ពលរដ្ឋ​មួយ​ចំនួន​ប្រតិកម្ម​នឹង​ភរិយា​លោក ហ៊ុន សែន បង្អួត​សម្ភារៈ​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ

ដោយ សុជីវី
2021-02-26
Share
ពលរដ្ឋ​មួយ​ចំនួន​ប្រតិកម្ម​នឹង​ភរិយា​លោក ហ៊ុន សែន បង្អួត​សម្ភារៈ​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ អ្ន​កស្រី ប៊ុន រ៉ានី ភរិយា​លោក​ ហ៊ុន សែន ក្នុង​ឈុត​សំលៀកបំពាក់ និង​គ្រឿង​អលង្ការ​ថ្លៃៗ។
រូប​ពី​ហ្វេសប៊ុក

ប្រជាពលរដ្ឋ​មួយ​ចំនួន​រិះគន់​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រើប្រាស់​សម្ភារៈ​ផ្ទាល់ខ្លួន តម្លៃ​រាប់់​សិប​ម៉ឺន​ដុល្លារ ស្រប​ពេល​ប្តី​អ្នកស្រី​ដែល​ពាក់​នាឡិកា​រាប់​លាន​ដុល្លារ ដែរ​នោះ​កំពុង​ព្យាយាម​រៃអង្គាស​លុយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​ដើរ​ខ្ចីបុល​ប្រទេស​នានា។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បញ្ចេញមតិ​ថា ជា​រឿង​អាម៉ាស់​បំផុត ដែល​ភរិយា​នាយករដ្ឋមន្ត្រី​ប្រទេស​ក្រីក្រ​មួយ បែរជា​ទិញ​សម្ភារៈ​ថ្លៃៗ ​រាប់​សិប​ម៉ឺន​ដុល្លារ ថតរូប​សម្ញែង​ប្រជាពលរដ្ឋ​ខ្លួន ដែល​កំពុង​ក្រីក្រ អ្នកខ្លះ​សឹងតែ​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន។

ជនជាតិ​ចាម​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) លោក សាដាត សាម៉ាតធី លើកឡើង​ថា អ្នកស្រី ប៊ុន រ៉ានី ភរិយា​លោក ហ៊ុន សែន ខំ​សម្ងែង នាឡិកា ខ្សែ​ក្រវ៉ាត់ អាវ​ម៉ាក​ល្បីៗ តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រុមគ្រួសារ​លោក ហ៊ុន សែន គ្រប់គ្រង​អំណាច​បែប​គ្រួសារ និង​បក្ខពួក​និយម ហើយ​មិន​ខ្វល់ខ្វាយ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ រង​ទុក្ខ​វេទនា បាត់បង់​ការងារ ចំណាកស្រុក​រក​ការងារ​នោះ​ទេ។ លោក សាដាត សាម៉ាតធី ជឿជាក់​ថា ទ្រព្យ​ដ៏​មហាសាល​របស់​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន គឺ​មិនមែន​កើត​ចេញ​ការ​ផ្តល់​កាដូ​នោះ​ទេ លោក​ថា​គឺ​កើត​ចេញ​ពី​អំពើពុករលួយ កិបកេង​ទ្រព្យសម្បត្តិ​ជាតិ​កន្លង​មក៖ «ចំពោះ​មេ​ដឹក​នាំ​ខ្មែរ​វិញ​នៅ​ពេល​សព្វថ្ងៃ​នេះ​លោក​មិន​បាន​ពិចារណា​អ៊ីចឹង​ទេ លោក​គិត​ថា តើ​ការ​ប្រើ​របស់​ថ្លៃៗ ប្រើ​របស់​ទំនើប ការ​ប្រើ​នេះ​មិន​សមជា​មួយ​អ្វី​ដែល​លោក​កំពុង​ធ្វើ​នោះ​ទេ ហើយ​ឃើញ​ថា នៅ​ពេលនេះ ទោះបី​ឃើញ​ថា លោក​ប្រើ​របស់​ថ្លៃ អួតខ្លួន​ថា លោក​ជា​អ្នកមាន​កូនចៅ​របស់​លោក​កំពុង​ជួប​ទុក្ខវេទនា តើ​សាក​សមជា​អ្នកដឹកនាំ សាក​សមជា​ម្ដាយ ជា​ឪ​គេ​ដែរ​ឬ​ទេ នេះ​ហើយ​ជា​សំនួរ​ក្នុងនាម​យើង​ជា​ប្រជាពលរដ្ឋ​គួរតែ​ពិចារណា»

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​រស់នៅ​សៀមរាប លោក ព្រហ្ម សុព្រឹក្ស យល់​ថា ក្នុង​កាលៈទេសៈ នេះ អ្នកស្រី ប៊ុន រ៉ានី ហ៊ុនសែន មិន​គួរ​អួត​សម្ភារៈ​និយម​នោះ​ទេ ព្រោះ​ពលរដ្ឋ​ខ្មែរ​កំពុង​ជួប​ទុក្ខ​លំបាក ជំពាក់​បំណុល​ធនាគារ ប្រឈម​ការ​រឹបអូស​ផ្ទះសម្បែង​ជាដើម​។ លោក​ថា​តម្លៃ​សម្ភារៈ​ទាំងអស់​នោះ មិន​សម នឹង​ប្រាក់ខែ​អ្នកស្រី ប៊ុន រ៉ានី នោះ​ទេ។ លោក​ទទូច​ទៅ​លោកនាយក​រដ្ឋមន្ត្រី និង​ភរិយា​គួរ​បរិច្ចាគ​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធប់​ទាំងនោះ ដើម្បី​ជួយ​សម្រាល​ទុក្ខ​ដល់​ប្រជាពលរដ្ឋ ដែល​គាត់​កំពុង​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​កូដ​-១៩ ទើប​ល្អ​ប្រសើរ៖ «យើង​មិន​គួរ​ណា​បញ្ចេញ ឬ​មិនគួរ​ណា​សម្ភារៈ​និយម​របស់​យើង​នោះ​ទេ សម្លឹង​មើល​ប្រជាពលរដ្ឋ ដែល​ក្រ​កម្សត់ ក្នុង​មួយថ្ងៃ​គាត់​ទទួល​បាន​អ្វីខ្លះ សម្រាប់​ការ​ហូបចុក អ៊ីចឹង​បើ​គាត់​ចំ​ជា​អ្នក​ដឹកនាំ​ដែល​ស្រឡាញ់ ដែល​គោរព​ប្រជាពលរដ្ឋ​ពិតមែន លោក​គួរតែ​ចេញ​មក ហើយ​លុយ​ថវិកា​របស់​លោក​គួរ​ចំណាយ​ទៅ គ្មាន​ចំណាយ​បុគ្គល​ណា​ទេ បរទេស​ណា​ទេ»

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ ធ្វើឡើង​ក្រោយពេល ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហម​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បាន​បង្ហាញ​រូបថត​ស្លៀកពាក់​ហឺហារ ប្រើប្រាស់​សម្ភារៈ រួមមាន អាវយឺត​ម៉ាក វ័រសាជី (Versace) ខ្សែក្រវ៉ាត់​ម៉ាក ហេ​មេស​(Hemes) និង​នាឡិកា​ម៉ាក រីឆាត មៀល (Richard Mille) ដែល​ជា​ម៉ាក់​យីហោ​ល្បីៗ នៅ​លើ​ពិភពលោក រួម​ទាំង​គ្រឿងអលង្ការ​ដ៏​មាន​តម្លៃ​ផ្សេងទៀត​។ គេហទំព័រ​របស់​ម៉ាក​ល្បីៗ បង្ហាញ​តម្លៃ អាវយឺត​ម៉ាក វ័រសាជី (Versace) មួយ​តម្លៃ​ជិត​៧​រយ (៦៣០) ដុល្លារ និង​ខ្សែ​ក្រវ៉ាត់​ម៉ាក ហេមេស​(Hemes) មួយ​តម្លៃ​ជិត​១​ពាន់ (៨៤៥) ដុល្លារ​។ ប្តី​អ្នកស្រី ប៊ុន រ៉ានី គឺ​លោក ហ៊ុន សែន ក៏​ធ្លាប់​រង​ការរិះគន់​ដែរ​ថា ប្រើប្រាស់​របស់របរ​ថ្លៃ​ហួស​សមត្ថភាព​និង​ប្រាក់ខែ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះ វ៉ាយស៍ (VICE) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ថា លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ​មាន​ប្រាក់ខែ​ជាង ​១០​លាន​រៀល ឬ​ប្រមាណ ២.៥០០ដុល្លារ​អាមេរិក​នោះ បែរ​ជា​មាន​នាឡិកាដៃ​ប្រណិត​ជាច្រើន​គ្រឿង ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​។ សារព័ត៌មាន​អន្តរជាតិ​នេះ សរសេរ​យ៉ាង​លម្អិត​ថា នាឡិកា​ដ៏​ប្រណិត​មួយ​គ្រឿង​ថ្មី​ទៀត ដែល​លោក ហ៊ុន សែន បាន​ពាក់​ជាប់​នឹង​ដៃ គឺជា​ប្រភេទ​នាឡិកា​ម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិត​នៅ​ប្រទេស​ស្វីស​អំឡុង​ឆ្នាំ​២០១៤-២០១៦ មាន​តម្លៃ ១​លាន ២​សែន​ដុល្លារ ហើយ​បច្ចុប្បន្ន នាឡិកា​ប្រភេទ​នេះ មានតម្លៃ​ដល់ ៣​លាន​ដុល្លារ នៅ​ពេល​គេ​ដាក់​ឱ្យ​ដេញថ្លៃ​។ ជាមួយ​គ្នា​នេះ​គេ​ក៏​ប្រទះ​ឃើញ​ថា លោក ហ៊ុន សែន ធ្លាប់​ពាក់​នាឡិកា​ជាច្រើន ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ ៩​លាន​ដុល្លារ ក្នុង​នោះ​ក៏​មាន​នាឡិកា​ម៉ាក រីឆាត មៀល (Rechard Mille Sapphire Dragon Tuorbilon) ដែល​ជា​ប្រភេទ​កម្រ គឺ​មាន​តែ ៥៥​គ្រឿង​លើ​ពិភពលោក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត យល់​ថា ពលរដ្ឋ​មាន​និន្នាការ​ប្រឆាំង ដែល​មាន​ទស្សន ឬ​សតិអារម្មណ៍​ច្រណែន ឈ្នានីស អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន​។ លោក​បញ្ជាក់​ថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ភារកិច្ច​ពិនិត្យ តាមដាន និង​ស៊ើបអង្កេត ភាព​មិន​ប្រក្រតី​ទាំងឡាយ នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​រាជការ​មាន​ថា​នៈ រាល់​ពីរ​ឆ្នាំ​ម្តង​។ ហើយ​លោក​ថា​ប្រជាពលរដ្ឋ​ដែល​ចោទប្រកាន់​អ្នកស្រី ប៊ុន រ៉ានី មាន​សិទ្ធិ​រក​ភស្តុតាង​ដាក់​ទៅ​តុលាការ ដើម្បី​ស្វែងរក​ការពិត​បាន៖ «អាហ្នឹង​ត្រូវ​រក​ភស្តុតាង​មក បង្ហាញ​ថា ពុករលួយ ពុករលួយ​ស្អី គេ​លួច​ស្អី គេ​ប្លន់​ស្អី គេ​លក់​ស្អី ដើម្បី​យក​លុយ​នឹង​បាន​ប៉ុន្មាន ដាក់​ទៅ​តុលាការ​ទៅ អាហ្នឹង​គឺថា​តុលាការ​គេ​ធ្វើ​ការ​ឱ្យ​គាត់ ប៉ុន្តែ​គេ​មិន​អាច​ថា ទោះបី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏ដោយ​ឃើញ​នរណា​មួយ​មាន​ឡាន​ជិះ​ថា​ពុករលួយ​ដែរ ចាប់​ក្រឹប​ម៉េច​កើត នៅ​ណា​ក៏​ដោយ​នៅ​អាមេរិក​ក៏ដោយ ទោះបី​នៅ​អាមេរិក​ក៏​មិនល្អ​ឥត​ខ្ចោះ​ដែរ ពុករលួយ​ដូច​តែ​គ្នា»

ទោះ​បី​យ៉ាងណា អ្នកវិភាគ​នយោបាយ លោក គឹម សុខ មើលឃើញ​ថា គ្រួសារ​មេដឹកនាំ​ផ្ដាច់ការ​នៅ​លើ​ពិភពលោក​តែងតែ​បង្ហាញ​ពី​ភាព​ហ៊ឺហា បង្ហាញ​ទ្រព្យ​មានតម្លៃ​ច្រើន​សន្ធឹក​សន្ធាប់ នៅ​ពេល​ពលរដ្ឋ​ខ្លួន​ក្រលំបាក​តោកយ៉ាក ហើយ​ទ្រព្យសម្បត្តិ​កប់​ពពក​ទាំងនោះ គ្មាន​អ្វី​ក្រៅពី​ការប្រព្រឹត្ត​អំពើ​ពុករលួយ លួច​ជាតិ​នោះ​ទេ​។ លោក​បន្ត​ទៀត​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ហ៊ាន​បើក​ការស៊ើបអង្កេត​លើ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ទេ ដោយសារ​ស្ថាប័ន​ដែល​ស្ថិត​នៅ​ក្រោម​របប​ផ្ដាច់ការ​គ្រាន់តែ​ជា​កន្លែង​ពង្រឹង​អំណាច​មេដឹកនាំ​ផ្ដាច់ការ​ប៉ុណ្ណោះ៖ «នៅ​ពេល​ដែល​មេដឹកនាំ​ផ្ដាច់ការ ឧទាហរណ៍​ដូចជា​លោក ហ៊ុន សែន មាន​នាឡិកា​តម្លៃ​រាប់​លាន​ដុល្លារ ពេល​ដែល​ក្រុម​គ្រួសារ​របស់​គាត់ បង្ហាញ​ទ្រព្យសម្បត្តិ​ស្រោច​ខ្លួន វីឡា​ស្ដុកស្ដម្ភ កូន​របស់​គាត់​បង្ហាញ ភាព​ហឺ​ហារ​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​វេទនា និង​រក​វិធី​ដោះស្រាយ​មិនបាន​សូម្បីតែ​ជីវភាព​នោះ មានន័យថា​ពួក​មេដឹកនាំ ឬ​ក្រុម​គ្រួសារ​មេដឹកនាំ​នោះ​មិនបាន​គិត​អំពី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទេ មាន​ន័យ​ថា​ពួកគេ​មិន​ទុក​ប្រជាពលរដ្ឋ​ក្នុង​ភ្នែក​ទេ»

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជុំវិញ​រឿង អ្នកស្រី ប៉ុន រ៉ានី បង្ហាញ​សម្ភារៈ​និង​សំលៀកបំពាក់​រាប់​រយ​ដុល្លារ​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី២៥ កុម្ភៈ។

កាលពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) រក​ឃើញ​ថា ត្រកូល «​ហ៊ុន​» កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន​។ គ្រួសារ​ត្រកូល «​ហ៊ុន​» បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​។ ចំនួន​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់​ចេញ​ឱ្យ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល «​ហ៊ុន​» ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លូបល វី​នេស អះអាង​ថា​ពួកគេ​មាន​ភាគហ៊ុន​ច្រើនជាង​នេះ ប៉ុន្តែ​លាក់​ព័ត៌មាន។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International)​ឲ្យ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៦០ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​សរុប​ចំនួន​១៨០ ដែល​ចំណាត់ថ្នាក់​នេះ អន់​ជាង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​(Myanmar) វៀតណាម និង​ឡាវ ទៅទៀត ក្នុង​ការ​វាយតម្លៃ​ពី​អំពើពុករលួយ​ឆ្នាំ​២០២០។

ពលរដ្ឋ​មួយ​ចំនួន​យល់​ថា នៅ​ពេល​ក្រុម​គ្រួសារ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន កំពុង​មាន​អំណាច​ពេញដៃ​បែបនេះ ប្រាកដជា​ពិបាក​ក្នុង​ការ​រក​ឃើញ​បទល្មើស ឬ​អំពើពុករលួយ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​អស់​អំណាច​វិញ តុលាការ​ប្រាកដជា​រក​ឃើញ​ការ​ពិត​ជា​មិន​ខាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល