គ្រួសារ​ជនរងគ្រោះ​បាក់​អគារ​ចិន​នៅ​ព្រះសីហនុ​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​ផ្ដល់​សំណង

ដោយ មួង ណារ៉េត
2019-07-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​សមត្ថកិច្ច​រុករក​ជនរងគ្រោះ​ដែល​ក្នុង​អគារ​ដួល​រលំ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៣ មិថុនា ២០១៩។
សកម្មភាព​សមត្ថកិច្ច​រុករក​ជនរងគ្រោះ​ដែល​ក្នុង​អគារ​ដួល​រលំ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៣ មិថុនា ២០១៩។
Photo courtesy of Royal Du Cambodge's Facebook Page

គ្រួសារ​ជនរងគ្រោះ​បាក់​រលំ​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី ដើម្បី​ឱ្យ​ក្រុមហ៊ុន​ចិន​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ពួកគាត់​។ សង្គម​ស៊ីវិល​យល់ថា ហេតុការណ៍​បាក់​រលំ​អគារ​ចិន ដែល​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ និង​របួស​ចំនួន​៥៤​នាក់ គឺជា​សោកនាដកម្ម​ដ៏​រន្ធត់​។ ដូច្នេះ តុលាការ​គួរតែ​យកចិត្តទុកដាក់​ពន្លឿន​នីតិវិធី ដើម្បី​ផ្ដល់​យុត្តិធម៌​ពេញ​លេញ​ដល់​ជនរងគ្រោះ និង​ទុកជា​សំណុំរឿង​គំរូ​មួយ។

គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់ និង​របួស​លើក​ឡើង​ថា បើ​ទោះ​ជា​ពួកគាត់​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក្តី ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចិន និង​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស ចំពោះ​ថៅកែ​ជនជាតិ​ចិន និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​តាមច្បាប់​។​

គ្រួសារ​ជនរងគ្រោះ​នៅ​ខេត្ត​ព្រៃវែង គឺ​លោកស្រី ឃឹម សាខន រៀបរាប់​ថា ប្តី​របស់​លោក​ស្រី​បាន​ស្លាប់ និង​កូនប្រុស​ម្នាក់​រង​របួស​ធ្ងន់ ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ចិន​កាលពី​ខែ​មុន​នោះ​។ លោកស្រី​បាន​ទៅ​ដាក់​បណ្ដឹង​ទាមទារ​សំណង​ដោយ​ខ្លួនឯង នៅ​តុលាការ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា​។ លោកស្រី ទាមទារ​សំណង ៥​ម៉ឺន​ដុល្លារ​សម្រាប់​ករណី​ប្តី​ស្លាប់ ចំណែក​កូន​ដែល​របួស លោកស្រី​ទាមទារ​ប្រាក់​សំណង​ផ្សេងទៀត​។ លោកស្រី​បន្ថែម​ថា ទោះបីជា​រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​រួចហើយ​ក្តី ប៉ុន្តែ​លោកស្រី អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ជួយ​ជំរុញ​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន​ចិន​នោះ៖ «ខ្ញុំ​នៅតែ​មានអារម្មរណ៍​​សោក​ស្តាយ​ ចំពោះ​​ការ​បាត់​សមាជិក​ គ្រួសារខ្ញុំ​។​ហើយ​ណា​មួយ​កូនខ្ញុំ​ក៏នៅតែ​​របួស​​មិន​​ទាន់​ជា។ ខ្ញុំភ័យ​ខ្លាច​កូន​ខ្ញុំកើត​អី​ទៅ​មុខទៀត។ ទោះបី​ជាខ្ញុំ​បានលុយច្រើន​ ក៏ខ្ញុំ​បាត់​បង់​សមាជិកម្នាក់​ដែរ ​ដូច្នេះ​ លុយនេះ​មិនមែន​ជាលុយ​ត្រេកអរ​ លុយ​សប្បាយទេ​ គឺជា​លុយ​ទុក្ខសោក​គ្រៀមក្រំ​អស់​​មួយ​ជីវិត។ខ្ញុំសូម​ឲ្យ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ហើយ​ផ្តល់​យុត្តិធម៌ ​និង​​សំណង​​តាម​អី្វ​ ដែល​​ខ្ញុំ​​សំណូមពរ»។

កម្មករ​សំណង់ នៅ​ខេត្ត​ពោធិ៍សាត់​ម្នាក់ ដែល​រួច​ជីវិត​ពី​ការ​បាក់​អគារ​នោះ គឺ​លោក អ៊ឹម ចំរើន ថ្លែង​ថា លោក​បាន​​ដាក់​​បណ្ដឹង​​រួច​ហើយ តាមរយៈ​ការ​ពឹង​ពាក់​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​សំណុំ​រឿង​នេះ​ហាក់​ដូចជា​ស្ងប់ស្ងាត់​។ លោក​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី បង្គាប់​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​ឱ្យ​បាន​ឆាប់ៗ ព្រោះ​ពេលនេះ លោក​មិនទាន់​អាច​ធ្វើ​ការងារ​ធ្ងន់​បាន​ទេ ដោយសារ​របួស​ក៏​មិនទាន់​ជា​ទាំងស្រុង៖ «ចង់ឲ្យ​ដើរ​សំណុំរឿងនេះ​ឲ្យលឿនដែរ​តែគ្រាន់តែ​សំណុំ​រឿង​នេះ​ ដាក់បញ្ជូន​ទៅតុលាការ​ខេត្តព្រះសីហនុ​ហើយ ប៉ុន្តែ​ទៅ​មុខ​ទៀត​​មិន​ទាន់​​ដឹង។ ចង់ឲ្យ​រដ្ឋាភិ បាល​ជួយផ្តល់​សំណង​របស់ចិន​ឲ្យបាន​លឿន​ផង»។

កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា អគារ​កម្ពស់ ៧​ជាន់ ដែល​កំពុង​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​វិនិយោគ​ដោយ​ជនជាតិ​ចិន បាន​បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ ២៨​នាក់ និង​របួស ២៦​នាក់​។ អាជ្ញាធរ​បាន​ប្រើ​ពេលវេលា ៣​ថ្ងៃ ក្នុង​ការ​រុករក និង​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​ក្នុង​គំនរ​អគារ​បាក់​នោះ។

អគារ​នេះ​ក៏បាន​បាក់​រលំ​សង្កត់​លើ​ភោជនីយដ្ឋាន​របស់​ជនជាតិ​ជប៉ុន និង​យានដ្ឋាន​អរុណរៈ ដែល​នៅ​ជាប់​គ្នា​នោះ​ខ្ទេចខ្ទី​អស់​ដែរ​។ ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​នេះ តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន ៤​នាក់​ដែល​ជា​ម្ចាស់​អគារ​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ អ្នក​មើល​ការខុស​ត្រូវ​ការដ្ឋាន​សាងសង់ និង​មេជាង​សំណង់​។ រីឯ​អតីត​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន ដែល​គ្រប់គ្រង​ខេត្ត​នេះ​វិញ រដ្ឋាភិបាល​មិនបាន​ស៊ើបអង្កេត​នៅឡើយ​ទេ ប៉ុន្តែ​លោក​ត្រូវ​បាន​ផ្ទេរ និង​ដំឡើង​តំណែង​ឱ្យ​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ថែមទៀត ក្រោយពី​លោក​ទទួលស្គាល់​កំហុស និង​លាលែង​ពី​តំណែង​អភិបាលខេត្ត​មិនបាន​ប៉ុន្មាន​ម៉ោង​ផង។

ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច ប្រាប់​អាស៊ីសេរី​ថា ក្រុម​មេធាវី​របស់​លោក បាន​ជួយ​សម្រួល​ដាក់​បណ្ដឹង​ទាមទារ​សំណង​ទៅ​តុលាការ​ឱ្យ​ជនរងគ្រោះ​អស់​មួយ​ចំនួនធំ​ហើយ​។ លោក​បន្ត​ថា តុលាការ​នឹង​កោះហៅ​ទៅតាម​នីតិវិធី​ជា​បន្តបន្ទាប់​។ លោក​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ចំពោះ​សំណុំរឿង​របស់​ម្ចាស់​ភោជនីយដ្ឋាន​ជនជាតិ ជប៉ុន​ដែល​រង​ការខូចខាត​ដោយសារ​អគារ​បាក់​រលំ​សង្កត់​លើ​ដែរ​នោះ គឺ​តុលាការ​កំពុង​ចាត់ការ​តាមច្បាប់​ជា​បណ្ដើរៗ ​ដែរ៖ «ភោជនីយដ្ឋាន​របស់ជប៉ុននេះ​ គឺរឿង​របស់​គាត់​បាន​ដាក់​ទៅ​ តុលាការ​តាំងពី​ដំបូង​ដែល​ពួកខ្ញុំ​មិនទាន់​បាន​ចុះ​ទៅ​ជួយ។គាត់​បានដាក់​ខ្លួនឯង​ទៅ​ហើយ។រឿងនេះ​ ខ្ញុំ​ដឹង​ថា ​តុលាការ​កំពុង​ចាត់​ការ​មុន​គេ​ហើយ»។

មន្ត្រី​សម្របសម្រួល​សមាគម​ អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍ថា សំណុំរឿង​បាក់​រលំ​អគារ​ចិន​បណ្ដាល​ឱ្យ​កម្មករ​សំណង់ ២៨​នាក់​ស្លាប់ និង ២៦​នាក់​របួស​នេះ គឺជា​សោកនាដកម្ម​ដ៏​រន្ធត់​។ ដូច្នេះ​រដ្ឋាភិបាល និង​តុលាការ គួរតែ​យកចិត្តទុកដាក់​ដោះស្រាយ​សំណុំ​រឿង​នេះ​ឱ្យ​បាន​លឿន​និង​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌ និង​សំណង​សមរម្យ​ដល់​គ្រួសារ​ជនរងគ្រោះ និង​ទុកជា​ការព្រមាន​កុំ​ឱ្យ​ក្រុមហ៊ុន​បរទេស ជា​ពិសេស ក្រុមហ៊ុន​​ចិន​​ផ្សេងៗ ទៀត ធ្វេសប្រហែស និង​មើល​ងាយ​ច្បាប់​កម្ពុជា៖ «យើង​ចង់ឲ្យ​កាត់​ក្តីដោយ​យុត្តិធម៌​មួយ​ ដើម្បីបង្ហាញ​ពីប្រសិទ្ធិ​ភាព​នៃការ​អនុវត្តច្បាប់​ និងសក្តា​នុពល​របស់​​ប្រទេស​​កម្ពុជា​។ ចង់និយាយថា បើក​​ឱកាស​​ឲ្យ​​អ្នក​​ឯង​​មក​​រក​ស៊ី​មែន​​តែ​​អ្នកឯង​ត្រូវ​តែទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នៅ​ពេល​​អ្នក​ឯង​ធ្វេស​ប្រហែស​ឲ្យ​មាន​រឿង​កើតឡើង ​ហើយ​ក៏​​ទាមទារ​​ឲ្យ​​ទទួល​​ខុស​ត្រូវ ​ចំពោះ​ការ​​ខូចខាត​​ទាំង​អស់​​នេះ។ ស្លាប់​មនុស្ស​អស់​​មួយ​គំនរ​អ៊ី​ចឹង​ វាមិន​អាច​​លើក​​លែង​ទេ ​ត្រូវ​តែ​ធ្វើ​ ហើយ​ត្រូវ​​​​​តែ​​​ប្រកាស​​​​ការងារ​​​នេះ​​ជា​​សាធារណៈ»។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា​កន្លងទៅ ក្រុម​សហព័ន្ធ​សហជីព​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ​ជាង ១០០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ទាមទារ​ឱ្យ​មាន​សំណង​សមរម្យ​ដល់​អ្នករងគ្រោះ និង​ស្រាវជ្រាវ​រក​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់ ហើយ​អ្នកសមគំនិត ត្រូវ​ទទួលទោស​ដូច​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ដែរ​។ សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​បណ្ដោយ​ឱ្យ​ជនជាតិ​ចិន​សង់​អគារ​ដួល​រលំ​នេះ ក៏​ត្រូវតែ​ទទួលខុសត្រូវ​លើ​គ្រោះថ្នាក់​នេះ ហើយក៏​ត្រូវ​ទទួលទោស​ដូច​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល