បក្ស​ប្រឆាំង​ប្រតិកម្ម​នឹង​សារ​ព្រមាន​របស់​ចៅហ្វាយ​ខេត្ត​តាកែវ​រឿង​ដី​ព្រំដែន​តំបន់​ថ្ម​៣​ដុំ

ដោយ ម៉ម មុនីរតន៍
2016-01-31
Share
ចំណុច​ថ្ម​បី​ដុំ​ខេត្ត​តាកែវ ៦២០ ចំណុច​ថ្ម​បី​ដុំ​ដែល​ជា​ចំណុច​បង្គោល​ឡាក់​លេខ​២៦៦ និង​លេខ​២៦៧ ឋិត​នៅ​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ ប្រទេស​កម្ពុជា ជាប់​ខេត្ត​អាងយាង ប្រទេស​វៀតណាម។ រូបថត​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥
RFA/Rann Samnang

អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន និង​គណបក្ស​ប្រឆាំង យល់​ឃើញ​ថា ប្រតិកម្ម​របស់​អភិបាល​ខេត្ត​តាកែវ ប្រឆាំង​អ្នក​រិះគន់​ថា​ដី​នៅ​បរិវេណ​ថ្ម ៣​ដុំ ក្នុង​ខេត្ត​តាកែវ ត្រូវ​បាន​គេ​រក​ឃើញ​ថា ត្រូវ​បាន​វៀតណាម គ្រប់គ្រង​ទៅ​ហើយ​នោះ ថា​ជា​របៀប​គ្រប់គ្រង​អំណាច​និយម និង​ផ្ទុយ​ពី​ច្បាប់។ កាល​ពី​ថ្ងៃ​ទី​២៧ មករា ចៅហ្វាយ​ខេត្ត​តាកែវ ព្រមាន​វ៉ៃ​ខ្នោះ​អ្នក​ដែល​ដើរ​និយាយ​ថា ដី​នៅ​បរិវេណ​ថ្ម ៣​ដុំ នៅ​ស្រុក​បូរីជលសារ ជាប់​ព្រំដែន​វៀតណាម ថា​ជា​កម្មសិទ្ធិ​របស់​វៀតណាម ទៅ​ហើយ​នោះ។

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ចាត់​ទុក​ថា សារ​ព្រមាន​របស់​អភិបាល​ខេត្ត​តាកែវ រហូត​វ៉ៃ​ខ្នោះ និង​ចាប់​ដាក់​គុក ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ហ៊ាន​រិះគន់​ថា ដី​នៅ​បរិវេណ​ថ្ម ៣​ដុំ ត្រូវ​បាត់បង់​ទៅ​ប្រទេស​វៀតណាម។

ការ​ខ្វែង​គំនិត​គ្នា​រឿង​ដី​នៅ​បរិវេណ​ថ្ម ៣​ដុំ បាន​ក្លាយ​ទៅ​ជា​មាន​ភាព​ចម្រូងចម្រាស​មួយ​ថ្មី​ទៀត បន្ទាប់​ពី​តំបន់​ដទៃ​ទៀត​នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តែ​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​ត្រង់​ចំណុច​ខ្លះ។

តំណាង​រាស្ត្រ​មណ្ឌល​តាកែវ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន យល់​ឃើញ​ថា នេះ​ជា​ការ​បំបិទ​សិទ្ធិ ដែល​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់។ លោក​បន្ត​ថា ថ្វីបើ​នៅ​ពេល​នេះ ដី​នៅ​តំបន់​ថ្ម ៣​ដុំ និង​ទីតាំង​ផ្សេង​ទៀត​ជិតៗ​នោះ ពុំ​ទាន់​អាច​បញ្ជាក់​បាន​ថា ជា​របស់​កម្ពុជា ឬ​វៀតណាម ក្តី ជាក់ស្ដែង​ការ​ចេញ​ចូល​ទៅ​កាន់​តំបន់​ថ្ម ៣​ដុំ គឺ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ដោយ​ងាយ​ស្រួល​ឡើយ។ ម្យ៉ាង​វិញ​ទៀត ការ​ព្រមាន​ប្រើ​ប្រព័ន្ធ​តុលាការ​ប្រឆាំង​សកម្មជន​ព្រំដែន និង​អ្នក​តំណាង​រាស្ត្រ ដោយ​គ្រាន់​តែ​ពិនិត្យ​ទីតាំង​បោះ​បង្គោល បែរ​ជា​ចាត់​ទុក​ថា​ជា​កំហុស​ឆ្គង​ទៅ​វិញ​នោះ បាន​ន័យ​ថា ជា​ការ​ប្រើប្រាស់​អំណាច​លើសលប់​ផ្ទុយ​ពី​ច្បាប់។ លោក​បន្ត​ថា «នេះ​ជា​ការ​រំលោភ​អំណាច យក​អំណាច​ប្រើប្រាស់​ដោយ​ប្រាសចាក​ពី​ច្បាប់។ ច្បាប់​ធានា​អភ័យ​ឯកសិទ្ធិ ហើយ​ច្បាប់​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​កាតព្វកិច្ច និង​តួនាទី​របស់​ពលរដ្ឋ​ខ្មែរ មាន​តួនាទី​ការពារ​ទឹក​ដី»

នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​នៅ​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៧ ចុង​ខែ​មករា កន្លង​ទៅ​នេះ អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​ព្រមាន​ចាត់​វិធានការ​ប្រឆាំង​អ្នក​ដែល​រិះគន់​ដី​នៅ​ថ្ម ៣​ដុំ​ដែល​ថា​បាត់​ទៅ​វៀតណាម គឺ​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ និង​វ៉ៃ​ខ្នោះ​ដៃ​ថែម​ទៀត​ផង មិន​ថា​អ្នក​នោះ​ជា​តំណាង​រាស្ត្រ​ឡើយ។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ពី​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ មករា។

ឆ្លើយ​តប​រឿង​នេះ មេ​ឃុំ​កំពង់ក្រសាំង ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​បូរីជលសារ ខេត្ត​តាកែវ លោក សុខ រឿន អះអាង​ថា ដី​នៅ​បរិវេណ​ថ្ម ៣​ដុំ គឺ​កម្ពុជា ជា​អ្នក​គ្រប់គ្រង​សព្វថ្ងៃ​នេះ។ លើស​ពី​នេះ​ទៀត ពលរដ្ឋ​អាច​ចេញ​ចូល​បាន​ដោយ​សេរី។ មិន​តែ​ប៉ុណ្ណោះ ដី​នៅ​ចំណុច​ថ្ម ៣​ដុំ មាន​កម្លាំង​សមត្ថកិច្ច​របស់​កម្ពុជា កំពុង​គ្រប់គ្រង និង​ឈរ​ជើង​យ៉ាង​មាំ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «ថ្ម ៣​ដុំ​ហ្នឹង​វា​នៅ​យ៉ាង​ម៉េច ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​បច្ចុប្បន្ន កម្ពុជា គ្រប់គ្រង។ ចុះ​មាន​អី យើង​ទៅ​មើល មាន​កម្លាំង​ការពារ​ទីនោះ​ក្បែរ​ប៉ុស្តិ៍​នោះ​តើ»

ផ្ទុយ​ពី​ការ​ថ្លែង​នេះ លោក សុខ រឿន ទទួល​ស្គាល់​ថា ដី​នៅ​ថ្ម ៣​ដុំ ពិត​ជា​បាន​បាត់​មែន។ លោក​បញ្ជាក់​ប្រាប់​កាសែត ខេមបូឌា ដេលី (Cambodia Daily) កាល​ពី​ថ្ងៃ​ទី​២៨ មករា ថា តាម​ពិត ដី​នៅ​បរិវេណ​ថ្ម ៣​ដុំ ត្រូវ​បាន​វៀតណាម គ្រប់គ្រង​បាន​ដី​ក្នុង​ចំណែក​ថ្ម ២​ដុំ​រួច​ទៅ​ហើយ​នៅ​ពេល​នេះ។

ជុំវិញ​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ហើយ​ធ្លាប់​ចុះ​អង្កេត​ដោយ​ផ្ទាល់​នៅ​បរិវេណ​ថ្ម ៣​ដុំ ចាត់​ទុក​ការ​ព្រមាន​របស់ លោក ឡាយ វណ្ណៈ ថា​ជា​ការ​គួរ​ឲ្យ​សោកស្ដាយ ដែល​សារ​នយោបាយ​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ទទួល​ខុស​ត្រូវ ហើយ​ទាមទារ​ឲ្យ​មាន​ការ​បកស្រាយ​ឡើង​វិញ។ លើស​ពី​នេះ លោក កែម ឡី ថ្លែង​ថា អ្នក​ដែល​ខ្វល់ខ្វាយ​រឿង​ព្រំដែន​នេះ ពលរដ្ឋ​ក៏​មាន​សិទ្ធិ និង​កាតព្វកិច្ច​ក្នុង​ការ​ការពារ ជាពិសេស​បើ​រក​ឃើញ​ថា ការ​ដឹក​នាំ​មាន​ចំណុច​ខ្វះខាត គឺ​រដ្ឋាភិបាល​ត្រូវ​បំពេញ​បន្ថែម មិន​ត្រូវ​ទប់ស្កាត់ ហើយ​ប្រឆាំង​ការ​រិះគន់​ដូច្នេះ​នោះ​ទេ។ លោក​បន្ត​ថា «ធានា​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី មិន​មែន​មាន​តែ​អាជ្ញាធរ​ទេ គឺ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ដឹង​ការ​ឮ ហើយ​បើ​សិន​ជា​ដឹង​ឮ​វា​ខ្វះខាត វា​ត្រូវ​ប្រាប់​ទៅ​អនុវត្ត ដែល​ជា​ខ្ញុំ​បម្រើ​របស់​ប្រជាពលរដ្ឋ មិន​មែន​ជា​ចៅហ្វាយ​ចាប់​ចង​វ៉ៃ​ដាក់​ខ្នោះ​ទេ។ អ៊ីចឹង​អា​ហ្នឹង​ត្រូវ​បកស្រាយ​ឡើង​វិញ ហើយ​បើ​សិន​ថ្នាក់​គិត​ខុស និង​និយាយ​ខុស អាច​ពិចារណា​ឡើង​វិញ»

ដី​នៅ​ចំណុច​ថ្ម ៣​ដុំ ដែល​ជាប់​នឹង​ខេត្ត​អានយ៉ាង (An Dang) ប្រទេស​វៀតណាម គឺ​ស្ថិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២៦៦ និង​លេខ​២៦៧។ កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រមាណ ១.២៧០​គីឡូ​ម៉ែត្រ។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ទីតាំង​ថ្ម ៣​ដុំ មិន​ត្រូវ​បាន​អាជ្ញាធរ​ខាង​កម្ពុជា បើក​សិទ្ធិ​សេរីភាព​ឲ្យ​ទៅ​ពិនិត្យ​មើល​ដោយ​ងាយ​ស្រួល​ឡើយ។ ការ​ចុះ​ពិនិត្យ គឺ​មាន​ការ​អម​ដំណើរ​ដោយ​កម្លាំង​ការពារ​ព្រំដែន។ ក្រុម​មន្ត្រី​ដែល​ការពារ​ព្រំដែន​ខាង​កម្ពុជា និយាយ​ថា ការ​រឹត​បន្តឹង​ដូច​នេះ គឺ​ជា​ការ​ស្នើ​របស់​ភាគី​វៀតណាម។ រឹត​តែ​ជា​បញ្ហា​ទៀត​នោះ គឺ​ថា វៀតណាម ហាម​ដាច់ខាត​មិន​ឲ្យ​មាន​ការ​ថត​រូប​ជា​វីដេអូ សូម្បី​ថត​ជា​រូប​សន្លឹក​ក៏ដោយ​នៅ​លើ​ទឹក​ដី​កម្ពុជា ក្បែរ​ទីតាំង​ថ្ម ៣​ដុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល