កម្លាំងជំនាញផ្នែកស្រាវជ្រាវនិងបោសសំអាតគ្រាប់បែកទម្លាក់ពីលើយន្តហោះ ក្នុងសម័យសង្គ្រាមឥណ្ឌូចិន ចំនួនជាង ១៧០នាក់ គ្រោងនឹងចូលបំពេញការងារនៅតាមបណ្ដាខេត្តចំនួន៨ នាភាគឦសាននិងភាគខាងកើត របស់ប្រទេសកម្ពុជាឡើងវិញនៅដើមសប្ដាហ៍ក្រោយ។
ការវិលត្រឡប់ចូលបំពេញការងាររបស់កម្លាំងជំនាញជាង ១៧០នាក់នេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិក បានផ្ដល់ជំនួយផ្នែកបោសសំអាតមីនឡើងវិញ។
មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រំពឹងថា កម្ពុជានឹងសម្រេចបានផែនការបោសសំអាតគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះ កាលពីសម័យសង្គ្រាមឥណ្ឌូចិនលើផ្ទៃដីទំហំ ៤៩គីឡូម៉ែត្រក្រឡានៅក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីសហរដ្ឋអាមេរិកបន្តផ្ដល់ជំនួយឡើងវិញ។
មន្ត្រីស៊ីម៉ាក់ជិត២០០នាក់នឹងវិលចូលធ្វើការវិញ
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា ឱ្យដឹងថា កម្លាំងជំនាញផ្នែកស្រាវជ្រាវនិងបោសសំអាតគ្រាប់បែកចំនួន ១៧៦នាក់ ដែលបានផ្អាកការងាររយៈពេល ១ខែមកហើយ នឹងបញ្ជូនឱ្យទៅបំពេញការងារនៅតាមខេត្តចំនួន៨ នាភាគឦសាន និងភាគខាងកើតឡើងវិញនៅដើមសប្ដាហ៍ក្រោយ។
លោក ហេង រតនា៖ «នៅពេលនេះគឺយើងនឹងបន្តគម្រោងដែលសហរដ្ឋអាមេរិកបានធ្វើឱ្យអង្គភាពCMACរយៈពេល៣ឆ្នាំគឺរហូតទៅដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៥ ការបើកឡើងវិញនេះគឺកំណត់ពេលត្រឹមហ្នឹង។ បន្ទាប់មកCMACក៏បានដាក់គម្រោងបន្តសុំជំនួយពីសហរដ្ឋអាមេរិកបន្តការងារទៅមុខទៀតរួចហើយដែរ»។
របាយការណ៍របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMACឱ្យដឹងថា នៅក្នុងអំឡុងសង្គ្រាមឥណ្ឌូចិន ពីឆ្នាំ១៩៥៥-១៩៧៥ អាមេរិកនិងសម្ព័ន្ធមិត្តបានទម្លាក់គ្រាប់បែកពីលើយន្តហោះ ចូលមកទឹកដីកម្ពុជាចំនួនជាង ២ម៉ឺន ៣សែនទីតាំង។
សង្គ្រាមឥណ្ឌូចិន ពីឆ្នាំ១៩៥៥-១៩៧៥
ចាប់តាំងពីឆ្នាំ២០០៩មកCMACបានដាក់ពង្រាយកម្លាំងនៅតាមបណ្ដាខេត្តចំនួន៨ នៅភាគឦសាន និងភាគខាងកើតរបស់ប្រទេសកម្ពុជា មានខេត្តរតនគីរី មណ្ឌលគីរី ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង ខេត្តព្រៃវែង និងផ្នែកខ្លះនៃខេត្តកណ្ដាល ដើម្បីស្រាវជ្រាវនិងបោសសំអាតគ្រាប់បែកទាំងនោះ។
រយៈពេល ១៦ឆ្នាំមកនេះ CMAC បានស្រាវជ្រាវលើផ្ទៃដីចំនួនជាង៦ពាន់ទីតាំងហើយបានរកឃើញផ្ទៃដីទំហំជាង ៥ពាន់គីឡូម៉ែត្រក្រឡា ដែលកំពុងទទួលរងការប៉ះពាល់ដោយសារគ្រាប់បែកទម្លាក់ពីលើយន្តហោះនោះ។ ជាមួយគ្នានេះ CMAC ក៏បានកំទេចចោលគ្រាប់បែកចង្កោម គ្រាប់ទម្លាក់ធំៗគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួនជាង ២លានគ្រាប់។ ដោយឡែកក្នុងរយៈពេល ៣ឆ្នាំចុងក្រោយដែលCMAC បានធ្វើការជាមួយគម្រោងសហរដ្ឋអាមេរិក គឺបានកំទេចចោលគ្រាប់បែកធំៗចំនួនជាង ១០០គ្រាប់និងគ្រាប់បែកចង្កោមចំនួនជាង១ម៉ឺន ៧ពាន់គ្រាប់ថែមទៀត។
កាលពីថ្ងៃទី២៦ ខែមករា បន្ទាប់ពីប្រធានាធិបតីថ្មីឡើងកាន់តំណែងក្រសួងការបរទេសអាមេរិក បានប្រកាសផ្អាកជំនួយដែលផ្ដល់តាមរយៈក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ទៅឱ្យបរទេស ក្នុងរយៈពេល៩០ថ្ងៃ ដែលការផ្អាកជំនួយនេះ រួមមានទាំងកម្ពុជាផងដែរ។ ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកនេះ ធ្វើឱ្យកម្ពុជាទទួលរងការប៉ះពាល់ជាច្រើនផ្នែកភ្លាមៗ ដូចជាការងារបោសសំអាតមីន ការអភិវឌ្ឍសហគមន៍ ការលើកកំពស់ផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ វិស័យអប់រំ សុខាភិបាល កសិកម្ម និងការអភិរក្សធនធានធម្មជាតិនៅកម្ពុជាជាដើម។
ក៏ប៉ុន្តែរយៈពេល ១ខែក្រោយពីការប្រកាសផ្អាកជំនួយជាច្រើនផ្នែក គឺសហរដ្ឋអាមេរិកបានបន្តផ្ដល់ជំនួយផ្នែកបោសសំអាតមីន ក្នុងទំហំទឹកប្រាក់ ២លានដុល្លារក្នុង១ឆ្នាំៗមកឱ្យកម្ពុជាវិញ។
អត្ថបទដែលទាក់ទង៖
អ្នកនាំពាក្យអាជ្ញាធរមីនកម្ពុជា លោក ទេព កល្យាណ បង្ហាញការត្រេកអរនៅពេលសហរដ្ឋអាមេរិក បន្តផ្ដល់ជំនួយផ្នែកបោសសំអាតមីននៅកម្ពុជាឡើងវិញនេះ។ លោកថា អាជ្ញាធរមីន ក៏ដូចជាក្រុមអ្នកបោសសំអាតមីន រាប់ពាន់នាក់ទៀតមានការសប្បាយចិត្ត ដោយសារតែការបន្តផ្ដល់ជំនួយនេះ នឹងធ្វើឱ្យតំបន់ដែលធ្លាប់តែគ្រោះថ្នាក់នឹងលែងមានហានិភ័យ ហើយដីស្រែចំការ ដែលជាតំបន់គ្រោះថ្នាក់នឹងក្លាយទៅជាសុវត្ថិភាពសម្រាប់ពលរដ្ឋខ្មែរ។
លោក ទេព កល្យាណ៖ «ត្រេកអរទាំងអស់គ្នា មិនត្រឹមតែអាជ្ញាធរមីនកម្ពុជាទេ គឺប្រតិបត្តិករទាំងអស់គ្នា ហើយនិងក្រុមអ្នកបោសសំអាតមីនក្តី ក៏មានអារម្មណ៍សប្បាយរីករាយ ហើយនិងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលនៅយល់ឃើញថា ការងារបោសសំអាតមីនគឺជាការងារមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតសត្វ និងប្រជាពលរដ្ឋកម្ពុជាផងដែរ។ យើងប្រាកដជាមានការសប្បាយរីករាយខ្លាំងមែនទែន ដោយសារការបោសសំអាតមីន គឺជាការជួយបែបមនុស្សធម៌ទាំងស្រុង»។
អាជ្ញាធរមីនកម្ពុជាឱ្យដឹងថាថ្វីត្បិតតែរយៈពេលជាង៣០ឆ្នាំមកនេះ កម្ពុជាបានបោសសំអាតគ្រាប់មីន លើផ្ទៃដីជិត៤ពាន់គីឡូម៉ែត្រក្រឡា ព្រមទាំងបានកំទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជិត៤លានគ្រាប់ ក៏ប៉ុន្តែកម្ពុជាទើបតែរកឃើញចំការមីនថ្មីៗនៅតាមបណ្ដាខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា-ថៃ ថែមទៀត។
អាជ្ញាធរមីនកម្ពុជានៅតែត្រូវការឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តផ្ដល់ជំនួយលើការងារបោសសំអាតមីននេះ ជាច្រើនឆ្នាំតទៅមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
