អ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ ព្រមទាំងជាអ្នកតស៊ូមតិដើម្បីយុត្តិធម៌សង្គម កញ្ញា សេង ធារី ថាកញ្ញា បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីចូលគុក ដោយមិនខ្លាចញញើតនោះឡើយ។ ការប្តេជ្ញារបស់កញ្ញានេះ ធ្វើឡើងមុនពេលតុលាការគ្រោងប្រកាសសាលក្រមក្នុងសំណុំរឿងកញ្ញានៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ។
អ្នកវិភាគនយោបាយ និងសង្គមសង្កេតឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបង្ក្រាប និងបំបិទមាត់សំឡេងអ្នកប្រឆាំង ឬអ្នកដែលហ៊ានតតាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ន។
អ្នកវិភាគនយោបាយ និងសង្គមដែលកំពុងរស់នៅប្រទេសអូស្ត្រាលី (Australia) ជាជនភៀសខ្លួន លោកបណ្ឌិត សេង សារី យល់ឃើញថា ពុំមានកត្តាអ្វីដែលធ្វើឲ្យលោក ហ៊ុន សែន រារែកចិត្តក្នុងការចាប់កញ្ញា សេង ធារី ដាក់ពន្ធនាគារនោះឡើយ។
លោកសម្អាងលើការចាប់ខ្លួនស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក ដែលស្និទ្ធនឹងកញ្ញា សេង ធារី និងករណីអ្នកស្រី សាត ផា ដែលត្រូវរត់ភៀសខ្លួន គេចពីការគំរាមសម្លាប់ ក្រោយចូលរួមតស៊ូមតិយ៉ាងសកម្មជាមួយកញ្ញា សេង ធារី៖ «កន្លងមកយើងឃើញថា មិនមានអ្វីដែលជាឧបសគ្គ ឬក៏ជាគំនាបសង្កត់សម្រាប់រដ្ឋាភិបាលកម្ពុជាទេ។ ហើយបទពិសោធន៍ដែលយើងអាចសម្អាងបានកន្លងមកនេះ សូម្បីតែតំណាងរាស្ត្រកាលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានសញ្ជាតិអាមេរិកហ្នឹង ក៏មិនមានឥទ្ធិពលអ្វីសម្រាប់ធ្វើឲ្យតុលាការកម្ពុជាសម្រេចចិត្ត ដោយឈរនៅលើមូលដ្ឋានត្រឹមត្រូវនោះដែរ»។
ស្រដៀងគ្នានឹងបណ្ឌិតលោក សេង សារី ដែរ អ្នកវិភាគនយោបាយមួយរូបទៀត ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ ឯណោះវិញ លោកពុំមានសុទិដ្ឋិនិយមថា កញ្ញា សេង ធារី នឹងរួចពីការចោទប្រកាន់នោះដែរ។
លោកសម្អាងទៅលើព្រឹត្តិការណ៍នយោបាយធំៗ ពីរ ដែលអាចមានឥទ្ធិពលទប់មិនឲ្យតុលាការកម្ពុជា ដាក់ទោសកញ្ញា សេង ធារី។ ក៏ប៉ុន្តែព្រឹត្តិការណ៍ទាំងនោះ បានកន្លងផុតបាត់ទៅហើយ។ ព្រឹត្តិការណ៍ទីមួយ គឺលោកសំដៅលើកិច្ចប្រជុំកំពូលពិសេសអាមេរិកនិងអាស៊ាន កាលពីខែឧសភា និងព្រឹត្តិការណ៍ទីពីរ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា។ ដូច្នេះលោកយល់ឃើញថា លោក ហ៊ុន សែន មិនមានអ្វីដែលត្រូវខ្វល់រឿងមុខមាត់កម្ពុជានោះឡើយ បើទោះបីជាត្រូវដាក់គុកកញ្ញា សេង ធារី ក្នុងពេលនេះក្ដី។
ជុំវិញរឿងនេះ សូម្បីតែកញ្ញា សេង ធារី ខ្លួនឯង ក៏កញ្ញាច្បាស់ក្នុងចិត្តដែរថា តុលាការនឹងចាប់ខ្លួនកញ្ញានាពេលដ៏ខ្លីខាងមុខនេះ ព្រោះកញ្ញាសម្អាងទៅលើភាពមិនឯករាជ្យ និងជាឧបករណ៍នយោបាយនៃស្ថាប័នតុលាការកម្ពុជា។
កញ្ញាដឹងថា ស្ថានភាពនៅពន្ធនាគារស្រុកខ្មែរ មានភាពអាក្រក់ខ្លាំង។ ប៉ុន្តែក្នុងនាមជាអ្នកតស៊ូមតិ ដើម្បីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម កញ្ញាថា កញ្ញាមិនខ្លាចអ្វីនឹងធ្វើពលិកម្មនោះទេ បើទោះបីជាកញ្ញាច្បាស់ក្នុងចិត្តថា គេនឹងចាប់ខ្លួនកញ្ញាយ៉ាងណាក៏ដោយ៖ «ខ្ញុំគិតថា ប្រសិនបើគេចាប់ខ្ញុំ គេនឹងចាប់ខ្ញុំមុនថ្ងៃ ១៤ ( ខែមិថុនា ) កុំឲ្យខ្ញុំសម្ដែង ឬចាប់ខ្ញុំថ្ងៃទី១៤ ( ខែមិថុនា ) នោះតែម្តង។ ដូច្នេះខ្ញុំត្រៀមសម្រាប់ការណ៍ដែលគេចាប់ខ្ញុំ សម្រាប់គុក»។
កញ្ញាថា កញ្ញាមិនមានទ្រព្យសម្បត្តិអ្វី ដែលត្រូវខ្វល់ខ្វាយច្រើនពេលកញ្ញាជាប់ពន្ធនាគារនោះទេ។
ទោះជាយ៉ាងនេះក្តី កញ្ញា សេង ធារី ព្រមានថា កញ្ញានឹងតស៊ូរហូតទីបញ្ចប់ ដើម្បីទាមទាររកយុត្តិធម៌។ ក្នុងករណីដែលតុលាការកាត់ឲ្យកញ្ញាជាប់ទោស និងចាប់កញ្ញាដាក់ពន្ធនាគារ កញ្ញានឹងប្តឹងជំទាស់ទៅនឹងចំណាត់ការនោះ ទាំងក្នុងក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិ។
នៅក្នុងក្របខណ្ឌជាតិ កញ្ញានឹងប្តឹងឧទ្ធរណ៍ឲ្យអស់លទ្ធភាព។ នៅក្នុងយុត្តាធិការឬក្របខណ្ឌនៃសមត្ថកិច្ចរបស់អន្តរជាតិ កញ្ញានឹងដាក់ពាក្យប្តឹងទៅក្របខណ្ឌតុលាការអន្តរជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងតុលាការសិទ្ធិមនុស្សអឺរ៉ុបជាដើម ដើម្បីឲ្យគេជួយរកយុត្តិធម៌៖ «ជាការគម្រាមផង ជាការផ្តល់សារទៅរបបផ្ដាច់ការនេះ ថាខ្ញុំអត់នៅស្ងៀមទេ។ ប្រសិនបើធ្វើបាបអ្វីមួយលើខ្ញុំតាមរបៀបណាក្ដី ពួកគាត់ក៏អត់រួចខ្លួនស្រួលៗ ដែរ»។
តុលាការនឹងបង្ហាញលទ្ធផលក្នុងសំណុំរឿងព្រហ្មទណ្ឌដ៏ចម្រូងចម្រាស ពាក់ព័ន្ធទៅនឹងកញ្ញា សេង ធារី និងសកម្មជននយោបាយជាច្រើននាក់ផ្សេងទៀត នៅថ្ងៃទី១៤ ខែមិថុនា ក្រោយដំណើរការក្តី បានប្រព្រឹត្តទៅ អស់រយៈពេលជិត ២ឆ្នាំ។
ការតស៊ូមតិ និងតតាំងក្តីដ៏ស្វិតស្វាញ នៅក្នុងដំណើរការក្តីនេះ ចំពោះកញ្ញា សេង ធារី កញ្ញារំលេចឲ្យឃើញរូបភាពពីរក្នុងពេលតែមួយ។ រូបភាពទីមួយ គឺការតុបតែងខ្លួននិងស្លៀកពាក់ របៀបជាអ្នកសម្ដែងល្ខោន ឬទៅមើលល្ខោន នៅពេលចូលសវនាការ ដែលកញ្ញាហៅថាជាឆាកល្ខោននយោបាយ។ រូបភាពទីពីរ គឺការតតាំងក្តីជាក់ស្តែង នៅក្នុងបន្ទប់សវនាការ ដោយមានមេធាវីការពារក្តីឲ្យកញ្ញាគឺលោក ជូង ជូងី។
កញ្ញា សេង ធារី ពីដំបូងស្ថិតក្នុងសំណុំរឿងតែមួយ ជាមួយសកម្មជននយោបាយចំនួន ១៤០នាក់។ ប៉ុន្តែ ក្រោយមក តុលាការបានបំបែកសំណុំរឿងនេះ និងដាក់កញ្ញា សេង ធារី ឲ្យនៅក្នុងសំណុំរឿងមួយដាច់តែម្នាក់ឯង។ នៅក្នុងសំណុំរឿងដែលបំបែកឲ្យនៅដាក់តែឯងនេះ ជាឱកាសឲ្យកញ្ញា សេង ធារី បានបញ្ចេញបច្ចេកទេសតស៊ូមតិ និងការពារក្តីយ៉ាងស្វិតស្វាញ និងសម្បូរបែប។
នៅក្នុងសវនាការចំនួន ១១លើក ចាប់តាំងពីចុងឆ្នាំ២០២០ កញ្ញា សេង ធារី បានរៀបចំយុទ្ធសាស្ត្រតស៊ូមតិប្លែកៗ ដូចជាកញ្ញាកោសក់ស្លៀកឈុតអប្សរា ស្លៀកសម្លៀកបំពាក់អ្នកទោសដោយជើងជាប់ខ្នោះ ស្លៀកសារុងពុម្ពជួតក្បាលក្រមាមានកណ្ឌៀតកញ្ច្រែងបន្លែ និងស្លៀកសម្លៀកបំពាក់រ៉ូបពណ៌ស កាន់ជញ្ជីងតំណាងឲ្យស្ត្រីយុត្តិធម៌ (Lady Justice) ជាដើម។
កញ្ញា សេង ធារី យល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញកញ្ញា និងសកម្មជនឯទៀត ដើម្បីចង់ជីកគាស់រំលើងឫសគល់ចលនាតស៊ូ ដើម្បីប្រជាធិបតេយ្យ ដែលនៅសេសសល់ចុងក្រោយ ក្រោយពីរដ្ឋាភិបាលនេះ បានរម្លាយគណបក្សសង្គ្រោះជាតិ បណ្តេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងចាប់សកម្មជននយោបាយ និងសង្គមដាក់ពន្ធនាគារជាង ១០០នាក់៖ «គេចោទប្រកាន់ពួកខ្ញុំ ដូចគេបំបោសសម្អាតអាចុងក្រោយ នៅក្នុងការសម្លាប់ប្រជាធិបតេយ្យតែម្ដង។ គេគិតថា អូ ! ងាយស្រួលមែនទែន ! អ្នកណាគេជាសំឡេង ចុងក្រោយដែលគេប្រមូលដាក់មួយជំហានឲ្យអស់តែម្តងទៅ»។
ចំពោះបញ្ហាជាក់ស្តែងនៃនីតិវិធីច្បាប់វិញ កញ្ញា សេង ធារី ថ្លែងនៅក្នុងសេចក្ដីសន្និដ្ឋានបញ្ចប់សវនាការ កាលពីដើមខែឧសភា ដែលមានកម្រាស់ ១៥ទំព័រថា តុលាការបានរំលោភបំពាននីតិវិធីធ្ងន់ធ្ងរ ដូចជារំលោភសិទ្ធិកញ្ញា ក្នុងការទទួលបានការកាត់ក្តីត្រឹមត្រូវតាមច្បាប់ ព្រោះតុលាការខកខានមិនបានផ្តល់ព័ត៌មានភ្លាមៗ អំពីប្រភេទ និងមូលហេតុនៃការចោទប្រកាន់លើរូបកញ្ញាជាដើម។
កញ្ញា សេង ធារី ថា តុលាការគ្មានភស្តុតាង ឬក៏សាក្សីអ្វីរឹងមាំមកដាក់បន្ទុកលើកញ្ញា ក្រៅតែពីការដកស្រង់ពីសារ និងរូបថត ដែលកញ្ញាបង្ហោះតាមហ្វេសប៊ុក ដែលជាការបញ្ចេញមតិផ្ទាល់ខ្លួន៖ «ប្រាំបួនសន្លឹក ដែលគេស្រង់មកពីហ្វេសប៊ុក ដែលគេថា ខ្ញុំបានបង្ហោះ ហើយក្នុងប្រាំបួនសន្លឹកហ្នឹង មានតែបីសន្លឹកដែលជាសារក្រៅពីហ្នឹងសុទ្ធតែរូបភាព ( សើច ) ហើយរូបភាពជាមួយខ្ញុំជាមួយឆ្កែខ្ញុំ។ ខ្ញុំលើកម្រាមដៃប្រាំបួន»។
មិនខុសពីសកម្មជនជាច្រើនទៀត កញ្ញា សេង ធារី ថា ការលើកម្រាមដៃប្រាំបួន តាមបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺជាការបង្ហាញការគាំទ្រដល់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលប្រកាសវិលចូលស្រុកខ្មែរវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះ។
ដោយសារតែសារគាំទ្រ និងលើកម្រាមដៃប្រាំបួននោះ កញ្ញា សេង ធារី និងសកម្មជនគណបក្សសង្គ្រោះជាតិ និងនយោបាយ ១៤០នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
មេធាវីជាតិការពារក្តីឲ្យកញ្ញា សេង ធារី លោក ជូង ជូងី ឯណោះ លោកបានអះអាងប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងនាមជាមេធាវី លោកបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារក្តីនេះ។ លោកមិនហ៊ានទាយទុកមុនថា សេចក្តីសម្រេចរបស់តុលាការ នឹងចេញទៅជាយ៉ាងណានោះឡើយ។ ប៉ុន្តែ លោកជឿជាក់យ៉ាងមុតមាំថា កញ្ញា សេង ធារី មិនមានកំហុស ដូចការចោទប្រកាន់របស់តុលាការនោះទេ៖ «ខ្ញុំពិនិត្យមើលឯកសារទាំងប្រាំបួន ដែលមានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា សេង ធារីនោះ គឺមិនមែនជាសកម្មភាពដែលគាត់ធ្វើចូលរួមក្នុងអំពើក្បត់នោះទេ ហើយក៏មិនមែនជាអត្ថបទដែលមានលក្ខណៈញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដូចការចោទប្រកាន់នោះដែរ»។
បើទោះជាយ៉ាងណាក្ដី លោកថា បើតុលាការនៅតែដាក់ទោសកញ្ញា សេង ធារី លោកនឹងព្យាយាមខំឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត និងបញ្ញារបស់លោក ការពារសិទ្ធិកូនក្តីរបស់លោកតទៅទៀត។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះពីអ្នកនាំពាក្យសាលាដំបូងក្រុងភ្នំពេញលោក អ៊ី រិន្ទ បាននៅឡើយទេ។ ប៉ុន្តែ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល គឺលោក ផៃ ស៊ីផាន អះអាងប្រាប់វិទ្យុអាស៊ីសេរី ថារឿងក្តីនៅតុលាការគឺជាអំណាចនិងឆន្ទានុសិទ្ធិរបស់តុលាការ។ លោកថាបើតុលាការធ្វើខុសពីនីតិវិធីត្រឹមត្រូវតាមផ្លូវតុលាការ មេធាវីរបស់កញ្ញា សេង ធារី ច្បាស់ជាតវ៉ាជាក់ជាមិនខាន៖ « ហើយឥឡូវនេះសង្គមចំហដែរ! វាច្បាស់ជាបើរំលោភលើដំណើរការយុត្តិធម៌ រំលោភលើអង្គហេតុនិងអង្គច្បាប់ បានសេចក្ដីថាភាពអាម៉ាស់ច្រើនណាស់ ! ពីព្រោះករណីនេះ ជាករណីដែលគេតាមមើលគ្រប់គ្នា។ ខ្ញុំមិនជឿថាចៅក្រមធ្វើផ្ដេសផ្ដាសទេ»។
សំណុំរឿងរបស់កញ្ញា សេង ធារី ទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិ ដោយសារតែឈុតឆាកនៃការតស៊ូមតិរបស់កញ្ញា នៅរាល់ពេលឡើងសវនាការម្តងៗ និងដោយមានការជួយគាំទ្រពីអ្នកច្បាប់អន្តរជាតិ រួមទាំងមេធាវីអន្តរជាតិដែលជាជនជាតិអាមេរិក និងជាមិត្តភក្តិរបស់កញ្ញាគឺលោក ចារិត ហ្គិនស័រ (Jared Genser) និងអង្គការអន្តរជាតិនៃមូលនិធិឃ្លូនីសម្រាប់យុត្តិធម៌ (Clooney Foundation for Justice) ព្រមទាំងសមាគមមេធាវីអាមេរិក (ABA) ផងដែរ។
ក្នុងពេលជាមួយគ្នានេះដែរ មិត្តភក្តិរបស់កញ្ញា សេង ធារី ម្នាក់ទៀត ដែលជាជនជាតិអាមេរិកដែរ និងជាមេធាវីនៅក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិ គឺលោក គ្លិន កាមិនស្គី (Glenn Kaminsky) បានរៀបចំយុទ្ធនាការរៃអង្គាសថវិកាលើបណ្តាញអ៊ិនធើណិត ដើម្បីជួយការពារក្តី និងរកយុត្តិធម៌ជូនកញ្ញា សេង ធារី ដែលរហូតមកពេលនេះ យុទ្ធនាការនេះរៃអង្គាសប្រាក់បានជាង ២ម៉ឺនដុល្លារហើយ។
អ្នកវិភាគលោក គឹម សុខ ព្រមានថា បើតុលាការសម្រេចកាត់ក្ដីឲ្យកញ្ញា សេង ធារី ជាប់ទោសនោះ លោកថា លោក ហ៊ុន សែន ក៏ប្រថុយខ្លាំងណាស់ដែរ ដោយសារតែវីរភាព និងប្រជាប្រិយភាពរបស់កញ្ញា សេង ធារី នៅលើឆាកអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។