សមាគមខ្មែរក្រោមនិងព្រះសង្ឃខ្មែរក្រោមស្នើឱ្យមានការស៊ើបអង្កេតត្រឹមត្រូវករណីព្រះចៅអធិការនៅខ្មែរក្រោមមួយអង្គសុគតដោយមិនដឹងពីមូលហេតុច្បាស់លាស់។
អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឱ្យអាស៊ីសេរីដឹងថ្ងៃទី០៩ ខែមេសា ថា ព័ត៌មានដំបូងដែលលោកទទួលបានពេលនេះអាជ្ញាធរវៀតណាមកំពុងធ្វើកោសល្យវិច័យព្រះសពព្រះតេជព្រះគុណ តាង៉ុក កោ ព្រះចៅអធិការវត្តដំបងពាក់ ខេត្តព្រះត្រពាំងដែលបានសុគតកាលពីថ្ងៃទី៨ មេសា។ លោកឱ្យដឹងទៀតថា ព្រះចៅអធិការបានសុគតនៅក្នុងបន្ទប់សឹងរបស់ព្រះអង្គ ប៉ុន្តែ លោកមិនទាន់ដឹងតម្រុយច្បាស់លាស់ពីមូលហេតុនៃការសុគតនេះនៅឡើយទេ។ លោក សឺន ជុំជួន ស្នើទៅអាជ្ញាធរវៀតណាមធ្វើការស្រាវជ្រាវ និងកោសល្យវិច័យ ករណីនេះបានត្រឹមត្រូវ៖ «យើងសូមអំពាវនាវធ្វើការកោសល្យវិច័យពីអាជ្ញាធរមានសមត្ថកិច្ចឱ្យបានពិតប្រាកដ និងសូមឱ្យមានការសិក្សាស្រាវជ្រាវមើលតើព្រះអង្គសុគតបណ្ដាលមកពីមូលហេតុអី គឺជាប្រឈួនដោយសាររោគ ឬក៏ជំងឺស្អំមួយដែលជាក់ស្ដែងពីរបងប្អូនចំណុះជើងវត្តគួរតែស្វែងយល់ថា តើព្រះអង្គលោកមានប្រវត្តិទំនាស់ស្អីទេមិនសុគតហ្នឹង»។
ព្រះចៅអធិការវត្តដំបងពាក់ ភូមិដំបងពាក់ ឃុំផ្សារឆេះ ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង ព្រះតេជព្រះគុណ តាង៉ុក កោ ព្រះជន្ម ៤២ព្រះវស្សា។
ព្រះសង្ឃខ្មែរក្រោមគង់នៅវត្តមួយក្នុងភ្នំពេញ ព្រះតេជព្រះគុណ ហ្វិញ វីឡា ដែលមានទំនាក់ និងព្រះតេជព្រះគុណ តាង៉ុក កោ មានថេរដីកាឱ្យដឹងថា មុនពេលព្រះតេជព្រះគុណ តាង៉ុក កោ សុគត ព្រះអង្គគ្មានជំងឺធ្ងន់ធ្ងរអ្វីទេ។ ព្រះតេជព្រះគុណឱ្យដឹងទៀតថា ព្រះតេជព្រះគុណគ្រោងធ្វើដំណើរទៅទឹកដីកម្ពុជាដើម្បីពិនិត្យករណីនេះដល់ទីកន្លែង។ ព្រះតេជព្រះគុណ ហ្វិញ វីឡា យល់ថា ប្រសិនបើមានអង្គការ ឬសមាគមខ្មែរក្រោមបានចូលរួមស៊ើបអង្កេតករណីនេះ ព្រះអង្គជឿថា នឹងអាចដឹងការពីមូលហេតុនៃការសុគតនេះឃើញ៖ «មានអង្គការណាមួយស៊ើបអង្កេតរឿងហ្នឹងអាត្មា ក៏ជួយត្រេកអរដែរព្រោះអីថា មនុស្សកំពុងមានសុខភាពមាំមួនបែរមកសុគតដោយជំងឺដូចមិនអាចទៅរួចអ៊ីចឹងណាប្រហែលជាមូលហេតុអាថ៌កំបាំងផ្សេងដែលយើងមិនអាចដឹងបាន»។
សមាគមខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោម លើកឡើងថា ព្រះតេជព្រះគុណ តាង៉ុក កោ បានចូលរួមការងារសង្គមថែរក្សាប្រពៃណីខ្មែរក្រោម ចំណាយថវិកាជួសជុលផ្លូវនិងស្ពាន ក្រៅពីនេះ ព្រះតេជព្រះគុណ បានតែងនិពន្ធទំនុកភ្លេង បទចម្រៀងទាក់ទងនឹងការថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ បង្ហោះតាមបណ្ដាញសង្គមយូធូបដោយប្រើឈ្មោះ គឹម ខាយ។ «»
ព្រះតេជព្រះគុណ តាង៉ុក កោ ក៏គឺជាអ្នកចលនាក្នុងការថែរក្សាវប្បធម៌ប្រពៃណី យ៉ាងសកម្មនៅដែនដីកម្ពុជាក្រោម ។ ជាពិសេស ព្រះអង្គតែងតែស្រាវជ្រាវនូវតំបន់ភូមិសាស្ត្រ នៃទឹកដីកម្ពុជាក្រោម ដែលមានឈ្មោះភូមិ ឃុំ ស្រុក ជាភាសាខ្មែរ ហើយនិពន្ធទៅជាបទចម្រៀង ដើម្បីថែរក្សាវប្បធម៌ខ្មែរក្រោមផង និងរក្សាឈ្មោះភូមិសាស្ត្រជាភាសាខ្មែរផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
