កម្មករ​រោង​ចក្រ​​មួយ​ចំនួន​បារម្ភ​ពីការរីករាលដាល​ជំងឺ​កូវីដ​-​១៩​​ស្នើ​រដ្ឋាភិបាល​ផ្តល់អាទិភាព​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​-​១៩​

0:00 / 0:00

កម្មករ​-កម្មការ​រិនីនៅ​តាម​​រោងចក្រ​ បារម្ភ​ខ្លាំង​ចំពោះ​​សុវត្ថិភាព​ និងសុខភាព​របស់ពួកគេ​ ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាល​ដាល​ជំងឺ​​កូវីដ-១៩ និងការ​ខាត​បង់​ប្រាក់អត្ថប្រយោជន៍​ ​ប្រសិន​បើ​ពួកគេ​ឆ្លង​ជំងឺ ហើយរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ ផ្តល់អាទិភាពដល់ក្រុមកម្មករ។ កម្មការិនី​រោងចក្រ​កាត់ដេរ ប័ររី (Berry) ជម្ពូវ័ន​ កញ្ញា​ ហេង បូរី​ ព្រួយបារម្ភ​ពី​ស្ថានភាព​រីលរាលដាល​ជំងឺកូវីដ-១៩​ ដែលនៅ​រោងចក្រ​កញ្ញាកំពុង​ធ្វើការ​មានកម្មករ​ច្រើន។ ពួកគេ​ធ្វើដំណើរ​តាម​រថយន្ត​ជិះបញ្ជ្រៀតគ្នា​មិន​រក្សាគម្លាត​សុវត្ថិភាព​ អាច​ប្រឈម​នឹង​ការឆ្លង​ជំងឺកូវីដ​-១៩​ ថ្វីត្បិត​ខាងរោងចក្រ​ប្រកាស​ពីវិធានការ​ការពារ​ក៏ដោយ​។​ កញ្ញាស្នើទៅ​រដ្ឋាភិបាល​គួរផ្តល់​អាទិភាព​ចាក់វ៉ាក់សាំង​កូវីដ​-១៩​ ដែល​មាន​គុណភាព​ និង​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​​ដល់កម្មករ​រោងចក្រ​។ ​កញ្ញាត្អូញត្អែ​​ថា​ ស្ថានភាព​បច្ចុប្បន្ន​កម្មករ​ជួបការ​​លំបាក​​ខ្លាំង​​ក្នុង​ជីវភាព​​គ្រួសារ និង​​ជំពាក់​​បំណុល​​ធនាគារ​​ ទើប​ពួកគេ​​ធ្វើការ​​ទាំង​​ប្រថុយ​ប្រថាន​៖ ​«​គម្លាត​​នៃការ​បញ្ជៀសនៅតែ​អត់មាន​ប្រសិទ្ធភាព​ ដូចកម្មករ​​គាត់​មក​​ពី​​ខេត្ត ​ដែល​ជិះ​​មួយ​ឡាន ​៣០ ​ទៅ​​ ៤០នាក់ ​នៅតែ​មិន​អាច​​​បញ្ជៀស​កើត ​អ៊ីចឹង​ពួក​ខ្ញុំ​គួរតែ​ទទួល​បាន​អាទិភាព​​​ហ្នឹង​​ដែរ​ »​

ស្រដៀង​​គ្នា​នេះ​ដែរ​ បុគ្គលិករដ្ឋបាលរោងចក្រណាត់ផាក (Nat Park) ក្រុងព្រះសីហនុ​កញ្ញា ញឹម ធីតា ​ប្រាប់អាស៊ីសេរី​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ និង​បន្តអូស​បន្លាយ​ការ​ទប់ស្កាត់​ជំងឺនេះ ​កម្មករ​ភាគច្រើន​នៅតំបន់​សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះស៊ីហនុ នឹង​ប៉ះពាល់​ដល់ជីវភាព​ក្នុង​គ្រួសារ​របស់​ពួកគេ។​ កញ្ញា​ទទូច​ឱ្យរដ្ឋាភិបាល​យក​ចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​កម្មករ​ និង​បញ្ចុះតម្លៃ​ទំនិញ​លើទីផ្សារ​ ដោយសារ​ពួកគាត់​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ ​ចំណូល​ធ្លាក់​ចុះ ​ចំណាយ​កើនឡើង​ក្នុងស្ថានភាព​នេះ​៖​ «​គ្រាន់តែ​​ថា​​ ចង់​ឱ្យ​គាត់យក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​​កម្មករ​​អីផង ​ដោយ​​សារអី ​ពួកគាត់​​កម្មករ​​ច្រើន​​គ្រួសារ​​ ពួក​គាត់​​មិន​​ធូធារ​ប៉ុន្មាន​​ទេ ​អ៊ីចឹង​​អ៊ីវ៉ាន់​អី​កុំ​ឱ្យ​ឡើង​ថ្លៃ​ ផ្ទះជួល​​អី​កាត់បន្ថយ​​ឱ្យ​ពួកគាត់ ​ពី​ព្រោះ​​ស្ថាន​ភាព​កូវីដ​​រោង​ចក្រ​​ខ្លះ​ ផ្តល់​តែ​​ហាសិបភាគរយ​​ក្នុង​​មួយ​​សប្តាហ៍ ​ឬ​​ប្តូរ​វេន​ »​

ការលើក​ឡើង​នេះ​ ធ្វើឡើង​បន្ទាប់​​​ពី​​កម្មករ​​ជាច្រើ​ន​​​បន្ត​ការងារ​​​ទាំង​ភ័យ​​ខ្លាច ​ដែលនៅ​កន្លែង​ធ្វើការ​​មាន​កម្មករ​​ច្រើន​ និង​​រោងចក្រ​​​មួយ​​ចំនួន​​មិន​អាច​​​អនុវត្ត​វិធានការ​​​រក្សា​គម្លាត​ ​តាមការ​ណែនាំ​​របស់​​ក្រសួង​​សុខាភិបាល​​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ​ស្របពេល​កម្ពុជា​កំពុង​រីករាល​​ដាល​ជំងឺកូវីដ​-​១៩ ​និង​​មាន​​អ្នកស្លាប់​ ហើយ​​​អ្នក​​ជំងឺ​​​មួយ​​​ចំនួ​ន​​​ទៀត​​​​កំពុង​​​ស្ថិត​​ក្នុង​​​ស្ថានភាព​​​ធ្ងន់ធ្ងរ។ ជាងនេះ​ទៅទៀត​ករណី​​​ចម្លង​​​ក្នុង​​​សហគមន៍​​​ក៏បាន​​​បន្ត​​កើន​​​ឡើង​​ខ្ពស់។ ក្រសួង​សុខាភិបាល​​រក​​ឃើញ​​ករណី​​​ឆ្លង​​ថ្មី​​ចំនួន​ ៧៥នាក់​ ទៀតនៅថ្ងៃទី១៧ ខែមីនា នេះ។

Factory_Worker_Worry_Covid19_15_03_2021.jpg
កម្មករ-កម្មការិនីនៅក្នុងរោងចក្រមួយកន្លែងនៅជាយរាជធានីភ្នំពេញអង្គុយត្រៀមជិះរថយន្តវិលត្រលប់ទៅលំនៅដ្ឋានវិញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ជុំវិញរឿងនេះ អាស៊ី​សេរី​មិនអាច​ទាក់ទងអ្នកនាំពាក្យ​ក្រសួង​សុខាភិបាលអ្នកស្រី ឱ វណ្ណឌីន និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បី​សាក​សួរ​ព័ត៌មាន​​នេះបានទេ នៅថ្ងៃទី១៧ ខែមីនា។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជាសំឡេងលើទំព័រហ្វេសប៊ុក​​ កាល​ពី​ថ្ងៃទី១៦​ ខែមីនា​ ​ថា​ គណៈកម្មការ​ចំពោះ​កិច្ច​ទទួល​បន្ទុក​ដឹកនាំកា​រចាក់វ៉ាក់សាំង​កូវីដ-​១៩​ ទូទាំង​ប្រទេស​ នឹង​ជំរុញ​ឱ្យ​ក្រសួង​នានា​រៀបចំ​អនុគណៈកម្មការ​ចាក់វ៉ាក់សាំង។​ ចំណែកក្រសួងការងារវិជ្ជាជីវៈត្រូវទទួលខុសត្រូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើ​កម្មករ​នៅ​តាម​រោងចក្រ​សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ «​កន្លង​ទៅ​យើង​ចាក់​ឱ្យ​អ្នក​ដែល​ប្រមូល​សំរាមនៅ​តាម​ទី​ក្រុង​ភ្នំពេញ​ជា​ដើម ហើយ​យើង​នៅ​មាន​ចំនួន​កម្មករ​មួយ​ចំនួន​ផ្សេងទៀត ដែល​ត្រូវ​ទទួល​អាទិភាព​ក្នុង​ការចាក់ »

កន្លង​មករោងចក្រ ​Y & W Garment ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​ជ្រៃ​ សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​ ធ្លាប់​មាន​កម្មករ​ស្ត្រី​ម្នាក់​ឆ្លង​ជំងឺ​កូវីដ១៩ ហើយបច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​ឯមន្ទីរ​ពេទ្យ។ កម្មករ​រោង​ចក្រ​នេះជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​យក​សំណាក​ទៅ​វិភាគ និង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​មណ្ឌល និង​ផ្ទះ​រៀងៗ​ខ្លួន ព្រម​ទាំង​បិទ​អគារ​ក្នុង​រោង​ចក្រ​នោះ​១កន្លែង​ផងដែរ​។ ករណី​នេះ ធ្វើឲ្យ​កម្មករ​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

នៅថ្ងៃទី១៧ ខែមីនា ក្រុមគ្រូពេទ្យក៏បានរកឃើញជំងឺកូវីដ-១៩ ម្នាក់ទៀត លើ​ស្រ្តី​ដែល​ជា​សន្តិសុខ​ធ្វើការ​នៅ​រោង​ចក្រ​កាត់ដេរ​ ត្រាក់ស៍​ អេបភែរៀល ​​​(​Trax​ Apparel​)​​​ នៅ​សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ។​

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍​ថា រោង​ចក្រ​មួយ​ចំនួនមិន​បាន​អនុវត្ត​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ១៩​​ឲ្យ​​មាន​​ប្រសិទ្ធ​ភាព ​និង​​ត្រឹមត្រូវ​នោះ​ទេ ជាពិ​សេស គឺ​​ការ​រក្សា​​គម្លាត​ក្នុង​ពេល​ធ្វើការ ការញាំ​អាហារ​​ជុំគ្នា និង​​ពេល​ជិះ​​រថយន្ត​​ឈរ​​ជ្រៀត​គ្នា​ជា​ដើម។ អ្នកស្រី​ថា ករណី​នេះ ជា​បញ្ហា​ ​មួយ​ដែល​រដ្ឋាភិបាលនិង​ក្រសួង​សុខា​ភិបាល​គួរ​យកចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់។

អ្នកស្រីយល់ឃើញថា កម្មករ គឺជាក្រុមគោលដៅប្រឈមនឹងជំងឺ​កូវីដ-១៩ ខ្លាំងជាងគេ ហើយកម្មករគួរទទួលបានអាទិភាពមុនគេ ដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩ តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​៖​ «​កម្មករ​នឹង​ហើយ​ជា​ចំណុច​អាទិភាព​ ដែល​ត្រូវ​គិត​ចំពោះគាត់​មុន​គេ ព្រោះ​គាត់​ត្រូវ​ធ្វើ​ការងារ​ហ្នឹង​នៅ​កន្លែង​ទីប្រជុំជន​ ដែលមានមនុស្ស​ច្រើន អង្គុយ​ជា​ក្រុម​​ហូបបាយ​មាន​មនុស្ស​ច្រើន ​ចង់​​មិន​​ចង់​​ពួក​គាត់​​ហ្នឹង​ហើយ ​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​​ច្រើន​​ជាង​​គេ ​ប្រសិន​​ណា​​កូវីដ​នឹង​កាន់​តែ​រាលដាល​ខ្លាំងទៅៗ ខ្ញុំគិតថា​ នឹង​អាច​ប៉ះពាល់​ដល់​ការងារ​របស់ពួក​គាត់ »

អ្នកស្រី យ៉ាង សុភ័ណ្ឌ ​ស្នើ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ផ្តល់ ​ឬ​ រក្សា​អត្ថប្រយោជន៍​ជូន​កម្មករ​មានជំងឺកូវីដ-១៩ ក្នុង​ពេលសម្រាកព្យាបាលនៅមន្ទីពេទ្យធ្វើចត្តាឡីស័ក ​និង​នៅ​ពេល​រោងចក្រ​បិទ​​​ដំណើរការ​មួយរយៈ៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។