អង្គការ វី.អេស.អូ កម្ពុជា (VSO Cambodia) និងដៃគូអនុវត្តគម្រោងអភិបាលកិច្ច រួមមាន គណៈកម្មការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) នឹងសម្ពោធដំណើរការគម្រោង "ការពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិលដើម្បីការអភិវឌ្ឍប្រកប ដោយប្រសិទ្ធភាព" (Strengthening Civil Society Organizations Networks for Inclusive Development) នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី៣០ សីហា វេលាម៉ោង ២រសៀល។
សេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៩ សីហា ឲ្យដឹងថា គម្រោងនេះមានរយៈពេល ៣០ខែ មានការគាំទ្រពីសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា។ គម្រោងនេះនឹងផ្ដល់ការពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិល ដើម្បីក្លាយខ្លួនទៅជាតួអង្គសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ច គណនេយ្យភាព និងជំរុញឲ្យមានការបង្កើតគោលនយោបាយប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះ នឹងបង្កើនសមត្ថភាពលើការគ្រប់គ្រងបណ្ដាញ ការគ្រប់គ្រងចំណេះដឹង ការកៀរគរធនធាន និងការតស៊ូមតិដើម្បីបង្កើតឲ្យមានលទ្ធផលកាន់តែទៅដល់ប្រជាពលរដ្ឋក្នុងខេត្តទាំង៨ មានខេត្តសៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។
អង្គការ វី.អេស.អូ កម្ពុជា ដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការគ្រប់គ្រង និងការធានានូវការអនុវត្តគម្រោងប្រកបដោយគុណភាពខ្ពស់។
នាយកប្រចាំប្រទេសនៃអង្គការ វី.អេស.អូ កម្ពុជា លោក ហ្គីឡូម សៅវ៉ល (Guillaume Sauval)មានប្រសាសន៍ថា ការពង្រឹងគណនេយ្យភាព គឺមានតម្រូវការយ៉ាងខ្លាំង ដើម្បីការពារ និងបើកចំហឱកាសដល់សង្គមស៊ីវិលក្នុងការគាំទ្រដល់សកម្មភាពដែលនាំមុខដោយប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។