សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដាក់​បញ្ចូល​បញ្ហា​វត្តមាន​​កង​ទ័ព​ចិន​​នៅ​​កម្ពុជា​ ក្នុង​សេចក្ដី​ស្នើ​ច្បាប់​ថ្មី ស្តីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅកម្ពុជា​​ឆ្នាំ២០២១

ដោយ ជាតិ ចំណាន
2021-11-01
Share
សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដាក់​បញ្ចូល​បញ្ហា​វត្តមាន​​កង​ទ័ព​ចិន​​នៅ​​កម្ពុជា​ ក្នុង​សេចក្ដី​ស្នើ​ច្បាប់​ថ្មី ស្តីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅកម្ពុជា​​ឆ្នាំ២០២១ (ឆ្វេងខាងលើ) រូបថតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងអគារជាជំនួយរបស់សហរដ្ឋអាមេរិកដែលមិនទាន់វាយកម្ទេចចោល (ឆ្វេងក្រោម) អគារដែលវាយកម្ទេចថតនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ (ខាងស្តាំ) រូបអគារថ្មីដែលទើបត្រូវបានសាងសង់ ថតកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ (រូប៖ CSIS/AMTI)
រូប៖ AMTI

សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​ដាក់​បញ្ចូល​បញ្ហា​វត្តមាន​កងទ័ពចិន​នៅ​កម្ពុជា​ ក្នុង​សេចក្ដី​ស្នើ​ច្បាប់​ថ្មី ស្តីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅកម្ពុជា​ឆ្នាំ២០២១ (S.3052)

ក្រៅពី​ផ្តល់​សិទ្ធិអំណាច​ឱ្យ​ប្រធានាធិបតី​អាមេរិក​អាច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ ​និង​រឹតត្បិត​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ដែល​បាន​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ និង​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ជា​ដើម​នោះ  សេចក្តីស្នើច្បាប់​ថ្មីនេះ​ក៏មាន​ចែង​ផង​ដែរ​ថា ក្រោយ​ពេល​ច្បាប់​នេះចូល​ជា​ធរមាន​បាន ១៨០ ថ្ងៃ ប្រធានាធិបតី​អាមេរិក​ ត្រូវ​ដាក់​របាយការណ៍​វាយតម្លៃ​អំពី​បញ្ហា​យោធាចិន​នៅ​កម្ពុជា​នេះ ទៅ​ឱ្យ​គណៈកម្មការ​សភាពិនិត្យបញ្ហាយោធាចិន​នេះ សម្តៅ​ដល់​ការ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ចិន ឬ​កងទ័ព​រំដោះប្រជាជនចិន​ក្នុងការ​កែលំអ ឬ​សាងសង់​ទីតាំង​ នៅ​កំពង់ផែ​កងទ័ពជើង​ទឹក​រាម និង​ព្រលាន​យន្តហោះ​តារាសាគរ​នៅ​ខេត្តកោះកុង​ ព្រមទាំង​ផល​ប៉ះពាល់​អំពី​វត្តមាន​របស់​កងទ័ព​រំដោះប្រជាជនចិន​នៅ​កម្ពុជា ដែល​អាច​មាន​ចំពោះ​ផលប្រយោជន៍ និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅក្នុង​តំបន់​ជាដើម

ប្រមុខ​ការពារ​ជាតិលោក ទៀ បាញ់ សារភាព​ថា កម្ពុជា​​ពិត​ជា​​បាន​​អនុញ្ញាត​​ឲ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ​​កងទ័ព​ជើង​ទឹក​​រាម ក្រោយ​វាយ​កម្ទេចចោល​អគារ​ជំនួយ​អាមេរិក

សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ យោងសកម្មភាព​កងទ័ពចិន​នៅ​កម្ពុជា ​តាម​រយៈសេចក្តី​រាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក មានដូចជា កាសែត ឌឹ វ៉លស្រ្ទីតជើណល (The Wall Street Journal)​ ដែល​រាយការណ៍​កាលពី​ឆ្នាំ២០១៩ ថា កម្ពុជា​បាន​លួច​ចុះហេត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​មួយ​រដ្ឋាភិបាល​ចិន ដើម្បី​អនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹករាម​ផ្តាច់​មុខ

ពួកគាត់​ក៏យោងកាសែត​អាមេរិក​មួយ​ទៀត ឈ្មោះ ឌឹ ញូវយ៉ក ថាមស៍ (The New York Times) ដែល​រាយការណ៍ កាលពី​ឆ្នាំ ២០១៩ ដែរ ថា​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន បាន​ទទួល​កិច្ចសន្យា​រយៈពេល ៩៩ ឆ្នាំ ដើម្បី​សង់​ព្រលាន​យន្តហោះធំ ដែល​អាច​ឲ្យ​យន្តហោះ​ចម្បាំង​ចិន​អាច​ចុះចត​បាន​ នៅ​តំបន់​តារាសាគរ ក្នុងខេត្តកោះកុង។

ជាងនេះ​ទៅទៀត សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​នេះ​បារម្ភ​ថា ដោយសារ​តែ​ទំនាក់ទំនង​ជិត​ស្និត​ផ្នែក​យោធា​នេះ រួមទាំង​ការ​វិនិយោគ​របស់​ចិន ក្រោម​រូបភាព​នៃគំនិត​ផ្តួចផ្តើម​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់​ចិន ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស ​និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល