អ្នកវិភាគ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ចង់​ឱ្យ​កម្ពុជា​រក្សា​អព្យាក្រឹត្យ​ដើម្បី​សន្តិសុខ​តំបន់

0:00 / 0:00

អ្នកវិភាគ និង​អ្នក​សិក្សា​ស្រាវជ្រាវ យល់​ឃើញ​ស្របគ្នា​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​មានបំណង​ឱ្យ​កម្ពុជា​រក្សា​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន ដើម្បី​សន្តិសុខ​តំបន់​អាស៊ីអាគ្នេយ៍។ ប្រមុខ​ការទូត​អាមេរិក​បាន​ស្វាគមន៍ ការ​បដិសេធ​របស់​កម្ពុជា ជុំវិញ​រឿង​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន បោះ​ទីតាំង​ឈរជើង​នៅ​លើ​ទឹកដី​ខ្មែរ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា និង​អន្តរជាតិ ជឿជាក់​ថា សហរដ្ឋអាមេរិក​មិនទាន់​អស់ចិត្ត​រឿង​តម្រុយ​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​នោះ​ឡើយ ក៏ប៉ុន្តែ​ដោយសារ​ភាគី​កម្ពុជា​បាន​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត ទើប​អាមេរិក​ប្រើ​យុទ្ធសាស្ត្រ លើកទឹកចិត្ត​ឱ្យ​របប​ក្រុងភ្នំពេញ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា និង​ជា​អ្នក​សិក្សា​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ លោក ស ម៉ូរី ថ្លែង​ថា ប្រសាសន៍​របស់​ប្រមុខ​ការទូត​អាមេរិក បាន​ចង​ជើង​រដ្ឋាភិបាល​កម្ពុ​ជា​រួចស្រេច​ទៅ​ហើយ​ថា កម្ពុជា​ត្រូវតែ​រក្សា​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ជុំវិញ​ទំនាក់​ទំនង​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច​។ លោក​បន្ត​ថា ប្រសិនបើ​ថ្ងៃ​មុខ អាមេរិក​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ពិតជា​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន ឬក៏​ឱ្យ​ចិន​តាំង​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​លើ​ទឹកដី​ខ្មែរ​មែន នោះ​សហរដ្ឋអាមេរិក​នឹង​អនុវត្ត​នូវ​វិធានការ​គ្រប់​បែបយ៉ាង​ប្រឆាំង​នឹង​កម្ពុជា៖ «សហរដ្ឋ​អាមេរិក ខ្ញុំ​មើល​ឃើញថា គាត់​នៅ​តែ​មាន​ការ​សង្ស័យ ប៉ុន្តែ​ដល់​ពេល​​រដ្ឋាភិបាល​​កម្ពុជា​បកស្រាយ​ចឹង​ទៅហើយ អ៊ីចឹង​រដ្ឋាភិបាល​អាមេរិក​នៅក្នុង​ភាសា​ការទូត គេ​ត្រូវ​តែ​ចូល​រួម​​អប​អរ​សាទរ​។ នេះ​ជា​ភាសាការ​ទូត ប៉ុន្តែ​ជា​ភាសា​មួយ​ដែល​ដាក់​​សម្ពាធ ហើយ​និង​ចង​ជើង​រាជ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង ​ឱ្យ​គោរព​កិច្ច​សន្យា​របស់​ខ្លួន​​ឯងថា រាជ​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​មិន​មាន​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ជាមួយ​រដ្ឋាភិបាល​ចិន​រឿង​មូលដ្ឋាន​​ទ័ព​ជើង​ទឹក​​ទេ»

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក ម៉ៃឃ៍ ប៉ុមប៉េអូ(Mike Pompeo) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​០១ សីហា ថា ប្រសិនបើ​ប្រជាជាតិ​ទាំងអស់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អធិបតេយ្យ នីតិរដ្ឋ តម្លាភាព បើកចំហ និង​គោលការណ៍​ដទៃ​ទៀត​ដូចដែល​បាន​ដាក់​ចេញ​នោះ សហរដ្ឋអាមេរិក និង​ប្រទេស​សមាជិក​អាស៊ាន នឹង​អាច​ធ្វើជា​ដៃគូ​ល្អ​ជាមួយគ្នា​ដោយ​ឥត​ដែន​កំណត់ សម្រាប់​ផលប្រយោជន៍​ពលរដ្ឋ​រៀង​ៗ​ខ្លួន​។ លោក​បាន​លើក​យក​ករណី​កម្ពុជា ដើម្បី​ក្រើន​រំឭក​ប្រទេស​អាស៊ាន​ដទៃ​ទៀត ឱ្យ​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ដាក់​កម្លាំង​ទ័ព​របស់​ចិន​នៅ​លើ​ទឹកដី​របស់​ពួកគេ៖ «កម្ពុជា​បាន​បដិសេធ​របាយការណ៍​ដែល​ថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ចិន​សាងសង់​មូលដ្ឋានទ័ព​នៅ​លើ​ទឹកដី​របស់​ខ្លួន​។ សហរដ្ឋអាមេរិក​ស្វាគមន៍​ចំពោះ​កិច្ចការពារ​អធិបតេយ្យ​ជាតិ​ដ៏​ខ្លាំងក្លា​នេះ ហើយ​យើង​សូម​លើកទឹកចិត្ត​ឱ្យ​ប្រជាជាតិ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ យក​លំនាំ​តាម​កម្ពុជា ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន»។

ទោះជា​យ៉ាងណា ប្រសាសន៍​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​រូប​នេះ បែរជា​ត្រូវ​បាន​មន្ត្រី​របប​ក្រុងភ្នំពេញ​យក​ទៅ​បកស្រាយ​ក្នុង​ន័យ​ផ្សេង​ទៅវិញ​។ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែង​ថា នេះ​ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​រដ្ឋាភិបាល​កម្ពុជា ហើយ​លោក​ក៏បាន​អរគុណ​ដល់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ​ផង​ដែរ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា មន្ត្រី​របប​លោក ហ៊ុន សែន យល់​ខុស​ចំពោះ​ប្រសាសន៍​របស់​ប្រមុខ​ការទូត​អាមេរិក។ លោក​ថា ភាសា​ការទូត​របស់​លោកម៉ៃឃ៍ ប៉ុមប៉េអូ នេះ គឺជា​ការ​ដាស់តឿន​ក្រើន​រំឭក​របប​លោក ហ៊ុន សែន ឱ្យ​រក្សា​នូវ​អព្យាក្រឹត្យ ភាព​របស់​ខ្លួន​ស្របតាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ហើយ​ក៏​ជា​ការ​ព្រមាន​របប​ក្រុងភ្នំពេញ ឱ្យ​គោរព​តាម​ការសន្យា​របស់​ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់​ដែរ បើ​ពុំ​ដូច្នេះ​ទេ​របប​នេះ​នឹង​ត្រូវ​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក៖ «ដោយ​សារ​តែ​នោះ​ជា​កិច្ច​ប្រជុំ​អាស៊ាន ម៉្លោះហើយ​ប្រមុខ​​ការ​ទូត​អាមេរិក​មិន​អាច​និយាយ​ចំៗ​អំពី​​ករណី​ប្រទេស​​កម្ពុជា​ទាំង​ស្រុង​នោះ​ទេ។ ដូច្នេះ​លើក​​អំពី​ភាព​បើក​ចំហ​របស់​អាស៊ាន​ សហប្រតិបត្តិការ​របស់​អាស៊ាន​ដោយ​ឆ្គឹះ​ចេញ​អំពី​ស្ថានភាព​ប្រទេស​កម្ពុជា។ នោះ​គឺ​ជា​របៀប​មួយ​ដែល​គាត់​​ចង់​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​អនុវត្ត​​នូវ​ការ​សន្យា​របស់​ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់​ថា ពិត​​ជា​មិន​មាន​​ទ័ព​ចិន​នៅ​លើ​ទឹក​​ដី​កម្ពុជា​មែន ហើយ​កម្ពុជា​ពិត​ជា​គោរព​​រដ្ឋ​ធម្មនុញ្ញ​​របស់​ខ្លួន​​ ដែល​ត្រូវ​​​អព្យាក្រឹត្យ​ភាព​ចំពោះ​ប្រទេស​ទាំងអស់​នៅ​លើ​​សាកល​​លោក»

ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​បាន​ចេញ​មុខ​បដិសេធ​ជា​បន្តបន្ទាប់​ចំពោះ​របាយការណ៍​ដែល​ថា កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ភាគី​ចិន ដើម្បី​បើកផ្លូវ​ឱ្យ​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ បង្កើត​មូលដ្ឋានទ័ព​នៅ​លើ​ទឹកដី​ខ្មែរ។ របប​នេះ​បាន​បញ្ជាក់​ថា កម្ពុជា​គ្មាន​ការ​ចាំបាច់​ណាមួយ​ដែល​ត្រូវ​ការ​វត្តមាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​របស់​ខ្លួន​នោះ​ឡើយ ព្រោះ​នេះ​ជា​ការ​រំលោភបំពាន​រដ្ឋ​ធម្មនុញ្ញ។

ទោះជា​យ៉ាងណា ទន្ទឹម​នឹង​ការ​បដិសេធ​នេះ ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ​បាន​ទម្លាយ​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​វិស័យ​យោធា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា លោក​បាន​ផ្ដល់​ថវិកា​ចំនួន ៤០​លាន​ដុល្លារ​អាមេរិក ដល់​ក្រសួង​ការពារជាតិ​នៅ​ឆ្នាំ​២០១៩ នេះ បន្ថែម​ទៀត​លើទឹក​ប្រាក់​ដែល​មាន​ស្រាប់​ចំនួន​២៩០ លាន​ដុល្លារ ដើម្បី​ទិញ​អាវុធ​ពី​ប្រទេស​ចិន មក​ពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា។

ចំណែក ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ វិញ បាន​បញ្ជាក់​ថា ក្រសួង​មាន​ផែនការ​ស្វែងរក​នាវា​ថ្មីៗ និង​ស្ថាបនា​កំពង់ផែ​បន្ថែម​ទៀត​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។ លោក​អះអាង​ថា កម្ពុជា​មាន​សិទ្ធិ​ទទួល​ជំនួយ​ជា​គ្រឿង​អាវុធ​យុទ្ធភណ្ឌ​ពី​បរទេស ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​ក្នុង​ការ​ថែរក្សា​សន្តិសុខ​លំហ​សមុទ្រ​របស់​ខ្លួន ក៏ប៉ុន្តែ​លោក​មិនបាន​ឱ្យ​ដឹង​ពី​ប្រភព​ជំនួយ​នេះ​ឡើយ។

ព័ត៌មាន​ដែល​លោក ទៀ បាញ់ បាន​ទម្លាយ​ឱ្យ​ដឹង​នេះ មាន​ភាព​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​អត្ថបទ​កាសែត​អាមេរិក The Wall Street Journal ដែល​ថា ចិន​នឹង​ជួយ​សាងសង់​កំពង់ផែ​ពីរ​បន្ថែម​ទៀត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដោយ​ក្នុង​នោះ​មួយ​សម្រាប់​កម្ពុជា និង​មួយទៀត​សម្រាប់​ចិន​ខ្លួនឯង។ កាសែត​ដដែល​ឱ្យ​ដឹង​ទៀត​ថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ភាគី​ចិន​ដាក់​កងទ័ព រក្សាទុក​អាវុធ និង​នាវាចម្បាំង​របស់​ខ្លួន នៅ​លើ​ទីតាំង​នោះ​ទៀត​ផង។

ក្រុម​អ្នកសង្កេតការណ៍​ជឿជាក់​ថា សហរដ្ឋអាមេរិក​នឹង​មិន​បញ្ឈប់​ប្រតិកម្ម​រឿង​តម្រុយ​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​ឡើយ ដរាបណា​ក្រុងភ្នំពេញ​នៅតែ​លាក់លៀម​ព័ត៌មាន​អំពី​វិស័យ​យោធា​ជាមួយ​ចិន ហើយ​បង្ហាញ​ជំហរ​លម្អៀង​ខ្លាំង​ទៅ​រក​ក្រុង​ប៉េកាំង។ ក្រុម​អ្នកសង្កេតការណ៍​យល់ថា អាមេរិក​គ្មាន​បំណង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​កូនជឹង​របស់​ខ្លួន​ឡើយ ប៉ុន្តែ​កំពូល​មហាអំណាច​មួយ​នេះ ទំនងជា​ចង់​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​អព្យាក្រឹត្យ​ពិតប្រាកដ​ស្របតាម​រដ្ឋធម្មនុញ្ញ​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។