តុលាការ​ថៃ​មិន​អនុញ្ញាត​ឱ្យ​លោក ថាក់ស៊ីន មក​កម្ពុជា ខណៈ​រឿង​កោះ​គជ់​មិន​ទាន់​មាន​ដំណោះស្រាយ

0:00 / 0:00

តុលាការ​ព្រហ្មទណ្ឌ​ថៃ​អនុញ្ញាត​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស​ប្រ៊ុយណេ ប៉ុន្តែ​បដិសេធ​មិន​ឱ្យ​លោក ថាក់ស៊ីន មក​កម្ពុជា និង​វៀតណាម​ឡើយ។ មន្ត្រី​បក្ស​ប្រឆាំង​យល់​ឃើញ​ថា ការណ៍​ដែល​លោក ថាក់ស៊ីន ចង់​មក​កម្ពុជា​នៅ​ពេល​នេះ គឺ​ទំនង​ដើម្បី​លើក​យក​បញ្ហា​កោះ​គជ់ និង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​មក​ជជែក​ជាមួយ​លោក ហ៊ុន សែន។

តុលាការ​ថៃ​បាន​បដិសេធ​មិន​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) មក​កម្ពុជា​តាម​ការ​អញ្ជើញ​របស់​ប្រធាន​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​ទេ ដោយ​តុលាការ​ថៃ​បញ្ជាក់​ថា គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​លោក ថាក់ស៊ីន មក​កម្ពុជា​គឺ​ស្ថិត​ក្រោម​ការ​អញ្ជើញ​ផ្ទាល់​ខ្លួន​មិនមែន​ជា​ការ​អញ្ជើញ​ផ្លូវការ​របស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ទេ។

លោក ថាក់ស៊ីន នឹងទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រ៊ុយណេ

កាសែត ឌឹ ណេសិន(The Nation) របស់​ប្រទេស​ថៃ កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ បាន​រាយការណ៍​ថា ឪពុក​នាយករដ្ឋមន្ត្រី​ថៃ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paethongtarn Shinawatra) គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​មួយ​នៅ​ប្រទេស​ប្រ៊ុយណេ (Brunei) រយៈពេល២​ថ្ងៃ គឺ​នៅ​ថ្ងៃទី១៨ និង១៩ ខែ​កុម្ភៈ ពាក់ព័ន្ធ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ចុង​ឆ្នាំ​នេះ ហើយ​ការ​ចូលរួម​នោះ​ស្ថិត​ក្រោម​ការ​អញ្ជើញ​ពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Awar Ibrahim) ដែល​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​តែង​តាំង​លោក ថាក់ស៊ីន ជា​ទីប្រឹក្សា​នៅ​ពេល​លោក​កាន់​តំណែង​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន។

លោក ថាក់ស៊ីន ចង់​មក​កម្ពុជា

ក្នុង​អំឡុង​ពេល​លោក ថាក់ស៊ីន ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រ៊ុយណេ នេះ​លោក​ក៏​បាន​ស្នើ​សុំ​តុលាការ​ព្រហ្មទណ្ឌ​ថៃ​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម និង​កម្ពុជា​ដែរ ប៉ុន្តែ​តុលាការ​ថៃ​បាន​បដិសេធ​សំណើ​របស់​លោក ដោយ​សំអាង​ថា ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​ពីរ​នោះ គឺ​ជា​ការ​អញ្ជើញ​ផ្ទាល់​ពី​ពាណិជ្ជករ​នៅ​វៀតណាម និង​អតីត​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន មិនមែន​ជា​ការ​អញ្ជើញ​ផ្លូវការ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ។ តុលាការ​ថៃ​ក៏​តម្រូវ​ឱ្យ​លោក ថាក់ស៊ីន បង់​លុយ​ចំនួន​៥លានបាត ឬ​ស្មើ​នឹង​ជាង១៤ម៉ឺន​ដុល្លារ​ជា​ប្រាក់​ធានា​ថា លោក​នឹង​វិលត្រឡប់​មក​ប្រទេស​ថៃ​វិញ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​នៅ​ប្រទេស​ប្រ៊ុយណេ ហើយ​ត្រូវ​រាយការណ៍​ជូន​តុលាការ​ក្នុង​រយៈពេល៣​ថ្ងៃ​បន្ទាប់​ពី​លោក​មក​ដល់។ លោក ថាក់ស៊ីន កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​«ប្រមាថ​ព្រះមហាក្សត្រ​ថៃ» ក្រោយ​ពេល​លោក​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នកកាសែត​កូរ៉េ​កាល​ពី​ឆ្នាំ ២០១៥។

មន្ត្រី​បក្ស​ប្រឆាំង៖ ជំនួប ហ៊ុន សែន-ថាក់ ស៊ីន កន្លងមក «មិន​បាន​ផ្តល់ផល​វិជ្ជមាន​ដល់​កម្ពុជា»

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្រ្ទ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៦ ខែ​កុម្ភៈ ថា ការ​បដិសេធ​របស់​តុលាការ​ថៃ​ចំពោះ​សំណើ​របស់​លោក ថាក់ស៊ីន គឺជា​រឿង​ត្រឹមត្រូវ ពីព្រោះ​ជំនួប​រវាង​លោក ថាក់ស៊ីន និង​លោក ហ៊ុន សែន កន្លងមក​មិន​បាន​ផ្ដល់​ផល​វិជ្ជមាន​ដល់​លំហ​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ឡើយ ផ្ទុយ​ទៅ​វិញ​គឺជា​ការ​ពង្រឹង​ឥទ្ធិពល​នៃ​គ្រួសារ​មេដឹកនាំ​បក្ស​កាន់អំណាច​ទាំងពីរ។ លោក​បន្ត​ថា លោក ហ៊ុន សែន ហៅ​លោក ថាន់ស៊ីន មក​ជួប​នៅ​ពេល​នេះ​អាច​ពិភាក្សា​រឿង​កោះគជ់ បញ្ហា​ប្រេង​នៅ​តំបន់​ត្រួតស៊ីគ្នា​ក្នុង​ឈូង​សមុទ្រ និង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ជា​ដើម។

លោក ម៉ែន សុថាវរិន្រ្ទ៖ «ក្នុង​នាម​ជា​ប្អូនធម៌ បងធម៌​ដើម្បី​សម្រួល​ដល់​ការងារ​ដែល​គាត់​ធ្វើ​របៀប​ថា ដើម្បី​លួង​ចិត្ត​កម្ពុជា មេ​ដឹក​នាំ​ប្រទេស​កម្ពុជា ប៉ុន្តែ​រឿង​នេះ​ខ្ញុំ​មើល​ទៅ​ពលរដ្ឋ​ថៃ​គេ​មិន​ព្រម សារ​ព័ត៌មាន​ថៃ​គេ​មិន​ព្រម បក្ស​ប្រឆាំង​ថៃ​គេ​មិន​ព្រម ហើយ​គេ​មិន​ឱ្យ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ទេ។ គេ​បាន​ចោទ​ថា ប្រទេស​ជិត​ខាង​គេ​អត់​បញ្ចេញ​ឈ្មោះ​មែន ប៉ុន្តែ​អ្នក​ជិត​គេ​ធ្វើ​អំពើ​ស្អីៗ​មួយ​ដូច​ថា មិន​ប្រក្រតី​ហើយ​អត់​ឱន​ដូច្នេះ​ខ្ញុំ​គិត​ថា គាត់​មក​ដើម្បី​ចង់​ជជែក​ក្នុង​នាម​ប្អូនធម៌​បងធម៌​ដើម្បី​គិត​រឿង​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១៦ ខែ​កុម្ភៈ។ ដោយ​ឡែក អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​រឿង​លោក ហ៊ុន សែន អញ្ជើញ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មក​កម្ពុជា​ឡើយ។

អត្ថបទដែលទាក់ទង៖

អ្នកឃ្លាំមើល​លើក​ឡើង​ថា មេ​ដឹកនាំ​កម្ពុជា និង​ថៃ កំពុង​កេង​ចំណេញ​នយោបាយ ជុំវិញ​ភាព​ស្ងប់ស្ងាត់​រឿង​កោះគជ់Opens in new window ]

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ទាមទារ​កោះគជ់​ទៅ​តុលាការ​អន្តរជាតិOpens in new window ]

មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​ពន្យល់​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​មិន​តវ៉ា​រឿង​កោះគជ់Opens in new window ]

លោក ហ៊ុន ម៉ាណែត ថា កម្ពុជា​បន្ត​ចរចា​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ តែ​លោក​មិន​បញ្ជាក់​ចំណែក​កម្ពុជា​នៅ​លើ​កោះគជ់Opens in new window ]

ទំនាក់ទំនងបងប្អូនធម៌​រវាង​មេដឹកនាំ​ទាំង២ «បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​ដល់​សកម្មជន​បក្ស​ប្រឆាំង»

ជុំវិញ​រឿង​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា ទំនង​ជា​តុលាការ​ថៃ​ស៊ើបអង្កេត​ដឹង​ពី​ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន មាន​ភាព​ល្អូកល្អិន​ជាមួយ​គ្នា​ពាក់ព័ន្ធ​ការ​ផ្ដល់​ផល​ប្រយោជន៍​ផ្នែក​នយោបាយ ដូច្នេះ​បាន​ជា​តុលាការ​ថៃ​បដិសេធ​សំណើ​នោះ។ លោក​បន្ត​អះអាង​ថា ទំនាក់ទំនង​បងប្អូន​ធម៌​រវាង​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន នេះ​បាន​បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​ដល់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ពីព្រោះ​តែ​ការ​ដោះដូរ​ផល​ប្រយោជន៍​នយោបាយ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក គឹម សុខ៖ «គ្រួសារ​លោក ថាក់ស៊ីន ដឹក​នាំ​រដ្ឋាភិបាល​ថៃ​គឺ​បោល​សម្អាត​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​លើ​ទឹក​ដី​ថៃ​តែ​ម្ដង​គឺ​ជា​ជួយ​ពង្រឹង​អំណាច​គ្រួសារ​លោក ហ៊ុន សែន នៅ​ភ្នំពេញ​ដោយ​ការ​កម្ចាត់​អ្នក​ប្រឆាំង និង​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ។ ហើយ​ជា​ថ្នូរ​ទៅ​វិញ​ពួកគេ​ឃុបឃិត​ជាមួយ​គ្នា​ពួកគេ​ហ្នឹង​គឺ​គ្រួសារ​លោក ថាក់ ស៊ីន និង​គ្រួសារ​លោក ហ៊ុន សែន គប់គិត​គ្នា​ស៊ី​ជម្រៅ​ណាស់​ទាំង​គ្រួសារ​ជំនួយ​ពាណិជ្ជកម្ម ទាំង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នយោបាយ»។

កាលពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ២០២៤ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ លោក ថាក់ស៊ីន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោយ​ពេល​លោក ថាក់ស៊ីន ត្រូវ​តុលាការ​ដោះលែង បន្ទាប់​ពី​បាន​ជាប់ឃុំ​អស់​រយៈពេល ៦ខែ​នៅ​ក្នុង​មន្ទីរពេទ្យ និង​បន្ទាប់​ពី​និរទេស​ខ្លួន នៅ​ក្រៅ​ប្រទេស​ប្រមាណ​១៥ឆ្នាំ ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​តុលាការ​ថៃ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​អំពើ​ពុករលួយ។ អ្នក​នយោបាយ​ថៃ និង​ជាតិ​និយម​ថៃ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចម្រុះ​ថៃ​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​កូនស្រី​របស់​លោក ថាក់ស៊ីន លុប​ចោល​អនុស្សរណៈ​យោគយល់​គ្នា ឬ MOU44 ដែល​លោក ថាក់ស៊ីន និង​លោក ហ៊ុន សែន បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០១ ដើម្បី​រុករក​ប្រេង​រួម​គ្នា​នៅ​តំបន់​ត្រួត​ស៊ី​គ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ ដោយ​អ្នក​ជាតិ​និយម​ថៃ​អះអាង​ថា MOU នោះ ​អាច​ធ្វើ​ឱ្យ​ប្រទេស​ថៃ​បាត់បង់​កោះ​គជ់​ទៅ​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។