លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​ចរាចរណ៍​មនុស្សដែល​ចេញ​ពី​​ខេត្តព្រះសីហនុ

0:00 / 0:00

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅថ្ងៃទី០៣ ខែមីនា ​បានបញ្ជា​ឲ្យបិទ​ចរាចរណ៍​មនុស្ស​ដែល​ចេញ​ពី​ខេត្តព្រះសីហនុទៅកាន់​ខេត្តផ្សេងៗ​។ ​

តាមរយៈសារសំឡេង​ ដែលចែកចាយ​តាមបណ្ដាញសង្គម​ហ្វេសប៊ុក លោក ហ៊ុន សែន អះអាងថា​ ការធ្វើដូច្នេះ ​គឺជាវិធានការបន្ទាន់​មួយ​ ដើម្បី​ទប់ទល់​ស្ថានការណ៍​ចម្លង​ជំងឺកូវីដ​-​១៩ ក្នុង​សហគមន៍​ ដែលចេះតែកើនឡើង​ជាលំដាប់​រៀងរាល់​ថ្ងៃ ​ចាប់​តាំង​ពី​ព្រឹត្តិការណ៍​ថ្ងៃទី២០​ ខែកុម្ភៈ។ លោកបន្ថែម​ថា ​រដ្ឋបាល​ខេត្តព្រះសីហនុ​ ត្រូវធ្វើ​យ៉ាងណា​កាត់បន្ថយ​ ឬ​រារាំង​ចលនាមនុស្ស​ កុំឲ្យធ្វើដំណើរ​ក្រៅ​ខេត្តនេះ​។​

ទោះជាយ៉ាងនេះក្ដី ​លោក ហ៊ុន សែន​ ថា​លោកមិន​អាច​បញ្ជាឲ្យ​បិទខេត្ត​ព្រះសីហនុ​ទាំងស្រុង​បានទេ​ ព្រោះទុក​ឲ្យ​រថយន្ត​ដឹកទំនិញ​នៅ​ចេញចូល​បាន ហាមតែរថយន្តដឹក​អ្នកដំណើរ៖« ឥឡូវហ្នឹង​បញ្ហាសំខាន់ កុំឲ្យរីកចេញពី​ខេត្ត​ព្រះសីហនុ ទៅកាន់ខេត្តផ្សេង។ អ៊ី ចឹង​រកវិធីដោះស្រាយ​បញ្ហាហ្នឹង តាមរយៈការរៀបចំរបៀបណា ដើម្បីកុំឲ្យ​រថយន្ត​ វាមាន​រថយន្ត​អ្នកធ្វើដំណើរ​។ ឥឡូវរកវិធីទៅ សំខាន់រកវិធីដើម្បី​ខ្ទប់មាត់ច្រក ហាមឃាត់រថយន្ត​ សំខាន់ពលរដ្ឋចិនមួយចំនួន ដែលធ្វើការនៅទីនោះ ក្រែងលោមានអ្នកទាំងនោះ ដែល​យើង​មិនទាន់បានពិនិត្យ។ អ៊ីចឹង​សូមធ្វើកិច្ចការងារហ្នឹង​ ឲ្យបានម៉ត់ចត់​ ដើម្បីចៀសវាង​ការចម្លង​ទៅកន្លែង​ផ្សេង​។ ការចម្លង​ភាគច្រើន គឺ​ទាក់ជាមួយក្រុមពួកកាស៊ីណូ ពួកស្អីៗហ្នឹង ហើយ​ពួកហ្នឹង​ច្រើនតែធ្វើដំណើរ។ ដូច្នេះ​ត្រូវ​រកវិធីទប់ស្កាត់ឲ្យហើយ»។

ចាប់តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍ចម្លង​សហគមន៍លើកទីបី​ កាលពីថ្ងៃទី២០​ ខែកុម្ភៈ រហូត​ដល់ថ្ងៃទី០៣ ខែមីនា ខេត្តព្រះសីហនុ ​មានអ្នកឆ្លងជំងឺកូវីដ-១៩​ជាជនជាតិចិន​ចំនួនជិត​ ៥០នាក់ (៤៧)។ ក្នុងអំឡុងពេល​ពីរ​សប្តាហ៍ចុងក្រោយនេះ​អ្នកឆ្លង​ក្នុងព្រឹត្តិការណ៍​សហគមន៍លើកទីបី​នោះ​មាន​សរុប ៣៧៤នាក់ ក្នុងនោះ ២៨៥នាក់​ ជាជនជាតិចិន​។​តួលេខ​នេះ​គឺគិតទាំង​ករណីចម្លង​ថ្មី​ចំនួន ៣៤នាក់ នៅថ្ងៃទី០៣ ខែមីនា ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។