ក្រោយពេលសពបណ្ឌិត កែម ឡី ត្រូវបានដង្ហែទៅតម្កល់នៅវត្តពោធិយារាម ហៅវត្តចាស់ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី មានអង្គទូតបរទេស និងតំណាងស្ថាប័នអន្តរជាតិធំៗ បានទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជាហូរហែ។ អង្គទូតបរទេសទាំងនោះ មានដូចជាស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ស្ថានទូតអូស្ត្រាលី ស្ថានទូតស៊ុយអែត ស្ថានទូតបារាំង ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតជប៉ុន ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិជាដើម។
តើអង្គទូតបរទេស និងស្ថាប័នអន្តរជាតិទាំងអស់នេះ យល់ឃើញបែបណាចំពោះមរណភាពរបស់បណ្ឌិត កែម ឡី?
តំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា តំណាងស្ថានទូតសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) គឺជាប្រតិភូដែលបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី មុនគេ។
នៅក្នុងក្រាំងមាសរំលែកទុក្ខ តំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានសរសេរថា៖ "តាងនាមឲ្យបុគ្គលិកការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ទាំងអស់ យើងសូមសម្ដែងការគោរពចំពោះបណ្ឌិត កែម ឡី។ យើងរន្ធត់ និងសោកស្ដាយចំពោះការបាត់បង់រូបលោក។ យើងសូមចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោកបណ្ឌិត និងសូមឲ្យព្រលឹងលោកបណ្ឌិតបានទៅកាន់សុគតិភព"។
ចំណែកតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អ្នកស្រី ជូលី ជុង (Jolie Chung) បានសរសេរថា យើងសូមចូលរួមរំលែកទុក្ខក្រៀមក្រំបំផុតជាមួយគ្រួសារលោក កែម ឡី។ លោក កែម ឡី គឺជាវីរបុរសយ៉ាងពិតប្រាកដ។
រីឯតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ លើកឡើងថា៖ "យើងសោកស្ដាយខ្លាំងណាស់ចំពោះការបាត់បង់ដៃគូដ៏សំខាន់ និងអស្ចារ្យសម្រាប់ USAID និងសម្រាប់ប្រទេសកម្ពុជា ទាំងមូល។ យើងសូមបួងសួងឲ្យព្រលឹងលោកបានទៅកាន់ឋានសុខ"។
ក្នុងពេលជាមួយគ្នា ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា សរសេរថា "ជូនចំពោះគ្រួសារបណ្ឌិត កែម ឡី យើងសូមចូលរួមរំលែកទុក្ខក្រៀមក្រំចំពោះការបាត់បង់ប្រកបដោយសោកនាដកម្មនេះ" ខណៈដែលតំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា សរសេរថា "យើងសូមចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំប្រកបដោយភាពទុក្ខសោក និងសោកស្ដាយនៅពេលនេះ។ យើងសូមរួមទុក្ខសោកជាមួយអ្នកទាំងអស់គ្នា"។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សរសេរថា៖ "ខ្ញុំសូមចូលរួមមរណទុក្ខក្រៀមក្រំជាមួយអ្នក។ វាជាការបាត់ដ៏ធំធេងសម្រាប់ប្រទេសជាតិ។ សូមព្រលឹងលោកបណ្ឌិតបានទៅកាន់ឋានសុខ។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិទាំងអស់របស់លោក"។
ស្រដៀងគ្នានេះដែរ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា សរសេររៀបរាប់ថា វាជាទុក្ខសោកក្រៀមក្រំក្នុងពេលយើងចូលរួមគោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយបង្អស់ដល់បណ្ឌិត កែម ឡី។ គាត់ជាមនុស្សល្អមានសតិសម្បជញ្ញៈថ្លៃថ្លា និងចិត្តទូលាយ។ គាត់នឹងចាកឆ្ងាយពីយើងជារៀងរហូតហើយ។ យើងសូមសម្ដែងនូវក្តីអាណិតអាសូរជាពន់ពេកចំពោះភរិយា និងកូនៗទាំងអស់របស់លោក។ សូមឲ្យពួកគេមានស្មារតីរឹងមាំដើម្បីជម្នះចំពោះការបាត់បង់ដ៏សោកនាដកម្មនេះ និងដើម្បីបន្តរក្សានូវកេរដំណែលដ៏ថ្លៃថ្លារបស់បណ្ឌិត កែម ឡី។
ដោយឡែកស្ថានទូតបារាំងប្រចាំកម្ពុជា ដែលតាងនាមឲ្យរដ្ឋាភិបាលបារាំង ក៏បានចូលរួមសម្ដែងមរណទុក្ខក្រៀមក្រំជាមួយគ្រួសារសពបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់យ៉ាងឃោរឃៅនៅចំកណ្ដាលរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។