គ្រូពេទ្យនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) កំពុងតាមដានកម្ទេចខ្មៅដែលជាប់នៅស្រោមខួរក្បាលសកម្មជនបក្សប្រឆាំងដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាប។ លោក ខៀវ ឌន ឱ្យដឹងថា ពេលនេះលោកនៅតែឈឺចាប់ក្នុងមុខរបួសដដែល។
ចំណែកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យប្រាប់ថា ពេលនេះសមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅតុលាការ ហើយសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកជនសង្ស័យបន្ថែម បើទោះពេលនេះបាត់បង់តម្រុយខ្លះក៏ដោយ។
សកម្មជនគណបក្សប្រឆាំងលោក ខៀវ ឌីន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៩ កុម្ភៈថា ពេលនេះលោកនៅតែឈឺកន្លែងរបួស វិលមុខ និងស្រវាំងភ្នែក ហើយលោកមិនអាចដើរឆ្ងាយបានទេ។ លោកបន្តថា លោកក៏មិនអាចបើកម៉ូតូបានដូចមុនទៀតដែរ។ សកម្មជនបក្សប្រឆាំងរូបនេះ នៅតែព្រួយបារម្ភពីបញ្ហាកម្ទេចខ្មៅដែលជាប់នៅស្រោមខួរក្បាល៖ «បារម្ភដែរពេទ្យគេថា មានកម្ទេចតូចមួយនៅក្នុងហ្នឹងមិនដឹងអ្វីចាំឱ្យតាមដានបើមានក្អួត មានវិលមុខ ស្របាំងភ្នែកអី រត់ទៅពេទ្យឱ្យលឿន»។
ភរិយា លោក ខៀវ ឌីន លោកស្រី ពេជ្រ សុខណា ក៏ឱ្យអាស៊ីសេរីដឹងថា ដោយសារបញ្ហាថវិកា ស្វាមីលោកស្រីបានពឹងក្រុមគ្រួពេទ្យអង្គការសិទ្ធិមនុស្សលីកាដូ ឱ្យពិនិត្យរបួសស្វាមីលោកស្រី។ លោកស្រីបន្តថា ក្រុមគ្រួសារត្រូវការរយៈពេលពីរខែទៀតដើម្បីស្រាវជ្រាវថាកម្ទេចខ្មៅដែលជាប់នៅស្រោមខួក្បាលលោក ខៀវ ឌីន បង្កផលប៉ះពាល់អ្វីខ្លះដល់ស្វាមីលោកស្រី៖ «គេពិនិត្យមើលអ៊ីចឹងគេថា ចាំយើងមានកម្លាំងកំហែងបន្តិចទៀតសិនចាំទៅមើលកម្ទេចតូចនៅស្រោមខួរហ្នឹង ហើយគេត្រូវវះកាត់ វះកាត់អ៊ីចឹង !!!»។
សកម្មជនគណបក្សប្រឆាំងលោក ខៀវ ឌីន ដែលរស់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងបួសធ្ងន់នៅត្រង់ក្បាលជាច្រើនកន្លែង ក្រោយត្រូវជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូលួចវាយលោកពីក្រោយ កាលពីថ្ងៃទី២០ ខែមករា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ឱ្យដឹងថា ក្រុមគ្រូពេទ្យនៃអង្គការលោកបានរកឃើញថា ពិតជាមានកម្ទេចខ្មៅជាប់នៅស្រោមខួរក្បាលលោក ខៀវ ឌីន ពិតប្រាកដមែន ហើយពេលនេះក្រុមគ្រូពេទ្យកំពុងតាមដានបន្ត។ លោកឱ្យដឹងទៀតថា ក្នុងពេលតាមដាននេះប្រសិនបើលោក ខៀវ ឌីន មានអាការៈធ្ងន់ធ្ងរត្រូវប្រញាប់ទៅជួបគ្រូពេទ្យ៖ «មុនគាត់បានមកជួបលីកាដូហ្នឹង គាត់បានជួបគ្រូពេទ្យខាងក្រៅហើយបានន័យថា គាត់បានជួបគ្រូពេទ្យ គាត់បានស្កែនរួចហើយ ហើយគ្រូពេទ្យខាងខ្ញុំគ្រាន់តែបានមើលស្កែនឡើងវិញ និងពិនិត្យជំងឺរបស់គាត់ព្រោះគាត់មកគាត់ជាជនក្រីក្រសូមឱ្យគ្រូពេទ្យជួយបន្តតាមដាន»។
ទាក់ទងការស៊ើបអង្កេតរបស់សមត្ថកិច្ចក្នុងការវែកមុខជនដៃដល់វាយធ្វើបាបលោក ខៀវ ឌីន សមត្ថកិច្ចមូលដ្ឋានអះអាងថា ពួកគេទទួលបានតម្រុយខ្លះនៃករណីនេះ តាមរយៈវីដេអូដែលទទួលបានពីកាមេរ៉ាសុវត្ថិភាព។ លោក ខៀវ ឌីន ជាមនុស្សទី១៤ នៃសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាប ហើយករណីវាយធ្វើបាបទាំង ១៤ករណីនេះមិនទាន់មានសំណុំរឿងមួយណាត្រូវសមត្ថកិច្ចបំបែកបាននៅឡើយទេ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី ឱ្យប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៩ ខែកុម្ភៈថា ក្រោយពិនិត្យមើលវីដេអូពីកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចផ្ទៀងផ្ទាត់មុខជនសង្ស័យបានខ្លះដែរ ប៉ុន្តែលោកថាមានសារព័ត៌មានមួយចំនួននិងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះវីដេអូនិងមុខសញ្ញានេះធ្វើឱ្យជនសង្ស័យគេចខ្លួនបាត់ទៅហើយ។ លោកបន្តថា ចំពោះការពិនិត្យស្នាកលេខម៉ូតូជនសង្ស័យក៏មិនបានទទួលបានតម្រុយអ្វីដែរ៖ «យើងមិនទាន់ដឹងគេសំអាងទៅលើអីបានជាគេហ៊ានឈ្មោះនេះ នៅគណបក្សនេះគណបក្សនោះអ៊ីចឹងណា ហើយមួយទៀតអ្នកជិតខាងដែលបានថត មិនដឹងពីខាងគេផុសបន្ថែម គេផុសគេស៊ែ ធ្វើឱ្យពួកខ្ញុំពិបាករកព័ត៌មានមិនទាន់ដឹងអីផងធ្វើឱ្យបែកខ្ញែកអស់រលីង»។
ប៉ុន្តែមន្ត្រីសិទ្ធិមនុស្ស លោក អំ សំអាត យល់ថា ការអះអាងរបស់សមត្ថកិច្ចហាក់មិនសមហេតុផលនោះទេ ដោយលោកថាករណីមួយចំនួនដែលសមត្ថកិច្ចរកជនប្រព្រឹត្តិឃើញគឺដោយសារបង្ហាញតម្រុយពីប្រព័ន្ធផ្សព្វផ្សាយ ឬពីបណ្ដាញសង្គម។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើទៅសមត្ថកិច្ចពន្លឿនក្នុងការស្វែងរកជនសង្ស័យដើម្បីបង្កើនជំនឿ និងសេចក្ដីទុកចិត្តដល់ពលរដ្ឋ ខណៈមតិមួយចំនួនចោទប្រកាន់ថា ការវាយធ្វើបាបលើសកម្មជនគណបក្សប្រឆាំងជាប់ពាក់ព័ន្ធនឹងការរើសអើងនិន្នាការនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។