មន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា គ.ជ.ប គ្មានសមត្ថកិច្ចស៊ើបអង្កេតពីទំនាក់ទំនង រវាងលោក អៀ ចាន់ណា និងគណបក្សភ្លើងទៀននោះទេ។ ការលើកឡើងបែបនេះ ក្រោយពេលសារព័ត៌មានមួយចំនួនចុះផ្សាយថា គ.ជ.ប ស៊ើបអង្កេតពីទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងលោក អៀ ចាន់ណា។ ចំណែក អនុប្រធានគណបក្សភ្លើងទៀន អះអាងថា មកដល់ពេលនេះគ្មានស្ថាប័នណាមួយ ផ្ដល់ដំណឹងមកគណបក្សពីការស៊ើបអង្កេតរឿងនេះនោះទេ។
អនុប្រធានគណបក្សភ្លើងទៀន និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា ករណីចោទប្រកាន់លើមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក អៀ ចាន់ណា មិនធ្វើឲ្យប៉ះពាល់ដល់ការរំលាយគណបក្សនេះទេ។ ពួកគេថា លោក អៀ ចាន់ណា ពេលនេះមិនមែនជាទណ្ឌិតដែលត្រូវបានច្បាប់ហាមឃាត់មិនឲ្យមានទំនាក់ទំនងជាមួយគបក្សនយោបាយនោះឡើយ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យវិទ្យុអាស៊ីសេរីដឹងយ៉ាងខ្លីថា គ.ជ.ប គ្មានសមត្ថកិច្ចស៊ើបអង្កេតករណីលោក អៀ ចាន់ណាទេ៖ « រឿងនេះជាការអនុវត្តច្បាប់របស់តុលាការទេ រឿងផ្សេងទេ មិនពាក់ព័ន្ធមកខាងគ . ជ . បទេបាទ » ។
ការលើកឡើងបែបនេះ មន្ត្រីជាន់ខ្ពស់ គ.ជ.ប ក្រោយពេលសារព័ត៌មានមួយចំនួនចុះផ្សាយថា គ.ជ.ប នឹងស៊ើបអង្កេតពីទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងលោក អៀ ចាន់ណា។ ការចុះផ្សាយនោះគឺមុនប៉ុន្មានថ្ងៃនៃការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី០៥ ខែមិថុនា។
ទាក់ទងករណីនេះ អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា យល់ថា នេះជាការបំភិតបំភ័យ។ លោកបន្តថា សំណុំរឿងនេះមិនមែនជាសមត្ថកិច្ចរបស់គ.ជ.ប ឡើយ។ លោកឲ្យដឹងទៀតថា មកដល់ពេលនេះក៏គ្មានស្ថាប័នណាមួយទាក់ទងមកគណបក្សភ្លើងទៀន ស្នើសុំស៊ើបអង្កេតទំនាក់ទំនងរបស់លោក អៀ ចាន់ណា នឹងគណបក្សភ្លើងទៀននោះដែរ៖ « អ៊ីចឹងហើយក្នុងន័យបំភិតបំភ័យសុទ្ធសាធ ទាក់ទងតុលាការគេកាត់ទោសហើយអ៊ីចេះអ៊ីចុះ គឺត្រូវស៊ើបអង្កេតពាក់ព័ន្ធអីជារឿងមួយផ្សេង នេះគ្រាន់តែចាប់ខ្លួនគឺ គ . ជ . ប ចេញមុខស៊ើបអង្កេតមិនដឹងសមត្ថកិច្ចអីគាត់ទេ » ។
ច្បាប់ស្ដីពីគណបក្សនយោបាយថ្មី បានហាមគ្រប់គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន។ ចំពោះទោសទណ្ឌដល់គណបក្សនយោបាយដែលបានប្រព្រឹត្តផ្ទុយពីច្បាប់នេះវិញ គឺតុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយនោះរហូតដល់ ៥ឆ្នាំ ឬអាចរំលាយគណបក្សនោះចោលតែម្ដង។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស និយាយថា ខ្លឹមសារច្បាប់មិនអាចធាក់ថយក្រោយនោះទេ។ លោកបន្តថា អៀ ចាន់ណា មិនមែនជាទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមគឺ មិនប៉ះពាល់អ្វីដល់គណបក្សភ្លើងទៀននោះទេ៖ « មានន័យថា តុលាការប្រកាសសុពលភាពថា អ្នកហ្នឹងមានទោសថ្ងៃហ្នឹង ការអនុវត្តពីមុនមកយកមកភ្ជាប់ថា ជាអ្នកមានទោសដែរ មិនអាចពាក់ព័ន្ធគ្នាអញ្ចឹងទេ យ៉ាងច្រើនត្រឹមព្រមានថា អ្នកនេះមានទោសហើយ អញ្ចឹងការពាក់ព័ន្ធជាមួយគណបក្សនយោបាយគួរបញ្ជាក់ឲ្យបានច្បាស់ » ។
លោក អៀ ចាន់ណា ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីចុងខែឧសភា កន្លងទៅមិនទាន់ត្រូវតុលាការរកឃើញថា លោកមានទោសនៅឡើយទេ។ លោកទើបតែស្ថិតក្នុងដំណាក់កាលពីជនត្រូវចោទ ឬជនជាប់ចោទនៅឡើយ។
ទាក់ទងការវិវឌ្ឈសំណុំរឿងនេះ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីមេធាវីការពារក្ដីលោក អៀ ចាន់ណា គឺលោក សំ សុគង់ បាននៅឡើយ នៅថ្ងៃទី៧ ខែមិថុនា។
ប្រពន្ធលោក អៀ ចាន់ណា លោកស្រី ទូច ធីតា ដែលកំពុងរស់នៅប្រទេសណ័រវ៉េ ឲ្យវិទ្យុអាសេរីដឹងនៅថ្ងៃទី៧ ខែមិថុនាថា ក្រសួងការបរទេសណ័រវ៉េបានប្រាប់លោកស្រីថា ពេលគេទទួលបានដំណឹងថ្មីរបស់លោក អៀ ចាន់ណា ពីស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ គេនឹងផ្ដល់ដំណឹងឲ្យលោកស្រីដឹងភ្លាម។ លោកស្រី ទូច ធីតា រំពឹងថា រដ្ឋាភិបាលប្រទេសណ័រវ៉េ នឹងអាចអន្តរាគមន៍លើករណីប្ដីលោកស្រី ព្រោះប្ដីលោកស្រីមិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់ឡើយ៖ « ក្ដីសង្ឃឹមដ៏ធំបំផុតរបស់ខ្ញុំរបស់មានតែក្រសួងការបរទេសណ័រវ៉េ និងស្ថានទូតណ័រវ៉េនៅទីក្រុងបាងកកជួយសម្របសម្រួលលើបញ្ហាហ្នឹង ហើយបញ្ហានៅស្រុកខ្មែរខ្ញុំអត់ដឹងថា យុត្តិធម៌មានដែរ ឬទេ ? ដែលមានឈ្មោះថា ប្រជាធិបតេយ្យ » ។
លោក អៀ ចាន់ណា ជាអតីតយុវជនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស មុនចាប់សមត្ថកិច្ចចាប់ខ្លួនលោកជាអនុប្រធានក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀននៅខេត្តតាកែវ។ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក អៀ ចាន់ណា ទៅដាក់ពន្ធនាគារព្រៃស (ម១)។ ដីកាចុះកាលពីថ្ងៃទី៣០ ខែឧសភា បានចោទប្រកាន់លោក អៀ ចាន់ណា ពីបទរួមគំនិតក្បត់ ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីឆ្នាំ២០២០ និងពេលបន្តបន្ទាប់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។