
មន្ត្រីក្រសួងព័ត៌មាន ឲ្យដឹងថា ក្រសួងនឹងបង្កើតសមាគមមនុស្សចាស់ ដើម្បីជួយដល់និវត្តជនដែលជាមន្ត្រីរាជការរបស់ក្រសួងជាង ៣០០នាក់នាពេលខាងមុខ។ ទន្ទឹមគ្នានេះ មន្ត្រីរាជការចាស់ៗដែលចូលនិវត្ត រំពឹងថា សមាគមនេះជាក្តីសង្ឃឹមរបស់និវត្តជន និងផ្តល់ប្រយោជន៍ដល់ក្មេងជំនាន់ក្រោយ។
មន្ត្រីរាជការដែលបានចូលនិវត្ត គាំទ្រគម្រោងបង្កើតសមាគមនិវត្តជន ព្រោះនិវត្តជនក៏ជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។
និវត្តជនផ្នែកនិពន្ធដែលជាអតីតអ្នកយកព័ត៌មាន ព្រមទាំងជាប្រធានការិយាល័យនាទីយល់ដឹងនៃក្រសួងព័ត៌មាន លោក ស៊ី បរិញ្ញា និយាយថា លោកគាំទ្រឲ្យមានការបង្កើតសមាគមនេះ។ លោកថា ថ្វីត្បិតតែមនុស្សចាស់មិនសកម្ម រហ័សរហួនដូចក្មេង ទាំងកម្លាំងពលំ និងគំនិតប្រាជ្ញាចុះថយក្តី ក៏សង្គមមិនត្រូវទុកមនុស្សចាស់ចោលដែរ៖ «ដល់ពេលចូលនិវត្តបានដឹងថា ជីវិតហ្នឹងអស់សង្ឃឹម ព្រោះខំបម្រើការងារឲ្យគេរាប់សិបឆ្នាំ បែរជាអត់មានការយកចិត្តទុកដាក់ ចឹងនៅពេលដែលមានគម្រោងបង្កើតសមាគមនេះឡើង វាអាចឲ្យនិវត្តជនទាំងនោះអាចប្រើប្រាស់ជីវិតចុងក្រោយរបស់ពួកគាត់»។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ កញ្ញា ថា សមាគមមនុស្សចាស់ដែលក្រសួងព័ត៌មាន គ្រោងនឹងបង្កើតឡើងសម្រាប់និវត្តជនរបស់ក្រសួងព័ត៌មាន នឹងផ្តល់ឱកាសឲ្យនិវត្តជនទាំងនោះ ចែករំលែកទាំងបទពិសោធន៍ និងស្នាដៃដល់យុវជនជំនាន់ក្រោយ៖ «ទី១ គាត់អាចចូលរួមធ្វើការដោយបំបាត់ការអផ្សុក ព្រោះមន្ត្រីដែលចូលនិវត្តដែលចាស់ៗទៅ ចឹងបើគាត់នៅទំនេរ គាត់នឹងលំបាកដែរ ចឹងបើគាត់មកជុំគ្នា ពួកគាត់អាចជជែកគ្នាពីបទពិសោធន៍ការងារដល់និវត្តជនដូចគ្នា ហើយយុវជនជាអ្នកកត់ត្រា។ ដូច្នេះ វាផ្តល់ប្រយោជន៍ណាស់ដល់វិស័យព័ត៌មាន»។
ចំណែកមន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត បានលើកឡើងថា លោកសាទរចំណាត់ការក្រសួងព័ត៌មាន។ លោកថា កន្លងមក រដ្ឋាភិបាលមានគោលនយោបាយការពារកុមារ និងស្ត្រី តែដោយឡែកបញ្ហាមនុស្សចាស់ ឬមន្ត្រីរាជការចាស់ៗដែលចូលនិវត្ត រដ្ឋាភិបាលហាក់ពុំសូវអើពើនោះទេ ហើយលោកសង្ឃឹមថា ការអនុវត្តនឹងមានប្រសិទ្ធភាព៖ «យើងរំពឹងថា សមាគមនេះនឹងមានដំណើរការពិតប្រាកដ ពិសេសធ្វើយ៉ាងណាត្រូវតែមានតម្លាភាព និងគិតគូរពីផលប្រយោជន៍របស់និវត្តជនទាំងនោះ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មិនទាន់បញ្ជាក់ច្បាស់ពីពេលវេលាដំណើរការជាផ្លូវការនៃសមាគមមនុស្សចាស់ សម្រាប់ជួយដល់និវត្តជនដែលជាមន្ត្រីរាជការរបស់ក្រសួងព័ត៌មាន ជាង ៣០០នាក់នៅឡើយ។ បច្ចុប្បន្ន ក្រសួងព័ត៌មាន កំពុងរៀបចំរចនាសម្ព័ន្ធ លក្ខន្តិកៈ និងសកម្មភាព ដើម្បីឲ្យសមាគមនេះទទួលបានជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។