ពលរដ្ឋ​ស្នើ​ឱ្យ​តុលាការ​ខេត្ត​កំពង់ធំ​ទម្លាក់​បទ​ចោទប្រកាន់​ពី​ការ​ឈូស​ឆាយ​ផ្លូវ​លើ​អ្នក​ភូមិ​ដូន​ឈូក

ដោយ មាន ឫទ្ធិ
2024.02.06
ពលរដ្ឋ​ស្នើ​ឱ្យ​តុលាការ​ខេត្ត​កំពង់ធំ​ទម្លាក់​បទ​ចោទប្រកាន់​ពី​ការ​ឈូស​ឆាយ​ផ្លូវ​លើ​អ្នក​ភូមិ​ដូន​ឈូក អយ្យការអម​នៃសាលាដំបូងខេត្ត​កំពង់ធំ។
រូប៖ ហ្វេសប៊ុកសាលាដំបូងខេត្ត​កំពង់ធំ

ប្រជាពលរដ្ឋ​ភូមិ​ដូន​ឈូក ស្នើ​អាជ្ញាធរ​អន្តរាគមន៍​ឱ្យ​តុលាការ​ខេត្ត​កំពង់ធំ លើក​លែង​បទ​ចោទ​ទាក់ទង​នឹង​សកម្មភាព​ឈូស​ឆាយ​ផ្លូវ​ធ្វើ​ដំណើរ​ចូល​ភូមិ​។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា អាជ្ញាធរ​ខេត្ត​គួរ​សម្របសម្រួល​ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​ដី​នៅ​អម​សងខាង​ផ្លូវ​ឱ្យ​បាន​ឆាប់ ជាជាង​អូស​បន្លាយ​រឿងក្ដី​នៅ​តុលាការ នាំ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេញ​តវ៉ា​ជាថ្មី។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ដូនឈូក ឃុំ​នីពេជ្រ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ស្នើ​ឱ្យ​អាជ្ញាធរ​អន្តរាគមន៍​ឱ្យ​តុលាការ​ខេត្ត​កំពង់ធំ លើកលែង​បទ​ចោទប្រកាន់​ទៅលើ​អ្នក​ដែល​បាន​ឈូស​ឆាយ​ផ្លូវ​ឱ្យ​បាន​ឆាប់ ជាជាង​បន្ត​នីតិវិធី​នៅ​តុលាការ​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ។

ពលរដ្ឋ​ភូមិ​ដូន​ឈូក​ម្នាក់ គឺ​លោក ញឹម វ៉ាង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​កោះហៅ​លោក និង​លោក ញឹម ភាន់ ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ​។ លោក​ចាត់ទុក​ថា ការ​បន្ត​នីតិវិធី​លើ​ប្រជាពលរដ្ឋ​ដែល​គ្រាន់តែ​ឈូស​ឆាយ​ដី​ផ្លូវ ដែល​មាន​តាំងពី​បុរាណ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​ឡើងវិញ​នេះ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​សាជាថ្មី​ម្ដង​ទៀត ខណៈ​ការ​ឈូស​ឆាយ​ផ្លូវ​ទំហំ​៦​ម៉ែត្រ គឺ​ធ្វើ​ឡើង​ទៅ​តាម​ទំហំ​មាន​តាំង​ពី​បុរាណ​មក​តែ​ប៉ុណ្ណោះ។

លោក ញឹម វ៉ាង៖ «សំណូមពរ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ សំណូមពរ​ឱ្យ​គាត់​មើល​សំណុំរឿង​ហ្នឹង​សារ​ថ្មី​វិញ ម្ដេចក៏​រឿង​ហ្នឹង​ចប់​ពី​រឿង​មួយ​ហើយ ចូល​មួយ​ទៀត ឥឡូវ​ដល់​៧​នាក់​ទៀត​។ ចង់​ឱ្យ​គាត់​ដក​ពាក្យបណ្ដឹង​ហ្នឹងឯង ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ស្រួល កុំឱ្យ​ប្ដឹង​ប្រជាពលរដ្ឋ​វិញ»

ដោយសារ​តែ​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ភូមិ​ដូន​ឈូក​ប្រមាណ​៣០០​នាក់ នៅ​ខាងមុខ​សាលា​ខេត្ត​កំពង់ធំ តុលាការ​ខេត្ត​នេះ​បាន​ដោះលែង​លោក ឡូត ឡាញ់ ដែល​ជា​អ្នក​ឈូស​ឆាយ​ផ្លូវ​ចូល​ភូមិ​ឱ្យ​មាន​សេរីភាព​វិញ កាលពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ។ លោក ឡូត ឡាញ់ បាន​ជាប់​ពន្ធនាគារ ជិត​១​ខែ ក្រោម​បទ​ចោទ ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ដែល​មាន​លោកស្រី សាន់ ចំប៉ា ជា​ម្ចាស់​ដី​នៅ​អម​សងខាង​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ដូន​ឈូក​ជាដើម​បណ្ដឹង។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​រង​ស្រុក​កំពង់ស្វាយ លោក ឡាង សារ៉ូ និង​ភាគី​ម្ចាស់​ដី​នៅ​អម​សងខាង​ផ្លូវ លោកស្រី សាន់ ចំប៉ា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​អន្តរាគមន៍​ឱ្យ​តុលាការ​លើកលែង​បទចោទប្រកាន់ ទៅលើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់ ព្រោះ​ការ​ឈូស​ឆាយ​ផ្លូវ​របស់​អ្នកភូមិ ធ្វើឡើង​ក្នុង​គោលបំណង​បាន​ផ្លូវ​ធ្វើដំណើរ​ចូល​ភូមិ​វិញ​តែប៉ុណ្ណោះ។

លោក កើត សារ៉ាយ៖ «ខ្ញុំ​ក៏​អំពាវនាវ​ដល់​តុលាការ​ខេត្ត​កំពង់ធំ​ដែរ ថា សុំ​ឱ្យ​កុំ​ចាត់ទុក​រឿង​បែបនេះ​ជា​រឿង​បទល្មើស​អី សូម​ចាត់ទុក​វា​គ្រាន់តែ​ជា​រឿង​បែប​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៅ ហើយ​ព្យាយាម​សម្របសម្រួល ជាជាង​រុញ​រឿង​ហ្នឹង​ឱ្យ​ទៅ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​វា​អាច​នឹង​មាន​រឿងក្ដី​ក្ដាំ ហើយ​វា​ក៏​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​យោគយល់ និង​អធ្យាស្រ័យ​នូវ​កំហុស​ដែល​ពលរដ្ឋ​គាត់​ប្រព្រឹត្តិ​ដោយ​អចេតនា ឬក៏​ការប្រព្រឹត្តិ​ហ្នឹង​វា​មិន​ទាន់​បង្ហាញ​អំពី​ការ​រំលោភ​បំពាន​ណាមួយ​ជាក់លាក់»

ក្រៅពី​លោក ញឹម វ៉ាង និង​លោក ញឹម ភាន់ តុលាការ​ខេត្ត​កំពង់ធំ​ក៏​បាន​កោះហៅ​ប្រជាពលរដ្ឋ​៥​នាក់​ផ្សេង​ទៀត ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ផង​ដែរ។ តំណាង​ប្រជាពលរដ្ឋ​លើកឡើង​ថា ប្រសិនបើ​តុលាការ​មិន​លើកលែង​បទចោទប្រកាន់​ទេ​នោះ អ្នក​ភូមិ​ដូន​ឈូក នឹង​ធ្វើ​ដំណើរ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ជា​ថ្មី​ទៀត នៅ​ខាង​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។