អង្គការ​សហប្រជាជាតិ​ផ្ដល់​គោលដៅ​១៧​ចំណុច​ឲ្យ​កម្ពុជា​លើ​ការ​អភិវឌ្ឍ​ដោយ​និរន្តរភាព

ដោយ អ៊ុំ រង្សី
2015-08-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ម៉ារៀ អូឌៀល អ៊ីម៉ុន (Marie-Odile Emond) ផ្តល់​បទសម្ភាសន៍​ជុំវិញ​គោលដៅ​អភិវឌ្ឍន៍​ចំនួន ១៧​ចំណុច​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៥។
អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ម៉ារៀ អូឌៀល អ៊ីម៉ុន (Marie-Odile Emond) ផ្តល់​បទសម្ភាសន៍​ជុំវិញ​គោលដៅ​អភិវឌ្ឍន៍​ចំនួន ១៧​ចំណុច​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Um Rainsey

តំណាង​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា លើក​ឡើង​ថា ការ​ត្រៀម​ខ្លួន​ជា​មុន​ពី​គ្រប់​បណ្ដា​អ្នក​ពាក់ព័ន្ធ​ទាំងអស់ គឺ​ជា​រឿង​សំខាន់ ដើម្បី​ឲ្យ​កម្ពុជា ឈាន​ទៅ​បញ្ចប់​ភាព​ក្រីក្រ​គ្រប់​ទម្រង់។ ទន្ទឹម​គ្នា​នេះ តំណាង​អង្គការ​សហប្រជាជាតិ បាន​ផ្តល់​គោលដៅ​អភិវឌ្ឍន៍​ចំនួន ១៧​ចំណុច​ជូន​រដ្ឋាភិបាល​កម្ពុជា ព្រម​ទាំង​បណ្ដា​អ្នក​ពាក់ព័ន្ធ​ទាំងអស់ សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា ប្រកប​ដោយ​និរន្តរភាព​ក្រោយ​ឆ្នាំ​២០១៥។

គោលដៅ ១៧​ចំណុច​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ដាក់​ជូន​រដ្ឋាភិបាល​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ឆ្នាំ​២០១៦-២០៣០ ខាង​មុខ​នេះ ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ការងារ​ក្រោយ​ឆ្នាំ​២០១៥ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា។

គោលដៅ ១៧​ចំណុច​របស់​អង្គការ​សហប្រជាជាតិ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ដែល​ទាមទារ​ឲ្យ​កម្ពុជា ត្រូវ​តែ​អនុវត្ត​ដោយ​យក​ចិត្ត​ទុក​ដាក់ រួម​មាន បញ្ចប់​ភាព​ក្រីក្រ​គ្រប់​ទម្រង់​នៅ​គ្រប់​ទីកន្លែង បញ្ចប់​ភាព​អត់​ឃ្លាន សម្រេច​ឲ្យ​បាន​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ប្រសើរ​ជាង​មុន និង​លើក​កម្ពស់​កសិកម្ម​មាន​និរន្តរភាព ធានា​ឲ្យ​មាន​ជីវភាព​ប្រកប​ដោយ​សុខភាព​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប ធានា​ឲ្យ​មាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​ដោយ​សមធម៌ លើក​កម្ពស់​ឱកាស​រៀន​សូត្រ​ពេញ​មួយ​ជីវិត​សម្រាប់​មនុស្ស​គ្រប់​រូប សម្រេច​ឲ្យ​បាន​សមភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​នៃ​ស្ត្រី និង​កុមារី​គ្រប់​រូប ធានា​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​ស្អាត លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ដល់​មនុស្ស​គ្រប់​រូប ធានា​ឲ្យ​បាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ កាត់​បន្ថយ​វិសមភាព​នៅ​ក្នុង និង​រវាង​ប្រទេស​នានា ធានា​ការ​តាំង​ទី​លំនៅ​ប្រកប​ដោយ​សុវត្ថិភាព ធានា​ឲ្យ​មាន​ការ​ប្រើប្រាស់ និង​ការ​ផលិត​ដោយ​និរន្តរភាព ចាត់​វិធានការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ អភិរក្ស​ធនធាន​សមុទ្រ ការពារ និង​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ចុង​ក្រោយ ពង្រឹង​មធ្យោបាយ​អនុវត្តន៍ និង​សហការ​ដោយ​ប្រសិទ្ធភាព។

អ្នក​សម្រប​សម្រួល​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី ម៉ារៀ អូឌៀល អ៊ីម៉ុន (Marie-Odile Emond) មាន​ប្រសាសន៍​ថា កម្ពុជា ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច និង​ប្រជាពលរដ្ឋ​នៅ​តែ​ទទួល​បាន​ប្រាក់​ចំណូល​ក្នុង​កម្រិត​ទាប​នៅ​ឡើយ។ ដូច្នេះ វា​ចាំបាច់​ណាស់​សម្រាប់​កម្ពុជា ត្រូវ​តែ​ប្ដេជ្ញា​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត។ អ្នកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា ភាគ​ច្រើន មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ផ្នែក​សេដ្ឋកិច្ច និង​គណនេយ្យ​ភាព ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តែ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។

របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក (World Bank) ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា រក​ចំណូល​បាន​ចំនួន ៥​ពាន់​រៀល​ក្នុង ១​ថ្ងៃ​មាន​ប្រមាណ ៦​លាន​នាក់។

អ្នក​សម្រប​សម្រួល​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​អនុវត្ត​គោលដៅ​ទាំង ១៧​ចំណុច​នេះ ដើម្បី​លុប​បំបាត់​នូវ​ភាព​ក្រីក្រ​ចំពោះ​ក្រុម​មនុស្ស​ដែល​រក​ចំណូល​បាន​ប្រាក់​កម្រៃ​តិច​ជាង ១,២៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣០។

ចំណែក​ឯ​អគ្គនាយក​រង​ផែនការ​នៃ​ក្រសួង​ផែនការ លោក ប៉ូច សុវណ្ណឌី មាន​ប្រសាសន៍​ថា កន្លង​មក​រដ្ឋាភិបាល​បាន​ដាក់​យុទ្ធសាស្ត្រ​ចតុកោណ និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ឃើញ​ថា កម្ពុជា ទទួល​បាន​ការ​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់ បើ​ទោះ​ជា​មាន​ចំណុច​មួយ​ចំនួន​មិន​ទាន់​សម្រេច​បាន​ក៏ដោយ។ លោក​បន្ត​ថា សម្រាប់​ទិសដៅ​អភិវឌ្ឍន៍​កម្ពុជា ក្រោយ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ រដ្ឋាភិបាល​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ទាំង​បច្ចេកទេស និង​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ។ លោក ប៉ូច សុវណ្ណឌី បាន​ស្វាគមន៍​រាល់​ការ​ដាក់​ជូន​គោលដៅ​ទាំង ១៧​ចំណុច​របស់​អង្គការ​សហប្រជាជាតិ នៅ​ពេល​នេះ ហើយ​ក្រសួង​ផែនការ គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​វាយ​តម្លៃ​ពី​ចំណុច​ខ្វះខាត ដែល​បាន​អនុវត្ត​កន្លង​មក​នៅ​ឆ្នាំ​២០១៦ ខាង​មុខ​នេះ​ដែរ៖ «យើង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដីពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ទៅ​ថ្ងៃ​អនាគត ហើយ​យើង​នឹង​ធ្វើ​ការ​ពិនិត្យ​លើ​បញ្ហា​កន្លង​មក ដើម្បី​រដ្ឋាភិបាល​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព»

សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ការងារ​ក្រោយ​ឆ្នាំ​២០១៥ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍ ដែល​មាន​អ្នក​ចូលរួម​ជាង ១០០​នាក់ ដែល​រួម​មាន​ទាំង​សមាជិក​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) អង្គការ​ជាតិ អន្តរជាតិ ស្ថានទូត និង​បណ្ដា​ដៃគូ​អភិវឌ្ឍន៍ ក្រៅ​ពី​លើក​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នោះ ពួក​គេ​ក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ថា​អាច​នឹង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សិទ្ធិ​ចូលរួម​របស់​សង្គម​ស៊ីវិល ក្នុង​កិច្ច​អភិវឌ្ឍ​គោលដៅ​ប្រកប​ដោយ​និរន្តរភាព​ក្រោយ​ឆ្នាំ​២០១៥ មិន​អាច​សម្រេច​បាន​ជោគជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល