កងរក្សាព្រំដែនខ្មែរ នៅតំបន់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា គេបានរាយបណ្ដាក់កម្លាំងប្រដាប់អាវុធ ឲ្យប្រុងប្រយ័ត្នដើម្បីការពារបូរណភាពទឹកដី រយៈពេលជិត១សប្ដាហ៍មកហើយ នៅតាមបន្ទាត់ព្រំដែនខ្មែរ ចាប់ពីតំបន់ប្រាសាទតាក្របី រហូតដល់ប្រាសាទតាមាន់ធំ នៅស្របពេលដែលលេចឮព័ត៌មានថា បាតុករអាវលឿងថៃមួយក្រុម បានព្រមានប៉ុនប៉ងលើកគ្នាចូលមកដកបំផ្លាញបង្គោលព្រំដែនខ្មែរ-ថៃមួយកន្លែង នៅភាគខាងលិច ពីប្រាសាទតាមាន់ធំចោលនោះ។
មន្ត្រីយោធា ខ្មែរមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ កំពុងប្រចាំការពារព្រំដែននៅប្រាសាទតាក្របី បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី១ ខែឧសភាថា កងកម្លាំងចម្រុះរបស់ខ្មែរជាច្រើនផ្នែក បានបញ្ជូនទៅកាន់តំបន់ព្រំដែន ជិតប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ត្រៀមខ្លួនការពារទឹកដីជិត១សប្ដាហ៍មកហើយ។
គាត់មានប្រសាសន៍ដូច្នេះ ៖ «ទាំងតាក្របី ទាំងតាមាន់ ទាហានយើងមានច្រើនផ្នែក។ កងទ័ពអន្តរាគមន៍ មានស៊ុប មានប៉ូលិស ប្រហែលជា១អាទិត្យហើយ គេត្រៀមបម្រុងនេះ គេដឹងមុន»។
លោកឧត្ដមសេនីយ៍ឯក ជា តារា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទប្រចាំយោធភូមិភាគទី៤ បានមានប្រសាសន៍ថា លោកឧត្ដមសេនីយ៍ គន់ គីម និងរូបលោក គឺបាននៅតំបន់ប្រាសាទតាមាន់ធំកាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីពិនិត្យស្ថានភាពព្រំដែនខ្មែរទីនោះដោយស្ថានភាពជាធម្មតានៅឡើយ។ លោកឧត្ដមសេនីយ៍ ជា តារា បានមានប្រសាសន៍ទៀតថា លោកបានជួបជាមួយមេបញ្ជាការយោធភូមិភាគទី២ និងមេបញ្ជាការកងពលទី៦ របស់ថៃរួចហើយ ដោយគេសន្យាថានឹងទប់ស្កាត់សកម្មភាពក្រុមបាតុករអាវលឿងថៃទាំងនោះ មិនឲ្យចូលមកប៉ះពាល់ចំណុចព្រំដែនទេ។
លោក ជា តារា មានប្រសាសន៍ថា ៖ «ម៉ោងនេះ គឺឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម គាត់ចុះមកដែរ ដើម្បីត្រួតពិនិត្យលើស្ថានការណ៍។ និយាយរួម ស្ថានការណ៍ស្ងប់ស្ងាត់ល្អ មិនមានអីទេ។ ខ្ញុំនៅតែរក្សាខ្ជាប់ស្វ័យការពារមិនឲ្យបាត់ទឹកដី សត្រូវណា ជនណាក្នុងរូបភាពណាក៏ដោយ ឲ្យតែចូលទឹកដីកម្ពុជា ឈ្លានពានកម្ពុជា សិទ្ធិស្វ័យការពារឆ្លើយតបជាបន្ទាន់។ ម៉ោងនេះ គឺកងទ័ពមានគ្រប់សមត្ថភាព លទ្ធភាពការពារទឹកដី»។
ចំណែកអ្នករាយការណ៍របស់វិទ្យុអាស៊ីសេរី ប្រចាំទីក្រុងបាងកក បានដកស្រង់សំដីមន្ត្រីយោធាថៃ មកថា គេពុំបានទទួលសេចក្ដីរាយការណ៍ណាមួយ ពីក្រុមបាតុករអាវលឿងរបស់ថៃ ដែលថាប៉ុនប៉ងលើកគ្នា ទៅដកបំផ្លាញបង្គោលព្រំដែនខ្មែរ-ថៃ នៅភាគខាងលិចប្រាសាទតាមាន់នោះឡើយ។ ប៉ុន្តែកាលពីសប្ដាហ៍មុន មេដឹកនាំក្រុមបាតុករអាវលឿងរបស់ថៃ បានប្រកាសថា គេនឹងប្រមូលផ្ដុំគ្នានៅទីក្រុងបាងកក នាថ្ងៃទី១ ខែឧសភា ហើយនឹងធ្វើដំណើរទៅដកបង្គោលព្រំដែននៅជិតប្រាសាទតាមាន់ ថ្ងៃទី២ ខែឧសភា។
កងរក្សាព្រំដែនខ្មែរ បានឲ្យដឹងថា កាលពីដើមសប្ដាហ៍នេះ ទាហានឈុតខ្មៅថៃមួយក្រុម មានគ្នាចំនួន១៦នាក់ បានដើរល្បាតក្នុងព្រៃ ហើយបានជម្រុលចូលមកក្នុងបន្ទាត់ព្រំដែនខ្មែរ ជិតប្រាសាទតាក្របី ប៉ុន្តែត្រូវកងទាហានខ្មែររុញច្រានឲ្យថយទៅវិញ៕
