ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជួប​ការ​លំបាក​អំឡុង​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩

ដោយ សុជីវី
2020-09-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលករ​ខ្មែរ​ធ្វើ​ការងារ​សំណង់ នា​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA
សកម្មភាព​ពលករ​ខ្មែរ​ធ្វើ​ការងារ​សំណង់ នា​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA
RFA

ពលករ​ខ្មែរ​មួយ​ចំនួន ដែល​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ (Thailand) ត្អូញត្អែរ​ថា ពួកគេ​ជួប​ការ​លំបាក​រឿង​បំពេញ​ឯកសារ​ស្នាក់​នៅ និង​មាន​ជីវភាព​ខ្វះខាត​ដោយសារ​ធ្វើ​ការងារ​មិន​បាន​ទៀត​ទាត់ បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ពលករ​ខ្លះ​នៅ​តែ​បន្ត​ខាំ​ស្មៅ​យ៉ាង​លំបាក​លំបិន​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ។

តើ​ក្រុម​ពលករ​ទាំង​នោះ​ធ្វើ​ការងារ​ជួប​ការ​លំបាក​បែប​ណា​ខ្លះ?

ក្រុម​ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ លើក​ឡើង​ស្រដៀង​គ្នា​ថា ការ​រាតត្បាត​ជំងឺ​កូវីដ១៩ នៅ​តែ​បន្ត​ផល​ប៉ះពាល់​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពួក​គេ​ដដែល ដោយ​មិន​ទាន់​បាន​ប្រសើរ​ឡើង​វិញ នៅ​ឡើយ​ទេ។ ពលករ​ខ្លះ​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយសារ​តែ​ពួកគេ​អត់​ការងារ​ធ្វើ ហើយ​គ្មាន​ប្រាក់​ចាយ​វាយ​ក្នុង​ពេល​ស្នាក់​នៅ​ប្រទេស​ថៃ។ ចំណែក​ពលករ​ខ្លះ​ទៀត​បន្ត​ស្នាក់​នៅ​ប្រទេស​ថៃ ដោយសារ​ជីវភាព​ក្រី​ក្រ ហើយ​នៅ​ស្រុក​ខ្មែរ​គ្មាន​ការងារ​ធ្វើ​​រក​ប្រាក់​ចំណូល។

ពលការិនី​ធ្វើ​ការ​ផ្នែក​កាត់​ដេរ​សំលៀកបំពាក់​នៅ​ទីក្រុង​បាងកក លោក​ស្រី យ៉ាត កញ្ញា ថ្លែង​ថា លោក​ស្រី​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រមាណ ៦ឆ្នាំ​ហើយ ដោយ​ពុំ​ធ្លាប់​ពិបាក​រក​ប្រាក់​ដូច​ឆ្នាំ​នេះ​ឡើយ។ ពលករ​វ័យ ៣១ឆ្នាំ​រូប​នេះ ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ មក លោក​ស្រី​ធ្វើ​ការ​មិន​បាន​ទៀង​ទាត់​នោះ​ទេ គឺ​ធ្វើ​ការ​ពីរ​ប្ដី​របស់​លោក​ស្រី​បាន​ប្រាក់​ប្រមាណ ១ម៉ឺន ៥ពាន់​បាត​ស្នើ​ប្រហែល ៥០០ដុល្លារ​អាមេរិក (១៥.០០០) ក្នុង​មួយ​ខែ ដោយ​ខុស​ពី​ពេល​មិន​ទាន់​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​លោក​ស្រី​មាន​ការងារ​ទៀត​ទាត់​រក​ប្រាក់​ចំណូល​បាន​ជាង ២ម៉ឺន​បាត (២០.០០០) ក្នុង​មួយ​ខែ។ ពលករ​មាន​ស្រុក​កំណើត​នៅ​បាត់ដំបង​រូប​នេះ​បន្ថែម​ថា ប្រាក់​ចំណូល​លោក​ស្រី​ធ្វើ​ការ​ងារ​បាន​សព្វ​ថ្ងៃ សម្រាប់​តែ​ចាយ​វាយ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ពុំ​បាន​ប្រាក់​ផ្ញើ​ទៅ​ឱ្យ​ពុក​ម្ដាយ​នៅ​ស្រុក​កំណើត​ឡើយ៖ «ដូច​ថា​ការងារ​មិន​សូវ​មាន​អីចឹង​ទៅ​ ហើយ​សេដ្ឋកិច្ច​ប្រទេស​ថៃ​កាន់​តែ​ធ្លាក់​ចុះ​ ការងារ​ពិបាក​រក​ ពេល​ខ្លះ​ក៏​មាន​ធ្វើ​ពេល​ខ្លះ​ក៏​អត់​ធ្វើ ហើយ​ដល់​ពេល​បន្ទប់​ក៏​ជួល​គេ​អីចឹង​ទៅ​​ខ្វះខាត​ខ្លាំង​ណាស់​ ហើយ​បើ​ចុះ​ទៅ​ផ្ទះ​ក៏​ចុះ​ទៅ​អត់​បាន។ ខ្ញុំ​មិន​មាន​លុយ​ផ្ញើ​ទៅ​ផ្ទះ​ទេ​​រក​តែ​លុយ​ហូប​មិន​ចង់​បាន​ផង​ ហើយ​យើង​មាន​កូន​តូច ត្រូវ​ចំណាយ​ថ្លៃ​ទឹក​ដោះ​គោ​កូន»

លោក​ស្រី​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​នេះ​លោក​ស្រី​ជួប​ការ​លំបាក​បញ្ហា​ការ​អស់​សុពលភាព​លិខិត​ឆ្លងដែន។ លោក​ស្រី​បន្ត​ថា នៅ​តំបន់​លោក​ស្រី​ធ្វើ​ការ​មាន​ពលករ​ខ្មែរ​ប្រមាណ ២០នាក់ ដែល​មាន​លិខិត​ឆ្លង​ដែន អស់​សុពលភាព​​​នៅ​​ចុង​ឆ្នាំ២០២០ នេះ ហើយ​ថ្មីៗ នេះ​ពួក​លោក​ស្រី​បាន​រក​អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក ដើម្បី​ឱ្យ​ជួយ​ពន្យារ​សុពលភាព​លិខិត​ឆ្លង​ដែន​ដែរ​ ក៏​ប៉ុន្តែ​មន្ត្រី​ស្ថានទូត​មិន​បាន​ជួយ​អ្វី​ដល់​ពួក​លោក​ស្រី​ឡើយ៖ «អ្នក​ខ្លះ​ក៏​អស់​ខែ១០ នេះ អ្នក​ខ្លះ​ក៏​អស់​សុពលភាព​ខែ១២ អីចឹង​ទៅ​ហើយ​យើង​ចុះ​ទៅ​ផ្ទះ​អត់​បាន​អីចឹង​​ទៅ​​យើង​រត់​ទៅ​សុំ​គាត់​ជួយ​អីចឹង​នៅ​ស្ថានទូត​ខ្មែរ។ គាត់​ឆ្លើយ​មក​តែ​មួយ​ម៉ាត់​ថា ត​សុពលភាព​ក៏​អត់​បាន​ហើយ​ចុះ​ទៅ​ផ្ទះ​ក៏​អត់​បាន​ដែរ​ បាន​ន័យ​ថា​គាត់​អត់​ខ្វល់​ខ្វាយ​ពី​ប្រជាជន​ខ្មែរ​យើង​ដែល​នៅ​​ប្រទេស​ថៃ​តែ​ម្ដង។ដូច​ថា​គេ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​គេ​អត់​គិត​ប្រយោជន៍​រួម​​អីចឹង​ដល់​ពេល​យើង​ធ្វើ​ប៉ាស្ទ័រ​ផង​​​អស់​ច្រើន​ណាស់​គ្រាន់​​តែ​មួយ​ភ្លេច​ត​​វីសា​ផង​ ត​ប៉ាស្ទ័រ​ត​កាត​ធ្វើ​ការ​ផង​អស់​ច្រើន​ណាស់»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៣ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​គេហទំព័រ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ចុះ​ផ្សាយ កាល​ពី​ថ្ងៃ​ទី២២ កញ្ញា​ថា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​លោក អ៊ូក សោភ័ណ មាន​ប្រសាសន៍​ក្នុង​ពេល​ជួប​សំណេះសំណាល​ជា​មួយ​កម្មករ​ខ្មែរ​ប្រមាណ ៥០នាក់ នៅ​ក្នុង​ស្ថានទូត​ថា ស្ថានទូត​បាន​ផ្ដល់​សេវា​បញ្ជាក់​ឯកសារ​ផ្សេងៗ ជូន​ពលករ​ខ្មែរ​មួយ​ថ្ងៃ​រួច​រាល់ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ និង​ពេល​វេលា​ធ្វើ​ដំណើរ​របស់​ពលករ។ មន្ត្រី​ស្ថានទូត​បន្ថែម​ថា ប្រសិន​បើ​ពលករ​មាន​បញ្ហា​ក្នុង​ពេល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ អាច​ទាក់ទង​ស្ថានទូត​​ធ្វើ​​លិខិត​ស្នាម​ផ្សេងៗ បាន។

អាស៊ី​សេរី​ក៏​បាន​ព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បន្ថែម​ទៀត ក៏​ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ចំណែក​ពលករ​ខ្មែរ​ធ្វើ​ការ​សំណង់​នៅ​ទីក្រុង​បាងកក​លោក ប៊ុន វីរៈ វិញ ថ្លែង​ថា ចាប់​ពី​ខែមីនា​មក លោក​មិន​បាន​ផ្ញើ​ប្រាក់​ទៅ​ឱ្យ​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត​នោះ​ទេ ដោយសារ​នៅ​ប្រទេស​ថៃ​មិន​សូវ​មាន​ការងារ​ធ្វើ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​លោក​ធ្វើ​ការងារ​បាន​ប្រាក់​ប្រមាណ ៧ពាន់​បាត (.០០០) ស្នើ​ប្រមាណ ២៣០ដុល្លារ ក្នុង​មួយ​ខែ គឺ​ថយ​ចុះ​ប្រហែល ៥០ភាគ​រយ បើ​ធៀប​កាល​ពី​មិន​ទាន់​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ លោក​បញ្ជាក់​ថា ប្រាក់​ដែល​រក​បាន​លោក​ចាយ​វាយ​យ៉ាង​ត្បិតត្បៀត​បំផុត និង​នៅ​ពេល​លោក​ទំនេរ​ពី​ការងារ​លោក​តែង​តែ​ដើរ​ដាក់​មង​តាម​ដង​អូរ និង​បេះ​ត្រកួន​ព្រម​ទាំង​ផ្កា​ស្នោ​យក​ម្ហូប ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ក៏​មាន​ដែរ៖ «ក្នុង​ពេល​មាន​ជំងឺ​កូវីដ​នេះ​អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ បើ​ខ្ញុំ​វិញ​អត់​មាន​លុយ​ផ្ញើ​ទៅ​ផ្ទះ​បណ្ដោយ​បង ទី១ អត់​ការងារ​ធ្វើ​ពេញ​ថ្ងៃ​ ថ្ងៃ​ណា​ទៅ​គេ​បិទ​ទៅ​គេ​អត់​ឱ្យ​ធ្វើ ថ្ងៃ​ណា​គេ​នេះ​គេ​ក៏​បើក​ឱ្យ​ធ្វើ​ទៅ ហើយ​ធ្វើ​ការ​បន្ថែម​ម៉ោង​ក៏​អត់​សូវ​មាន។ ប្រាក់​ចំណូល​កាល ដែល​មិន​ទាន់​ជំងឺ​កូវីដ យើង​បាន​ធ្វើ​ការ​ពេញ​ថ្ងៃ យើង​បាន​ប្រាក់​បន្ថែម​ម៉ោង​ជួយ។ ពេល​យើង​អត់​មាន​ប្រាក់​ចាយ​យើង​ខ្ចី​ប្រាក់​ពី​ថៅកែ​បាន ដល់​ពេល​យើង​ធ្វើ​ការ​បាន​យើង​សង់​គេ​វិញ។ វា​លំបាក​ដែរ​ទី​មួយ​យើង​អត់​មាន​ប្រាក់​ផ្ញើ​ទៅ​ស្រុក យើង​បាន​តែ​ម៉ា​ស៊ីៗ»

ក្រុម​ពលករ​ទាំង​នេះ​ឱ្យ​ដឹង​ថា នៅ​កន្លែង​ខ្លះ​ដោយ​ពលករ​គ្មាន​ការងារ​ធ្វើ​នោះ​ទេ​ ហើយ​​​ពលករ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​គ្មាន​ប្រាក់​បង់​ថ្លៃ​បន្ទប់​ជួល​និង​ប្រាក់​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ។

មន្ត្រី​អង្គការ​សិទ្ធិ​ការងារ​សង់ត្រាល់ (Central ) ទទួល​បន្ទុល​ផ្នែក​ពលករ​ លោក ឌី ថេហូយ៉ា ​មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជា​ច្រើន​នាក់​នៅ​តែ​បន្ត​អត់​ការងារ​ធ្វើ និង​មួយ​ចំនួន​ធ្វើ​ការ​មិន​បាន​ពេញលេញ​ បណ្ដាល​មក​ពី​​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក​បន្ថែម​ថា ប្រមាណ ៣ខែ​ចុង​ក្រោយ​នេះ​​​​​​យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ​ជិត ១ពាន់ ២០០​នាក់ (.១៨៨) ហើយ​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ខ្លួន ដោយសារ​តែ​ពួក​គេ​លួច​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ និង​ប្ដូរ​កន្លែង​ធ្វើ​ការងារ​ដោយ​បាន​បំពេញ​ឯកសារ​ត្រឹមត្រូវ​ជា​ដើម។ លោក​បន្ត​ថា ក្នុង​ចំណោម​ពលករ​ទាំង​នោះ មាន​ពលករ​ប្រមាណ ៥០ភាគ​រយ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ប្រទេស​ថៃ និង ៥០ភាគ​រយ​ទៀត​បាន​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ៖ «ខ្ញុំ​សំណូម​ពរ​ដល់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​សហការ​ជា​មួយ​រដ្ឋាភិបាល​ថៃ ធ្វើ​យ៉ាង​ណា​ចរចា​ឱ្យ​គេ​អនុគ្រោះ​ដល់​ពលករ​ខ្មែរ ដែល​ត្រឡប់​ទៅ​ប្រទេស​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ កុំ​ឱ្យ​មាន​ការ​ដាក់​ទោស​ ដូច​ជា​ដាក់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​អី​ជា​ដើម​អីចឹង។ បើ​ចាប់​បាន​ហើយ​​សូម​បញ្ជូន​ត្រឡប់​ទៅ​ខ្មែរ​វិញ​ចុះ។ ទី២ ត្រូវ​តែ​ផ្ដល់​ការ​គាំពារ​សង្គម​ដល់​ពលករ ដែល​គាត់​ត្រឡប់​មក​ពី​ថៃ​វិញ​ ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគាត់​អាច​រស់​បាន»

លោក ឌី ថេហូយ៉ាង ឱ្យ​ដឹង​ថា ចាប់តាំង​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ មក​មាន​ពលករ​ខ្មែរ ប្រមាណ ១៤ម៉ឺន​នាក់ (១៤០.០០០) ហើយ ដែល​បាន​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយសារ​អត់​ការងារ​ធ្វើ​ក្នុង​នោះ​ពលករ​ប្រមាណ ៩០ភាគ​រយ​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​វិញ ដោយសារ​តែ​ពួក​គេ​ចាញ់​បោក​មេ​ខ្យល់ ស្រប​ពេល​ដែល​នៅ​ស្រុក​កំណើត​អត់​ការងារ​ធ្វើ ដែល​គ្មាន​ប្រាក់​សង់​ធនាគារ និង​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។

របាយការណ៍​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ប្រមាណ ២លាន​នាក់ (.០០០.០០០) កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល