កងទ័ពកម្ពុជាវៀតណាម បានរៀបចំពិធីបើក និងបិទសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយនៅតំបន់ព្រំដែនគោកក្នុងខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែធ្នូនេះ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលនៅខេត្តនេះសង្កេតឃើញថា នៅខេត្តស្វាយរៀងកម្រជួបគ្រោះមហន្តរាយណាស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និង វៀតណាមនៅក្នុងខេត្តស្វាយរៀង រៀនពីរបៀបនៃវិធីជួយសង្គ្រោះពលរដ្ឋ មានគ្រោះមហន្តរាយ។ លោកអំពាវនាវដល់ពលរដ្ឋកុំឲ្យមានការភ្ញាក់ផ្អើល ឬភ័យខ្លាច ចំពោះវត្ត មានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា៖ «នៅខេត្តឯស្វាយរៀង គឺសមយុទ្ធរួមគ្នារវៀងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ដើម្បីសង្គ្រោះគ្រោះមហន្តរាយនៅតាមព្រំដែន ដូច្នេះសូមកុំឲ្យមានព្រួយបារម្ភ ឬការធ្វើការឃោសនាអកុសលណាមួយ»។
កងទ័ពវៀតណាមបានចូលដល់ទឹកដីកម្ពុជានាចំណុចភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីថ្ងៃទី១០ ខែធ្នូ ដើម្បីធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយនៅតំបន់ព្រំដែនគោកជាមួយកងទ័ពកម្ពុជា។
សារព័ត៌មានក្នុងស្រុកដកស្រង់សំដី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ថ្លែងក្នុងពិធីបើកបិទលំហាត់ហ្វឹកហ្វឺនរួមគ្នានេះថា សមយុទ្ធនេះ ជា ការផ្លាស់ប្តូរបទពិសោធន៍មួយទៀតរវាងកងទ័ពប្រទេសទាំងពីរក្នុងសភាពជួយសង្គ្រោះគ្រោះពលរដ្ឋពេលមានមហន្តរាយ ហើយសកម្មនេះ ក៏រួមចំណែករក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។
ក្រសួងការពារជាតិកម្ពុជាអះអាងថា ការធ្វើសមយុទ្ធនេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនៅពេល ដែលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ។ លំហាត់សមយុទ្ធនេះហ្វឹកហ្វឺនរយៈពេល ៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ។ កងទ័ពវៀតណាមចូលមកទឹកដីកម្ពុជា ដើម្បីធ្វើសមយុទ្ធនេះ ក៏រងការរិះគន់ពីពលរដ្ឋ និងសង្គមស៊ីវិលថា ធ្វើឲ្យពលរដ្ឋភ័យខ្លាចព្រោះកងទ័ពវៀតណាម បានចូលទឹកកម្ពុជាបានប៉ុន្មានថ្ងៃរួចហើយទើបក្រសួងការពារជាតិកម្ពុជាចេញផ្សាយសេចក្ដីជូនដំណឹងជាក្រោយ។
លោក ហ៊ុន សែន និយាយថា លោកក៏គ្រោងធ្វើសមយុទ្ធនេះជា មួយប្រទេសជិតខាង កម្ពុជាផ្សេងទៀតដែរ គឺប្រទេសថៃ និងប្រទេសឡាវ។
មន្ត្រីសិទ្ធិមនុស្សនៃសមាគម អាដហុក ប្រចាំខេត្តស្វាយរៀង និងខេត្តព្រៃវែង អ្នកស្រី កើត ផល្លី ឆ្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលជ្រើសរើសយក ខេត្តស្វាយរៀង ព្រោះខេត្តនេះ មិនធ្លាប់មានករណីគ្រោះធម្មជាតិភ្លើងឆេះព្រៃ ឬជួបគ្រោះមហន្តរាយធ្ងន់ធ្ងរនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។