កម្មកររោងចក្រផលិតកាបូប អាយរីច ហ្វេកធើរី (I REACH FACTORY) ប្រមាណ ៣០នាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បាននាំគ្នាតវ៉ានៅមុខរោងចក្រទាមទារលក្ខខណ្ឌការងារមួយចំនួន មានដូចជា ទាមទារឱ្យថៅកែជនជាតិចិន អនុញ្ញាតឱ្យតំណាងកម្មករ ៣នាក់ ដែលខាងរោងចក្របានបញ្ឈប់ពីការងារបានចូលធ្វើការវិញ។ ទាមទារឱ្យបើកប្រាក់ខែទៀងទាត់ ទាមទារប្រាក់រង្វង់លើកទឹកចិត្តដល់កម្មករ និងស្នើឱ្យឈប់ដកកម្មករតាមអំពើចិត្តបន្តទៀត ជាដើម។
តំណាងកម្មករម្នាក់ គឺលោក កៃ សុខណាត ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៦ មករាថា មូលហេតុដែលកម្មករតវ៉ា ដោយសារពួកគេមិនពេញចិត្តនឹងមន្ត្រីរដ្ឋបាលរោងចក្រនេះបញ្ឈប់កម្មករតាមអំពើចិត្ត និងមិនគោរពច្បាប់ការងាររបស់កម្ពុជា៖ «ថៅកែនិងរដ្ឋបាលរោងចក្រនេះគាត់ធ្វើដូចបំបាក់កម្មករពេក ហើយគាត់ក៏មិនជួយដល់កម្មករដែរ។ បើពួកខ្ញុំមិនតវ៉ាឱ្យតំណាងសហជីពចូលធ្វើវិញ អីចឹងថ្ងៃក្រោយពេលមានបញ្ហាអី ពួកខ្ញុំមិនមានសិទ្ធិទៅប្ដឹងគេបានឡើយ ព្រោះខ្លាចថៅកែបញ្ឈប់ពីការងារ ដល់តែមានតំណាងសហជីពបានខ្ញុំអាចឱ្យជួយពួកខ្ញុំទាមទារទៅថៅកែបាន » ។
ឆ្លើយតបនឹងការទាមទារនេះ ប្រធានរដ្ឋបាលរោងចក្រ អាយរីច លោក ដួង សារិន ប្រាប់អាស៊ីសេរីថា ខាងរោងចក្រមិនអាចធ្វើតាមការស្នើសុំរបស់កម្មករបានទេ ដោយសារតំណាងកម្មករទាំងនោះទាមទារខុសពីច្បាប់កំណត់។ លោកបញ្ជាក់ថា មូលហេតុដែលខាងរោងចក្របញ្ឈប់តំណាងកម្មករទាំង ៣នាក់ ដោយសារពួកគេមានកំហុសនៅពេលបំពេញការងារ។
ប៉ុន្តែលោក កៃ សុខណាត អះអាងថា មូលហេតុដែលរដ្ឋបាលរោងចក្រនេះបញ្ឈប់តំណាងកម្មករ គឺដោយសាររោងចក្រចង់បិទកម្មករមិនឱ្យនាំគ្នាតវ៉ាទៅថ្ងៃក្រោយទៀត គឺពុំមែនពួកគាត់ប្រព្រឹត្តខុសច្បាប់ការងារនោះឡើយ។
ក្រុមកម្មករបានតវ៉ាអស់រយៈពេល ៤ថ្ងៃហើយ ហើយខាងរោងចក្រពុំទាន់ដោះស្រាយឱ្យពួកគាត់នៅឡើយទេ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៦ មករា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
រោងចក្រមួយនេះបានបើកដំណើរការនៅខេត្តកណ្ដាលប្រមាណ ១ឆ្នាំហើយ និងមានកម្មករធ្វើការជិត ៥០០នាក់។ ក្រុមអ្នកតវ៉ាបានត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃដដែល ប៉ុន្តែពួកគាត់ព្រមានថា ពួកគេនឹងបន្តការតវ៉ារហូតដល់មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។