រដ្ឋាភិបាល​មិន​បិទ​ប្រទេស​តែចេញ​អនុក្រឹត្យ​ត្រៀម​ដាក់​បម្រាម​គោចរ​ហាម​ជួបជុំឬ​ធ្វើដំណើរបើមិនចាំបាច់​

ដោយ មួង ណារ៉េត
2021-03-31
Share
រដ្ឋាភិបាល​មិន​បិទ​ប្រទេស​តែចេញ​អនុក្រឹត្យ​ត្រៀម​ដាក់​បម្រាម​គោចរ​ហាម​ជួបជុំឬ​ធ្វើដំណើរបើមិនចាំបាច់​ អាជ្ញាធររាជធានីភ្នំពេញចុះចែកម៉ាស់ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរនៅក្នុងទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ។

អនុក្រឹត្យថ្មី ដែលចេញពីរសប្តាហ៍ មុនថ្ងៃឈប់សម្រាក​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់នេះ ចែងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យ​​ធ្វើ​ដំណើរចេញពីផ្ទះនោះឡើយ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ប្រជាពលរដ្ឋអាចចេញពីផ្ទះបាន ក្នុងករណីចាំបាច់បំផុតប៉ុណ្ណោះ។

ករណីចាំបាច់​ដែលត្រូវអនុញាតឲ្យចេញពីផ្ទះបាននោះ រួមមាន ​ចេញទៅរកចំណីអាហារហូបចុក ឬទៅទិញ​សម្ភាៈប្រើប្រាស់ប្រចាំថ្ងៃ ទៅឲ្យពេទ្យយកសំណាកធ្វើវិភាគរកមេរោគនៃជំងឺ​កូវីដ-១៩ និង​ទៅចាក់វ៉ាក់សាំងបង្ការជំងឺនេះតាមកាលកំណត់។ ពលរដ្ឋអាចចេញពីផ្ទះបានដែរ បើទៅធ្វើការ ឬប្រកបមុខរបរ ឬអាជីវកម្ម ដែលមិនមានការរឹតត្បិតឬហាមឃាត់ ប៉ុន្តែ​ត្រូវ​មានភ្ជាប់លិខិតបញ្ជាក់អំពីការងារ មុខរបរ​ និង​អាជីវកម្មនោះ។ ករណីអនុញ្ញាតឲ្យចេញក្រៅផ្ទះបានដែរ គឺចេញទៅពេទ្យ ឬមណ្ឌលសុខភាព មន្ទីរសម្ភព ឬហាងលក់ថ្នាំពេទ្យ ប៉ុន្តែទាល់តែមានមូលហេតុបន្ទាន់ផ្នែកសុខភាព។ អ្នកចេញទៅ​ក្រៅផ្ទះ​ ដើម្បី​ហាត់ប្រាណតែម្នាក់ឯង ក្នុងភូមិសាស្រ្ត​ឃុំ-សង្កាត់​ដែលខ្លួន​រស់នៅ អាចចេញ​ទៅបាន។ អ្នក​ត្រូវ​បង្ហាញ​ខ្លួន​នៅចំពោះមុខ​មន្រ្​តីនគរបាល​យុត្តិធម៌​ឬ​តុលាការ ក៏អាច​ចេញ​ពី​ផ្ទះបាន​ដែរ។ ចំណែកឯ​អ្នកមាន​មូលហេតុចាំបាច់​​ និង​​បន្ទាន់​ក្នុងគ្រួសារ​ ដូចជា​ករណីសមាជិក​គ្រួសារ​កំពុង​​មានជំងឺ​ធ្ងន់ ​និង​​ត្រូវ​​សង្គ្រោះ​បន្ទាន់​ ឬ​ករណី​មាន​សមជិក​គ្រួសារ​ស្លាប់ ពួកគាត់​អាចធ្វើដំណើរ​ចេញក្រៅ​ផ្ទះ​បាន​ដែរ។

ទោះបីជាមានការ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​បាន​ ក្នុង​ករណី​ចាំបាច់ទាំងនោះក្តី​ ក៏អនុក្រឹត្យ​ដដែល​នេះ ដាក់​បម្រាម​គោចរ​ជាទូទៅ​ដោយ​ហាមឃាត់​ការ​ធ្វើដំណើរ​ពេល​យប់ ចាប់ពី​​ម៉ោង ៨យប់ ដល់​ម៉ោង ៥ភ្លឺ។ ក្នុងចន្លោះម៉ោង​នេះ​ ក្រសួង​រដ្ឋ សហគ្រា​ស ឬគ្រឹះស្ថា​ន​ឯកជន​ ឬទី​តាំង​អាជីវកម្មក៏​ត្រូវ​បិទ​ដែរ។

ក្រៅពីរឹតត្បិត​ការធ្វើដំណើរ​ចេញក្រៅផ្ទះ​នេះ​ អនុក្រឹត្យ​ដដែល​នេះ ហាម​មនុស្ស​ជួបជុំ ​និង​​ប្រមូល​ផ្តុំគ្នា​ ទោះជុំគ្នា​​ក្នុង​ផ្ទះ លើកលែង​តែការជួបជុំក្នុង​ចំណោម​សមាជិក​គ្រួសារ​​ ដែល​រស់នៅ​​ក្នុងផ្ទះ ឬទីសំណាក់​ជាមួយគ្នា។

មាត្រា ២៣ នៃ​អនុក្រឹត្យនេះចែង​​បង្គាប់​ឲ្យ​ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធទាំងអស់​ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​​ចាប់ពីថ្ងៃទី៣១ ខែមីនា តទៅ។ ​ប៉ុន្តែប៉ុន្មាន​ម៉ោង​ក្រោយ​អនុក្រឹត្យនេះ​ចេញ ​អ្នកនាំពាក្យ​ក្រសួង​​យុត្តិធម៌​លោក គឹម សន្តិភាព​ ប្រាប់ប្រព័ន្ធឃោសនា​របស់​លោក ហ៊ុន សែន​ ថា​​វិធានការ​​រដ្ឋបាល​​ទាំងឡាយ​ ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យនេះ ​មិនទាន់​អាច​អនុវត្ត​បានភ្លាម​នៅឡើយទេ​ ដោយ​ត្រូវរង់ចាំ​សេចក្តីសម្រេច​របស់​គណៈអភិបាលរាជធានី​-​ខេត្តសាម៉ីនីមួយៗ​សិន​ ទៅតាម​ករណីជាក់​ស្តែង។

មុននេះ ​រដ្ឋាភិបាល​លោក ហ៊ុន សែន​​ ក៏បានចេញ​អនុក្រឹត្យផ្សេងមួយទៀត​ដែរ​ ដើម្បី​ដាក់​ពិន័យ​ និង​ទោសទណ្ឌធ្ងន់ក​ លើអ្នក​ដែល​មិន​ពាក់ម៉ាស់​ និង​​រក្សាគម្លាត​ជាដើម។ ​អនុក្រឹត្យ​ចេញជា​បន្តបន្ទាប់នេះ​ ធ្វើឡើង​ក្រោយ​ករណីឆ្ល​ង​រាលដាល​ជំងឺកូវីដ-១៩ ​ក្នុងសហគមន៍​កាន់តែ​រីករាលដាល​ធ្ងន់ធ្ងរ​ជា​លំដាប់។

authory_provide_mask_to_people_free_16_03_2021.jpg
អាជ្ញាធរសង្កាត់ភ្នំពេញថ្មីចុះចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។ (រូបថត សង្កាត់ភ្នំពេញថ្មី)

កាលពីថ្ងៃទី៣១ ខែមីនា ក្រសួងសុខាភិបាល​រកឃើញ​អ្នកឆ្ល​ង​ជំងឺនេះថ្មីចំនួន​ ៦៣នាក់ បន្ថែមទៀត​ សុទ្ធតែឆ្លង​ក្នុងសហគមន៍។ ចំនួន​ឆ្លងថ្មីនេះ​ ធ្វើឲ្យអ្នកឆ្លង​ជំងឺ​ក្នុង​សហគមន៍​ពីថ្ងៃទី២០ ខែកុម្ភៈ កើនដល់ជិត ២ពាន់នាក់ (១,៩១៤ នាក់) ដែលជា​មធ្យម​មាន​​មនុស្ស​ប្រហែល ៤០នាក់ ឆ្លងជំងឺនេះ​ក្នុងមួយថ្ងៃៗ​ និង​​ករណីសរុប​នៅទូទាំង​ប្រទេស​ កើន​ដល់ជិត​ ២ពាន់៥រយនាក់ ​(២,៤៤០ នាក់)។ ចំនួន​អ្នកស្លាប់​ដោយ​សារជំងឺនេះ​ បានកើន​ឡើង​បន្ថែម ៣នាក់ទៀត។ អ្នកស្លាប់​ទាំងបីនាក់​នេះ ​ជាស្រ្តីខ្មែរ​ម្នាក់​វ័យ ២៨ឆ្នាំ​ នៅបឹងសាឡាង​ ម្នាក់ទៀតវ័យ ៥៦ឆ្នាំ នៅសង្កាត់បឹងព្រលិត​ និង​ស្ត្រីចុងក្រោយ​វ័យ ៥៦ឆ្នាំដែរ​ នៅសង្កាត់វាលវង់។​

គិតមក​ត្រឹមថ្ងៃទី៣១ ខែមីនា ​ចំនួន​អ្នកស្លាប់​បានកើនឡើងដល់ ១៩នាក់ ប៉ុន្តែក្រសួងសុខាភិបាល​ទទួលស្គាល់តែ ១៤នាក់ប៉ុណ្ណោះ ថាស្លាប់ដោយសារជំងឺ​កូវីដ​-១៩​។ អ្នកជំងឺកូវីដ-១៩ ៤នាក់ទៀត ក្រសួង​ថា ស្លាប់ដោយសារជំងឺផ្សេង។ ឯម្នាក់ទៀត​ស្លាប់ពេលកំពុងធ្វើចត្តាឡីស័ក។

ស្របពេល​ជាមួយគ្នានេះ​ ក្រសួង​​សុខាភិបាល​​កំពុង​សម្រុក​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺនេះ​ ជូន​ប្រជាពលរដ្ឋទូទៅ​ ដែល​ភាគ​ច្រើន​លើសលុប​ជា​វ៉ាក់សាំងចិន​ ដែល​អង្គការ​សុខភាព​ពិភពលោក​ ​(WHO)​ មិនបាន​ទទួល​ស្គាល់។ វ៉ាក់សាំងចិន​ទាំងពីរ​មុខ​នោះ គឺ​វ៉ាក់សាំង​ស៊ីណូហ្វាម ​(SINOPHARM)​ ដែល​ជា​ជំនួយ​របស់​ចិន​ និង​​ទើបដឹក​មកដល់​កម្ពុជា​បន្ថែម ៧​សែន​ដូសទៀត កាលពីយប់ថ្ងៃទី៣១ ខែមីនា កើនដល់​ ១លាន៣សែនដូស។​  វ៉ាក់សាំងចិន​មួយទៀត​ឈ្មោះ​ ស៊ីណូវ៉ាក់​ (SINOVAC) ​ដែល​កម្ពុជា​ទើបទិញ​ពីចិន ១លាន៥សែនដូស​ កាលពីថ្ងៃទី២៦ ខែមីនា ក្នុងទឹក​ប្រាក់ ១៥លានដុល្លារ​។​ វ៉ាក់សាំង​ចុងក្រោយ​ ឈ្មោះ​ អាស្រ្តាហ្ស៊េណេកា​ (ASTRAZENECA)​ របស់​ចក្រភព​អង់គ្លេស​ ដែល​អង្គការ​​សុខភាព​ពិភពលោក​ទទួល​ស្គាល់។​ កម្ពុជា​ទទួលបាន​វ៉ាក់សាំងនេះ ​ចំនួនជាង ​៣​សែន​ដូស​ (៣២,៤០០០ ដូស)។​ វ៉ាក់សាំងអង់គ្លេស​នេះ​ អាចចាក់បាន​សម្រាប់ពលរដ្ឋគ្រប់គ្នា​ ដែលមាន​វ័យចាប់ពី ១​៨ឆ្នាំ ឡើងទៅ។ ប៉ុន្តែ ​លោក ហ៊ុន សែន​ ឲ្យចាក់​បាន​តែ​អ្ន​កមានអាយុ ៦០ឆ្នាំ ឡើងទៅតែប៉ុណ្ណោះ ក្រៅពីនោះត្រូវចាក់វ៉ាក់សាំងចិន។

ចំពោះវ៉ាក់សាំងចិនទាំងពីរមុខនោះ វ៉ាក់សាំងស៊ីណូហ្វាម អាចចាក់បានសម្រាប់តែមនុស្សដែលមានវ័យពី ១៨ឆ្នាំ ដល់ ៥៩ ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់បានពីចាប់អាយុ ១៨ ឆ្នាំឡើងទៅ។

164077438_1782274555286622_6664815847977670909_o.jpg
ប្រជាពលរដ្ឋវ័យចំណាស់នៅក្នុងទីក្រុងភ្នំពេញមកទទួលចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩កន្លងមក។ (រូបថត រដ្ឋបាលរាជធានីភ្នំពេញ)

យុទ្ធនាការ​​ចាក់វ៉ាក់សាំងនេះ​ ចូលដល់​ដំណាក់កាល​ចាក់ជូន​​​គ្រូពេទ្យ​ជួរ​មុខ​ទាំង​រដ្ឋ ​និង​ឯកជន​ ទាំង​​មន្រ្តីរាជការ​ គ្រូបង្រៀន​រដ្ឋ​និង​ឯកជន​ អ្ន​ក​សារព័ត៌មាន​និង​បុគ្គលិក​វិស័យឯកជន​ជាដើម។ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន​ ណែនាំ​ឲ្យពលរដ្ឋទូទៅ​ ដែល​ចង់ចាក់​វ៉ាក់សាំងទាំង​នេះ​ ត្រូវ​ចុះឈ្មោះ​​តាម​ប្រព័ន្ធ​អនឡាញ ​ឬ​ចុះឈ្មោះជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ក៏បាន៖ «ហើយបើ​នៅតាម​បណ្តាខេត្ត​ យើង​មាន​​មន្ទីរ​សុខាភិបាល​ខេត្ត​ និង​​អភិបាល​នៃ​គណៈអភិបាលខេត្ត​ ដែល​លោកកំពុង​​ខ្នះខ្នែង​រៀបចំដែរ​នោះ ​គឺគ្រប់ទីតាំងដែ​ល​បាន​ត្រៀមលក្ខណៈ នឹ​ង​បើកយុទ្ធនាការ​​ក្នុង​ការ​ចាក់វ៉ាក់សាំង​នេះ»

ខាងគណៈមេធាវីឯណោះ គ្រោងយកទីស្នាក់ការរបស់ខ្លួន ធ្វើជាកន្លែង​ចាក់វ៉ាក់សាំង។ មេធាវីដែលមានអត្តលេខពី ១ ដល់ ១៩៩៣ ត្រូវបានអញ្ជើញ​ឲ្យមកចាក់វ៉ាក់សាំងចិននេះឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០១​ ដល់០៦ ខែមេសា។

ប្រធានគណៈមេធាវីកម្ពុជាលោក លី ច័ន្ទតុលា តាមរយៈសេចក្តីជូនដំណឹង​របស់គណៈមេធាវី កាលពី​ថ្ងៃទី៣១ ខែមីនា ស្នើឲ្យមេធាវីនិង​មេធាវីកម្មសិក្សាទាំងអស់​ មកទទួលវ៉ាក់សាំងចិននេះកុំបីខាន។

ក្រសួងបានអះអាងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងជំរុញឲ្យប្រជា​ពលរដ្ឋនាំគ្នាចាក់វ៉ាក់សាំងនេះ។ ប៉ុន្តែ​ កន្លងមកប្រជាពលរដ្ឋជាច្រើន បង្ហាញភាពអល់អែក និង​មិនទុកចិត្ត​លើ​គុណភាព​នៃវ៉ាក់សាំងចិន ដែលអង្គការសុខភាពពិភពលោក មិនបានទទួលស្គាល់។ ពួកគាត់ចង់ចាក់​វ៉ាក់សាំងដែរ ប៉ុន្តែ​ចង់បាន​វ៉ាក់សាំងណា ដែល​ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដូចវ៉ាក់សាំងអង់គ្លេសជាដើម។

ទោះជាយ៉ាងនេះក្ដី មន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់អះអាងថា វ៉ាក់សាំងចិនទាំងនេះ ក៏មានគុណភាពល្អដែរ ដោយសម្អាងថាមានប្រទេសជាច្រើនចាក់វ៉ាក់សាំងនេះឲ្យពលរដ្ឋខ្លួនដែរ​ និង​ថា​មន្រ្តីរដ្ឋាភិបាលច្រើនគ្នាហើយ បានចាក់វ៉ាក់សាំងនេះដែរ​ និង​គ្មានប៉ះពាល់ដល់​សុខភាពអ្វីនោះទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល