ពលរដ្ឋ និង​សង្គម​ស៊ីវិល​បារម្ភ​ពី​អសន្តិសុខ​សង្គម​បន្ទាប់​ពី​សកម្មភាព​ក្មេង​ទំនើង​កាន់តែ​កើនឡើង

ដោយ ជីវិតា
2023.09.06
ពលរដ្ឋ និង​សង្គម​ស៊ីវិល​បារម្ភ​ពី​អសន្តិសុខ​សង្គម​បន្ទាប់​ពី​សកម្មភាព​ក្មេង​ទំនើង​កាន់តែ​កើនឡើង យុវជន ៤នាក់ ដែលសមត្ថកិច្ច​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ចាប់ខ្លួនពីបទ​បង្កហិង្សា​វាយតប់គ្នា កាលពថ្ងៃទី២ កញ្ញា ២០២៣។
រូប៖ ស្នងការនគរបាលរាជធានីភ្នំពេញ

ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​បារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ​សង្គម បន្ទាប់​ពី​ក្មេង​ទំនើង​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង បង្ក​ភាព​អនាធិបតេយ្យ ប្រើប្រាស់​អំពើ​ហិង្សា និង​ចោរកម្ម​ផ្សេងៗ។ ពួកគាត់​ថា រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​នេះ ឱ្យ​បាន​ទាន់​ពេល​ដើម្បី​លុប​បំបាត់​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម និង​បង្កើន​គុណភាព​ធនធានមនុស្ស​អភិវឌ្ឍ​ប្រទេសជាតិ។

ក្រុម​ក្មេង​ទំនើង ឬ​ហៅថា ក្មេង​ស្ទាវ ឬ​ជើងកាង កំពុង​ក្លាយ​ជា​ចំណោទបញ្ហា​មួយ​ក្នុង​សង្គម ដែល​បង្ក​ភាព​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បរទេស ចំពោះ​សកម្មភាព​បង្ក​អំពើ​ហិង្សា​នៅ​តាម​ទី​សាធារណៈ អសន្តិសុខ​សង្គម គប់​កញ្ចក់​រថយន្ត និង​បង្ហោះ​ម៉ូតូ ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ​ជាដើម។

បុគ្គលិក​បម្រើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ កញ្ញា ណាក់ ស្រីណា សង្កេត​ឃើញ​ថា មាន​ក្មេង​ទំនើង​ជាច្រើន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ផ្លូវ ខ្លះ​មាន​ដាវ និង​ដំបង ដែល​ធ្វើ​ឱ្យ​កញ្ញា​ព្រួយបារម្ភ​នៅ​ពេល​បើកបរ​លើ​ដងផ្លូវ​នៅ​ពេល​យប់​ព្រលប់។ កញ្ញា​លើកឡើង​ថា ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​ជួបជុំគ្នា​ទាំង​ហ្វូង ស្រែក​ឡូឡា ពេលខ្លះ​ឆក់​ប្លន់​អ្នក​ធ្វើ​ដំណើរ និង​ជួនកាល​វាយតប់​គ្នា ដោយ​គ្មាន​ខ្លាច​រអា​នោះ​ឡើយ។

កញ្ញា ណាក់ ស្រីណា៖ «ពេល​ចេញពី​ធ្វើការ​យប់​ឡើង​ជិះ​ម៉ូតូ​ទៅផ្ទះ​វិញ ពិតជា​មាន​ការ​បារម្ភ មាន​ការ​ភ័យ​ខ្លាច​ខ្លាំង ដោយសារ​យើង​ជា​ស្រី យើង​ចេញ​យប់​ព្រលប់។ បើ​គិត​ទៅ​ម៉ោង​៩ យប់​ដែរ​ហើយ​សម្រាប់​មនុស្ស​ស្រី ប៉ុន្តែ​ដោយសារ​តែ​ការងារ ដោយសារ​តែ​ភារកិច្ច​យើង ទើប​យើង​ប្រថុយប្រថាន​នៅក្នុង​ការ​ជិះ​ម៉ូតូ​ទាំងយប់»

ក្ដី​បារម្ភ​នេះ កើតឡើង​បន្ទាប់ពី​សកម្មភាព​វាយតប់​គ្នា និង​បង្ហោះ​ម៉ូតូ កើតមាន​កាន់តែ​ច្រើន និង​កាន់តែ​សាហាវ នៅ​តាម​ទីប្រជុំជន សួន​សាធារណៈ និង​ដងផ្លូវ​តូច​ធំ​នានា ទាំង​នៅ​តាម​បណ្ដា​ខេត្ត និង​ក្នុង​រាជធានី​ភ្នំពេញ។ នៅ​លើ​បណ្ដាញ​សង្គម​ស្ទើរ​រៀងរាល់ថ្ងៃ តែង​មាន​ការ​ចែករំលែក​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ក្មេង​ស្ទាវ​ស្រី​ប្រុស ជិះ​ម៉ូតូ​កាំ​បន្ទះ​ជា​ក្រុម ជួនកាល​មាន​កាន់​ដាវ​សាំមូរ៉ៃ ដំបង ឈើ​ជ្រុង ដែក​ទីប ដេញ​កាប់​ចាក់​គ្នា​លើ​ផ្លូវ។

ជាក់ស្ដែង កាលពី​ថ្ងៃទី​២ កញ្ញា យុវជន ឈ្មោះ ឆ ឈន នៅ​ខេត្ត​ពោធិ៍សាត់​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ប្រមាណ ១០​នាក់ ធ្វើ​សកម្មភាព​បាញ់​គ្រាប់​ជំពាម និង​យក​កាំបិត​កាប់​យុវជន អាយុ​២០​ឆ្នាំ​រូប​នេះ ដាច់​កដៃ​ខាងឆ្វេង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន ៦​នាក់​។ ចំណែក​នៅ​រាជធានី​ភ្នំពេញ​វិញ មាន​ករណី​ក្មេង​ទំនើង ៧​នាក់ ព្រួត​គ្នា​យក​កាំបិតប៉័ងតោ និង​ដាវ​សាំមូរ៉ៃ កាប់​លើ​ជនរងគ្រោះ​បណ្តាល​ឱ្យ​រង​របួស និង​កាប់​លើ​ម៉ូតូ​របស់​ជនរងគ្រោះ​ខូចខាត ចំនួន ៣​ករណី​មក​ហើយ។

បញ្ហា​ក្មេង​ទំនើង មិន​ត្រឹមតែ​បង្ក​ភាពស្មុគស្មាញ​ឱ្យ​អាណាព្យាបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិបត្តិ​សង្គម​នេះ ក៏​បង្ក​ក្ដី​បារម្ភ​ចំពោះ​គ្រូបង្រៀន​មួយចំនួន​ផង​ដែរ នៅ​ពេល​ដែល​ឪពុកម្ដាយ​សិស្ស​ខ្លះ ហាក់​មិនសូវ​យកចិត្តទុកដាក់ ឬ​ណែនាំ​ចំពោះ​អាកប្បកិរិយា​កូន​របស់​ពួកគាត់។

នាយក​អនុវិទ្យាល័យ​បឹងប្រាំ នៅ​ខេត្ត​បាត់ដំបង លោក រ៉ុន ឆៃលាង កត់សម្គាល់​ឃើញថា កត្តា​សំខាន់​ដែល​រួមចំណែក​នាំ​ឱ្យ​យុវជន​មួយចំនួន​មានចិត្ត​កាន់តែ​សាហាវ គឺ​បណ្ដាល​មក​ពី​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម មាន​ដូចជា ការ​ចែករំលែក​រូបភាព​បែប​ហិង្សា​និយម និង​ការ​យក​គំរូ ឬ​ធ្វើ​ត្រាប់​តាម តួអង្គ​កាច​សាហាវ​នៅក្នុង​ខ្សែភាពយន្ត​ជាដើម​។ គ្រូបង្រៀន​រូប​នេះ​ស្នើ​ឱ្យ​ឪពុកម្ដាយ និង​អាណាព្យាបាល​សិស្ស គួរ​យកចិត្តទុកដាក់​អប់រំ​កូន ទៅលើ​អត្តចរិត អាកប្បកិរិយា ជាពិសេស​កុំ​បណ្ដោយ​ឱ្យ​កូន​ប្រើប្រាស់​បណ្ដាញ​សង្គម​តាម​អំពើ​ចិត្ត ដែល​បង្កើត​ទៅជា​ផ្នត់គំនិត​អវិជ្ជមាន។

លោក រ៉ុន ឆៃលាង៖ «ទាក់ទង​នឹង​បញ្ហា​នេះ ទីមួយ​យើង​ដាក់​ផែនការ​ប្រជុំ​ជាមួយ​មាតាបិតា​សិស្ស និង​អាជ្ញាធរ​ពាក់ព័ន្ធ​មក​ប្រជុំ​គ្នា​ដើម្បី​រក​ច្រកចេញ ពី​ប​បញ្ហា​ដែល​ក្មេង​ទំនើង ឬ​ក្មេង​ហិតកាវ​ដែល​ដើរ​វាយ​នេះ​វាយ​នោះ​អ៊ីចឹង​ទៅ យើង​ពិភាក្សា​គ្នា ហើយ​ម៉ែឪ​ក៏​យល់ព្រម​ធ្វើតាម​សាលា​ទៅ។ តែ​ដោយឡែក​ខ្លះ វា​ចេញ​តែ​ពីមុខ​ម៉ែឪ និង​គ្រូ ក៏​អាច​ធ្វើ​បាន​មួយចំនួន​តូច​ទៀត​ដែរ»

ព្រះសង្ឃ​គង់​នៅ​ខេត្ត​កំពង់ស្ពឺ ព្រះតេជព្រះគុណ សន សីលា មាន​ថេរដីកា​ថា ក្មេង​ទំនើង​ប្រៀប​បាន​ទៅ​នឹង​កោសិកា​ខូច​នៃ​សង្គម ដែល​រដ្ឋាភិបាល និង​អាណាព្យាបាល គួរ​ប្រញាប់​ព្យាបាល​ឡើងវិញ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា បណ្ដាញ​ទំនាក់ទំនង និង​ការកម្សាន្ត លឿន​ជាង​ការ​អប់រំ និង​ការ​ប្រើប្រាស់​គ្រឿងញៀន បាន​បណ្ដាល​ឱ្យ​សីលធម៌ និង​គុណធម៌​ក្នុង​សង្គម​កាន់តែ​ធ្លាក់​ចុះ។

ព្រះតេជព្រះគុណ សន សីលា៖ «ក្នុង​នោះ​ឯង ដំណោះស្រាយ​មានតែ​ការអនុវត្ត​ច្បាប់ ការ​ពង្រឹង​ច្បាប់​ឱ្យ​មាន​តម្លាភាព មនុស្ស​ធ្វើ​ខុសត្រូវ​តែ​មាន​ទោស។ ម្យ៉ាងវិញទៀត យើង​ត្រូវតែ​មាន​ការចូលរួម​ពី​ឪពុកម្ដាយ ពី​អាណាព្យាបាល ដើម្បី​អប់រំ​កូន ទាំង​ជាមួយ​លោកគ្រូ​អ្នកគ្រូ ក៏ដូចជា​ឈាន​ទៅ​ដល់​សង្គម​ទាំងមូល​ផង​ដែរ។ បើ​យើង​មាន​ការ​អប់រំ​ត្រឹមត្រូវ នោះ​យើង​អាច​គ្រប់គ្រង​ស្រទាប់​យុវជន​បាន»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​បកស្រាយ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​៦ កញ្ញា។

មន្ត្រី​តស៊ូ​មតិ នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) អ្នកស្រី សាក់ កន្និការ មើលឃើញ​ថា កម្សោយ​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ស្រាបៀរ​ផ្សព្វផ្សាយ​ដោយ​សេរី ក៏​បាន​ក្លាយជា​ផ្នែក​ធំ​មួយ​ដែល​អូសទាញ​យុវជន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ការប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងទៀត រហូតដល់​ការប្រើប្រាស់​អំពើ​ហិង្សា​កាប់​សម្លាប់​អ្នក​ដទៃ ឬ​ឪពុកម្ដាយ​របស់​ខ្លួន​ទៀត​ផង។ អ្នកស្រី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ ខណៈ​អាណាព្យាបាល និង​គ្រឹះស្ថាន​សិក្សា ត្រូវ​បង្កើន​ការ​អប់រំ​សីលធម៌ តាមដាន និង​លើកទឹកចិត្ត​យុវជន​ឱ្យ​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ។

អ្នកស្រី សាក់ កន្និការ៖ «ខ្ញុំ​ក៏​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ពិចារណា​ទៅលើ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅពេល​បច្ចុប្បន្ន ពីព្រោះ​លទ្ធផល​នៃ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ដែល​ធ្វើ​ឱ្យ​មាន​រោងចក្រ ឬ​ស្ថាប័ន​មួយ​ចំនួន​ធំ​ត្រូវ​បាន​បិទ ប៉ះពាល់​ដល់​សមាជិក​គ្រួសារ​របស់​គាត់ ដែល​គាត់​អត់​អាច​រក​ចំណូល​បាន ហើយ​វា​ធ្វើ​ឱ្យ​សិស្ស​ត្រូវ​បង្ខំចិត្ត​ឈប់​រៀន​។ ហើយ​នៅ​ពេល​ដែល​ពួកគាត់​អត់​ទាន់​មាន​ចំណេះដឹង​ច្បាស់លាស់​ទេ ហើយ​ទៅ​ប្រឡូក​ជាមួយ​សង្គម ងាយ​ណាស់​ដែល​គាត់​ប្រើប្រាស់​អំពើ​ហិង្សា​ត​ជំនាន់»

កាលពី​ថ្ងៃទី​១ កញ្ញា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​លើកឡើង​ពី​គម្រោង​ទប់ទល់​នឹង​បញ្ហា​សង្គម​ទាំងនេះ ដោយ​យក​ក្រុម​ក្មេង​ទំនើង​ឱ្យធ្វើ​ប្រជា​ការពារ ដែល​លោក​អះអាង​ថា គឺ​ដើម្បី​ឱ្យ​ពួកគេ​ចូលរួម​គ្រប់គ្រង​បទល្មើស​។ ប៉ុន្តែ​សង្គម​ស៊ីវិល​បារម្ភ​ពី​វី​ធី​សាស្ត្រ​នេះ​ថា អាច​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​អសន្តិសុខ​សង្គម​កាន់តែ​ខ្លាំង​ឡើង ព្រោះ​ក្មេង​ទំនើង​ភាគច្រើន កំពុង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ជោគជាំ និង​មានចិត្ត​ឆេវឆាវ ដែល​បង្ក​ជា​ការ​ព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​បន្ថែម​ទៀត។

ក្មេង​ស្ទាវ ឬ​ក្មេង​ទំនើង ភាគច្រើន​ជា​កុមារ និង​យុវជន មាន​អាយុ​ចាប់ពី​១៤ ទៅ​២៥​ឆ្នាំ ដែល​ជា​វ័យ​ពេញ​កម្លាំង និង​ប្រាជ្ញា​ស្មារតី សម្រាប់​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ធនធាន​សំខាន់​សម្រាប់​ប្រទេស​ជាតិ។ ប៉ុន្តែ ការ​ដើរ​លើ​គន្លង​ប្រាសចាក​ពី​សីលធម៌​របស់​យុវជន​មួយចំនួន​នា​ពេល​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ និង​សង្គម​ស៊ីវិល​បារម្ភ​ពី​ជោគវាសនា​ពួកគេ និង​អនាគត​ប្រទេស​ជាតិ ដែល​សម្បូរ​ដោយ ទំពាំង​រលួយ​មិន​អាច​ក្លាយ​ជា​ឫស្សី​រឹងមាំ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។