ពលរដ្ឋ​ដែល​រារាំង​អាជ្ញាធរ​អប្សរា​មិន​ឲ្យ​រុះរើ​ផ្ទះ ស្នើ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់

ដោយ ជាតិ ចំណាន
2023.11.26
ពលរដ្ឋ​ដែល​រារាំង​អាជ្ញាធរ​អប្សរា​មិន​ឲ្យ​រុះរើ​ផ្ទះ ស្នើ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់ ពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​ នាំគ្នា​រារាំង​និង​បណ្ដេញ​អាជ្ញាធរ​អប្សរា​មិន​ឲ្យ​រុះរើ​ផ្ទះសម្បែង ដែល​មិនបាន​ជូនដំណឹង និង​មិនបាន​ទុក​ពេល​សមរម្យ​ឲ្យ​ពលរដ្ឋ កាលពី​ថ្ងៃទី​៨ សីហា ២០២៣។
រូប៖ វីដេអូចែកចាយលើហ្វេសប៊ុក

ពលរដ្ឋ​ដែល​រារាំង​អាជ្ញាធរ​ជាតិ​អប្សរា មិន​ឲ្យ​រុះរើ​ផ្ទះសម្បែង ស្នើ​ដល់​តុលាការ​ខេត្ត​សៀមរាប លើកលែង​ការ​ចោទប្រកាន់​។ ជុំវិញ​រឿង​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​រុះរើ​ផ្ទះ​ពលរដ្ឋ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​មួយ​ធ្ងន់ធ្ងរ និង​ស្នើ​តុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ ហើយ​មិន​គួរ​ចូលរួម​រំលោភ​សិទ្ធិមនុស្ស។

ពលរដ្ឋ​ម្នាក់ នៅ​ភូមិ​តាប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​រង​ពាក្យបណ្ដឹង​ពី​អាជ្ញាធរ​ជាតិ​អប្សរា លោក សួង ស៊ាក ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២៥ វិច្ឆិកា​ថា ពលរដ្ឋ​រាប់​រយ​នាក់ ដែល​បាន​រារាំង​អាជ្ញាធរ​អប្សរា​មិន​ឲ្យ​រុះរើ​សំយ៉ាប​ផ្ទះ កាល​ពី​ថ្ងៃ ទី​៨ សីហា​នោះ មិន​បាន​ប្រើ​អំពើ​ហិង្សា​លើ​អាជ្ញាធរ​នោះ​ទេ។ លោក​ស្នើ​ដល់​សាលាដំបូង​ខេត្ត​សៀមរាប ទម្លាក់​ការ​ចោទប្រកាន់​លើ​ពួកគាត់។ «»

សាលាដំបូង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៤ វិច្ឆិកា បាន​បើកសវនាការ ដើម្បី​សាកសួរ​ដេញដោល តាម​ពាក្យបណ្ដឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ប្ដឹង​ពលរដ្ឋ ចំនួន ៤​នាក់ រស់នៅ​ភូមិ​តា​ប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រួមមាន​លោក សួង ស៊ាក លោក វ៉ា ចំណាប់ លោក ឃ្លោក គុយបា និង​លោក វ៉ៃ វណ្ណា ពី​បទ​ប្រឆាំង​នឹង​ការ​អនុវត្ត​ការងារ​សាធារណៈ ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា និង​ហិង្សា​ដោយ​ចេតនា ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ជាច្រើន​រយ​នាក់ កាលពី​ថ្ងៃទី​៨ សីហា បាន​រារាំង​មិន​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រុះរើ​តង់ និង​ផ្ទះសម្បែង​របស់​ពួកគាត់។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប អ្នកស្រី សាត ធីតា ដើម្បី​សុំ​ការ​ឆ្លើយតប សំណើ​របស់​ពលរដ្ឋ​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៥ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

សេចក្ដីសម្រេច​ស្ដីពី​ការកំណត់​បទដ្ឋាន នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២ ក្នុង​តំបន់​រមណីដ្ឋាន​សៀមរាប​-​អង្គរ របស់​អតីត​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​កំណត់​ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់ ១ និង​តំបន់​២ ក្នុង​តំបន់​រមណីយដ្ឋាន​សៀមរាប​-​អង្គ​រថា ពលរដ្ឋ ដែល​មាន​លំនៅឋាន រស់នៅ​យូរលង់​អាច​បន្ត​រស់នៅ​តទៅ​ទៀត​បាន ដោយ​មិន​បាន​ការ​បណ្ដេញ​ចេញ​ពី​ភូមិដ្ឋាន​ឡើយ។ មួយវិញ​ទៀត ប្រជាពលរដ្ឋ អាច​រុះរើ​ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាងសង់​ថ្មី ដោយ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​អាច​ផ្ទេរមរតក​ឲ្យ​ទៅ​ញាតិសន្ដាន ឬ​អ្នកភូមិ​ជាមួយ​បាន លើកឡើង​ការ​លក់​ទៅ​ឲ្យ​ឈ្មួញ ឬ​លក់​សម្រាប់​សង់​អគារ​ជាដើម។

ទោះជា​មាន​សេចក្ដីសម្រេច​បែបនេះ​ក្ដី ពលរដ្ឋ​អះអាង​ថា ពួកគាត់​មិន​អាច​ជួសជុល​ផ្ទះ ដែល​ធ្លុះធ្លាយ ឬ​ធ្វើ​សំយ៉ាប​ផ្ទះ​ដើម្បី​បាំង​ខ្យល់​បាំង​ភ្លៀង​បាន​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត សូម្បីតែ​ការ​សាងសង់​បន្ទប់ទឹក សម្រាប់​បន្ទោបង់​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាងសង់​នោះ​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៥ វិច្ឆិកា​ដដែល​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ធុរកិច្ច នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​រុះរើ​ផ្ទះសម្បែង​ពលរដ្ឋ ជា​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ។ លោក​បន្ថែម​ថា ចំពោះ​ការ​តវ៉ា​របស់​ពលរដ្ឋ ដើម្បី​ការពារ​ផ្ទះសម្បែង​របស់​ខ្លួន មិនមែន​ជា​អំពើ​ខុសច្បាប់​នោះ​ទេ។ លោក​បន្ត​ថា សកម្មភាព​ទាំងនោះ​ជា​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ គឺ​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ ដែល​អាច​រស់នៅ​ប្រកបដោយ​ភាព​ថ្លៃថ្នូរ។ «»

ចំណែកឯ អ្នកសម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​នៅ​ខេត្តបាត់ដំបង​លោក អ៊ិន គង់​ជិត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ចុះ​សិក្សា​ករណី​អាជ្ញាធរ​អប្សរា​បាន​ប្ដឹង​ពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ពី​បទ​ប្រឆាំង​នឹង​ការ​អនុវត្ត​ការងារ​សាធារណៈ ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា និង​ហិង្សា​ដោយ​ចេតនា។ ពលរដ្ឋ​បាន​អះអាង​ប្រាប់​លោក​ថា ពលរដ្ឋ​មិនបាន​រារាំង​អាជ្ញាធរ​នោះ​ទេ គ្រាន់តែ​ពេល​អាជ្ញាធរ​អប្សរា​ចុះទៅ​ដល់​ភូមិ​តា​ប្រាក់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង​នោះ ពលរដ្ឋ​បាន​នាំ​គ្នា​មក​ចោមរោម​ច្រើន ជាហេតុ អាជ្ញាធរ មិន​បាន​រុះរើ សំយ៉ាប​ផ្ទះ​ប្រក់​តង់​របស់​ពលរដ្ឋ​នោះ​បាន។ មួយវិញទៀត ពលរដ្ឋ​ក៏​មិន​បាន​ប្រើ​អំពើ​ហិង្សា​លើ​អាជ្ញាធរ ឬ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​នោះ​ដែរ។ «»

ទាក់ទង​នឹង​ការរស់នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​អង្គរ មាន​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​រស់នៅ​តំបន់​អប្សរា​ក្នុង​ក្រុង​សៀមរាប​ស្រុក​អង្គរធំ ស្រុក​បន្ទាយស្រី និង​ពលរដ្ឋ​មួយចំនួន​រស់នៅ​ស្រុក​ប្រាសាទ​បាគង​បាន​បង្ខំចិត្ត​រុះរើ​ផ្ទះសម្បែង ចេញពី​តំបន់​ឧទ្យាន​អង្គរ​ជា​បន្តបន្ទាប់​ហើយ​ចាប់តាំងពី​ចុងឆ្នាំ​២០២២​រហូត​មក។ ការផ្លាស់ប្ដូរ​ទីលំនៅ​នេះ​ដោយសារ​ពួកគាត់​គ្មាន​ជម្រើស និង​ភ័យខ្លាច​រដ្ឋាភិបាល​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់។

អង្គការ​លើកលែងទោស​អន្តរជាតិ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ ដោយ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យកឈ្មោះ​អង្គការ UNESCO និង​លេស​ពាក្យ​ថា អភិរក្ស​ជា «​អាវុធ​» ដើម្បី​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​តំបន់​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ឆ្លើយតប​របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​នេះ អង្គការ​យូណេស្កូ (UNESCO) ភ្លាមៗ បាន​ចេញមុខ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​តំបន់​អង្គរ។ អង្គការ​យូណេស្កូ UNESCO ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​គោរព​សិទ្ធិ​ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ ដោយ​ត្រូវ​អនុវត្ត​តាម​សំណើ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ ដែល​បាន​លាតត្រដាង​ពី​ការរំលោភ​សិទ្ធិមនុស្ស​របស់​អាជ្ញាធរ​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។