ទីស្ដីការគណៈរដ្ឋមន្ត្រី ប្រកាសលើកពេលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ដែលគ្រោង ប្រជុំនៅថ្ងៃសុក្រទី២៦ ខែកក្កដា ខាងមុខនេះ ទៅប្រជុំនៅពេលក្រោយវិញ ដោយមិនកំណត់ពេល និងមិនបញ្ជាក់អំពីមូលហេតុច្បាស់លាស់នោះទេ។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា ការលើកពេលនៃកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីនេះ គឺមិនពាក់ព័ន្ធនឹងសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ គឺដោយ សារតែរដ្ឋមន្ត្រីម្នាក់ៗរវល់ចុះទៅមូលដ្ឋាន និងដោយសារគ្មានរបៀបវារៈគ្រប់គ្រាន់ដើម្បីពិភាក្សា៖ «អាស្រ័យដោយរដ្ឋមន្ត្រីមិនទាន់មានរបៀបវារៈគ្រប់គ្រាន់សម្រាប់ គណៈរដ្ឋមន្ត្រីប្រជុំទេ គឺយើងមិនប្រជុំទេ វាខាតពេល។ អាស្រ័យដោយរដ្ឋមន្ត្រីអនុវត្តតាមគោលការណ៍ថ្មី ត្រូវចុះទៅតាមមូលដ្ឋាននៃការទទួលខុសត្រូវរៀងៗខ្លួនដូចជារដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះទៅតា វាលស្រែ រដ្ឋមន្ត្រីខាងដឹកជញ្ជូនចុះទៅតាមថ្នល់សំណង់។ សូមជម្រាបជូនដែរថា សុខ ភាពរបស់សម្ដេចធម្មតាអាស្រ័យខ្ញុំទើបទាក់ទងលោកមិនដល់១០នាទីមុននេះផងទេ។ លោកបានចុះហត្ថលេខាលើឯកសារមួយចំនួន ដែលសុំយោបល់ពីលោក។ ចំពោះជនណាដែលប្រមាថម៉ាក់ងាយ និងបំប៉ោងព័ត៌មានប្រឌិតផ្សេងៗទៀតគឺជាក្រុមចង្រៃ»។
កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅថ្មីៗ លោក ហ៊ុន សែន ធ្លាប់បានប្រកាសបញ្ជាឱ្យលុបចោលរាល់ ជំនួបផ្លូវការជាមួយភ្ញៀវជាតិ និងអន្តរជាតិ ដោយសារតែលោកមានបញ្ហាគ្រេចស្មា ដែលត្រូវទៅ សម្រាកព្យាបាលនៅប្រទេសសិង្ហបុរីជិតមួយ១សប្ដាហ៍។ បន្ទាប់ពីព្យាបាលរួច លោក ហ៊ុន សែន បានចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីម្ដង កាលពីថ្ងៃទី១២ ខែកក្កដា ប៉ុន្តែក្រោយមកលោកមិន សូវចេញមុខ និងឡើងថ្លែងសារជាសាធារណៈទៀតឡើយ ខណៈកម្ពុជា កំពុងពើបប្រទះបញ្ហា ចម្រូងចម្រាសជាច្រើន ដែលតាមទម្លាប់របស់លោកតែងតែដើរថ្លែងសុន្ទរកថា បញ្ចេញប្រតិកម្ម តបត។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ មេដឹកនាំរបបក្រុងភ្នំពេញ តែងតែបង្ហោះសារត្អូញត្អែរពីសុខភាពរបស់លោក ដែលពេទ្យហាមមិនឱ្យហាត់ប្រាណ និងតែងតែបង្ហោះរូបភាពចាស់ៗនិងបទចម្រៀងនៅតាមបណ្ដាញសង្គមហ្វេសប៊ុក។
មេដឹកនាំរបបក្រុងភ្នំពេញ តែងតែព្រមានចាប់ខ្លួនអ្នកណាដែលហ៊ានបង្ហោះសារបន់ឱ្យលោក ឆាប់ស្លាប់ ឬនិយាយអំពីស្ថានភាពជំងឺរបស់លោក ឱ្យឈប់ជាបន្ទាន់ ព្រោះលោកមិនងាយស្លាប់នោះទេ ។ ទោះជាមានការគំរាមបែបនេះក្តី ថ្ងៃនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការបង្ហោះសារព្រោងព្រាតថាលោក ហ៊ុន សែន មានជំងឺជាទម្ងន់ហើយត្រូវគេបញ្ជូនទៅព្យាបាលនៅប្រទេសសិង្ហបុរី កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា។ ក្រៅពីការឆ្លើយតបជាមួយអាស៊ីសេរីពីសំណាក់លោក ផៃ ស៊ីផាន មិនមានសេចក្ដីប្រកាសជាផ្លូវការណាមួយ ឆ្លើយតបទៅនឹងការបង្ហោះសារថា លោក ហ៊ុន សែន ឈឺលើបណ្ដាញសង្គមទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
