ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​ជា​ច្រើន​នាក់​នៅ​តែ​បន្ត​ជួប​ជុំ​គ្នា​ថ្លែង​សារ​រង់​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

0:00 / 0:00

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ប្រមាណ​ ៥០​នាក់​​នៅ​តែ​ជួប​ជុំ​គ្នា​ថ្លែង​សារ​រង់​ចាំ​ទទួល​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​វិល​ចូល​ស្រុក​វិញ​ជា​បន្ត​ទៀត។ ពួក​គាត់​អះអាង​ថា មូលហេតុ​ដែល​ថ្លែង​សារ​នយោបាយ ​ដោយសារ​មិន​ពេញ​ចិត្ត​នឹង​មេ​ដឹក​នាំ​ក្រុង​ភ្នំពេញ​ លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​មិន​ព្រម​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ។

ក្រុម​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​នៅ​តែ​ជឿជាក់​ថា កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​នឹង​អាច​ជំរុញ​ឱ្យ ​លោក ហ៊ុន សែន ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិញ​បាន។ ពលករ​ទាំង​នោះ​បាន​ថ្លែង​សារ​​គាំទ្រ​ព្រម​គ្នា​​ថា លោក កឹម សុខា និង​ លោក សម រង្ស៊ី ជា​មនុស្ស​តែ​មួយ។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ខេត្ត​ សមុទ្រប្រាកាន​ (Samut Prakan) លោក ហង្ស ចន្ថា ថ្លែង​នៅ​ថ្ងៃ​ទី១៩ ធ្នូ​ថា​ ពួក​លោក​បាន​ជួប​ប្រជុំ​គ្នា​ប្រមាណ​កន្លះ​ម៉ោង ​ក្រោយ​ពី​បញ្ចប់​ការងារ​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក ​កាល​ពី​យប់​ថ្ងៃ​ទី១៨ ធ្នូ។ លោក​បន្ត​ថា​ ពួក​លោក​នៅ​តែ​ចង់​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ ដើម្បី​ដឹក​នាំ​ប្រជាពលរដ្ឋ​ទាមទារ​យក​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​ជាង ៥ពាន់​អាសនៈ (៥០០៧) ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្លន់​យក​ទៅ​ចែក​គ្នា​កាល​ពី​ឆ្នាំ២០១៧ កន្លង​ទៅ យក​មក​ប្រគល់​ជូន​ម្ចាស់​ឆ្នោត​វិញ។ លោក​បន្ត​ថា មេ​ដឹកនាំ​ក្រុង​ភ្នំពេញ​ គឺ​លោក​ ហ៊ុន សែន​ ដឹក​នាំ​ប្រទេស​ជិត ៤០ឆ្នាំ​ហើយ គឺ​ប្រជាពលរដ្ឋ​នៅ​តែ​ក្រ និង​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន ដោយសារ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក៖ «ទោះ​បី​ជា​យូរ​យ៉ាង​ណា​ក៏​ខ្ញុំ​រង់​ចាំ​ដែរ​ ព្រោះ​បើ​កាល​ណា​គ្មាន​លោក កឹម សុខា និង​លោក សម រង្ស៊ី ទេ គឺ​នៅ​ស្រុក​ខ្មែរ​អត់​មាន​អ្នក​តស៊ូ​ដូច​ពួកគាត់​ទេ។ ពួក​ខ្ញុំ​នៅ​ប្រទេស​ថៃ​គឺ​ចង់​ទាមទារ​ឱ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ចាប់​ដៃ​គ្នា​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិញ​។អីចឹង​បាន​តែ​លោក​ទាំង​២​ហ្នឹង​ទេ​ ដែល​ជា​អ្នក​ដឹក​នាំ​ និង​អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ ព្រោះ​គាត់​ធ្វើ​ដើម្បី​ជាតិ​និង​ដើម្បី​ពលរដ្ឋ​ខ្មែរ »

រីឯ​ពលការិនី​​​មក​ពី​ខេត្ត​ព្រៃវែង​ កញ្ញា រុន សាដា ថ្លែង​ថា មូលហេតុ​ដែល​កញ្ញា​ចូល​រួម​ថ្លែង​សារ​នយោបាយ​ ដោយសារ​ចង់​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ចាស់​ គឺ​លោក ហ៊ុន សែន ហើយ​ដាក់​មេដឹកនាំ​ថ្មី ដែល​ស្រឡាញ់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ និង​ជួយ​រក​ទីផ្សារ​លក់​កសិផល​ជូន​ដល់​កសិករ ដើម្បី​កុំ​ឱ្យ​ពិបាក​ធ្វើ​ចំណាក​ស្រុក​ដូច​សព្វ​ថ្ងៃ​ទៀត។ កញ្ញា​បញ្ជាក់​ថា ​ពួកគាត់​មិន​ចង់​ធ្វើ​ការ​ក្រៅ​ប្រទេស​ទេ ប៉ុន្តែ​គ្មាន​ជម្រើស ​ពី​ព្រោះ​នៅ​ផ្ទះ​គ្មាន​ការងារ​ធ្វើ ​និង​ជំពាក់​ប្រាក់​ធនាគារ ដោយសារ​​ខ្វី​គេ​មក​ធ្វើ​ស្រែ​ហើយ​ខាត​អស់​ដើម​ទុន​ ធ្វើ​ឱ្យ​គ្មាន​ប្រាក់​សង​គេ​ ក៏​​ចេញ​ពី​ស្រុក​កំណើត​មក​ការ​ប្រទេស​ថៃ​តែ​ម្ដង៖ «ខ្ញុំ​រាល់​ថ្ងៃ​នេះ​មិន​ពេញ​សោះ​ត្រង់​ថា​ ហេតុ​អី​រដ្ឋាភិបាល មិន​ខ្វាយខ្វល់​ជនជាតិ​ខ្លួន​ឯង​ ដែល​ធ្វើ​ពលករ​នៅ​ស្រុក​គេ ចំណែក​ឯ​ជនជាតិ​យួន​ហេតុ​អី​បាន​ជា​គាត់​ខ្វាយខ្វល់​ត្រូវ​រក​ដី​ឱ្យ​ធ្វើ​ផ្ទះ​ស្នាក់​នៅ​ស្រុក​ខ្មែរ ចុះ​ត្រង់​ពលរដ្ឋ​ខ្លួន​ឯង​វេទនា​លំបាក​ហេតុ​អី​គាត់​មិន​ខ្វល់។អីចឹង​ពួក​ខ្ញុំ​ដាច់​ខាត​អត់​ពេញ​ចិត្ត​របប​ផ្ដាច់ការ​មួយ​ហ្នឹង​ទេ »

កញ្ញា​បន្ត​ថា ​ថ្វីត្បិត​តែ​ពួក​គាត់​មក​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ក្ដី​ ក៏​ជីវភាព​របស់​ពួក​គាត់​​នៅតែ​ក្រីក្រ​ ដដែល​ ព្រោះ​​អ្នក​ផ្ទះ​ពឹង​ផ្អែក​ទៅ​លើ​ពួក​គាត់​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​តែ​ម្យ៉ាង ដោយ​មិន​មាន​​របរ​​ផ្សេង​​​រក​ប្រាក់​ចំណូល​នោះ​ទេ។ កញ្ញា​បន្ថែម​ថា​ ការ​​​ជួប​ជុំ​គ្នា​នេះ​ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ១០នាក់​ ដែល​ភៀស​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ​ ចូល​រួម​ជាមួយ​ពួក​គាត់ ​ថ្លែង​សារ​ជុំ​គ្នា​ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ប្រជាធិបតេយ្យ​​ខ្មែរ​ធ្វើ​មាតុភូមិ​និវត្តន៍​ ទៅ​ទាមទារ​អំណាច​ពី​លោក ហ៊ុន សែន ​មក​វិញ។

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ធ្លាប់​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​មិន​ព្រួយ​បារម្ភ​ ចំពោះ​ចលនា​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក​ចោទ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​ថា ជា​ក្រុម​អត់​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ ហើយ​ការ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ គឺ​ក្នុង​បំណង​ចង់​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេសទី៣៖ «ជា​សិទ្ធិ​បោះ​គាត់​ ប៉ុន្តែ​គាត់​ក៏​នឹង​អាច​ប្រឈម​នូវ​ច្បាប់​នៅ​កន្លែង​របស់​ពួកគាត់​ឬ​មួយ​ច្បាប់​នៅ​កម្ពុជា​។គោល​បំណង​របស់​គាត់​មិន​មែន​រឿង​នយោបាយ​ហ្នឹង​ទេ​ គោល​បំណង​របស់​គាត់​ចង់​បាន​ប្រទេស​ទី៣ ដែល​គាត់​ត្រូវ​ទេ »

ទោះ​យ៉ាង​ណា​ក្តី សកម្មជន​ដែល​រត់​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ សុទ្ធតែ​អះអាង​ថា មូលហេតុ​ដែល​ពួក​គាត់​បង្ខំ ចិត្ត​ភៀស​ខ្លួន​រស់​នៅ​ក្រៅ​ប្រទេស ដោយសារ​តែ​របប​ក្រុង​ភ្នំពេញ​ប្លន់​តួនាទី​មុខ​តំណែង​របស់​គាត់ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​យ៉ាង មិន​ឲ្យ​ពួក​គាត់​អនុវត្ត​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បញ្ចេញ​មតិ​បាន។ ពួក​គាត់​បន្ត​ថា ការ​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​រក្សា​កម្លាំង​សម្រាប់​ចូលរួម​អ​​ម​​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន ករុណា ធ្លាប់​បញ្ជាក់​ថា ការ​ចូល​រួម​គាំ​ទ្រ​គណបក្ស​នយោបាយ ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​​​ស្រប​ច្បាប់​ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​កត់​សំគាល់​ថា​ ថ្វីត្បិត​តែ​ថ្មីៗ នេះ​រដ្ឋាភិបាល​បាន​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​ដល់​លោក​ កឹម សុខា និង​ដោះ​លែង​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​​ក្ដី​ ក៏​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​​​មិន​ទាន់​ធូរស្រាល​នៅ​ឡើយ ពី​ព្រោះ​ពួក​គេ​មិន​ទាន់​មាន​សិទ្ធិ​ពេញលេញ​​ធ្វើ​នយោបាយ​នៅ​ឡើយ៖ «ហើយ​ច្បាប់​នានា កន្លង​មក​ដែល​យើង​យល់​ថា វា​ជា​ច្បាប់​មួយ​ដែល​បង្កើត​ឡើង​ក្នុង​ន័យ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​សេរីភាព​ទាំង​សង្គម​ស៊ីវិល​ កម្មករ​ គណបក្ស​នយោបាយ​និង​សហជីព​ជា​ដើម​ហ្នឹង​យើង​ឃើញ​ថា មិន​ទាន់​មាន​ការ​ធ្វើ​វិសោធនកម្ម​ ឬ​ក៏​បើក​លំហ​ឱ្យ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ដោយ​សេរី​ ឱ្យ​ស្រប​តាម​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។ អីចឹង​ចំណុច​ទាំង​អស់​ហ្នឹង ដរាប​ណា​នៅ​តែ​មាន​ស្ថានភាព​បែប​ហ្នឹង​វា​មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ »

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​តែ​ជឿជាក់​ថា លោក សម រង្ស៊ី នឹង​អាច​រក​ច្រក​ចូល​ទៅ​កម្ពុជា​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ពី​ព្រោះ​​លោក សម រង្ស៊ី កំពុង​តែ​ធ្វើ​កិច្ចការ​ទូត​​​ជា​មួយ​សហគមន៍​អន្តរជាតិ​ជា​ថ្មី​ទៀត ដើម្បី​ដាក់​សម្ពាធ​លោក ហ៊ុន សែន ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។