អ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល (Capitol) តវ៉ាឲ្យមានថ្ងៃឈប់សម្រាកប្រចាំឆ្នាំ និងសុំឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលបញ្ឈប់ ៥នាក់កន្លងមកនោះ ឲ្យចូលធ្វើការវិញ។ ចំណែកក្រសួងការងារ ផ្នែកដោះស្រាយវិវាទការងារ បានស្នើសុំឲ្យតំណាងអ្នកបើកបរទៅប្រជុំនៅទីស្ដីការក្រសួង ដើម្បីស្វែងរកដំណោះស្រាយ។
អ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលជាង ៤០នាក់ បានផ្អាកការតវ៉ាបណ្ដោះអាសន្ន បន្ទាប់ពីមានការសម្របសម្រួលភ្លាមៗពីមន្ត្រីក្រសួងការងារ និងអាជ្ញាធរខណ្ឌ៧មករា នៅថ្ងៃទី២២ ខែកក្កដា។
តំណាងអ្នកបើកបររថយន្តដឹកភ្ញៀវក្រុមហ៊ុនកាពីតូល លោក គង់ ប៊ុនធឿន ឲ្យដឹងថា ពួកគាត់តវ៉ា ព្រោះគាត់បើកបរដឹកភ្ញៀវពេញ ៣៦៥ថ្ងៃទៅ ៣៦៦ថ្ងៃក្នុងមួយឆ្នាំ ដោយមិនមានថ្ងៃឈប់សម្រាកសោះ។ ទន្ទឹមនោះ មិនមានការពិភាក្សារវាងម្ចាស់ក្រុមហ៊ុន និងអ្នកបើកបរពីអ្វីដែលពួកគេចង់បាននោះឡើយ។ លោកបន្តថា ជាងនេះទៅទៀត ក្រុមហ៊ុនបានដាក់គំនាបឲ្យអ្នកបើកបរសងអីវ៉ាន់ភ្ញៀវដែលបាត់ ប៉ុន្តែតម្លៃផ្ញើអីវ៉ាន់ គឺក្រុមហ៊ុនអ្នកប្រមូលយក៖ «ពេលវេលាក្នុង ៣៦៥ថ្ងៃ ពួកខ្ញុំអត់មានពេលសម្រាកទេ។ ពេលដែលដាក់ច្បាប់ ក្រុមហ៊ុនតែងតែកាត់លុយ កាត់ទៅតាមភាគរយប្រាក់ខែ។ ក្រុមហ៊ុនបានគំរាមថែមទៀត ពេលដល់រដូវកាលបោះឆ្នោត ឬមួយក៏ជាបុណ្យជាតិធំៗ ក្នុងរយៈពេលបុណ្យហ្នឹង ក្រុមហ៊ុនមិនអាចឲ្យដាក់ច្បាប់បានទេ»។
អ្នកបើកបរឲ្យក្រុមហ៊ុនកាពីតូលជាង ៤០នាក់ ដែលឈរតវ៉ាលើកបដានៅមុខក្រុមហ៊ុនកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា បានសុំឲ្យក្រុមហ៊ុនកាពីតូលគោរពច្បាប់ការងារ ត្រូវឲ្យអ្នកបើកបរមានថ្ងៃឈប់សម្រាកចំនួន ១៨ ទៅ ២០ថ្ងៃក្នុងមួយឆ្នាំ បូកនឹងឈប់ថ្ងៃបុណ្យជាតិផង។ ចំពោះអ្នកបើកបរ ៥នាក់ដែលក្រុមហ៊ុនបានបញ្ឈប់កាលពីថ្ងៃទី៩ ខែកក្កដា ព្រោះតែការស្នើសុំបង្កើតសហជីពនោះ សុំឲ្យពួកគេបានចូលធ្វើការវិញជាដើម៖ «បើសិនជាមានបងប្អូនតៃកុងឡាន ឬក៏ព្រូឡានសុំច្បាប់ថ្ងៃដែលចំបុណ្យភ្ជុំ ឬក៏ចូលឆ្នាំអ៊ីចឹង ក្រុមហ៊ុនបញ្ឈប់តែម្តង។ សូម្បីតែប្រពន្ធឆ្លងទន្លេ សុំច្បាប់ចំថ្ងៃរវល់ក៏ក្រុមហ៊ុនបញ្ឈប់បណ្តោយ»។
បំភ្លឺចំពោះការលើកឡើងរបស់អ្នកបើកបរដែលតវ៉ានោះ លោក ផាន់ សុភាព តំណាងក្រុមហ៊ុនកាពីតូល អះអាងថា ក្រុមហ៊ុនកាពីតូល បម្រើសេវាកម្មដឹកអ្នកដំណើររាល់ថ្ងៃនោះ គឺក្រុមហ៊ុនបានផ្តល់ប្រាក់បេសកកម្មក្នុងជើងបើកបរទៅមកពីរជើង ផ្តល់ឲ្យអ្នកបើកបរពី ៤ម៉ឺនទៅ ៥ម៉ឺនរៀលតាមផ្លូវជិត ឬឆ្ងាយ។ ចំពោះថ្ងៃឈប់បុណ្យជាតិ អ្នកបើកបរមិនបានឈប់ ក៏ក្រុមហ៊ុនផ្តល់ប្រាក់ឲ្យដែលគណនាតាមរូបមន្តនៃប្រាក់ខែក្នុងមួយថ្ងៃលើស ២០០% ដែរ៖ «រឿង ៥នាក់ដូចអត់មានរឿងអី ដែលថាត្រូវពួកនោះតវ៉ាទេ គឺពួកនេះក្រុមអនាធិបតេយ្យ។ អ៊ីចឹងវាធ្វើអីឲ្យខុសបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ អ៊ីចឹងក្រុមហ៊ុន បានព្រមានច្រើនដងទៅហើយ ប៉ុន្តែមិនស្តាប់ ហើយបានខាងខ្ញុំក៏បានហៅមកបញ្ឈប់តែម្តង»។
បន្ថែមលើនោះ មេធាវីការពារក្រុមហ៊ុនកាពីតូល លោក ខៀវ វណ្ណ ពន្យល់បន្ថែមថា ក្រុមហ៊ុននេះគោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា៖ «ប៉ុន្តែក្រុមហ៊ុនមានគោលការណ៍ហើយថា មិនរារាំងការបង្កើតសហជីពរបស់ពួកគាត់ទេ។ ប៉ុន្តែក្នុងដំណាក់កាលនេះ ដោយសារថាការជជែកដោះស្រាយគ្នារឿងបញ្ឈប់ពួកគាត់ ៥នាក់ ដូច្នេះរឿងពួកគាត់បង្កើតសហជីព នឹងជជែកគ្នាក្រោយពេលដោះស្រាយចប់»។
តំណាងក្រុមហ៊ុនកាពីតូល លោក ផាន់ សុភាព ឲ្យដឹងថា អ្នកបើកបរឲ្យក្រុមហ៊ុន គឺមាន ១៨៥នាក់ ចំណែកអ្នកតវ៉ាមានតែជាង ៤០នាក់ មិនប៉ះពាល់ដល់សេវាដឹកជញ្ជូនភ្ញៀវនោះទេ។
ទោះជាយ៉ាងណា ការតវ៉ារបស់អ្នកបើកបរមិនបង្កការកកស្ទះចរាចរណ៍នៅតាមផ្លូវមុខក្រុមហ៊ុនកាពីតូល ក្បែរផ្សារអូរឫស្សី នោះឡើយ។ ការតវ៉ានោះ ក៏មានអធិការខណ្ឌ៧មករា បានចុះទៅសម្របសម្រួល និងរៀបចំសណ្ដាប់ធ្នាប់ផ្ទាល់ ដោយមិនឲ្យមានការប៉ះទង្គិចហិង្សាណាមួយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
