ពលរដ្ឋ​ខ្មែរ​នៅ​បារាំង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​តំបន់​អង្គរ​ចេញ​ពី​លំនៅឋាន

ដោយ យ៉ង ចាន់តារា
2024.07.27
ពលរដ្ឋ​ខ្មែរ​នៅ​បារាំង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​តំបន់​អង្គរ​ចេញ​ពី​លំនៅឋាន រូបថត​ពីលើ​អាកាស បង្ហាញ​អំពី​ទិដ្ឋភាព​ផ្ទះ​ពលរដ្ឋ​​នៅ​តំបន់​រុនតាឯក ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​រើ​​ចេញ​ពី​តំបន់​អង្គរ។
រូប៖ Amnesty International

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ និង​បញ្ឈប់​បណ្ដេញ​ពលរដ្ឋ​នៅ​តំបន់​អង្គការ​ចេញពី​លំនៅឋាន​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​អង្គការ​យូណេស្កូ (UNESCO) បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​អញ្ជើញ​ក្រុម​ត្រួតពិនិត្យ​ទៅ​កាន់​កន្លែង ដែល​មាន​ជម្លោះ​នៅ​តំបន់​អង្គរ​ក្នុង​ខេត្ត​សៀមរាប។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល គាំទ្រ​ការ​លើកឡើង​នេះ និង​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​គោរព​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​តំបន់​អង្គរ។

ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​ប្រទេស​បារាំង បាន​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​ប៉ារីស (Paris) ដើម្បី​ធ្វើ​បាតុកម្ម និង​ដាក់​ញត្តិ​ជូន​ទៅ​អង្គការ​យូណេស្កូ ដែល​មាន​ទីតាំងនៅ​ប្រទេស​បារាំង នៅ​ម៉ោង​២​រហូតដល់​ម៉ោង​៥ រសៀល ថ្ងៃទី​២៦ ខែ​កក្កដា ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​អង្គការ​សេវ ខេមបូឌា (Save Cambodia) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង ដែល​ចូលរួម​បាតុកម្ម​នេះ បាន​នាំគ្នា​ឈរ​កាន់​ទង់ជាតិ​ខ្មែរ ទង់​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា និង​បដា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​នៅ​តំបន់​អង្គរ​ដោយ​បង្ខំ​ចេញពី​លំនៅឋាន។

អ្នក​រៀបចំ​កម្មវិធី និង​ជា​ប្រធាន​ក្រុមប្រឹក្សា ២៣ តុលា លោក ប៉ែន វ៉ាណូ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ២៦ ខែ​កក្កដា ថា ការ​ជួប​ជុំគ្នា​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុង​ប៉ារីស​នៅ​ពេល​នេះ មាន​គោល​បំណង​ធំៗ​ចំនួន​៤ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ និង​ទាមទារ​ឲ្យ​ពលរដ្ឋ​អាច​ត្រឡប់​ទៅ​តំបន់​អង្គរ​វិញ​ជាដើម។

លោក ប៉ែន វ៉ាណូ៖ «ខ្ញុំ​តស៊ូ​មតិ​ទី​១ សូម​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ជម្លៀស​ដោយ​បង្ខំ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​អង្គរ​។ ទី​២ សូម​ឲ្យ​ប្រជាពលរដ្ឋ​យូណេស្កូ ដែល​ជា​អាណាព្យាបាល ព្រោះ​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មាន​ភារកិច្ច ករណី​កិច្ច ថែរក្សា​ការពារ​ប្រាសាទ​ហ្នឹង តំបន់​ហ្នឹង​មិន​ឲ្យ​អ្នកណា​ប៉ះពាល់​ទេ គឺ​ទុក​នៅ​សភាព​ដើម ដូច្នេះ​សុំ​ឲ្យ​វិល​ត្រឡប់មកវិញ ហើយ​សងជំងឺចិត្ត​ដល់​អ្នករងគ្រោះ ពីព្រោះ​ការ​ធ្វើ​នេះ ជា​ការ​រំលោភ បោកប្រាស់​ទាំងស្រុង​យកគ្នា​ទៅ​ដាក់​នៅ​លើ​ដី​តូច​មួយ ហើយ​ប្រជាពលរដ្ឋ​មនុស្ស​ប៉ុន្មាន​ម៉ឺន​គ្រួសារ​កំពុងតែ​រងគ្រោះ អាហ្នឹង​ចំណុច​ធំ​ណាស់»

លោក ប៉ែន វ៉ាណូ ឲ្យ​ដឹង​ថា បាតុកម្ម​នៅ​ថ្ងៃ​នេះ មាន​ចំនួន​អ្នកចូលរួម​តិច​ជាង​អ្វី ដែល​បាន​គ្រោងទុក​ដោយសារតែ​ប្រទេស​បារាំង​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក ហើយ​ផ្លូវ​មួយចំនួន​ត្រូវ​បាន​បិទ។ ចំណែក​ឯ​ញត្តិ ដែល​គ្រោង​យក​ទៅ​ដាក់​នៅ​ទីស្នាក់ការ​អង្គការ​យូណេស្កូ ដែល​មាន​ទីតាំងនៅ​ទីក្រុង​ប៉ារីស ក៏​ខកខាន​ពុំបាន​យក​ទៅ​ដាក់​ដែរ។

ក្រៅពី​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ប៉ារីស ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត រួមមាន​ប្រទេស​អូស្ត្រាលី (Australia) នូវែលហ្សេឡង់ (New Zealand) និង​ប្រទេស​ថៃ (Thailand) ជាដើម ប្រមាណ ៦០​នាក់​ផ្សេងទៀត បាន​ជួបជុំគ្នា​តាម​បណ្ដាញ​សង្គម​ហ្ស៊ូម (Zoom) ដើម្បី​ចែករំលែក​បទពិសោធន៍ នៃ​តស៊ូ​មតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​ពលរដ្ឋ​នៅ​តំបន់​អង្គរ។

ការ​ធ្វើ​បាតុកម្ម និង​ដាក់​ញត្តិ​ទៅ​អង្គការ​យូណេស្កូ​នេះ ធ្វើ​ឡើង​ស្រប​ពេល​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​សម្រាប់​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក (UNESCO) មាន​កិច្ចប្រជុំ​លើក​ទី​៤៦ នៅ​ទីក្រុង​ញូដេលី (New Delhi) ប្រទេស​ឥណ្ឌា (India) ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី ៣១ ខែ​កក្កដា។ ក្នុង​កិច្ចប្រជុំ​នេះ គណៈកម្មាធិការ​អង្គការ​យូណេស្កូ បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​អញ្ជើញ​ក្រុម​ត្រួតពិនិត្យ​ទៅកាន់​កន្លែង ដែល​មាន​ជម្លោះ​នៅ​តំបន់​អង្គរ ក្នុង​ខេត្ត​សៀមរាប ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

មុន​កិច្ចប្រជុំ​មួយ​ថ្ងៃ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បណ្តេញ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ដោយ​បង្ខំ ចេញពី​តំបន់​អង្គរ ដែល​ទង្វើ​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

មេធាវី​របស់​អង្គការសិទ្ធិមនុស្ស​មួយ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក លោក​មេធាវី ម៉ូតុន ស្ក្លា (Morton Sklar) លើកឡើង​ថា ប្រការ​ដែល​គ្រាន់តែ​ឲ្យ​ក្រុម​ជំនាញ​យូណេស្កូ ទៅ​ត្រួតពិនិត្យ​នៅ​តំបន់​អង្គរ​នេះ មិនអាច​ដោះស្រាយ​បញ្ហា​ចំបង​របស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ដែល​កំពុង​ប្រឈម​ការ​លំបាក​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។ អង្គការ​យូណេស្កូ ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់ ដើម្បី​បញ្ឈប់​ការ​បណ្តេញ​ចេញ​ជា​បន្ត​ទៅ​ទៀត និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​រួចហើយ ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ទី​លំនៅឋាន​របស់​ពួកគេ​វិញ ដើម្បី​ស្របតាម​កិច្ចព្រមព្រៀង​ដាក់បញ្ចូល​តំបន់​អង្គរ ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយ​តប​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី​២៦ ខែ​កក្កដា។

បញ្ហា​របស់​ពលរដ្ឋ​នៅ​តំបន់​អង្គរ​នេះ គឺ​បណ្ដាល​មក​ពី​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០២២ បាន​បណ្ដេញ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អប្សរា​ប្រមាណ ៦​ពាន់​គ្រួសារ ដោយ​បង្ខំ​ឱ្យទៅ​រស់នៅ​តំបន់​រុនតាឯក ក្រោម​ហេតុផល ខ្លាច​អង្គការ​យូនីស្កូ (UNESCO) ដក​តំបន់​ប្រាសាទអង្គរវត្ត​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ បាន​ចេញ​របាយការណ៍​មួយ ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិ​ពលរដ្ឋ និង​យកចិត្តទុកដាក់​ថែរក្សា​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​តំបន់​អង្គរ ដូច​ដូនតា​របស់​ពួកគាត់ ដែល​ជា​ម្ចាស់​អង្គរ​ធ្លាប់​បាន​រស់នៅ ព្រមទាំង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ឈប់​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ និង​ត្រូវ​រៀបចំ​ទីតាំង​លំនៅឋាន​ថ្មី​ឱ្យ​ពលរដ្ឋ​អាច​រស់នៅ​សមរម្យ និង​អាច​ចិញ្ចឹមជីវិត​បាន។

ឆ្លើយតប​របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​នេះ អង្គការ យូណេស្កូ (UNESCO) ភ្លាមៗ បាន​ចេញ​មុខ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញពី​តំបន់​អង្គរ។ អង្គការ​យូណេស្កូ (UNESCO) ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​គោរព​សិទ្ធិ​ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ ដោយ​ត្រូវ​អនុវត្ត​តាម​សំណើ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ ដែល​បាន​លាត​ត្រដាង​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​អាជ្ញាធរ​រដ្ឋាភិបាល។

ក្រោយពី​បណ្ដេញ​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ រដ្ឋាភិបាល​បាន​ឈូស​ឆាយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ផ្ទៃដី​ជាង ១​ពាន់ ១​រយ​ហិកតារ (.១១២) ដើម្បី​អភិវឌ្ឍន៍​តំបន់​រុនតាឯក ជា​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ចែក​ជូន​ពលរដ្ឋ។

នៅ​ដើមឆ្នាំ​២០២៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បាន​បង្កើត​ក្រុង​រុនតាឯក ដោយ​ដាក់​ឈ្មោះ​ក្រុង​ដែល​ទើប​បង្កើត​ថ្មី ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​នេះ ភ្ជាប់​នឹង​ឈ្មោះ​ឪពុក​របស់​លោក គឺ​ក្រុង​រុនតាឯកតេជោសែន។

ប៉ុន្តែ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ហាក់​មាន​ភាព​យឺតយ៉ាវ និង​កំពុង​បង្ក​ការ​លំបាក​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​នេះ។

ពលរដ្ឋ​នៅ​តំបន់​រុនតាឯក ម្នាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃទី២៦ ខែ​កក្កដា​ថា ក្រោយ​ពី​មក​រស់នៅ​ក្នុង​តំបន់​នេះ គាត់​សង្កេត​ឃើញ​ពលរដ្ឋ​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព ព្រោះ​ពលរដ្ឋ​មួយចំនួន​បាន​ជំពាក់​បំណុល​ធនាគារ ដើម្បី​យក​លុយ​មក​សាង​សង់ផ្ទះ និង​បើក​អាជីវកម្ម​ថ្មី ហើយ​អាជីវកម្ម​មួយចំនួន​កំពុង​បិទ​បណ្ដើរៗ​ផង​ដែរ។ ប្រភព​ដដែល​នេះ បញ្ជាក់​ថា នៅ​ក្នុង​រដូវភ្លៀង​នេះ មាន​តំបន់​មួយ​ចំនួន​កំពុង​ជួបប្រទះ​ទឹកជំនន់​បណ្ដាល​មកពី​ជំនន់​ទឹកភ្លៀង។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «គាត់​ថា រក រក​ទៅ​គាត់​បិទ​ហាង ដល់​សួរ​ទៅ​ថា ដាច់​ដើម​ដាច់​ចុង គឺថា​ជូន​កាល​គ្នា​ទៅ​ពី​នេះ គ្នា​ចេញ​តែ​ជឿៗ​ទៅ (​ជំពាក់​) គាត់​ក៏​មាន​ដើម​តិចតួច​រកស៊ី ក៏​ដាច់​ខាន់​ឲ្យ​ទៅ ហើយ​គាត់​ក៏​ដាច់​ការ​រកស៊ី​ទៅ»

ទាក់ទង​នឹង​ជំនន់​ទឹកភ្លៀង​នេះ កាលពី​ថ្ងៃទី១៦ ខែ​កក្កដា រដ្ឋបាល​ក្រុង​រុនតាឯក តេជោសែន បាន​ទទួល​ស្គាល់​ថា តំបន់​នេះ ពិតជា​មាន​ការ​ជន​លិច​បណ្ដាល​មកពី​ជំនន់​ទឹកភ្លៀង។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ និង​សៀមរាប លោក អ៊ិន គង់ជិត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៦ ខែ​កក្កដា ថា លោក​គាំទ្រ​អនុសាសន៍​របស់​អង្គការ​យូណេស្កូ ដែល​ផ្ដល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​អញ្ជើញ​អ្នក​ជំនាញ​ចុះ​សិក្សា​ពី​ផល​ប៉ះពាល់ និង​តម្រូវការ​របស់​ពលរដ្ឋ​នៅ​តំបន់​អង្គរ។

លោក អ៊ិន គង់ជិត៖ «សូម​ឲ្យ​ក្រុម​ត្រួតពិនិត្យ​ត្រូវ​ស្វែងយល់ សិក្សា​ឲ្យ​បាន​ច្បាស់លាស់​អំពី​តម្រូវការ អំពី​បញ្ហា​ប្រឈម​របស់​ពួកគាត់ អំពី​កង្វល់​ទាំងឡាយ​របស់​ពួកគាត់ ហើយ​គួរ​ធ្វើការ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​មានការ​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​គាត់​ប្រើ​សេចក្ដី​សម្រេច​ចិត្ត​ផ្ទាល់ខ្លួន​របស់​ពួកគាត់ ស្វ័យភាព​របស់​ពួកគាត់​ហ្នឹង​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ»

ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ​ផ្សេងទៀត ដែល​រស់នៅ​ក្នុង​ស្រុក​ពួក ស្រុក​ប្រាសាទបាគង និង​ក្រុង​សៀមរាប​ជាដើម តែងតែ​សាមគ្គី​គ្នា​រារាំង​អាជ្ញាធរ​ជាតិ​អប្សរា មិន​ឲ្យ​ចុះ​រុះរើ​ផ្ទះសម្បែង រោង​ចិញ្ចឹម​សត្វ និង​តូប​លក់ដូរ​របស់​ពួកគាត់​ជាដើម​។ ការ​ចុះ​រុះរើ​នោះ អាជ្ញាធរ​ចោទ​ថា ពលរដ្ឋ​បាន​សាងសង់​សំណង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី អាជ្ញាធរ ប៉ុន្តែ​ពលរដ្ឋ​លើកឡើង​ថា អាជ្ញាធរ​ទេ ដែល​បង្ក​ការ​លំបាក​ដល់​ការ​សាងសង់ ឬ​ជួសជុល​ផ្ទះ​សម្បែង ហើយ​នីតិវិធី​ស្នើសុំ​វិញ គឺ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន។

របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ចេញផ្សាយ កាល​ពី​ឆ្នាំ ២០២២ ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ ១​ម៉ឺន​គ្រួសារ (១០.០០០) ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ ត្រូវ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។ ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទទូច​ដល់​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​នៅ​តំបន់​អង្គរ និង​បញ្ឈប់​ការ​បណ្ដេញ​ដោយ​បង្ខំ​ចេញ​ពី​លំនៅឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។