សមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ខ្លួនជនជាតិចិន ៣នាក់ពាក់ព័ន្ធករណីធ្វើទារុណកម្ម និងចាប់ជំរិតជនជាតិចិនដូចគ្នាអស់ទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ។ មន្រ្តីសង្គមស៊ីវិលសោកស្ដាយដែលកម្ពុជាកំពុងក្លាយជាទីតាំងសម្រាប់ក្រុមឧក្រិដ្ឋជន ជនជាតិចិន ធ្វើសកម្មភាពបង្កអសន្តិសុខសង្គមយ៉ាងអនាធិបតេយ្យ។
សមត្ថកិច្ចខេត្តពោធិ៍សាត់ឱ្យដឹងថា មកទល់នឹងពេលនេះ ជនសង្ស័យជនជាតិចិនចំនួន ៣នាក់ កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមិនទាន់បញ្ជូនខ្លួនពួកគេទៅតុលាការនៅឡើយ។
ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលផែនការងារព្រហ្មទណ្ឌលោក ម៉ូ លីដា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែតុលាថា មូលហេតុដែលមានការបញ្ជូនខ្លួនជនសង្ស័យទាំង ៣នាក់ទៅកាន់តុលាការយឺតយ៉ាវ ដោយសារតែកម្លាំងជំនាញកំពុងបន្តការស៊ើបអង្កេតតាមចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ទៀតដែលកំពុងរត់គេចខ្លួន។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនសង្ស័យទៅកាន់តុលាការនៅថ្ងៃទី២៣ ខែតុលា៖
«ការឃាត់ខ្លួន [ជនសង្ស័យ] ៤៨ម៉ោង។ ប៉ុន្តែ ការបន្តនីតិវិធីវាធ្វើអត់ទាន់ ហើយទៅយកឡាន ព្រោះចាប់បាននៅភ្នំពេញ។ អ៊ីចឹងឱ្យកម្លាំងយកឡាន ដើម្បីប្រមូលភស្តុតាង សុំព្រះរាជអាជ្ញាពន្យារ ២៤ម៉ោង ដើម្បីបន្តនិតីវិធី ដើម្បីតាមចាប់មុខសញ្ញាមួយទៀត តែមុខសញ្ញាហ្នឹងមិនទាន់ចាប់បាន ហើយប្រមូលវត្ថុតាំងដូចជាឡានអី ឥឡូវកម្លាំងខ្ញុំឡើងទៅយកហើយ។ ខ្ញុំនឹងធ្វើរបាយការណ៍មួយបន្តបើកការស៊ើបអង្កេត ជាបឋម ដើម្បីបើកការស៊ើបអង្កេតបន្តទៅទៀតចាប់ជនសង្ស័យម្នាក់ទៀតដែលបានគេចខ្លួន ព្រោះជនសង្ស័យនោះតាមចម្លើយបក្ខពួកគ្នាវាថាអានោះ [ជនសង្ស័យរត់គេចខ្លួន] វាអត់មានលិខិតឆ្លងដែន (Passport)ទេ»។
មេប៉ូលិសផ្កាយមួយរូបនេះឱ្យដឹងទៀតថា ជនសង្ស័យជនជាតិចិនទាំង ៣នាក់បានចាប់ជំរិតជនជាតិចិនដូចគ្នាតាំងពីថ្ងៃទី១៨ តុលា ខណៈពួកគេទាំង ៤នាក់ធ្វើការងារក្នុងក្រុមហ៊ុនជាមួយគ្នា។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ វ៉ូ ប៊ូ (WU BO) ជៀង ជុនកៃ (JIANG JUNCAI) និងជៀង ចេងកៃ (JIANG CHEGCAI)។ ចំណែកឯជនរងគ្រោះមានឈ្មោះ លី ជៀង ប៊ូ (Li JIANG BO)។ លោក ឱ្យដឹងទៀតថា នៅថ្ងៃទី១៨ ខែតុលា នោះជនសង្ស័យទាំង ៣នាក់បានបង្ខំជនរងគ្រោះឱ្យចូលរថយន្ត ដោយល្បួងថាទៅហាងផឹកស៊ីក្រោយចប់ម៉ោងការងារ។ លោកថា រហូតដល់ចំណុចតំបន់ភ្នំ ១ពាន់ ៥រយ (១.៥០០) ជនសង្ស័យក៏ចាប់ជនរងគ្រោះមានឈ្មោះ លី ជៀង ប៊ូ (Li JIANG BO) ចងដៃនឹងបង្គោលភ្លើង និងដកកាំបិតភ្ជង់ជនរងគ្រោះប្រគល់កាតធនាគារ និងបាញ់លុយចូលគណនីជនសង្ស័យ។ ក្រោយមកជនរងគ្រោះក៏បានស្រែកឱ្យប្រជាពលរដ្ឋស្រាយពីចំណង ហើយក៏បានដាក់ពាក្យប្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
លោក ម៉ូ លីដា បញ្ជាក់ថា ជនរងគ្រោះត្រូវបានជនសង្ស័យចាប់ជំរិតទារបា្រក់អស់ជាង ៣០ម៉ឺនដុល្លារ ហើយលើដងខ្លួនជនរងគ្រោះក៏មានស្លាកស្នាមរបួសដោយសារតែការធ្វើទារុណកម្មដែរ៖
«អ៊ីចឹងពោធិ៍សាត់ ទើបតែមានលើកទីមួយក្នុងករណីដែលចាប់ជនរងគ្រោះចង ហើយវាគំរាមយកលេខកូដសម្ងាត់លុយក្នុងទូដែកជនរងគ្រោះ ព្រោះ [លុយ] ជនរងគ្រោះជាគណនី។ ជនរងគ្រោះត្រូវបានចង ហើយគេយកកាំបិតភ្ជង់ តែវា [ជនសង្ស័យ] មិនមែនថាវាយឱ្យរបួសធ្ងន់ធ្ងរទេ គ្រាន់ថា [ជនរងគ្រោះ] វាមានស្នាមតិចតួច ហើយយកកាំបិតភ្ជង់ក ហើយនិងចង»។
កម្ពុជាក្រោមការដឹកនាំដោយលោក ហ៊ុន សែន គឺក្រុមឧក្រិដ្ឋជនជនជាតិចិនហាក់មិនខ្លាចញញើតនឹងការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច និងច្បាប់កម្ពុជាឡើយ។ បន្តិចម្ដងៗ ជនជាតិចិនបានយកកម្ពុជាធ្វើជាទីតាំងអាជីវកម្មបែបឧក្រិដ្ឋ ក្នុងនោះ រាប់ទាំងការបើករោងចក្រផលិតគ្រឿងញៀន បនល្បែង ពេស្យាចារ ចាប់ជំរិតមនុស្ស និងជួញដូរមនុស្សជាដើម។
ទាក់ទងនឹងករណីចាប់ជំរិតនេះដែរ កាលពីថ្ងៃទី៧ ខែតុលា អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់ជនជាតិចិនចំនួន ៧នាក់ ពាក់ព័ន្ធនឹងករណីបង្ខាំងស្ត្រីជនបរទេសម្នាក់ និងបានជំរិតទារប្រាក់អស់ជាង ១០ម៉ឺនដុល្លារ ដែលស្ថិតនៅខុនដូរមួយកន្លែង ស្ថិតនៅផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនជាតិចិនទាំងនោះបានឃុំឃាំងស្ត្រីជនរងគ្រោះ ព្រមទាំងប្រើប្រាស់កាំភ្លើងភ្ជង់គំរាមនាង ដើម្បីឱ្យទាក់ទងសាច់ញាតិនៅប្រទេសចិនផ្ញើលុយឱ្យពួកគេ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តពោធិ៍សាត់ លោក សំ ច័ន្ទគារ សោកស្ដាយដែលកម្ពុជាកំពុងក្លាយជាទីកន្លែងសម្រាប់ជនបរទេស ជាពិសេសជនជាតិចិនប្រព្រឹត្តបទឧក្រិដ្ឋចាប់ជំរិតមនុស្សតាមអំពើចិត្ត។ លោកយល់ថា មូលហេតុដែលក្រុមឧក្រិដ្ឋនៅតែមិនខ្លាចញញើតនឹងការប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះ ដោយសារតែក្រុមឧក្រិដ្ឋជនដឹងថាកម្ពុជាអនុវត្តច្បាប់ធូររលុង ហើយមន្ត្រីអាជ្ញាធរប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ៖
«ដោយសារតែប្រទេសយើង ការអនុវត្តនៃច្បាប់អន្តោប្រវេសន្តធូររលុងនៅឡើយ។ អ៊ីចឹង អ្នកដែលចូលមកក្នុងប្រទេសកម្ពុជាហ្នឹង គាត់អាចនឹងយកទីតាំងរបស់យើងហ្នឹង ទៅប្រព្រឹត្តបទល្មើស ទីមួយ។ ទីពីរ ប្រទេសកម្ពុជាគឺយើងទទួលស្គាល់ថា គឺមានអំពើពុករលួយ។ អ៊ីចឹង ក្រុមឧក្រិដ្ឋជន ផ្សេងៗហ្នឹងគេនឹង ជ្រើសរើសយកទីតាំងនៃប្រទេសទាំងឡាយណាដែលពោរពេញទៅដោយអំពើពុករលួយ ធ្វើជាទីតាំងក្នុងការប្រព្រឹត្តនូវបទល្មើស»។
មន្រ្តីសង្គមស៊ីវិលរូបនេះ ជំរុញដល់អាជ្ញាធរឱ្យពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើជនបរទេស ជាពិសេសលើជនជាតិចិន ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងកេរ្តិ៍ឈ្មោះមុខមាត់ប្រទេសជាតិទាំងមូល ព្រមទាំងបញ្ចៀសនូវការរិះគន់ថា កម្ពុជាគឺជាសម្រុកនៃក្រុមឧក្រិដ្ឋជនចូលមករកស៊ីបែបឧក្រិដ្ឋកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។