង ទោះថា មិនបានយកអធិបតីភាព និងឯករាជ្យទៅដោះដូរ ក៏វាត្រូវផ្ដាច់ជំនួយដដែលហ្នឹង មិនអ៊ីចឹង?»។
លោក សុខ ឥសាន បញ្ជាក់ថា ការលើកឡើងរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងមហាសន្និបាតបក្ស កាលពីថ្ងៃទី២៦ មករា ដែលថា កម្ពុជាមិនត្រូវការជំនួយណា ដែលធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យ និងអធិបតេយ្យកម្ពុជារបស់កម្ពុជានោះ មិនមែនជាប្រតិកម្មឆ្លើយតបទៅនឹងការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោកឡើយ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីខែតុលា ឆ្នាំ២០២៤ នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អ្នកស្រី សាមែនថា ផៅវ័រ (Samantha Power) បានប្រកាសពីការផ្ដល់ជំនួយជាង ៥០លានដុល្លារសម្រាប់ការអភិវឌ្ឍកម្ពុជាក្នុងនោះ មានទឹកប្រាក់ចំនួន ៦លានដុល្លារសម្រាប់ជួយដល់អង្គការសង្គមស៊ីវិល ដើម្បីគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់កម្ពុជាជាង ៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍប្រទេសរបស់កម្ពុជា ក្នុងនោះជំនួយមួយផ្នែកផ្ដោតលើការពង្រឹងវិស័យអប់រំ និងសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។