សង្គមស៊ីវិលស្នើដល់រដ្ឋាភិបាល ឲ្យដោះស្រាយក្ដីបារម្ភរបស់អ្នកវិនិយោគបរទេស អំពីល្បែងអនឡាញនៅកម្ពុជា។ ការលើកឡើងនេះ ក្រោយអ្នកវិនិយោគជប៉ុន លើកឡើងពីក្ដីបារម្ភរបស់ពួកគេ ប្រាប់ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល នៅពេលលោកចុះត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ កុម្ភៈ។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ក្ដីព្រួយបារម្ភរបស់អ្នកវិនិយោគទុនបរទេសទាំងនោះ គឺដោយសារតែអង្គការជាតិ និងអន្តរជាតិ រកឃើញជាបន្តបន្ទាប់ អំពីបញ្ហាអសុវត្ថិភាពនៅកម្ពុជា ទាក់ទងនឹងល្បែងអនឡាញ អំពើឆបោកតាមអនឡាញ (Online) ការជួញដូរមនុស្ស និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាដើម។
ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៍ អង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ប្រាប់វិទ្យុអាស៊ីសេរី តាមបណ្ដាញសង្គមស៊ីកណល (Signal) នៅថ្ងៃទី២៦ កុម្ភៈថា ការបារម្ភរបស់អ្នកវិនិយោគទុនជប៉ុននេះ កំពុងបង្ហាញពីភាពអវិជ្ជមានរបស់កម្ពុជា រួមមានផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។ លោកពន្យល់ថា ផ្នែកសន្តិសុខ គឺភាគីជប៉ុនអាចមើលឃើញកម្ពុជាថា ជាប្រទេស ដែលបង្កហានិភ័យ នៃអំពើជួញដូរមនុស្សដល់ពលរដ្ឋខ្លួន និងបរទេស ហើយជារឿយៗ តែងតែមានករណីចាប់ជំរិត (Call Center) និងការឆបោកមនុស្សឲ្យទៅធ្វើការងារក្នុងប្រភេទទាសភាព។ លោកថា កត្តានេះ ទើបសហគមន៍អន្តរជាតិ ដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់បំផុតនៃអំពើជួញដូរមនុស្ស។
លោកថា កត្តាទាំងនេះ កំពុងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា ដោយសារតែអ្នកវិនិយោគបារម្ភពីសុវត្ថិភាពរបស់ពួកគេ នៅពេលបោះទុនវិនិយោគនៅកម្ពុជា ហើយបញ្ហាទាំងនេះបានធ្វើឲ្យបាត់បង់អ្នកវិនិយោគល្អៗ ភ្ញៀវទេសចរណ៍អន្តរជាតិ និងធ្វើឲ្យខាតបង់ចំណូលជាតិជាដើម។
ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៤ កុម្ភៈ បានចុះទៅពិនិត្យច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានទៅពិនិត្យនៅតំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនវិនិយោគមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងជំនួបរវាង លោក ស៊ុន ចាន់ថុល និងអ្នកវិនិយោគជប៉ុន ភាគីជប៉ុនបានលើកឡើងពីក្ដីកង្វល់បីរួមមាន ការផ្គត់ផ្គង់ថាមពលអគ្គិសនី ទឹក ដែលបម្រើឲ្យវិស័យឧស្សាហកម្ម និងបញ្ហាល្បែងអនឡាញជាដើម។
ឆ្លើយតបនឹងបញ្ហានេះ លោក ស៊ុន ចាន់ថុល បានថ្លែងអះអាងថា បញ្ហាទឹកភ្លើង តែងជួបបញ្ហានៅក្រៅតំបន់សេដ្ឋកិច្ចពិសេស តែលោកអះអាងថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានទឹក និងភ្លើងគ្រប់គ្រាន់។ លោក ស៊ុន ចាន់ថុល ហាក់ភ្ញាក់ផ្អើល នៅពេលឭអ្នកវិនិយោគ លើកពីក្ដីបារម្ភអំពីបញ្ហាល្បែងអនឡាញ។
លោក ស៊ុន ចាន់ថុល៖ «មិញខាងជប៉ុនខាងតូយ៉ូតា(Toyota)គេបានលើកឡើងក្ដីកង្វល់របស់គាត់ អំពីអនឡាញហ្គេមមីង(Online Gaming)គាត់ថា គាត់បន្តិចទៀតមានបុគ្គលិក៨រយនាក់ គាត់បារម្ភបុគ្គលិករបស់គាត់វក់លេងល្បែងហ្នឹងធ្វើការមិនបានល្អ ដល់អីចឹងគាត់បារម្ភនឹងយកទុនបន្ថែមទៀត មកដាក់នៅកម្ពុជាយើង។ ប៉ុន្តែខ្ញុំបានជម្រាបទៅខាងភាគីជប៉ុនវិញហើយថា សម្ដេចធិបតីបានចេញបទបញ្ជាឲ្យបិទទាំងអស់ល្បែងស៊ីសងខុសច្បាប់ទាំងអស់ ឯកឧត្តមអភិបាលលោកជ្រាបហើយ។ ប៉ុន្តែខ្ញុំភ្ញាក់ដែរ ជាក់ស្ដែងលើកទី១ ហើយ ដែលអ្នកវិនិយោគប្រាប់មកខ្ញុំថា កង្វល់របស់គាត់ដើម្បីដាក់ទុកវិនិយោគនៅកម្ពុជា គឺល្បែងស៊ីសងតាមអនឡាញ ធ្វើឲ្យគាត់មានការបារម្ភយកទុនវិនិយោគមកដាក់នៅកម្ពុជា»។
កម្ពុជាបានស្ថិតក្នុងបញ្ជីនៃការតាមដានរបស់អាមេរិក ២ឆ្នាំចុងក្រោយនេះ ក្នុងចំណោមប្រទេសមានស្ថានភាពអាក្រក់ នៃអំពើជួញដូរមនុស្ស។ ទន្ទឹងគ្នានេះ អង្គការសហប្រជាជាតិ (UN) រកឃើញថា មនុស្សប្រមាណ ១សែននាក់ កំពុងរងគ្រោះ ពីការបង្ខំឱ្យបម្រើការងារឆបោកតាមអនឡាញនៅកម្ពុជា។ របាយការណ៍បញ្ជាក់ថា ឧក្រិដ្ឋជនមានប្រតិបត្តិការយ៉ាងបើកចំហ តាមរយៈការផ្សារភ្ជាប់ ទៅនឹងកន្លែងកម្សាន្តនានា ដូចជា បនល្បែង សណ្ឋាគារធំៗ និងក្រុមហ៊ុនអាជីវកម្មចុះបញ្ជីជាដើម។
ទោះជាយ៉ាងណា មន្ត្រីអង្គការសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាលឲ្យចាត់វិធានការប្រកបដោយប្រសិទ្ធភាព ស្របតាមសំណូមពររបស់អ្នកវិនិយោគបរទេស និងរបាយការណ៍របស់អង្គការសហប្រជាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
