សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​តាម​ចាប់​មនុស្ស ៨​នាក់ រឿង​រំដោះ​អ្នក​ទោស​នៅ​សៀមរាប

ដោយ ម៉ៅ សុធានី
2023.12.24
សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​តាម​ចាប់​មនុស្ស ៨​នាក់ រឿង​រំដោះ​អ្នក​ទោស​នៅ​សៀមរាប នគរបាល​ធ្វើ​សន្និសីទ​សារព៌ត៌មានបង្ហាញ​ជន​សង្ស័យ​ក្នុង​ចំណោម ១១នាក់ ពាក់ព័ន្ធ​ករណី​ក្រុម​ខ្មាន់​កាំភ្លើង​ភ្ជង់​មន្ត្រី​ពន្ធនាគារ​រំដោះ​អ្នកទោស​ជា​មេខ្លោង​គ្រឿងញៀន​ជា​ជនជាតិ​តៃវ៉ាន់ ​​នៅ​ខេត្តសៀមរាប កាល​ពី​​ថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកនគរបាលជាតិ

មន្ត្រី​នគរបាល​ជាតិ​អះអាង​ថា កម្ពុជា​កំពុង​សហការ​ជាមួយ​ប្រទេស​ចំនួន ៣ គឺ​វៀតណាម ថៃ និង​ប្រទេស​ឡាវ ដើម្បី​តាម​ចាប់​មនុស្ស​យ៉ាង​ហោច ៨​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​រំដោះ​អ្នកទោស​នៅ​ខេត្ត​សៀមរាប កាល​ខែ​សីហា កន្លង​ទៅ​។ មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​ថា ការ​យឺតយ៉ាវ​តាម​ចាប់​ជនល្មើស​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឆ្លុះបញ្ចាំង​អំពី​កង្វះ​ឆន្ទៈ និង​សេចក្ដី​ស្មោះត្រង់​របស់​អាជ្ញាធរ​ក្នុង​រៀបចំ​ប្រទេសជាតិ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា បញ្ហា​អំពើពុករលួយ និង​ការអនុវត្ត​ច្បាប់​ធូររលុង អាច​ជា​ផ្នែក​មួយ​ដែល​ធ្វើ​អាជ្ញាធរ​យឺតយ៉ាវ​ក្នុង​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស​ដែល​នៅ​សេសសល់​មួយ​ចំនួន​ដែល​សង្ស័យ​រំដោះ​អ្នកទោស​នៅ​ខេត្ត​សៀម​រាម​នា​ពេល​កន្លង​ទៅ។

ប្រតិកម្ម​នេះ បន្ទាប់ពី​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជាង ៤​ខែ​កន្លង​មក​នេះ នៅ​មិនអាច​ស្វែងរក​ជនសង្ស័យ​ទាំង ៨​នាក់​ដែល​កំពុង​រត់​គេច​ខ្លួន​រឿង​រំដោះ​អ្នកទោស​តៃវ៉ាន់​នៅ​ខេត្ត​សៀមរាប កាល​ពី​ពាក់កណ្ដាល​ខែ សីហា នោះ​នៅ​ឡើយ​ទេ។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៣ ខែ​ធ្នូ ថា ជនសង្ស័យ​ទាំង ៨​នាក់​ដែល​កំពុង​រត់​គេច​ខ្លួន​ភាគ​ច្រើន​ជា​ជនបរទេស ហើយ​ពួកគេ​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។ លោក​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ដែល​កំពុង​រត់​គេច​ខ្លួន​មួយ​ចំនួន មាន​តួនាទី​ក្នុង​កា​ររៀបចំ​អាវុធ និង​ខ្លះ​ទៀត​ជា​អ្នក​ធានា​រ៉ាប់រង​រាល់​ការ​ចំណាយ​ក្នុង​ការ​ប្រតិបត្តិ​ការ​រំដោះ​អ្នកទោស​នៅ​ខេត្ត​សៀមរាប នា​ពេល​កន្លង​ទៅ។

លោក ម៉ក់ ជីតូ៖ «មេខ្លោង​ធំៗ​យើង​យក​បាន​ហើយ នៅ​សល់​តែ​បក្ខពួក ឬ​គូកន​ហ្នឹង​។ ឥឡូវនេះ យើង​កំពុងតែ​ទទួល​ដីកា​ពី​ព្រះរាជអាជ្ញា ពី​តុលាការ​តាម​ចាប់ ៨​នាក់​ទៀត​បាទ​។ សំខាន់​យើង​កំពុង​ទាក់ទង​ប្រទេស​ទាំង ៣​នៅ​ជុំវិញ​យើង​មាន គឺ​មាន​ឡាវ វៀតណាម និង​ថៃ ហើយ​ក្រៅពីនោះ យើង​ត្រូវ​ឆ្លង​ទៅ​បណ្ដា​ប្រទេស​ធំៗ​ដែល​ជា​ប្រទេស​កំណើត​របស់​ពួក​ហ្នឹង [​ជនសង្ស័យ​រត់គេច​ខ្លួន​] ត្រូវ​ឆ្លង​តាមរយៈ អាំងទែប៉ូល (Interpol)»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​អ្នកទោស​មេខ្លោង​គ្រឿងញៀន​ជនជាតិ​តៃវ៉ាន់​ម្នាក់ និង​បក្ខពួក​ចំនួន ១១​នាក់ នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទប្រកាន់​ពី​បទ​លាងលុយកខ្វក់ ប្លន់​មាន​ស្ថាន​ទម្ងន់ និង​បង្ខាំង​មាន​ស្ថាន​ទម្ងន់​។ ការ​សម្រេច​របស់​តុលាការ​បែបនេះ បន្ទាប់ពី​ក្រុម​ជនល្មើស​បាន​ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​អាវុធ​ចូល​រំដោះ​អ្នកទោស​គ្រឿងញៀន​ជនជាតិ​តៃវ៉ាន់ ក្នុង​គ្រា​ដែល​សមត្ថកិច្ច​ខេត្តសៀមរាប​បញ្ជូន​ទៅ​ព្យាបាល​ធ្មេញ​នៅ​គ្លីនិក ជុំ ចិន្ដា កាលពី​ពាក់កណ្ដាល​ខេត្ត​សីហា​។ ទោះ​យ៉ាងណា​ករណីនេះ បង្ក​ឱ្យ​មាន​មន្ទិល​ជាច្រើន ដោយសារតែ​ក្រុម​ជនល្មើស​អាច​ដឹង​ពី​ពេលវេលា និង​ទីតាំង​ជាក់លាក់ ពេល​សមត្ថកិច្ច​បញ្ជូន​អ្នកទោស​ទៅ​ព្យាបាល​មាត់​ធ្មេញ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា នីតិវិធី​ស៊ើបអង្កេត​តាម​ចាប់ខ្លួន​ឧក្រិដ្ឋជន​មួយចំនួន​ពុំ​មែន សមត្ថកិច្ច​គ្មាន​សមត្ថភាព​ក្នុង​ការកំណត់​មុខសញ្ញា​ចាប់ខ្លួន​ពួកគេ​នោះ​ទេ​។ លោក​សង្កត់ធ្ងន់​ថា ការ​យឺតយ៉ាវ ឬ​ករណី​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ក្នុង​ការ​តាម​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​មួយចំនួន​គ្មាន​ប្រសិទ្ធភាព ដោយសារតែ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​អំពើពុករលួយ​ជា​ប្រព័ន្ធ ដែល​ធ្វើ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន​គ្មាន​ឆន្ទៈ និង​សេចក្ដី​ស្មោះត្រង់​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សង្គមជាតិ​ឱ្យ​ល្អ​ប្រសើរ។

លោក រស់ សុដ្ឋា៖ «រឿង​បញ្ហា​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​កត្តា​មនុស្ស​ច្រើន​ជាង​គេ ដូច្នេះ​ប្រសិនបើ​មនុស្ស​នៅតែ​មាន​ការ​ពាក់ព័ន្ធ បញ្ហា​ហ្នឹង​មិន​ត្រូវ​បាន​ដោះស្រាយ​បាន​ល្អ​ប្រសើរ​ទេ។ ប្រសិនបើ​មាន​មនុស្ស​ដែល​គាត់​គិតគូរ​ពី​កង្វល់​បញ្ហា​ប្រទេស​ជាតិ ភាព​ស្អាតស្អំ និយាយ​ឱ្យ​ខ្លី​ទៅ​យុត្តិធម៌ បញ្ហា​ហ្នឹង​នឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ស្រួល»

លោក រស់ សុដ្ឋា ជឿជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​គ្មាន​ឆន្ទៈ​ស្ដារ​ប្រជាធិបតេយ្យ និង​បោសសម្អាត​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ការ​កើត​ឡើង​នូវ​បទល្មើស​ឧក្រិដ្ឋ​អាច​នឹង​គ្មាន​ការ​ថមថយ​នោះ​ទេ ហើយនឹង​នាំ​ឱ្យ​សង្គម​កម្ពុជា​រង​ផល​ប៉ះពាល់​ទាំង​កេរ្តិ៍ឈ្មោះ និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
អ្នក​ឃ្លាំ​មើល​សង្គម​ថា រដ្ឋាភិបាល​លាក់បាំង​គម្រោង​អ្នក​វិនិយោគិន​ក្នុង​ស្រុក​ករណី​ព្រែកជីក​ហ្វូណន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។