ទំនាស់ការងាររវាងបុគ្គលិក និងនាយកក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាបដែលកើតមានតាំងពីដើមឆ្នាំ២០១៣ នៅតែអូសបន្លាយមកដល់ពេលនេះ។ ភាគីសហជីពកម្មករនិងនាយកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ អេស ស៊ី អេ ខេមស៍ (SCA/CAMS) ធ្លាប់ជួបចរចាគ្នាជាច្រើនលើក រហូតដល់ដាក់បញ្ចូលចំណុចខ្លះ ទៅក្នុងអនុសញ្ញារួមដើម្បីអនុវត្តន៍ផង ក៏ប៉ុន្តែវានៅតែកើតមានបញ្ហាដដែល។
សហជីពកម្មករនៃព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប មានគម្រោងនឹងដឹកនាំបុគ្គលិកកម្មករខ្មែរជាង ១៣០នាក់ ធ្វើកូដកម្មជាថ្មីទៀតនៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។
លិខិតជូនដំណឹង របស់សហជីពកម្មករឧស្សាហកម្មទេសចរណ៍នៃព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដែលជម្រាបជូនទៅមន្ទីរការងារនិងអាជ្ញាធររដ្ឋាភិបាលដែលពាក់ព័ន្ធ បញ្ជាក់ថា កូដកម្មដែលគ្រោងនឹងធ្វើឡើងនោះ គឺប្រឆាំងនឹងនាយកក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិអេស ស៊ី អេ ខេមស៍ ជាជនជាតិបារាំងដែលបានរំលោភលើសិទ្ធិការងាររបស់កម្មករខ្មែរ។
ប្រធានសហជីពកម្មករ ឧស្សាហកម្មទេសចរណ៍កម្ពុជានៃព្រលានយន្តហោះសៀមរាប គឺលោក រ៉ន រ៉ាវ៉ាន់ មានប្រសាសន៍ថា នៅក្នុងព្រលានយន្តហោះខេត្តសៀមរាបបច្ចុប្បន្ន គឺអ្នកគ្រប់គ្រងជនជាតិបារាំងបានផ្លាស់ប្ដូរលក្ខខណ្ឌការងារចាស់ៗដែលបុគ្គលិកខ្មែរធ្លាប់តែអនុវត្តន៍នោះចេញទាំងអស់ ហើយដាក់បញ្ចូលលក្ខខណ្ឌថ្មីៗ មិនសមស្របឱ្យបុគ្គលិកខ្មែរធ្វើវិញ។ លោក រ៉ន រ៉ាវ៉ាន់ រិះគន់ថា ការដាក់លក្ខខណ្ឌការងារថ្មី ឱ្យបុគ្គលិកខ្មែរអនុវត្តន៍ពហុជំនាញខុសពីមុន ដូចជាបុគ្គលិកម្នាក់ធ្លាប់តែបើកឡាន បែរជាឱ្យទៅបត់យន្តហោះផងនិងលើកអីវ៉ាន់ផងនោះ គឺជាការរំលោភសិទ្ធិការងារកម្មករខុសពីច្បាប់ការងារនៃប្រទេសកម្ពុជាដែលមានចែង ដូច្នេះគម្រោងធ្វើកូដកម្មគឺដើម្បីបដិសេធមិនទទួលយកលក្ខខណ្ឌពហុជំនាញនោះទេ៖ «អាការដែលគាត់ប្ដូរហ្នឹងគឺគាត់អត់មានពិភាក្សាអីជាមួយសហជីពទេ គាត់ថាសិទ្ធិរបស់គាត់ហើយអាសិទ្ធិរបស់គាត់ហ្នឹង វាប៉ះពាល់លើសិទ្ធិរបស់យើង។ហើយដល់ពេលគាត់មិនពិភាក្សាអីចឹងធ្វើឱ្យផលប្រយោជន៍ទាំងអស់ហ្នឹងដូចជាចាប់បង្ខំឱ្យធ្វើសព្វបែបយ៉ាង។ បញ្ហាហ្នឹងយើងបានទាមទារម្ដងហើយ ! ឯកឧត្ដម តឹក រ៉េត សម្រេចដែលមកពីទីស្ដីការគណៈរដ្ឋមន្ត្រីគាត់សម្របសម្រួលថា ឱ្យយើងយកបញ្ហាហ្នឹងទៅនិយាយគ្នាដាក់បញ្ចូលទៅ ក្នុងអនុសញ្ញារួមថ្មីទៅហើយដល់ពេលយើងទៅចរចាអនុសញ្ញារួមខាងនិយោជកគេទាត់ចោល គេថាគេអត់និយាយទេអារឿងលក្ខខណ្ឌការងារហ្នឹង ឱ្យនិយាយតែរឿងផ្នែកហិរញ្ញវត្ថុបានហើយ ចាប់តាំងតែពីខែមីនាឆ្នាំ២០១៣ ទំនាស់ការងាររវាងបុគ្គលិកកម្មករខ្មែរ ជាមួយនាយកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាបបានកើតឡើង រហូតដល់ដាក់ពាក្យប្ដឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលឱ្យជួយរកយុត្តិធម៌ផង»។
ភាគីកម្មករបានទាមទារបញ្ហា៧ចំណុច ដោយតម្រូវឱ្យអ្នកគ្រប់គ្រងជាជនបរទេសត្រូវតែទទួលយក ដូចជាទាមទារឱ្យក្រុមហ៊ុនអនុវត្តន៍លក្ខខណ្ឌការងារចាស់ដដែលវិញ ដោយគ្មានពហុជំនាញ ប៉ុន្តែបើក្រុមហ៊ុនចង់បានពហុជំនាញត្រូវតែចរចារឿងផលប្រយោជន៍ និងធ្វើអនុសញ្ញាបន្ថែមជាមុន។
ហើយទាមទារឱ្យក្រុមហ៊ុនចែកវេនការងារ ជា៣វេនតាមច្បាប់ការងារដែលកំណត់មានវេនព្រឹក វេនល្ងាច វេនយប់ ព្រមទាំងទាមទារឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ការជួលបុគ្គលិកពីខាងក្រៅដែលផ្ទុយពីអនុសញ្ញារួម ដោយនាំឱ្យមានការរើសអើងសហជីព ថែមទាំងធ្វើឱ្យបាត់បង់ផលប្រយោជន៍កម្មករនិងនិយោជិកជាដើម។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ព្រមទាំងអនុរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិល គឺលោក សយ សុខាន់ ដែលធ្លាប់ចូលរួមដោះស្រាយបញ្ហានោះ បានថាយ៉ាងណានៅឡើយ។
ចំណែកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប លោកច័ន្ទ សុខុមចិត្តាមានប្រសាសន៍ថា៖លោកទើបតែបានទទួលសេចក្ដីជូនដំណឹងរបស់សហជីពកម្មករ អំពីគម្រោងធ្វើកូដកម្មនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនោះ។ លោក ច័ន្ទ សុខុមចិត្តា បញ្ជាក់ថា តំណាងសហជីពបានចោទប្រកាន់អ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាបថាមិនអនុវត្តន៍តាមអនុសញ្ញារួម ដែលជាហេតុធ្វើឱ្យពួកគេមិនសុខចិត្ត ដូច្នេះមន្ទីរការងារនឹងកោះហៅភាគីទាំងសងខាងមកសាកសួរឡើងវិញ៖ «យើងក៏មិនទាន់ដឹងថា ខាងណាខុសខាងណាត្រូវដែរ យើងនឹងកោះហៅគាត់មកជួបគ្នា។ យើងបានត្រឹម សម្របសម្រួលនីតិវិធីទេយើងពន្យល់តាមផ្លូវច្បាប់ជូនគាត់តែប៉ុណ្ណឹង ដូចធ្លាប់ធ្វើកន្លងមកអីចឹង។ ប៉ុន្តែមិនជាស្អីទេព្រោះរឿងធំៗកន្លងមកយើងដោះអស់ហើយ ដល់បង្កើតអនុសញ្ញារួមបានហើយវាមិនចោទអ្វីទេ ប៉ុន្តែការគោរពឬមិនគោរពចាំមើលសួរនាំសិន»។
ទំនាស់រវាងបុគ្គលិកកម្មករខ្មែរ ជាមួយអ្នកគ្រប់គ្រងបរទេសនៃអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ធ្វើឱ្យមន្ត្រីមកពីទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងអាជ្ញាធរខេត្តសៀមរាបផងក៏ធ្លាប់ដើរតួជាអ្នកសម្របដែរ កាលពីខែតុលាឆ្នាំ២០១៣កន្លងទៅ ក៏ប៉ុន្តែការសម្របសម្រួលនោះ មិនមានដំណោះស្រាយប្រសើរទេ។
កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមសហជីពកម្មករ នៃព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ធ្លាប់ធ្វើកូដកម្ម ប្រឆាំងនិងអ្នកគ្រប់គ្រងបរទេសម្ដងមកហើយ។ ប្រធានសហព័ន្ធសហជីពកម្មករនិយោជិក វិស័យទេសចរណ៍និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី បានចាត់ទុកករណីទំនាស់នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនោះ គឺអាជ្ញាធរមិនដែលដោះស្រាយមានប្រសិទ្ធភាពទេ។ លោក ម៉ម រិទ្ធី អំពាវនាវឱ្យមន្ត្រីរដ្ឋាភិបាល ឬក៏ក្រសួងពាក់ព័ន្ធគួរតែដោះស្រាយដោយសុឆន្ទៈពិតប្រាកដ៖ «ខ្ញុំគិតថារឿងហ្នឹងរដ្ឋាភិបាលហើយថ្នាក់ដឹកនាំខេត្តក៏ដូចជាក្រសួង គួរតែមានឆន្ទៈដោះស្រាយរៀងហ្នឹងឱ្យពិតប្រាកដ ឱ្យច្បាស់លាស់ ហើយនិយាយជាមួយក្រុមហ៊ុនហ្នឹងឱ្យមានអំណាចតម្លាភាពបន្តិចព្រោះកន្លងមកឃើញមន្ត្រីរដ្ឋាភិបាល ឯកឧត្ដមនេះ ឯកឧត្ដមនោះ ចេញមុខដោះស្រាយ ប៉ុន្តែដូចជាមិនមានលទ្ធផលណាឱ្យល្អប្រសើរគួរឱ្យទទួលយកបានទេ ហើយបើសិនជាក្រុមហ៊ុនបង្ហាញពីការចរចាមិនស្មោះត្រង់ ឬមួយក៏គ្មានឆន្ទៈដោយស្រាយឱ្យពិតប្រាកដយកតែគំនិតរបស់ខ្លួនចង់ធ្វើអ្វីគឺធ្វើហ្នឹង បញ្ហាធំមែនទែនហើយ»។
ក្រុមសហជីពនិងបុគ្គលិក កម្មករនៃព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ចង់ឱ្យអង្គការសិទ្ធិមនុស្ស តំណាងស្ថានទូតនានា ជាពិសេសគឺស្ថានទូតបារាំង និងស្ថានទូតអាមេរិកប្រចាំកម្ពុជា ជួយអន្តរាគមន៍ ដើម្បីជំរុញការដោះស្រាយរឿងនេះ ឱ្យមានបានឆាប់រហ័សនិងមានយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។