អង្គភាពការពារកុមារ ​(CPU)​ ប្តេជ្ញា​បន្ត​ស្វែងរក​ជនល្មើស​ក្នុង​​ករណី​​ឃាតកម្មលើ​​កុមារ​នៅ​កម្ពុជា​

ដោយ ម៉ៅ សុធានី
2021-03-28
Share
អង្គភាពការពារកុមារ ​(CPU)​ ប្តេជ្ញា​បន្ត​ស្វែងរក​ជនល្មើស​ក្នុង​​ករណី​​ឃាតកម្មលើ​​កុមារ​នៅ​កម្ពុជា​ អង្គការ​​ការពារកុមារ ​(CPU )​ ​រកឃើញ​​ឃាតកម្ម​លើ​កុមារ​ចំនួន​ ​២០០​ករណី​ ក្នុងរយៈពេល ៩ឆ្នាំ។
រូប៖ ហ្វេសប៊ុក CPU

អង្គភាព​​ការពារ​កុមារ​ ​ឬ​​​ហៅកាត់​ថា ​​ស៊ី.ភី.យូ​​ (The Child Protection Unit-CPU) ​ប្តេជ្ញា​បន្ត​ចូលរួម​​ស៊ើបអង្កេត​​ជា​មួយ​​អាជ្ញាធរ​កម្ពុជា ​ដើម្បី​ស្វែងរក​ជនល្មើស​បន្ថែម​ទៀត​មក​ផ្តន្ទាទោស​តាម​ច្បាប់​ បន្ទាប់ពី​បាន​រកឃើញ​ឃាតកម្មលើ​កុមារ​ចំនួន ​​២០០​​ករណី​​ ក្នុង​អំឡុងពេល​ ៩ឆ្នាំ ​គិត​ចាប់ពី ​​ឆ្នាំ២០១៣​​ មក។ ​ក្រុម​អង្គការ​​សង្គ​ម​ស៊ីវិល​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​ស្ត្រីនិង​កុមារ​ឲ្យដឹងថា ​​ករណី​ឃាតកម្ម​​លើ​កុមារ​​ភាគ​ច្រើន​​គឺ​ជាក​រណី​រំលោភ​សេពសន្ធវៈ​រួច​សម្លាប់។

មន្រ្តី​អង្គភាព​ការពារ​កុមារ​ថា ​គោលបំណង​សំខាន់​នៃ​អង្គភាព​នេះ ​គឺ​ជួយ​ការពារ​សិទ្ធិកុមារ​ ដែល​មិន​អាច​ការពារ​ខ្លួន​ឯង​បាន​ និង​ស្វះស្វែង​រក​ជនល្មើស​​មក​​ផ្តន្ទាទោស​​តា​ម​ច្បាប់។ នាយកអង្គភាព​ការពារកុមារ​ ​(CPU) ​លោក ហ្យេម ម៉ាក់ខេប៊ី ​(James McCabe)​​ លើក​ឡើង​ថា​ បញ្ហាឃាតកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​លើ​កុមារ​ទាំង​នេះ ​ជំរុញ​ឲ្យ​អង្គភាព​លោក​ខិតខំធ្វើការ​ទាំង​ថ្ងៃទាំង​យប់​ ទោះបី​ជា​ប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​ដោយ​មិន​នឹក​ស្មាន​ថា ​ជនល្មើស​អាច​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទៅ​លើ​មនុស្ស​បែបនេះ​សោះ៖​ «​ឃាតកម្ម​លើ​កុមារ​នេះ ​គឺជា​បញ្ហាសកល ​កើតឡើង​នៅគ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​មិនមែន​នៅ​តែ​កម្ពុជា​ទេ​។ មន្ត្រី​ជំនាញ​ផ្នែក​ឯកទេស​បទល្មើស​មនុស្ស​ឃាត​​នៃ​រដ្ឋាភិបាលកម្ពុជា ​សហការ​ជាមួយ​អង្គភាព ​CPU​ ប្តេជ្ញា​ធ្វើ​សង្គ្រា​ម​ប្រឆាំងជា​ដាច់ខាត​ លើករណី​ឃាតកម្ម​លើ​កុមារ​និង​ចាប់​ជនល្មើស​ទាំងនោះ។ ជាលទ្ធផល​ តាមរយៈកិច្ចប្រឹងប្រែង​នេះ ​យើងបាន​រកឃើញ​ឃាតកម្ម​លើ​កុមារចំ​នួន​​ ២០០​ករណី​ ក្នុង​អំឡុងពេល​ ៩ឆ្នាំ ​មកនេះ​»។

គេហទំព័រ​ហ្វេសប៊ុក​របស់​អង្គភាព​​ស៊ី.ភី.យូ​​ បង្ហាញ​ថា ​គ្រប់​​ករណី​​ឃាតកម្ម​​ទៅ​លើ​​កុមារ​​ទាំងអស់​ ​ត្រូវបាន​​ក្រុមការងារ​​របស់​​អង្គភាព​​ស៊ី.ភី.​យូ​​​​.​​ រន្ធត់​ចិត្ត​ និង​​ចង​ចាំ​​​ជានិច្ច​​ ហើយ​​មាន​​ករណី​មួយចំនួន​​បាន​​បន្សល់​ទុក​នូវ​​ស្នាមខ្លោច​​ផ្សារ​​ក្នុងបេះដូង​​របស់​​ពួកគេ​​ជា​និច្ច​។ ​ពួកគេ ​​បាន​ឃើញផ្ទាល់​​នឹង​ភ្នែក​​ពី​ភាព​សាហាវ​​ឃោរ​ឃៅ​និង​​ភាព​​ខ្មៅ​​ងងិត​របស់​ជនល្មើ​ស​ដែល​​ប្រព្រឹត្ត​​​ឃាតកម្ម​ទាំងនោះ។ ​អង្គភាព​​ស៊ី.ភី.យូ ​​គឺជា​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​មួយ​​បង្កើត​​ឡើង​​កាល​ពី​​ឆ្នាំ​២០១៣​ ​ដែល​​​មាន​ក្រុម​​ការងារ​​ភាគ​ច្រើន​​ជា​ជនបរ​ទេស​​ និង​​មាន​​ជំនាញ​ស៊ើប​​អង្កេត​​ករណី​ឃាតកម្ម​លើ​កុមារ​។​

លោក ​ហ្យេម ម៉ាក់ខេប៊ី ​(James McCabe) ​បន្ត​ថា​​ មូលហេតុ​ដែល​បណ្តា​ល​ឲ្យ​មាន​ឃាតកម្ម​លើ​កុមារ​ដ៏​ច្រើន​បែប​នេះ ​ដោយសារ​កត្តា​មួយ​ចំនួន​ក្នុង​នោះ ​រួមមាន​បញ្ហា​ប្រើប្រាស់​គ្រឿងញៀន​ និង​គ្រឿងស្រវឹង​ជាដើម​៖​ «​បញ្ហាទាំងនេះ​មិនមែនមា​នតែនៅ​កម្ពុជាទេ​ គឺជា​បញ្ហា​សាកល។ ជន​ល្មើស​ប្រព្រឹត្ត​ឃាតកម្ម​លើកុ​មារ​បណ្តាល​មក​ពី​កត្តា​ជាច្រើន​ ដូចជា ​បញ្ហាផ្លូវចិត្ត ​ការធ្លាក់​ទឹកចិត្ត ​(depression)ស្ថានភាព​សេដ្ឋកិច្ច​ ភាព​គ្មានការងារ​ធ្វើ ​ការញៀន​ស្រា​និង​គ្រឿងញៀន ​អំពើហិង្សា​ក្នុង​គ្រួសារជាដើម។​ ប្រសិន​បើអ្នក​សម្លាប់​ក្មេង​នៅ​កម្ពុជា​ ប៉ូលិស​រួមទាំង​អង្គភាព​ការពារ​កុមារ ​​(CPU)នឹង​ចាប់ខ្លួន​មក​ផ្តន្ទាទោស​ ហើយ​យើង​ប្រឹងប្រែង​អនុវត្ត​ ប្រសើរ​ជាងនៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍផ្សេងទៀតដែរ​»។

Child_Protection_Unit_15_03_2021_02.jpg
(អាវយឺតស) លោក ហ្យេម ម៉ាក់ខេប៊ី (James McCabe)​ នាយកអង្គភាពការពារកុមារ ​(CPU) ប្តេជ្ញាបន្តស្វែងរកជនល្មើសក្នុង​ករណី​ឃាតកម្មលើ​កុមារនៅកម្ពុជា។

ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​ស្ត្រី​និង​កុមារ​​ឲ្យដឹង​ថា​ ​ករណី​ឃាតកម្ម​​លើ​កុមារ​​ភាគ​ច្រើ​ន​​ គឺ​ជា​ករណី​រំលោភ​សម្លាប់។ ពួកគេ​លើក​ឡើងថា​ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ឃាតកម្ម​លើ​កុមារ​ទាំង​នេះ ដោយ​សារជន​ល្មើស​ភាគ​ច្រើ​ន​ ប្រើប្រាស់​​គ្រឿងញៀន​ ​គ្រឿងស្រវឹង​ មើល​រូបភាព​​វីដេអូ​អាសអាភាស​ ​និង​ការ​អនុវត្ត​ច្បាប់​​នៅ​​ទន់ខ្សោយ។ ​បន្ថែមពី​នេះ​ ភាព​ទីទាល់​ក្រ​​ បញ្ហា​គ្មាន​ការងារ​ធ្វើ​ បញ្ហា​ជំពាក់​បំណុល​ និង​កង្វះ​ការអប់រំ​​នេះ​ហើយ​ ដែល​ជំរុញ​ឲ្យ​ឳពុក​ម្តាយ​ទុក​កូន​តូចៗ​ នៅ​ជា​មួយ​ជីដូន​ជីតា​ ដើម្បី​ទៅ​រកការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ ដូចជា​នៅ​ប្រទេស​ថៃ​ជាដើម។

មន្ត្រីស៊ើប​អង្កេត​ជាន់ខ្ពស់​ផ្នែ​ក​ស្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​អ្នកស្រី​ លឹម មុនី ​ប្រាប់​អាស៊ីសេរី​ថា ករណី​​រំលោភ​​សេព​សន្ថវៈ​​លើ​កុមារី​នេះ​ ​ភាគ​ច្រើន​ពួក​គេ​​កម្រ​​ហ៊ាន​​ប្រាប់​​ដ​ល់​​ក្រុម​គ្រួសារ​​​ ឬ​​ឪពុក​ម្តាយ​ណាស់​​ ​ដោយ​សារ​​ជនល្មើស​​គម្រាម​សម្លាប់​។ អ្នកស្រី​បន្ត​ថា ជន​ល្មើស​ដែល​រំលោភ​កុមារី​ ច្រើន​ជា​សាច់ញាតិ​​ផ្ទាល់​​ ជាអ្ន​ក​ជិត​ខាង​ ឬ​​បុគ្គល​​នៅ​ក្រៅ​​រង្វង់​​គ្រួសារ​របស់​​ពួកគេ​​៖​ «​យើងឃើញ​ស្ថានការណ៍រ​បស់​កុមារ ​ជាពិសេ​ស​រឿងរំ​លោភ​ រឿង​ហិង្សា​ក្នុងគ្រួសារ ​ដោយសារ​ក្មេង​គ្នា​​ត្រូវការ​កិច្ចការពារ​ពី​មនុស្ស​ចាស់​ ហើយ​ការរំលោភ​យើង​ឃើញភាគ​ច្រើន​ពី​មនុស្ស​ចាស់ទៅ​លើ​កូន​ក្មេង​ក្រោម​ ១២​ឆ្នាំ ​ក្រោម​ ១០​ឆ្នាំ ​ភាគ​ច្រើន​គំរាម​ក្មេងដែល​ឳពុក​ម្តាយ​ទុកចោល​នៅដាច់ស្រយាល»។

របាយ​ការណ៍​សមាគម​​ការពារ​​សិទ្ធិ​មនុស្ស​​អាដហុក​ឲ្យដឹងថា​ នៅ​ឆ្នាំ​​ ២០២០​ ​អំពើ​​រំលោភ​​សេព​សន្ថវៈ​​មាន​ចំនួន​ ១៤៥​ករណី ​គឺ​​​កើន​ឡើង​​តិចតួច​បើ​​ប្រៀបធៀបទៅ​​នឹង​​ឆ្នាំ​​ ២០១៩ ​ក្នុងនោះ​​ជន​រង​គ្រោះ​​​ភាគច្រើន​​ ​គឺ​ជា​​ក្មេងស្រី​ អាយុ​​ក្រោម​​ ១៨​ឆ្នាំ ​​ដែល​បាន​​ប្រព្រឹត្ត​​ដោយ​​​សាច់ញាតិ​​ផ្ទាល់​ ឬ​​បុគ្គល​​ក្រៅ​​​រង្វង់​​គ្រួសារ ​ហើយ​​មាន​​ជនរ​​ងគ្រោះ​​ខ្លះ​​ត្រូ​វបា​ន​​សម្លាប់​​ផងដែរ។

ចំណែក​នាយករង​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​អំ សំអាត ក៏​បាន​លើក​ឡើងពី​ក្តីបារម្ភជា​ខ្លាំង​នៃការ​កើន​ឡើង​ទៅលើការ​រំលោភ​សិទ្ធិ​របស់កុមារ ​ក្នុងនោះ​រួមមាន​ការ​រំលោភ​បំពាន​លើ​រាងកាយ​ ការរំលោភ​ផ្លូវភេទ​ ការ​សម្លាប់​​និង​ការ​រំលោភ​បំ​ពាន​លើ​កម្លាំង​ពលកម្ម​ជាដើម។ លោកថា ​ករណី​រំលោភ​ផ្លូវ​ភេទ​ លើ​កុ​មារ​អាយុក្រោ​ម​ ១៨ឆ្នាំ ​គឺមាន​ច្រើន​ជាង​ស្រី្ត​ទៅ​ទៀត​៖ ​«តួលេខ​របស់​អង្គការ​លីកាដូ​ដែលយើង​ទទួល​បាន​ ហើយ​នឹង​ការ​រំលោភ​សម្លាប់​ ការ​សម្លាប់​នេះ ​ក៏​វា​មាន​ច្រើនដែរ ​អញ្ចឹង​ជាការ​ព្រួយបារម្ភ។ យើង​ជា​អង្គការ​សង្គម​ស៊ីវិល ​ទាមទារ​ឲ្យ​មាន​យន្តការ​បន្ថែមទៀត ​ដើម្បី​លើក​កម្ពស់ ​និង​ការពារ​សិទ្ធិកុមារ ​ពីព្រោះកុមារ ​គឺ​ជា​ទំពាំង​ស្នង​ឫស្សី ​អញ្ចឹង​គឺរាល់ភាគី​ទាំងអស់ ​ទាំង​រដ្ឋាភិបាល ​សង្គមស៊ីវិល ​និង​ស្ថាប័ន​ពាក់ព័ន្ធ ​គួរតែរ​កវិធានការ​បន្ថែមទៀត ​ដើម្បីការពារ​កុមារ»។

អាស៊ីសេរី​ មិនអា​ច​ទាក់ទង​សុំការ​ឆ្លើយបំភ្លឺ​ជុំវិញ​ករណី​សម្លាប់​កុមារី ​ពីប្រធាន​​នាយកដ្ឋា​ន​​ប្រឆាំង​​ការជួញដូរ​​មនុស្ស​ និង​​ការពារ​​អនីតិជន​​លោក​ ជីវ ផល្លី​ ​បាន​ទេ ​កាលពី​ថ្ងៃទី២​៧​ ខែ​មីនា។

របាយការណ៍​​របស់​​អង្គការ​​យូនីសេហ្វ​ ​(UNICEF) ​​កាល​ពី​​ឆ្នាំ២០១៩ ​ឱ្យ​ដឹងថា​ អំពើហិង្សា​​ និង​ការ​​រំលោភ​បំពាន​នៅ​តែ​​មាន​​កម្រិត​​ធ្ងន់ធ្ងរ​​សម្រាប់​​កុមារ​​នៅក​ម្ពុជា។ កុមារ​​ម្នាក់​​ក្នុង​ចំណោម​​ពីរ​នាក់​ ទទួល​​រង​​អំពើ​ហិង្សា​ផ្លូវ​កាយ​ធ្ងន់ធ្ងរ​ ស្របពេល​​កុមារ​​ម្នាក់​​ក្នុង​​ចំណោម ​៤នាក់ ទទួល​​រង​ការ​​រំលោភ​​បំពាន​​ផ្លូវ​​ចិត្ត។ ជាមួយ​​គ្នា​នេះ កុមារី ​និង​​កុមារាម្នាក់​ ក្នុង​ចំណោម ​២០នាក់​ ធ្លាប់​​ទទួល​​រង​ការ​​រំលោភបំពាន​​ផ្លូវ​ភេទ។

អង្គការ​យូនីសេហ្វគូស​​បញ្ជាក់ថា​ ការ​បណ្តុះនូវ​​វប្បធម៌កា​រពារ​​កុមារ​ គឺ​ជា​រឿដ៏​ចាំបាច់ ​ដើម្បី​​ធានា​​ថា​ កុមារ​​មាន​​សេរីភាព​​រួច​ផុត​​ពីការ​​ឈឺចាប់​​នានា។ ចំណុច​​នេះ​ រួម​​មាន​ ​បង្កើន​​ខ្ទង់​​ចំណាយ​​របស់​​រដ្ឋ​​លើ​កិច្ច​ការពារ​កុមារ ​បង្កើត​ច្បាប់​​ការពារ​កុមារ ​ព្រម​ទាំង​​ពង្រឹង​​ប្រព័ន្ធដែល​​មាន​​លក្ខណៈគ្រប់ជ្រុង​ជ្រោយ ​និង​​ផ្តល់​​ការ​គាំទ្រ​ឱ្យ​​បាន​​សមស្រប​ដល់​កុមារ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល