សាច់ញាតិ​​សកម្មជន​​បក្ស​​ប្រឆាំង​​​ខេត្តត្បូងឃ្មុំ​នៅតែ​​​មិន​​អាច​​​ផ្ញើម្ហូប​​អាហារ​និង​​​មិនអាច​​​ទាក់ទង​​​គ្រួសារ​​​នៅក្នុង​​​ពន្ធនាគារ​​​នៅ​​ឡើយ

ដោយ សុជីវី
2021-04-04
Share
សាច់ញាតិ​​សកម្មជន​​បក្ស​​ប្រឆាំង​​​ខេត្តត្បូងឃ្មុំ​នៅតែ​​​មិន​​អាច​​​ផ្ញើម្ហូប​​អាហារ​និង​​​មិនអាច​​​ទាក់ទង​​​គ្រួសារ​​​នៅក្នុង​​​ពន្ធនាគារ​​​នៅ​​ឡើយ សកម្មជន​បក្ស​ប្រឆាំង អ្នកស្រី ខន ទន ធ្លាក់ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូង​ឃ្មុំ។
រូប៖ ហ្វេសប៊ុកលោកស្រី ខន ទន

សាច់ញាតិ​​របស់​​សកម្មជន​​បក្ស​​ប្រឆាំង​​កំពុង​​ជាប់ឃុំ​​​មួយចំនួន​​សោកស្តាយ​ដែល​​មន្ត្រី​​ពន្ធនាគារ​​ខេត្តត្បូងឃ្មុំ​នៅតែ​​មិនទាន់​​ជួយ​​សម្រួល​​​ឲ្យ​ពួកគាត់​​ បាន​​ជួប​​សាច់​ញាតិ​​តាម​ទូរស័ព្ទ​ និង​​​អាច​​ផ្ញើ​ឥវ៉ាន់​​ ឬ​​ម្ហូប​​អាហារ​​ជាដើម។ ពួកគាត់ចាត់ទុកថា ការមិន​អើពើ​ររបស់​​មន្ត្រី​ពន្ធនាគារ​​នេះ ធ្វើ​ឲ្យ​ពួកគាត់​​​ព្រួយបារម្ភ​​ពី​​​ចំណី​​អាហារ​​ខ្វះ​ជីវ​ជាតិ ​និង​​ខ្វះ​អាហារ​​ហូប​​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​អ្នក​​ជាប់ឃុំ ​មាន​សុខភាព​​កាន់តែ​ទ្រុឌទ្រោម​ និង​ធ្លាក់​​ខ្លួន​​ឈឺ​​នៅក្នុង​​ពន្ធនាគារ​។

ប្រពន្ធ​​របស់​​សកម្ម​ជនបក្ស​​ប្រឆាំង​នៅក្រុងសួងលោក​ អ៊ំ យ៉េត​ គឺលោកស្រី​ ងួន ផល្លា ប្រាប់​ថា​ ​មន្រ្តី​ពន្ធនាគារ​​មាត់ឃ្មង់​ ខេត្តត្បូងឃ្មុំ​ មិន​​​អនុញ្ញាត​​​ឱ្យ​​ពួក​លោក​ស្រី​​​យកម្ហូប​​អាហារ ថ្នាំពេទ្យ​ និង​​សម្ភារៈ​ផ្សេងៗ​ ផ្ញើ​​ប្តី​​​នៅ​ក្នុង​​​ពន្ធនាគារ​​បាន​​​ទេ។ លើសពីនេះ​ លោកស្រីក៏​មិន​​បាន​​ទទួល​ដំណឹងអំពី​​សុខ​ទុក្ខ​ប្តី​​នៅក្នុង​​ពន្ធនាគារ​​រយៈ​ពេល​​ជាង​មួយ​ខែ​​មក​ហើយ​ដែរ​ ចាប់​តាំង​​ពីពន្ធនាគារ​ផ្អាកការ​​ចូល​សួរ​សុខទុក្ខ​​នោះ​មក។ លោក​​ស្រី​​ព្រួយបារម្ភ​​ពី​ស្ថានភាព​​រស់​នៅ​ក្នុង​ពន្ធនាគារ​ដែល​​ជួប​​ការ​លំបាក​ ដូច​ជា​​ម្ហូបអាហារ​ពុំមាន​​ជីវជាតិ​​គ្រប់គ្រាន់ ​ទឹកប្រើប្រាស់​​មិនគ្រប់គ្រាន់​ បន្ទប់​តូចចង្អៀត​ នឹងនាំ​ឱ្យ​សុខភាព​​ប្តីលោកស្រី​​ចុះទ្រុឌទ្រោម​ និង​​ងាយ​ឆ្ល​ង​​ជំងឺ​ផ្សេងៗ។​ ប្រពន្ធ​សកម្មជន​​បក្សប្រឆាំង​​រូបនេះ​ថា ​ប្តីលោកស្រី​​មាន​វ័យចំណាស់ ​កំពុង​មាន​​​ជំងឺ​​លើស​សម្ពោធ​​ឈាម​ប្រចាំកាយ ​និង​ស្ពឹក​ដៃជើង​​ជាដើម។ លោកស្​រី ស្នើ​ឱ្យ​​មន្រ្តី​​ពន្ធនាគារ​​គួរ​រិះរក​វិធី​​ដើម្បីគ្រួសារ​អ្នក​ជាប់​ឃុំ​​អាច​ផ្ញើ​ម្ហូប​អាហារ​ ថ្នាំពេទ្យ សម្ភារៈផ្សេងៗ​​ និង​អាច​​ជួបសួរសុខ​ទុក្ខគ្នា​​តាម​​ប្រព័ន្ធទូរស័ព្ទ៖ «ព្រួយ​មែន​ទែន​កូនចៅ​និងខ្ញុំ មិនដឹង​ធ្វើមិច​ឱ្យ​បានដំណឹង​ពីសុខទុក្ខ​របស់​គាត់ កន្លងមក​បាន​ផ្ញើរបស់​​អញ្ចឹង​​ទៅរាង​កក់ក្តៅ​បន្ថិចបាន​ដល់​គាត់​ហូប ហើយ​សូមទំលាក់​ចោល​បទ​ចោទប្រកាន់​មក​លើ​គាត់ហ្នឹង ហើយ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​មកវិញ ព្រោះ​គាត់​អត់​កំហុស​អ្វីដែល​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ទេ»។

ស្រដៀងគ្នានេះដែរ​ ប្រពន្ធ​របស់​​សកម្ម​ជនបក្ស​​ប្រឆាំង​នៅ​​ស្រុក​មេមត់​លោក ម៉ក់ សំអាន ​គឺ​លោកស្រី ប៉ុយ ចាន់លី ​ប្រាប់អាស៊ីសេរីថា ​​មន្រ្តីពន្ធនាគារ​មិនបាន​​ផ្តល់​​ដំណឹងឱ្យ​លោកស្រី​​ជួប​ប្តី​​តាម​​ប្រព័ន្ធទាក់ទង​​ណាមួយ​​ឡើយ។ អ្នកស្រីបារម្ភប្តី​​ធ្លាក់​ខ្លួន​​ឈឺ​​នៅ​ក្នុពន្ធនាគារ​ ព្រោះ​ប្តី​លោកស្រី​​ធ្លាប់​មាន​​ជំងឺ​​ផ្លូវដង្ហើម។ ស្រ្តី​វ័យ​ ៤០ ឆ្នាំ រូបនេះ​​សំណូមពរ​មន្រ្តីពន្ធនាគារ​​តម្លើង​​​ប្រព័ន្ធ​​ទូរស័ព្ទ​​​ដើម្បី​​គ្រួសារ​​​បាន​ដឹង​អំពី​​​សុខទុក្ខ​ប្តី​​​នៅក្នុង​​ពន្ធនាគារ។ លោកស្រី​​ស្នើ​អាជ្ញាធរ​ដោះលែង​ប្តី​ឱ្យ​មាន​​សេរីភាព​​ឡើងវិញ ​ដើម្បី​ជួបជុំ​​គ្រួសារ​ធ្វើបុណ្យ​ទាន​នា​​ឱកាសបុណ្យ​ចូលឆ្នាំ​​ខ្មែរ​ខាង​មុខ​​នេះ៖ «ខ្ញុំ​បារម្ភ​​ពី​គាត់​ណាស់​ ​ព្រោះ​អី​ក្នុង​នោះ​​មនុស្ស​​មិន​ថា​តែ​គ្នា​​គាត់​ទេ ​ឮ​ថា​​ចាប់​​បញ្ចូល​រហូត នាងខ្ញុំ​ខ្លាច​តែ​អ្នក​ក្រៅ​ចូល​​ទៅ​​មាន​ជំងឺ​អីដល់​​គាត់ ​ខ្ញុំ​ព្រួយ​បារម្ភ​ពី​គាត់​ ខ្ញុំ​មិន​ដឹក​​ធ្វើ​មិច ​មិន​បាន​ឃើញ​​មុខ​គាត់»។ 

ក្រៅពី​ករណី​​នេះ​ ក្រុមគ្រួសារ​​​សាច់ញាតិ​​​របស់​​​សកម្មជន​​បក្ស​ប្រឆាំង​​​ផ្សេងទៀត​​​ដែល​​កំពុង​​​ជាប់​​ឃុំ​​ក្នុង​​ពន្ធនាគារ​​​ដែរ​​​នោះ ពួក​គេ ​ក៏​កំពុង​​​ព្រួយ​​បារម្ភ​​​អំពី​អ្នក​​​ជាប់​ឃុំ​​​​នយោបាយ​​​ជួប​​ការ​​លំបាក​​​ជា​​ច្រើន​​​ ដូចជា​ ​​​រស់​​នៅ​ក្នុង​​​ស្ថាន​ភាព​ចង្អៀត​ណែន​ មិន​មាន​​​ចំណី​​​អាហារ​​ហូបចុក​​​គ្រប់គ្រាន់​ ខ្វះអនាម័យ ដែល​ធ្វើ​ឲ្យ​​ប៉ះពាល់​​​ដល់​​​​សុខ​ភាព​​​​របស់​​​ពួក​គាត់។

ជុំវិញរឿង​នេះ ​អ្នក​នាំ​​ពាក្យ​​​អគ្គនាយកដ្ឋាន​​​ពន្ធនាគារលោក ​នុត សាវនា​ ឲ្យដឹង​ថា​ អំឡុង​ពេល​ផ្ទុះ​រាលដាល​​ជំងឺកូវីដ-១៩​ នៅ​ក្នុង​​សហគមន៍​​នេះ​ អគ្គនាយកដ្ឋាន​​ពន្ធនាគារ​​បានចេញ​​សេចក្តី​ណែនាំ​​ឱ្យ​ផ្អាក​​មួយរយៈ​ការ​ជួប​សួរសុខ​ទុក្ខ​ និង​​បញ្ញើ​ចូល​ក្នុង​ពន្ធនាគារ។ លោក​​ព្រួយ​បារម្ភ​អ្នក​បញ្ញើ​មួយ​ចំនួនមាន​​ផ្ទុក​​ជំងឺកូវីដ​-​១៩។

លោក នុត សវនា ​ប្រាប់ទៀតថា​ ពន្ធនាគារ​ទើប​​ចេញ​​សេចក្តីណែនាំ​ឱ្យ​រៀបចំប្រព័ន្ធ​ទូរស័ព្ទ​​អចល័ត​​ដំណាក់​កាល​​សាក​ល្បង ​ប៉ុន្តែ​លោក​ញ្ជាក់​ថា ​កិច្ចការ​នេះ​ជួប​​ឧបសគ្គ​​ត្រង់ថា​ ក្រុមហ៊ុន​ទូរស័ព្ទ​សំខាន់ៗ​ ឈប់​ផ្តល់​សេវា​​ទូរស័ព្ទ​​អចល័ត ​ហើយ​​កិច្ចការ​នេះ​ខាង​​ពន្ធនាគារ​កំពុង​​សិក្សា​ករណី​នេះ​​បន្ថែម​ទៀត​ ដោយ​រក​វិធី​​សាក​ល្បង​​ប្រើប្រាស់​​ទូរស័ព្ទ​ចល័ត​​ដាក់​ព្យួរ​​នៅ​នឹង​កន្លែង​ ដែល​ងាយ​ស្រួល​គ្រប់គ្រង​​សន្តិសុខ​ និង​ការប្រើប្រាស់​​បាន​​ម៉ត់​ចត់។ លោក​បន្តទៀតថា​ ប្រសិន​​បើ​​ដំណើរ​​ការ​សាក​ល្ប​ង​​នេះ​​ទទួល​បាន​លទ្ធផល​ល្អ​ អគ្គនាយកពន្ធនាគារ​ នឹងពិចារណា​ស្នើ​​ទៅ​ថ្នាក់ដឹកនាំ​​ដើម្បី​អនុញ្ញាត​​ឱ្យ​​ប្រើប្រាស់៖ «ដំណើរ​ការ​ពេល​នេះ​​យើង​​អនុញ្ញាត​​ឱ្យ​​តាម​​ស្ថានទូត​ ស្ថានកុងស៊ុល ​និង​ស្ថាន​តំណាង​​របស់​ជន​បរទេស​ ព្រោះ​ជន​​បរទេស​គាត់នៅ​​ក្រៅ​ប្រទេស​ឆ្ងាយ​​ពីខ្មែរ​យើង​ ​ខ្មែរ​យើង​​ក៏​អាច​ថា ​មាន​ការ​អីយ៉ាង​​ហោច​ណាស់​​បាន​នៅ​ក្នុង​​ប្រទេស​​ជា​មួយគ្នា ​ប៉ុន្តែ​យើង​សាកល្បង​ដែរ​ក្នុង​ការប្រើប្រាស់​​ទូរស័ព្ទ ​ប្រសិន​បើ​ដំណើរ​ហ្នឹង​​អាច​ធ្វើបាន​ល្អ​​អគ្គនាយកដ្ឋាន​​ពន្ធនាគារ​អាច​​ពិចារណា​​ទៅមុខ​ថា ​អាច​ស្នើ​ទៅ​ជូនជន​​ជាប់​ឃុំ​រួម​​ទាំង​អស់ ​មិន​ដឹង​យ៉ាង​មិច​ទេ​​ ប៉ុន្តែ​ដំណាក់​​កាល​ពេលនេះ ​ដំណាក់​​កាល​សាក​ល្បង​​សិន»។

ជុំវិញរឿងនេះ​ដែរ​ មន្រ្តីឃ្លាំ​មើល​​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្តត្បូងឃ្មុំ​លោក​ ឡេង សេងហាន មាន​​​ប្រសាសន៍ថា​ ការដាក់​ចេញ​​មម្រា​ម​ការពារ​​ការ​រីករាល​ដាល​​ជំងឺ​កូវីដ​របស់អជ្ញាធរនេះ​ មួយ​ចំនួន​​ជា​រឿង​​ត្រឹមត្រូវ​ ប៉ុន្តែ​មន្រ្តី​​ពន្ធនាគារ​គួរ​រក​​វិធី​ជួយ​​សម្របសម្រួល​​ដល់​ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំទាំង​នោះ អា​ច​​ផ្ញើ​ម្ហូប​អាហារ ថ្នាំពេទ្យ​ សម្ភារៈ ​និង​​ការ​​ទទួល​បាន​​ព័ត៌មាន​ផ្សេងៗ​​ពី​សាច់ញាតិ​នៅ​ផ្ទះ​​និង​​ក្នុងពន្ធនាគារ។ លោក​ទទូច​​ឱ្យ​មន្ត្រី​ពន្ធនាគារ​​និង​អាជ្ញាធរ​ពាក់ព័ន្ធ ​គួរ​រក​​មធ្យោបាយ​​សម​ស្រ​ប​​​បន្ថែម​​​ទៀត​​ ​ដូច​ជា ​​ដំឡើង​​ប្រព័ន្ធទំនាក់ទំនង​ ដើម្បី​​ពួក​គាត់​​អាច​​​និយាយ​​​សួរ​សុខ​ទុក្ខ ​ព្រោះ​ពួកគាត់​​បារម្ភ​ពី​​សុខទុក្ខគ្នា​​ទៅវិញ​​ទៅ​មក​៖​ «​ការ​​ទទួល​​បាន​​នូវរាល់​ព័​ត៌មាន ​រវាង​សាច់​ញាតិ​របស់គាត់​​នៅ​ក្នុង​ពន្ធនាគារ និង​​នៅផ្ទះ​ហ្នឹង​គួរ​តែ​មាន​ អ៊ីចឹង​ហើយ​ជា​ការស្នើ​របស់ខ្ញុំ​ សូមឱ្យ​​មន្រ្តី​ពន្ធនាគារ ឬក៏​អាជ្ញាធរ​ពាក់ព័ន្ធហ្នឹង ជួយ​សម្រួល​ឱ្យ​ពួកគាត់​អាចទំនាក់ទំនង​តាម​ទូរស័ព្ទ ឬ​ក៏​តាម​មធ្យោបាយ​ណា​ដែល​មន្រ្តី​ពន្ធនាគារ​គិត​ថាជា​ប្រយោជន៍​សម្រាប់​ពួកគាត់ ទទួល​ព័ត៌មាន​ខ្លះ​ពី​គ្រួសារ​របស់​គាត់ ថា​តើគ្រួសារ​របស់​ពួក​គាត់ ស្វាមី​របស់​គាត់​រស់​នៅ​ក្នុ​ង​ពន្ធនាគារ​ហ្នឹង ​ទទួល​បានសុខ​សប្បាយ​មាន​សុខភាព​យ៉ាង​មិច»។

គិត​ត្រឹម​ចុង​ខែ​មេសា​នេះ មាន​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម សកម្មជន​ដីធ្លី សកម្មជន​ព្រំដែន​​ យុវជន អ្នក​ចម្រៀង ​រិះគន់​​សង្គម ជាដើម សរុបជាង៧០ ​​នាក់ កំពុង​​ជាប់​ឃុំ​​តាម​​ពន្ធនាគារ​​នានា ពីបទ​ញុះញង់ បទ​​ជេរ​​ប្រមាថ និង​បទ​​រួម​​គំនិត​ក្បត់​​ជាដើម។ តែ អង្គការ​ សហគមន៍​​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ថ្កោល​ទោស ​រដ្ឋាភិបាល ​ជា​បន្ត​បន្ទាប់​ ចំពោះ​​ការ​ចាប់​​ខ្លួន​​​ទាំង​នេះ៕​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល