CMAC ​រំពឹង​ថា គម្រោង​បោស​សំអាត​គ្រាប់​ក្នុង​ឆ្នាំ​២០២៥​នឹង​សម្រេច​តាម​ផែនការ​ក្រោយ​បាន​ជំនួយ​ពី​អាមេរិក​វិញ

0:00 / 0:00

កម្លាំង​ជំនាញ​ផ្នែក​ស្រាវជ្រាវ​និង​បោស​សំអាត​គ្រាប់បែក​ទម្លាក់​ពី​លើ​យន្ត​ហោះ​ ក្នុង​សម័យ​សង្គ្រាម​ឥណ្ឌូ​ចិន ​ចំនួន​ជាង ១៧០​នាក់​ គ្រោង​នឹង​ចូល​បំពេញ​ការងារ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៨ នា​ភាគ​ឦសាន​និង​ភាគ​ខាង​កើត​ របស់​ប្រទេស​កម្ពុជា​ឡើង​វិញ​នៅ​ដើម​សប្ដាហ៍​ក្រោយ។

ការ​វិល​ត្រឡប់​ចូល​បំពេញ​ការងារ​របស់​កម្លាំង​ជំនាញ​ជាង ១៧០​នាក់​នេះ​ គឺ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ​បាន​ផ្ដល់​ជំនួយ​ផ្នែក​បោស​សំអាត​មីន​ឡើង​វិញ។

មន្ត្រី​ជាន់​ខ្ពស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) រំពឹង​ថា​ កម្ពុជា​នឹង​សម្រេច​បាន​ផែនការ​បោស​សំអាត​គ្រាប់បែក​ដែល​ទម្លាក់​ពី​លើ​យន្តហោះ​ កាល​ពី​សម័យ​សង្គ្រាម​ឥណ្ឌូ​ចិន​លើ​ផ្ទៃ​ដី​ទំហំ ៤៩​គីឡូម៉ែត្រ​ក្រឡា​នៅ​ក្នុង​ឆ្នាំ២០២៥​នេះ​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បន្ត​ផ្ដល់​ជំនួយ​ឡើង​វិញ។

មន្ត្រី​​​ស៊ីម៉ាក់ជិត២០០នាក់​​នឹង​វិល​ចូល​ធ្វើការ​​វិញ

អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​ផ្នែក​ស្រាវជ្រាវ​និង​បោស​សំអាត​គ្រាប់បែក​ចំនួន ១៧៦​នាក់​ ដែល​បាន​ផ្អាក​ការងារ​​​រយៈ​ពេល ១​ខែ​មក​ហើយ​ នឹង​បញ្ជូន​ឱ្យ​ទៅ​បំពេញ​ការងារ​នៅ​តាម​​ខេត្ត​ចំនួន​៨ នា​ភាគ​ឦសាន និង​ភាគ​ខាង​កើត​ឡើង​វិញ​​នៅ​ដើម​សប្ដាហ៍​ក្រោយ។

លោក ហេង រតនា៖ «នៅ​ពេល​នេះ​គឺ​យើង​នឹង​បន្ត​គម្រោង​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​អង្គភាព​CMAC​រយៈ​ពេល​៣​ឆ្នាំ​គឺ​រហូត​ទៅ​ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា​ឆ្នាំ​២០២៥​​ ការ​បើក​ឡើង​វិញ​​នេះ​គឺ​កំណត់​ពេល​ត្រឹម​ហ្នឹង។ បន្ទាប់​មក​CMAC​ក៏​បាន​ដាក់​គម្រោង​បន្ត​សុំ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​បន្ត​ការងារ​ទៅ​មុខ​ទៀត​​រួច​ហើយ​ដែរ»។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា CMAC​ឱ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​សង្គ្រាម​ឥណ្ឌូចិន ពី​ឆ្នាំ​១៩៥៥-១៩៧៥​ អាមេរិក​និង​សម្ព័ន្ធ​មិត្ត​បាន​ទម្លាក់​គ្រាប់​បែក​ពី​លើ​យន្តហោះ ​ចូល​មក​ទឹក​ដី​កម្ពុជា​ចំនួន​ជាង ២​ម៉ឺន ៣​សែន​ទីតាំង។

សង្គ្រាម​ឥណ្ឌូចិន ពី​ឆ្នាំ​១៩៥៥-១៩៧៥​

ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មកCMAC​បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៨ នៅ​ភាគ​ឦសាន និង​ភាគ​ខាង​កើត​របស់​ប្រទេស​កម្ពុជា ​មាន​ខេត្ត​រតនគីរី ​មណ្ឌល​គីរី ខេត្ត​កំពង់ចាម ក្រចេះ ​ស្ទឹងត្រែង ​ត្បូងឃ្មុំ ​ស្វាយរៀង​ ខេត្ត​ព្រៃវែង និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​កណ្ដាល ​ដើម្បី​ស្រាវជ្រាវ​និង​បោស​សំអាត​គ្រាប់បែក​ទាំង​នោះ។

រយៈពេល ១៦​ឆ្នាំ​មក​នេះ CMAC បាន​ស្រាវជ្រាវ​លើ​ផ្ទៃ​ដី​ចំនួន​ជាង​៦​ពាន់​ទីតាំង​ហើយ​បាន​រក​ឃើញ​ផ្ទៃ​ដី​ទំហំ​ជាង ៥​ពាន់​គីឡូម៉ែត្រ​ក្រឡា​ ដែល​កំពុង​ទទួល​រង​ការ​ប៉ះពាល់​ដោយសារ​គ្រាប់បែក​ទម្លាក់​ពី​លើ​យន្តហោះ​នោះ។ ជាមួយ​គ្នា​នេះ CMAC ​ក៏​បាន​កំទេច​ចោល​គ្រាប់បែក​ចង្កោម ​គ្រាប់​ទម្លាក់​ធំៗ​គ្រាប់​មីន និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​សរុប​ចំនួន​ជាង ២​លាន​គ្រាប់។ ដោយ​ឡែក​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ចុង​ក្រោយ​ដែល​CMAC បាន​ធ្វើការ​ជាមួយ​គម្រោង​សហរដ្ឋ​អាមេរិក​ គឺ​បាន​កំទេច​ចោល​គ្រាប់បែក​ធំៗ​ចំនួន​ជាង ១០០​គ្រាប់​និង​គ្រាប់បែក​ចង្កោម​ចំនួន​ជាង​១ម៉ឺន ៧​ពាន់​គ្រាប់​ថែម​ទៀត។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ​បន្ទាប់​ពី​ប្រធានាធិបតី​ថ្មី​ឡើង​កាន់​តំណែង​ក្រសួង​ការ​បរទេស​អាមេរិក បាន​ប្រកាស​ផ្អាក​ជំនួយ​ដែល​ផ្ដល់​តាមរយៈ​ក្រសួង​ការ​បរទេស និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ទៅ​ឱ្យ​បរទេស​ ក្នុង​រយៈ​ពេល​៩០​ថ្ងៃ ​ដែល​ការ​ផ្អាក​ជំនួយ​នេះ រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ។ ការ​ផ្អាក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ​ ធ្វើ​ឱ្យ​កម្ពុជា​ទទួល​រង​ការ​ប៉ះពាល់​ជា​ច្រើន​ផ្នែក​ភ្លាមៗ ​ដូច​ជា​ការងារ​បោស​សំអាត​មីន ការ​អភិវឌ្ឍ​សហគមន៍​ ការ​លើក​កំពស់​ផ្នែក​សិទ្ធិមនុស្ស ​លទ្ធិ​ប្រជាធិបតេយ្យ ​វិស័យ​អប់រំ ​សុខាភិបាល ​កសិកម្ម ​និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ជា​ដើម។

ក៏​ប៉ុន្តែ​រយៈ​ពេល ១​ខែ​ក្រោយ​ពី​ការ​ប្រកាស​ផ្អាក​​ជំនួយ​ជា​ច្រើន​ផ្នែក​ គឺ​សហរដ្ឋ​អាមេរិក​បាន​បន្ត​ផ្ដល់​ជំនួយ​ផ្នែក​បោស​សំអាត​មីន ​ក្នុង​ទំហំ​ទឹក​ប្រាក់ ២​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​មក​ឱ្យ​កម្ពុជា​វិញ។

អត្ថបទ​ដែល​ទាក់ទង៖

សង្គម​ស៊ីវិល​ និង​អ្នក​ធ្វើ​ការ​ផ្នែក​ដោះ​មីន​សប្បាយចិត្ត ដែល​អាមេរិក​ផ្ដល់​ជំនួយ សម្រាប់​ដោះ​មីន​នៅ​កម្ពុជា​ឡើងវិញOpens in new window ]

មន្ត្រី​អង្គការ​ស៊ីម៉ាក់​ថា ការ​ផ្អាក​ជំនួយ​​អាមេរិក​ភ្លាមៗ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​បោស​សំអាត​គ្រាប់មីនOpens in new window ]

មន្ត្រីរាជការ និង​ពលរដ្ឋ​មួយ​ចំនួន លើកឡើង​ថា ការ​បង្កក​ជំនួយ​អាមេរិក នឹង​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍Opens in new window ]

អ្នកនាំពាក្យ​អាជ្ញាធរ​មីន​កម្ពុជា ​លោក ទេព កល្យាណ បង្ហាញ​ការ​ត្រេកអរ​នៅ​ពេល​សហរដ្ឋ​អាមេរិក ​បន្ត​ផ្ដល់​ជំនួយ​ផ្នែក​បោស​សំអាត​មីន​នៅ​កម្ពុជា​ឡើង​វិញ​នេះ។ លោក​ថា អាជ្ញាធរ​មីន ​ក៏​ដូចជា​ក្រុម​អ្នក​បោស​សំអាត​មីន​ រាប់​ពាន់​នាក់​ទៀត​មាន​ការ​សប្បាយ​ចិត្ត ​ដោយសារ​តែ​ការ​បន្ត​ផ្ដល់​ជំនួយ​នេះ​ នឹង​ធ្វើ​ឱ្យ​តំបន់​ដែល​ធ្លាប់​តែ​គ្រោះថ្នាក់​នឹង​លែង​មាន​ហានិភ័យ ហើយ​ដី​ស្រែ​ចំការ​ ដែល​ជា​តំបន់​គ្រោះថ្នាក់​នឹង​ក្លាយ​ទៅ​ជា​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ។

លោក ទេព កល្យាណ៖ «ត្រេកអរ​ទាំង​អស់​គ្នា​ មិន​ត្រឹម​តែ​អាជ្ញាធរ​មីន​កម្ពុជា​ទេ ​គឺ​ប្រតិបត្តិ​ករ​ទាំង​អស់​គ្នា ​ហើយ​និង​ក្រុម​អ្នក​បោស​សំអាត​មីន​ក្តី ក៏​មាន​អារម្មណ៍​សប្បាយ​រីករាយ ​ហើយ​និង​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​នៅ​យល់​ឃើញ​ថា ការងារ​បោស​សំអាត​មីន​គឺ​ជា​ការងារ​មនុស្ស​ធម៌​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​សត្វ និង​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ។ យើង​ប្រាកដ​ជា​មាន​ការ​សប្បាយ​រីករាយ​ខ្លាំង​មែន​ទែន​ ដោយសារ​ការ​បោស​សំអាត​មីន ​គឺ​ជា​ការ​ជួយ​បែប​មនុស្ស​ធម៌​ទាំង​ស្រុង»។

អាជ្ញាធរ​មីន​កម្ពុជា​ឱ្យ​ដឹង​ថា​ថ្វីត្បិត​តែ​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ​ កម្ពុជា​បាន​បោស​សំអាត​គ្រាប់​មីន ​លើ​ផ្ទៃ​ដី​ជិត​៤​ពាន់​គីឡូម៉ែត្រ​ក្រឡា​ ព្រម​ទាំង​បាន​កំទេច​ចោល​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជិត​៤​លាន​គ្រាប់​ ក៏​ប៉ុន្តែ​កម្ពុជា​ទើប​តែ​រក​ឃើញ​ចំការ​មីន​ថ្មីៗ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៧ ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ​ថែម​ទៀត។

អាជ្ញាធរ​មីន​កម្ពុជា​នៅ​តែ​ត្រូវការ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បន្ត​ផ្ដល់​ជំនួយ​លើ​ការងារ​បោស​សំអាត​មីន​នេះ ​ជា​ច្រើន​ឆ្នាំ​ត​ទៅ​មុខ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។