អាជ្ញាធរមីន និងសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជានៃប្រទេសចិន ធ្វើយុទ្ធនាការឱ្យខេត្តព្រះសីហនុ ដើម្បីជួយខេត្តជាប់មាត់សមុទ្រមួយនេះ សម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យអស់ត្រឹមឆ្នាំ២០២៥។
យុទ្ធនាការនេះចាប់ផ្ដើមឡើង កាលពីថ្ងៃទី២៥ ខែតុលា។ អាជ្ញាធរមីន និងសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជានៃប្រទេសចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីកៀរគរធនធានពីអ្នកវិនិយោគជនជាតិចិន ទាំងក្នុងនិងក្រៅប្រទេសគាំទ្រដល់ការងារបោសសម្អាតមីនឱ្យអស់ពីខេត្តព្រះសីហនុ ខណៈរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តនេះ ជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
ទេសរដ្ឋមន្ត្រីលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា នៅក្នុងវិស័យមីននៅកម្ពុជាវិញ សាធារណរដ្ឋប្រជាមានិតចិនបានចូលរួមជាមួយកម្ពុជាចាប់តាំងពីឆ្នាំ២០១៥ ដោយបានឧបត្ថម្ភគាំទ្រទាំងថវិកាសម្ភារៈបច្ចេកទេស និងការបណ្ដុះបណ្ដាលធនធានមនុស្ស។
រដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថា ខេត្តនេះ មានផ្ទៃដីសរុបប្រមាណ ជាង ២៦ម៉ឺន (២៦៥៨,៩០) គីឡូម៉ែត្រក្រឡា ក្នុងនោះមានចម្ការមីន និងចម្ការគ្រាប់ទំហំ ៥,៥ គីឡូម៉ែត្រក្រឡា ស្មើនឹង ៤៨ចម្ការមីន ក្នុងនោះ មាននៅស្រុកព្រៃនប់ ៣ចម្ការមីន និងស្រុកកំពង់សីលា ៤៥ ចម្ការ។ ចម្ការទាំងអស់នេះ មិនបានបោសសម្អាតនៅឡើយទេ ដែលជាក្ដីព្រួយបារម្ភ និងជាការគំរាមកំហែងមួយ ទើបអាជ្ញាធរមីនខិតខំខ្នះខ្នែងកៀរគរ រកជំនួយពីដៃគូគាំទ្រលើវិស័យមីន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។