មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​កំពង់ឆ្នាំង​បង្ហាញ​ជំហរ​ច្បាស់​លាស់ ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទៃ​បឹង​ទន្លេសាប

ដោយ សេក បណ្ឌិត
2021-09-04
Share
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​កំពង់ឆ្នាំង​បង្ហាញ​ជំហរ​ច្បាស់​លាស់ ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទៃ​បឹង​ទន្លេសាប ទិដ្ឋភាពបែ​ចញ្ចឹម​ត្រី​​រាប់រយ​បែ​របស់​ពលរដ្ឋវៀតណាម លើ​ផ្ទៃ​បឹង​ទន្លេសាប នា​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០២១ ក្នុង​តំបន់​ដែល​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​តម្រូវ​ឱ្យ​រើ​ទៅ​នៅលើ​ដី​គោក។
Photo Provided

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បង្ហាញ​ជំហរ​ច្បាស់លាស់​ជម្លៀស​ពលរដ្ឋ​វៀតណាម​ចេញពី​ផ្ទៃ​បឹង​ទន្លេសាប​ឱ្យ​អស់ ស្របតាម​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បកស្រាយ​ថា អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ជំហាន និង​មាន​ពលរដ្ឋ​វៀតណាម​ភាគច្រើន បាន​ឡើង​គោក​ហើយ។

មន្ត្រី​អង្គការ ការពារ​សិទ្ធិ​ជនជាតិភាគតិច​កោតសរសើរ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ប្រឹងប្រែង​ជម្លៀស​ពលរដ្ឋ​វៀតណាម រស់​នៅ​លើ​ផ្ទៃ​បឹង​ឡើង​សាប ឱ្យមក​ឡើងគោក​សម្រេច​បាន​ប្រហែល ៧០​ភាគរយ ឬ​ស្មើនឹង​ជាង ៤០០​គ្រួសារ បាន​ឯកភាព​រុះរើ​ផ្ទះ​បណ្តែត​ទឹក តាម​ការណែនាំ​របស់​អាជ្ញាធរ។ ប៉ុន្តែ​ពួកគេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​មិន​ទាន់​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ។

អ្នកសម្របសម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច​ខេត្ត​កំពង់ឆ្នាំង​លោក ទត គឹមស្រូយ ឱ្យ​ដឹង​នៅ​ថ្ងៃទី៣ កញ្ញា ថា បច្ចុប្បន្ន​នៅ​សល់​ពលរដ្ឋ​វៀតណាម​តិចតួច​ប៉ុណ្ណោះ មិន​ទាន់​ជម្លៀស​ឡើង​គោក ដោយសារ​ពួកគេ​មាន​បែ​ចិញ្ចឹម​ត្រី។ លោក​ថា ពលរដ្ឋ​ដែល​ទៅ​តាំង​ទីលំនៅ លើ​ដី ៤០ ហិកតារ​មាន​ជាង ២​រយ​គ្រួសារ និង​មាន​ពលរដ្ឋ​វៀតណាម​ខ្លះ បាន​ជួល​ដី​ពី​ពលរដ្ឋ​ខ្មែរ​នៅ​កៀក​បឹង​ទន្លេសាប ដើម្បី​រស់នៅ និង​ប្រកប​របរ​នេសាទ​ត្រី​។ ទន្ទឹម​នឹង​នេះ បច្ចុប្បន្ន​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​លើគោក មាន​ជីវភាព​លំបាក​ខ្លាំង ដោយសារ ត្រី​ក្នុង​បឹង​ទន្លេសាប​កាន់តែ​ខ្សត់​មិនអាច​នេសាទ​បាន ហើយ​ក៏​មាន​ពលរដ្ឋ​វៀតណា​ម​ខ្លះ បាន​ដើរ​ស៊ីឈ្នួល​ធ្វើ​សំណង់ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​៖ «រាល់ថ្ងៃ​នេះ​នៅតែ​ចិញ្ចឹម​ត្រី​ទេ ចិញ្ចឹម​ត្រី​រុះ​ពី​ទ្រង់ទ្រាយ​ធំ នៅ​តូច ដូចជា​ប្រក់​តង់ ប៉ុន្តែ​បើ​ចំពោះ​អ្នក​រស់នៅ​តែម្តង​គឺ​គាត់​ឡើង​មក​អស់​ហើយ​។ យើង​ដឹង​ហើយ​ថា មុខរបរ​គាត់ ធ្វើ​នេសាទ​ទេ ម្យ៉ាង​សម័យ​បច្ចុប្បន្ន​នេះ ត្រី​ទឹកសាប​មិន​សូវ​មាន ទី​២ ពួកគាត់​ឡើង​ផុត​ពី​ទឹក​អ៊ីចឹង​ទៅ មុខរបរ​គាត់​មាន​តែ​កម្មករ»

vn-boat.jpeg
ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ RFA

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ជម្រក​បណ្តែត​ទឹកធំៗ​ប្រមាណ ១​រយ​ខ្នង (១០០) មាន​បែ​ចិញ្ចឹម​ត្រី​ពីក្រោម ត្រូវ​ជនជាតិ​វៀតណាម​សណ្ដោង ពី​ក្រុង​កំពង់ឆ្នាំង ឆ្ពោះទៅ​ប្រទេស​វៀតណាម រយៈពេល ៣ ខែ​មក​ហើយ បន្ត​ជាប់​គាំង នៅ​តំបន់​ព្រំដែន តាម​ដង​ទន្លេបាសាក់ ក្នុង​ខេត្ត​កណ្តាល មិន​ទាន់​ត្រឡប់​មក​វិញ​នៅ​ឡើយ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាលខេត្ត​កំពង់ឆ្នាំង​ដែល​ទើប​ឡើង​កាន់​ដំណែង គឺ​លោក ស៊ុន សុវណ្ណារិន ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ខេត្ត​បាន​អនុវត្ត​គោលការណ៍​នេះ ជា​បណ្តើរៗ ដោយ​ជម្លៀស​ពលរដ្ឋ​វៀតណាម​រស់នៅ​លើទឹក ឱ្យ​ឡើង​គោក នៅ​តំបន់​ដី ៤០ ហិកតារ ដែល​អាជ្ញាធរ​រៀបចំ​។ លោក​បន្ថែម​ថា អាជ្ញា​ធរមាន​គម្រោង​រៀបចំ​ប្រព័ន្ធ​លូ​ទឹក កសាង​ផ្លូវ និង ភ្ជាប់​ចរន្ត​អគ្គិសនី នៅ​តំបន់​នោះ ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ពី​ទិន្នន័យ ពលរដ្ឋ​វៀតណាម​ប៉ុន្មាន​គ្រួសារ​នោះ​ទេ ដែល​មិន​ទាន់​ជម្លៀស​ពី​ផ្ទៃ​បឹង​ទន្លេសាប។ លោក​បញ្ជាក់​ថា អាជ្ញាធរ​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​តាំង​ដើម​មក ហើយ​ការអនុវត្ត​ផែនការ​នេះ សម្រាប់​តែ​ពលរដ្ឋ​វៀតណាម​រស់នៅ​ស្រប​ច្បាប់​ប៉ុណ្ណោះ៖ «យើង​រៀបចំ​មក​ហើយ យក​ជម្លៀស​មក​ឡើងគោក​ហើយ ហើយ​យើង​បន្ត​នឹង​រៀបចំ រៀប​ដំបូល និង​បន្ទប់ទឹក ក្នុង​បែ​ត្រី​ហ្នឹង គឺ​យើង​រៀប​ហើយ​អស់​ដែរ​។ គោលការណ៍​បន្ទាប់ យើង​នឹង​ជំរុញ​ទីតាំង ៤០ ហិកតារ ប៉ុន្តែ​ខែវស្សា ជា​ខែ​ភ្លៀង​ពិបាក​ជំរុញ​ដែរ ប៉ុន្តែ​គោលដៅ​បន្ត​យើង​ជំរុញ​ឱ្យមក​នៅ ៤០ ហិកតារ»

ទោះជា​យ៉ាងណា​មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា ពលរដ្ឋ​វៀតណាម​នៅតែ​ស្តាយស្រណោះ ផ្ទះ​ធំៗ បណ្តែត​ទឹក​មានតម្លៃ​រាប់​ម៉ឺន​ដុល្លារ ដែល​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ជូនដំណឹង​ឱ្យ​រុះរើ និង​បន្លាស់​ទី ទៅ​រស់នៅ​លើគោក​វិញ​។ ក្រៅ​ពី​នេះ ពលរដ្ឋ​វៀតណាម​ខ្លះ មិន​ពេញចិត្ត​រស់នៅ​លើគោក​នោះ​ទេ ហើយ ពលរដ្ឋ​វៀតណាម​ខ្លះ​ទៀត លក់​ទូក​ម៉ាស៊ីន និង​ផ្ទះ​បណ្តែត​ទឹក រួច​វិល ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្តកំពង់ឆ្នាំង​លោក សំ ច័ន្ទគា សង្កេត​ឃើញ​ថា អាជ្ញាធរ​ហាក់​យឺតយ៉ាវ​បន្តិច ក្នុង​ការ​ជម្លៀស​ពលរដ្ឋ​វៀតណាម​ឡើងគោក​ឱ្យ​អស់​។ ប្រការ​នេះ បង្កើត​ឱ្យ​មាន​មន្ទិល​ច្រើន ធ្វើ​ឱ្យ​វិបត្តិ​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប មិនអាច​ដោះស្រាយ​បាន តាម​ការ​ប្តេជ្ញាចិត្ត​របស់​អាជ្ញាធរ៖ «ប្រសិនបើ​រដ្ឋាភិបាល​គាត់​អនុវត្ត​តាម​អនុសាសន៍​ដែល​អនុ គណៈកម្មការ​ទន្លេមេគង្គ បានសម្រេច​តាំងពី​ឆ្នាំ​២០០០ យើង​ឃើញថា កែ​លម្អ​សោភ័ណភាព និង​បរិស្ថាន​ផ្សេងៗ ពាក់ព័ន្ធ​មច្ឆា​ជាតិ និង​លំហូរ​នៃ​ចរន្តទឹក នៅ​ដង​ទន្លេសាប និង​ដង​ទន្លេមេគង្គ។

កាលពី​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​ធ្វើ​អនុបយោគ​កាត់​ដី​ព្រៃ​លិច​ទឹក ទំហំ​៤០​ហិកតារ ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ឋិត​នៅ​កៀក​បឹង​ទន្លេសាប ដើម្បី​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​បន្លាស់​ទី​ពី​ផ្ទះ​បណ្ដែត​ទឹក​ជាង ២​ពាន់ (.០០០) គ្រួសារ ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​។ មក​ទល់​ពេល​នេះ អ្នក​ដែល​ទៅ​តាំងទី​លំនៅ​លើ​ដី ៤០​ហិកតារ មាន​ជាង ២​រយ​គ្រួសារ ហើយ​ក្រុម​ពលរដ្ឋ​ទាំងនោះ ត្រូវ​បង់​លុយ​ឱ្យ​អាជ្ញាធរ ក្នុង​មួយ​ខែ ១០​ម៉ឺន​រៀល រយៈពេល ៣ ឆ្នាំ ទើប​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់ ក្នុង​ទំហំ​ដី​ឡូត៍ ៤ ម៉ែត្រ ២​តឹក បណ្តោយ ២០ ម៉ែត្រ ក្នុង​មួយ​គ្រួសារ​។ ចំណែក​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ធ្លាប់​អះអាង​ថា ដី​ទំហំ ៤០​ហិកតារ​នោះ ជា​ដី​ជួល មិនមែន​ចែក​ឱ្យ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល