ថៃ​យល់ព្រម​ឱ្យ​កម្ពុជា​ប្រើ​ពាក្យ «គុនខ្មែរ» ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣

ដោយ ម៉ៅ សុធានី
2023.01.26
ថៃ​យល់ព្រម​ឱ្យ​កម្ពុជា​ប្រើ​ពាក្យ «គុនខ្មែរ» ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន។
Photo AKP

ភាគី​ផ្នែក​កីឡា​ប្រទេសថៃ ​បាន​យល់​ព្រម​ឱ្យ​កម្ពុជា ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ស៊ីហ្គេម (SEA Game) ប្រើ​ពាក្យ​ «គុនខ្មែរ» (Kun Khmer) ក្នុង​វិញ្ញាសា​ប្រកួត​កីឡា នៃ​ការ​ប្រកួត​ស៊ីហ្គេម​នា​ពេល​ខាងមុខ។ ការ​សម្រេច​របស់​ថៃ​បែប​នេះ ក្រោយ​ពេល​មាន​កិច្ច​ប្រជុំ​ដែល​មាន​ការ​ចូលរួម​ពី​តំណាង​សហព័ន្ធ​កីឡា​ក្បាច់​គុន មកពី​ក្រុម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ នៅ​ថ្ងៃ​ទី២៦ ខែ​មករា ដើម្បី​ជជែក​គ្នា​ទាក់ទង​ពាក្យ​គុនខ្មែរ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន ឱ្យ​វិទ្យុអាស៊ីសេរី ដឹង​នៅ​ល្ងាច​​ថ្ងៃទី២៦ ខែ​មករា ថា ​ភាគី​របស់​ថៃ បាន​ព្រមព្រៀង​ដូច្នេះ ក្រោយ​កម្ពុជា​ពន្យល់​ថា ការ​ដាក់​ឈ្មោះ​គុនខ្មែរ​ នេះ​មិន​បាន​ប៉ះពាល់​ឈ្មោះ​ ឬ​ទម្រង់​កីឡា​មួយថៃ (Muay Thai) របស់​ថៃ​នោះ​ទេ។ លោក​បន្ត​ថា ដើម្បី​កម្ពុជា​អាច​ដាក់​ឈ្មោះ​គុន​ខ្មែរ​នេះ​បាន លុះ​ត្រា​មាន ៤​ប្រទេស​យល់​ព្រម​ចូលរួម​ប្រកួត​ក្នុង​វិញ្ញាសា​នេះ ​ហើយ​មក​ដល់​ពេល​នេះ គឺ​មាន ៦​ប្រទេស​ហើយ ​យល់​ព្រម​ចូលរួម​វិញ្ញាសា​ប្រកួត​កីឡា​ក្បាច់គុន​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម។

លោក​ឱ្យ​ដឹងដែរ​ថា ភាគី​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ​ កំពុង​រៀបចំ​ដាក់​ដាក់​លិខិត​ទៅ​គណៈកម្មការ​អូឡាំពិក​ថៃ ដើម្បី​ឱ្យ​ថៃ​ជួយ​សម្រួល​បញ្ជូន​ឈ្មោះ​កីឡាករ​របស់​ខ្លួន​មក​ចូលរួម ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម​នាពេល​ខាង​មុខ។

លោក វ៉ាត់ ចំរើន៖ «យើង​ធ្វើ​ក៏​ស្រប​ទៅតាម​ច្បាប់​របស់​កីឡា​បទបញ្ញត្តិ​របស់​កីឡា​ ដែល​ម្ចាស់​ផ្ទះ​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប្រកួត ក៏​ប៉ុន្តែ​ត្រូវ​គោរព​លក្ខខណ្ឌ​ឱ្យ​មាន​ ៤​ប្រទេស​ឡើង យើង​ដោះស្រាយ​ដោយ​សន្តិវិធី​។ យើង​មិន​មាន​ការ​ឆ្លើយតប ឬ​ប្រឆាំង​​នឹង​មតិ​សាធារណៈ​ទេ​។ អ៊ីចឹង ​ក៏​សូម​ឱ្យ​មតិ​សាធារណៈ​របស់​យើង ​គួរតែ​ស្ងប់ស្ងាត់ កុំ​បាច់សាច​បាច​ទឹក​ដាក់​គ្នា​ យើង​គួរតែ​អភិវឌ្ឍ​អ្វី​ ដែល​ជា​របស់​យើង​ គេ​អភិវឌ្ឍ​អ្វី​ ដែល​ជា​របស់​គេ»

ដំបូង​ឡើយ​ភាគី​ថៃ មិន​បាន​យល់​ព្រម​ឱ្យ​កម្ពុជា​ប្រើ​ពាក្យ​គុនខ្មែរ​នេះ​ទេ ដោយ​ថៃ​ទាមទារ​ឱ្យ​ប្រើពាក្យ​មួយថៃ ដែល​ជា​ឈ្មោះ​កីឡា​ក្បាច់គុន​ប្រដាល់​របស់​ខ្លួន។

ប្រទេស​ទាំង​៦​យល់​ព្រមចូលរួម​វិញ្ញាសា​គុនខ្មែរ​ ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម​​​រួម​មាន​ ប្រទេស​ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ប្រទេស​វៀតណាម។ កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ ដែលធ្វើ​នៅ​រាជធានី​ភ្នំពេញ​​ ចាប់​ចាប់​ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី១៧ ខែ​ឧសភា។ ក្រៅពី​វិញ្ញាសា​គុនខ្មែរ​​នៅ​មាន​​​​វិញ្ញាសា​​៦០០​ទៀត រួម​ទាំង​វិញ្ញាសា​សម្ដែង​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។