ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ។ ជាមួយគ្នានោះ រដ្ឋាភិបាលនឹងដាក់ពង្រាយកម្លាំងដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋដែលឡើងមកកម្សាន្តនៅក្នុងកម្មវិធីបុណ្យជាតិនេះ។ ក៏ប៉ុន្តែអ្នកតាមដានសង្គមវិញយល់ថា រដ្ឋាភិបាលមិនគួរដាក់ពង្រាយកងកម្លាំងប៉េអឹម កងអង្គរក្ស និងកងរាជអាវុធហត្ថទេ ព្រោះអាចធ្វើឱ្យពលរដ្ឋសើចចំអក និងមានអារម្មណ៍ភ័យខ្លាច។
អ្នកសិក្សាស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ថ្លែងនៅថ្ងៃទី៧ ខែវិច្ឆិកា ថា ការត្រៀមដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាច្រើននៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខ គឺរដ្ឋាភិបាលនៅមិនទុកចិត្តលើពលរដ្ឋ ថាអាចផ្ដុំគ្នាធ្វើបាតុកម្មនៅពេលនោះ។
លោកបណ្ឌិត មាស នី បញ្ជាក់ថា ការដាក់ពង្រាយកងកម្លាំងមានដូចជា កងអង្គរក្ស ប៉េអឹម និងកងរាជអាវុធហត្ថច្រើនខុសពីសព្វមួយដងនៅក្នុងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខ អាចជាវិធានការត្រៀមទុកមុនរបស់រដ្ឋាភិបាល ព្រោះរយៈពេលកន្លងមក រដ្ឋាភិបាលតែងតែប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រមូលផ្ដុំរបស់ពលរដ្ឋដែលជួបជុំគ្នាមានទ្រង់ទ្រាយធំម្ដងៗ៖ «ខ្ញុំគ្រាន់តែចាប់អារម្មណ៍ចំពោះការដាក់ពង្រាយកងកម្លាំងសន្តិសុខ ដើម្បីការពារ វាគឺជារឿងល្អទៅហើយ តែការជួបជុំគ្នាទ្រង់ទ្រាយធំ វាគឺជាចំណុចសំខាន់មួយដែលរដ្ឋាភិបាលមានការប្រុងប្រយ័ត្ន»។
រយៈពេលកន្លងមក រដ្ឋាភិបាលតែងតែងប្រុងប្រយ័ត្នខ្ពស់បំផុត និងមិនអនុញ្ញាតឱ្យពលរដ្ឋប្រមូលផ្ដុំគ្នាច្រើនកកកុញនៅរាជធានីភ្នំពេញ ឡើយ ព្រោះរដ្ឋាភិបាលអះអាងថា អាចនឹងធ្វើឱ្យក្រុមមួយចំនួនឆ្លៀតឱកាសងើបបះបោរផ្ដួលរំលំរដ្ឋាភិបាល និងធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខនៅក្នុងសង្គម។ ស្របគ្នានោះ រដ្ឋាភិបាលក៏តែងដាក់បង្ហាញកម្លាំងប្រដាប់អាវុធព្រោងព្រាត ដើម្បីបន្លាចអ្នកដែលចង់ធ្វើការប្រមូលផ្ដុំគ្នាដែរ។
អ្នកសិក្សាស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គមរូបនេះបង្ហាញអំណះអំណាងថា ប្រទេសទាំងអស់នៅក្នុងពិភពលោក បើសិនជាគេដាក់កងកម្លាំងដើម្បីការពារសន្តិសុខផ្ទៃក្នុង ដូចជានៅក្នុងកម្មវិធីបុណ្យទានអ្វីមួយមានត្រឹមតែកងកម្លាំងប៉ូលិសប៉ុណ្ណោះ ហើយមិនមានការដាក់ពង្រាយកងអង្គរក្ស ឬក៏កងកម្លាំងដែលបំពាក់ដោយអាវុធច្រូងច្រាងឡើយ។ ផ្ទុយទៅវិញ បើសិនរដ្ឋាភិបាលដាក់កងអង្គរក្សច្រើនបន្ថែមលើកងកម្លាំងប៉ូលិស ប្រហែលជារដ្ឋាភិបាលមានការព្រួយបារម្ភលើរឿងអ្វីមួយលើសពីការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនពលរដ្ឋនៅក្នុងឱកាសបុណ្យអុំទូកទៅទៀត។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវបានអាក់ខានរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែកម្ពុជា បានជួបប្រទះនឹងបញ្ហាមួយចំនួន ដូចជាគ្រោះទឹកជំនន់ គ្រោះថ្នាក់រត់ជាន់គ្នាស្លាប់នៅស្ពានកោះពេជ្រ ជាង ៣០០នាក់ ការកាន់ព្រះរាជមរណទុក្ខព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងគ្រោះរាំងស្ងួតខ្លាំង ។ល។
ការប្រកាសផ្អាកប្រារព្ធពិធីបុណ្យអុំទូកក្នុងឆ្នាំទាំងនោះ បានទទួលរងនូវការរិះគន់យ៉ាងច្រើនពីប្រជាពលរដ្ឋ ថាដោយសាររដ្ឋាភិបាលខ្លាចរអាមានបាតុកម្មពីមហាជនអ្នកគាំទ្របក្សសង្គ្រោះជាតិ ដោយសារអំឡុងពេលនោះ ស្ថានភាពនយោបាយកំពុងឡើងកម្ដៅរវាងគណបក្សជាប់ឆ្នោតទាំងពីរ ពិសេសក្រោយពីការបោះឆ្នោតជាតិអាណត្តិទី៥ កាលពីឆ្នាំ២០១៣ មក។
ចំណែកអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក មាន ចាន់យ៉ាដា បានបញ្ជាក់នៅថ្ងៃទី៧ ខែវិច្ឆិកា ថា ខាងសាលាក្រុងបានសហការជាមួយកងកម្លាំងចម្រុះដែលមកពីតាមក្រសួងស្ថាប័នពាក់ព័ន្ធនានា តែលោកមិនអាចបញ្ជាក់បានទេ ថាតើនឹងមានកងកម្លាំងប៉ុន្មានដែលត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋក្នុងថ្ងៃបុណ្យអុំទូកខាងមុននេះ។
នៅក្នុងគេហទំព័រអគ្គស្នងការនគរបាលជាតិ លោក ទូច ណារ៉ុថ ដែលជាអគ្គស្នងការរងនគរបាលជាតិ បានថ្លែងនៅក្នុងវីដេអូមួយថា រដ្ឋាភិបាលបានត្រៀមកម្លាំងប្រដាប់អាវុធគ្រប់គ្រាន់ហើយ ដើម្បីទុកសម្រាប់ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ជាពិសេសគឺដើម្បីត្រៀមបញ្ចៀសការកកស្ទះចរាចរណ៍ជូនពលរដ្ឋ ធ្វើយ៉ាងណាឱ្យពួកគាត់ចូលមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកនៅពេលខាងមុនដោយក្ដីសប្បាយរីករាយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកសិក្សាស្រាវជ្រាវសង្គម លោក មាស នី អះអាងថា បើសិនជាចង់ឱ្យពលរដ្ឋមកទទួលបានការកម្សាន្តរីករាយពិតប្រាកដក្នុងកម្មវិធីបុណ្យអុំទូកខាងមុននេះមែន គឺទាល់តែរដ្ឋាភិបាលមិនត្រូវបង្ហាញកងកម្លាំងដែលបំពាក់ដោយអាវុធច្រូងច្រាងនៅទីសាធារណៈឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
