សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​វែកមុខ​អ្នក​ពាក់ព័ន្ធ​ដឹក​អាវុធ​លក់​ខុស​ច្បាប់​ចូល​ទឹក​ដី​ថៃ​យក​មក​ផ្ដន្ទាទោស

ដោយ ចាន់ ដារ៉ូ
2024.02.13
សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​វែកមុខ​អ្នក​ពាក់ព័ន្ធ​ដឹក​អាវុធ​លក់​ខុស​ច្បាប់​ចូល​ទឹក​ដី​ថៃ​យក​មក​ផ្ដន្ទាទោស ទាហានថៃកំពុង​ពិនិត្យ​កាំភ្លើង ដែលកងទ័ព​ល្បាត​ជើងទឹក​ថៃ ស្ទាក់​ចាប់​បាន​ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ដឹកតាមទូក​ចូលស្រុកខ្លងយ៉ៃ (Klong Yai) ខេត្តត្រាត (Trat) កាល​ពី​ថ្ងៃ​ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកទីបញ្ជាការការពារព្រំដែនខេត្តចន្ទបុរី និងខេត្តត្រាត

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់​អំពើ​ពុករលួយ​នៅ​តាម​ព្រំដែន និង​វែក​មុខ​អ្នក​ពាក់ព័ន្ធ​ដែល​ឃុបឃិត​ក្នុង​ការ​ដឹក​អាវុធ​លក់​ឆ្លង​ខុស​ច្បាប់​ចូល​ទឹកដី​ថៃ​យក​មក​ផ្ដន្ទាទោស។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី អាជ្ញាធរ​ថៃ​ស្ទាក់​ចាប់​ពលរដ្ឋ​ម្នាក់​ដឹក​ជញ្ជូន​អាវុធ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹកដី​ប្រទេស​ថៃ​កាល​ពី​ពេល​ថ្មីៗ នេះ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់ អំពើ​ពុករលួយ​តាម​ព្រំដែន​កំពុង​បើក​ដៃ​ឱ្យ​ជន​ខិលខូច​ងាយស្រួល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​រកស៊ី​ជួញដូរ​អាវុធ និង​គ្រឿងញៀន​កើត​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ពួក​គេ​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​រឹត​បណ្ដឹង​ការ​អនុវត្ត​ច្បាប់ ដោយ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​យក​មក​អនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​បទ​ល្មើស​នៅ​តាម​ព្រំដែន​ទាំង​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក កើត សារ៉ាយ យល់​ឃើញ​ថា កន្លង​មក​ជន​ខិលខូច​អាច​នាំ​ចេញ​អាវុធ ឬ​គ្រឿងញៀន​ឆ្លងដែន​បាន​រួច​ផុត​ពី​ភ្នែក​របស់​អាជ្ញាធរ​ខ្មែរ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បាន​បែប​នេះ មិនមែន​ជា​រឿង​តូចតាច​នោះ​ទេ តែ​បញ្ហា​នេះ​បង្ហាញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​កម្ពុជា​អនុវត្ត​ច្បាប់​នៅ​ធូររលុង និង​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ។ លោក​ថា នៅ​ពេល​ដែល​អាជ្ញាធរ​អសមត្ថភាព​ទប់ស្កាត់​បទ​ល្មើស​ទាំង​នោះ ហើយ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល ជាពិសេស សន្តិសុខ​ជាតិ និង​តំបន់​ទាំង​មូល។

លោក កើត សារ៉ាយ៖ «រឿង​ដែល​អាម៉ាស់​ជាង​គេ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​មាន​ការ​អនុវត្ត​ច្បាប់​ខ្សោយ គឺ​ត្រង់​ថៃ​ចាប់​បាន ហេតុ​អ្វី​កម្ពុជា​ចាប់​មិន​បាន?! អ៊ីចឹង វា​បង្ហាញ​ពី​ទម្រង់​នៃ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដែល​យើង​តែងតែ​និយាយ​រិះគន់ ដើម្បី​ស្ថាបនា​ហ្នឹង វា​គ្មាន​កំណែ​ទម្រង់​ទេ គ្មាន​ភាព​ស័ក្ដិសិទ្ធិ​អ្វី​ទេ ដែល​និយាយ​នៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ទេ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​គិតពិចារណា ហើយ​រៀបចំ​វា​ឡើង​វិញ ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស»

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​បន្ទាប់​ប៉ូលិស​ថៃ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​ការ​ដឹក​អាវុធ​ជា​ច្រើន​ដើម និង​សារធាតុ​គ្រឿង​ឆ្លងដែន​តាម​ច្រក​សមុទ្រ​ចូល​ប្រទេស​ថៃ កាល​ពី​វេលា​ម៉ោង​ជិត ៤ទាប​ភ្លឺ នៅ​ថ្ងៃ​ទី៩ ខែកុម្ភៈ។

កាសែត បាងកក ប៉ុស្តិ៍ ចុះ​ផ្សាយ​ថា កងទ័ព​ល្បាត​ជើងទឹក​ថៃ ស្ទាក់​ចាប់​បាន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ ២០ឆ្នាំ នៅ​ស្រុកខ្លង់យ៉ៃ (Klong Yai) ខេត្តត្រាត (Trat)។ សមត្ថកិច្ច​ថៃ​រក​ឃើញ​កាំភ្លើង​វែង​ម៉ាក អឹម១៦ អា១ (M16 A1) ចំនួន ២ដើម ជាមួយ​ជាមួយ​បង់​កាំភ្លើង​ចំនួន២ កាំភ្លើង​វែង​ធុន អាកា៤៧ (AK-47) ចំនួន ៨ដើម ជាមួយ​បង់​កាំភ្លើង​ចំនួន៤៥ និង​គ្រាប់​កាំភ្លើង​ធុន អាកា៤៧ (AK-47) .៤៤០គ្រាប់ រួម​ទាំង​ទូរស័ព្ទ​ថៃ និង​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​មួយ​ចំនួន (Crystal Methamphetamine) ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ជា​ដើម។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា បច្ចុប្បន្ន អាជ្ញាធរ​ថៃ​កំពុង​ឃុំ​ខ្លួន​ជន​ជាប់ចោទ ដើម្បី​ស៊ើបអង្កេត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។ លោក​ឱ្យ​ដឹង​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ កំពុង​ទាក់ទង​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ផ្តល់​មេធាវី​ការពារ​ជន​ជាប់​ចោទ។ ចំណែក​ករណី​ស៊ើប​អង្កេត​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ដឹក​អាវុធ​ឆ្លងដែន​ចូល​ទឹកដី​ថៃ​នេះ លោក ជុំ សុន្ទរី បញ្ជាក់​ថា ក្រសួង​ការ​បរទេស​មិនមែន​ជា​សមត្ថកិច្ច​នោះ​ទេ ប៉ុន្តែ​លោក​ជឿ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រាកដ​ជា​ស៊ើប​អង្កេត​រឿង​នេះ។

តែ​យ៉ាង​ណា​ក្ដី មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស របស់​អង្គការ​សង់ត្រាល់ (CENTRAL) លោក លឹង សុផុន មើល​ឃើញ​ថា មូលហេតុ ដែល​បទល្មើស​ទាំង​នេះ​កើត​ឡើង​ទៅ​បាន គឺ​ដោយសារ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់​ក្រោម​ជាតិ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់ និង​មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។ ទន្ទឹម​នឹង​នេះ លោក​ឱ្យ​ដឹង​ថា រាល់​បទ​ល្មើស​ឆ្លងដែន ជាពិសេស ទាក់ទង​នឹង​ការ​ជួញដូរ​អាវុធ និង​ការ​ជួញដូរ​គ្រឿង​ចូល​ទឹកដី​ថៃ​កន្លង​មក ប៉ូលិស​ប្រទេស​នេះ​តែងតែ​ចាប់​ខ្លួន ដោយ​គេច​មិន​ផុត​ពី​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។