អាជ្ញាធររបបក្រុងភ្នំពេញប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិឱ្យមកទទួលយកសាកសពម្នាក់បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានកាយចេញពីគំនរឥដ្ឋបាក់បែកនៃការបាក់រលំអគារ ៧ជាន់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ មិថុនា។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៥ មិថុនាថា សាកសពចុងក្រោយគេដែលក្រុមអ្នកជួយសង្គ្រោះរកឃើញមានសភាពហើម ពិបាកក្នុងការកំណត់អត្តសញ្ញាណ ហើយមកដល់ពេលនេះ មិនទាន់មានក្រុមគ្រួសារសាច់ញាតិណាមួយទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឡើយ។
លោកបញ្ជាក់ថា ខាងវេជ្ជបណ្ឌិតគ្រាន់តែបានកំណត់ថា ជនរងគ្រោះ ភេទប្រុស ហើយក៏ មិនអាចដឹងថា ជាកម្មករខ្មែរ ឬជនជាតិចិនទេ ហើយសមត្ថកិច្ចបានតម្កល់ទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីរង់ចាំសាច់ញាតិមកទទួល។
លោកបញ្ជាក់ថា ក្រុមសមត្ថកិច្ចបានទទួលទូរស័ព្ទពីក្រុមគ្រួសារជនរងគ្រោះជាច្រើន ដើម្បីស្វែងរកអ្នកដែលបានបាត់ខ្លួននៅក្នុងគំនរអគារបាក់បែក ប៉ុន្តែមិនមានជនរងគ្រោះណាម្នាក់នៅបាត់ខ្លួនទេ គឺដោយសារតែក្រុមអ្នកជួយសង្គ្រោះបានបិទបញ្ចប់សកម្មភាពរុករកអ្នកដែលនៅរស់រានមានជីវិតជាស្ថាពរហើយកាលពីថ្ងៃទី២៥ មិថុនា។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ បញ្ជាក់ថា អាជ្ញាធររង់ចាំការវាយតម្លៃពីគណៈកម្មការស្រាវជ្រាវដែលបង្កើតឡើងដោយរដ្ឋាភិបាលជាមុនសិន មុននឹងប្រកាសជាសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។