អាជ្ញាធរក្នុងខេត្តស្វាយរៀង កាលពីចុងសប្ដាហ៍នេះ បានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ពីបទប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅទីក្រុងបាវិត ខេត្តស្វាយរៀង ដែលស្ថិតនៅជាប់ និងព្រំដែនប្រទេសវៀតណាម។
កាសែតក្នុងស្រុករាយការណ៍កាលពីថ្ងៃទី១ វិច្ឆិកា ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនិងឃាត់ខ្លួននោះ កម្លាំងសមត្ថកិច្ចក៏បានបាញ់បីគ្រាប់ផងដែរ ដើម្បីចាប់ខ្លួនជនសង្ស័យវៀតណាមទាំង៧រូបនេះ។ សមត្ថកិច្ចបានដកហូតយកម្សៅដែលសង្ស័យថា ជាគ្រឿងញៀនចំនួន ១១កញ្ចប់ ទូរស័ព្ទដៃ៥គ្រឿង ម៉ូតូ២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនមួយ និងសម្ភារៈគ្រឿងញៀនមួយចំនួនទៀតផ្សេងទៀត។
តាមរបាយការណ៍ផ្លូវការរបស់នាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានអោយដឹងនៅពេលថ្មីៗនេះថា អាជ្ញាធរកម្ពុជាបានចាប់ជនសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀនជាង ១ម៉ឺននាក់នៅទូទាំងប្រទេសក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ២០១៨នេះ។ ក្នុងចំណោមជនសង្ស័យជាង ១ម៉ឺននាក់នោះ ជិត៦ពាន់នាក់ បានពាក់ព័ន្ធការជួញដូរគ្រឿងញៀន ហើយជាង៤ពាន់នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដែលក្នុងចំនួននេះ មាន ២១៣នាក់ជាជនបរទេស ដែលមាន១៥សញ្ជាតិផ្សេងៗគ្នា។
កាលពីឆ្នាំ២០១៧កន្លងទៅ អាជ្ញាធរកម្ពុជា ចាប់ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនសរុបប្រមាណជិត ២ម៉ឺននាក់ ហើយរឹបអូសគ្រឿងញៀនបានប្រមាណជិត ៣រយគីឡូក្រាម។ យុទ្ធនាការបង្ក្រាបគ្រឿងញៀនក៏បានបណ្ដាលឲ្យពន្ធនាគារទាំង ១៨នៅកម្ពុជា មានភាពណែនចង្អៀត ដោយសារតែកំណើនអ្នកទោស ច្រើនហួសហេតុ។ សង្គមស៊ីវិលបានស្នើឲ្យតុលាការដោះលែងជនសង្ស័យក្រៅឃុំបណ្ដោះអាសន្នខ្លះ ប្រសិនបើពួកគេមិនបានប្រព្រឹត្តទោសធ្ងន់ធ្ងរនោះទេ ដើម្បីកាត់បន្ថយចំនួនអ្នកទោស៕