មន្ត្រីយោធាថៃប្រចាំការនៅយោធភូមិភាគទី២ បានដាក់លិខិតតវ៉ាមកកម្ពុជា រឿងពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ រហូតដល់មានការឈ្លោះប្រកែកគ្នា រវាងកងទ័ពខ្មែរ និងកងទ័ពថៃ។ អ្នកឃ្លាំមើលកម្ពុជាយល់ថា ភាគីទាំងពីរគួរ ដោះស្រាយបញ្ហាដោយសន្តិវិធី។
មេបញ្ជាការយោធាថៃ ប្រចាំភូមិភាគទី២ លោក ប៊ុនសិន ផាតក្លាង (Boonsin Padklang) បានប្រាប់សារព័ត៌មានថៃ នៅថ្ងៃទី១៧ ខែកុម្ភៈ ថា “កងទ័ពភូមិភាគ២” បានដាក់លិខិតតវ៉ាជាផ្លូវការមកកម្ពុជា តាមរយៈគណៈកម្មាធិការព្រំដែនភូមិភាគថៃ-កម្ពុជា (RBC) ក្នុងករណីដែលលោកចោទថា ទាហាន និងពលរដ្ឋខ្មែរមួយក្រុម បានច្រៀងចម្រៀងជាតិខ្មែរនៅក្នុងបរិវេណប្រាសាទតាមាន់ធំ ក្នុងភូមិសាស្ត្រលើភ្នំដងរែក ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ជាប់ព្រំដែនថៃក្នុងខេត្តសុរិន្ទ (Surin)។
ហេតុការណ៍បង្កជម្លោះ
មន្ត្រីយោធាថៃរូបនេះ ចោទថា ករណីជម្លោះនេះ គឺបណ្ដាលមកពីទាហានខ្មែរមួយក្រុម បានឡើងមកច្រៀងចម្រៀងជាតិខ្មែរនៅប្រាសាទតាមាន់ធំ នៅត្រង់ចំណុចដែលលោកអះអាងថា ជាតំបន់ត្រួតលើគ្នាដែលមិនទាន់បានកំណត់ព្រំដែនទាំងស្រុង ហើយទាហានថៃមិនយល់ព្រម ទើបមានការឈ្លោះប្រកែកគ្នា។ លោក ប៊ុនសិន បានបញ្ជាក់បន្ថែមទៀតថា ទាហានថៃបានរារាំងពលរដ្ឋ និងកងទ័ពកម្ពុជា មិនឱ្យច្រៀងចម្រៀងភ្លេងជាតិ និងថតវីដេអូ គឺដើម្បីបង្ការមិនឱ្យពលរដ្ឋខ្មែរប្រើប្រាស់វិធីនេះ ធ្វើជាភស្តុតាងដើម្បីគាំទ្រដល់ការទាមទារទឹកដី ទៅថ្ងៃមុខ។
ជម្លោះពាក្យសម្ដីរវាងយោធាខ្មែរ និងថៃនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅពេលមានទាហាន និងពលរដ្ឋខ្មែរមួយក្រុម ដើរទស្សនានៅក្នុងបរិវេណប្រាសាទតាមាន់ធំ និងចាប់ផ្ដើមច្រៀងចម្រៀងជាតិខ្មែរ ខណៈពេលនោះ ទាហានថៃមួយក្រុម ដែលឈរជើងនៅកន្លែងនោះ បានព្យាយាមរារាំងក្រុមប្រជាពលរដ្ឋខ្មែរ មិនឱ្យច្រៀងចម្រៀងជាតិ ដែលភាគីថៃបានដាក់បម្រាមមិនឱ្យពលរដ្ឋខ្មែរ បង្ហាញនិមិត្តសញ្ញា ឬអត្តសញ្ញាណជាតិឡើយ នៅក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយអនុញ្ញាតឱ្យត្រឹមតែចូលមកគោរព និងធ្វើសក្ការបូជាប៉ុណ្ណោះ។
នៅក្នុងវីដេអូ ជម្លោះនេះភាគីទាហានថៃអះអាងថា ពួកគេបានទទួលបញ្ជាពីថ្នាក់លើឱ្យមកឈរជើងការពារនៅទីតាំងប្រាសាទតាមាន់ធំ នេះ ចំណែកឯភាគីកម្ពុជាវិញ មានមន្ត្រីយោធាខ្មែរម្នាក់ បានឆ្លើយតបវិញថា កម្ពុជានឹងបញ្ជូនកងទ័ពឱ្យមកកាន់កាប់តំបន់ក្នុងប្រាសាទតាមាន់ធំនេះ និងហាមមិនឱ្យភាគីថៃឈរតម្រង់ជួរ ឬចុះមកទីតាំងដែលទាហានខ្មែរកំពុងឈរជើងនេះឡើយ។ ទោះជាយ៉ាងណា នៅមុនបញ្ចប់ជម្លោះ មន្ត្រីយោធាខ្មែរ បានព្រមានពីការផ្ទុះអាវុធ មុននឹងដើរចេញទៅវិញ។
ព័ត៌មានដែលទាក់ទង៖
ប្រាសាទតាមាន់ធំនៅខេត្តឧត្ដរមានជ័យមិនទាន់សម្បូរភ្ញៀវទេសចរទៅលេង
ទាហានខ្មែរ ត្រៀមការពារប្រាសាទតាមាន់ធំ និងតាក្របី
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹកខេត្តឧត្តរមានជ័យ និងអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ខែកុម្ភៈ។ ចំណែក មន្ត្រីយោធាប្រចាំភូមិភាគទី២របស់ថៃ ម្នាក់ បានប្រាប់វិទ្យុអាស៊ីសេរីថា នឹងឆ្លើយតបបញ្ហានេះ នៅពេលទទួលបានព័ត៌មានច្បាស់ការ។
កម្ពុជា «គួរប្រកាន់ជំហរអត់ធ្មត់ប្រកបដោយស្មារតីជាតិនិយម»
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា យល់ឃើញថា កម្ពុជាគួរប្រកាន់ជំហរអត់ធ្មត់ប្រកបដោយស្មារតីជាតិនិយម ដើម្បីឈានដល់ការដោះស្រាយដោយសន្តិវិធី។
លោក ឯម សុវណ្ណារ៉ា៖«ខ្ញុំគាំទ្រទៅលើស្មារតី នៃការការពារបូរណភាពទឹកដី គឺជាការមួយល្អ ប៉ុន្តែភាពអត់ធ្មត់គួរតែព្យាយាមរក្សាឱ្យបានខ្ពស់។ ពីព្រោះតែកាលណាយើងប្រើហិង្សា មធ្យោបាយ និងសម្ភារៈរបស់កម្ពុជាយើង នៅមានកម្រិត។ អ៊ីចឹងបើយើងរក្សាបាន ហើយប្រើប្រាស់យន្តការច្បាប់ ដើម្បីដោះស្រាយ គឺមានភាពប្រសើរជាង ព្រោះតែកាលណាយើងប្រើកម្លាំង គឺចាញ់ប្រៀបប្រទេសជិតខាង»។
ចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០០៨ ក្នុងពេលដែលកម្ពុជា-ថៃ មានជម្លោះព្រំដែននៅជិតប្រាសាទព្រះវិហារ គឺតំបន់ប្រាសាទតាមាន់ធំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ជាតំបន់ប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ ជាហេតុធ្វើឱ្យមានវត្តមានកងទ័ពទាំងសងខាងបន្តឈរជើងនៅទីនោះរហូតមកដល់បច្ចុប្បន្ន។
ទោះជាយ៉ាងណាមេបញ្ជាការយោធថៃ ប្រចាំភូមិភាគទី២ លោក ប៊ុនសិន ផាតក្លាង អះអាងថា បន្ទាប់ពីពិភាក្សាជាមួយសមភាគីកម្ពុជាតាមរយៈ RBC ភាពតានតឹងរវាងយោធាកម្ពុជា និងថៃ នៅប្រាសាទតាមាន់ធំ បានធូរស្រាលឡើងវិញហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
