យុវជន ឈឿន ដារ៉ាវី កោរសក់ ដើម្បី​បួងសួង​សូម​ឲ្យ​មាន​យុត្តិធម៌​ដល់​ខ្លួន​គាត់

ដោយ ឡេង ម៉ាលី
2021-02-17
Share
យុវជន ឈឿន ដារ៉ាវី កោរសក់ ដើម្បី​បួងសួង​សូម​ឲ្យ​មាន​យុត្តិធម៌​ដល់​ខ្លួន​គាត់ (រូប​ឆ្វេង) លោកស្រី ឈឿន ដារ៉ាវី មុន​ពេល​ជាប់​ឃុំឃាំង និង​ (រូប​កណ្ដាល និង​ស្ដាំ​កោរ​សក់) ពេល​ជាប់​ឃុំឃាំង
រូប៖ ហ្វេសប៊ុក​កញ្ញា ឈឿន ដារ៉ាវី និង​ CCHR

យុវជន​ខ្មែរ​ថាវរៈ លោកស្រី ឈឿន ដារ៉ាវី សម្រេច​កោរសក់​ ដើម្បី​បួងសួង​ដល់​បុព្វបុរស​ដែល​ជា អ្នក​តស៊ូ និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់ សូមឲ្យ​ជួយ​ថែ​រក្សា និង​រក​យុត្តិធម៌​ដល់​ខ្លួន​ឯង ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។ មន្ត្រី​សិទ្ធ​មនុស្ស​យល់​ថា ការ​កោរ​សក់​សម្ដែង​មតិ ឬ​បង្ហាញ​ជំនឿ​របស់​ខ្លួន​ទៅ​លើ​អ្វី​មួយ​នោះ គឺ​ជា​សិទ្ធ​របស់​ពលរដ្ឋ​ និង​អ្នក​ជាប់​ឃុំ ដែល​ធ្វើ​ឡើង​ដោយ​សន្តិវិធី។

យុវជន និង​ពលរដ្ឋ​មួយ​ចំនួន​អាណិត​អាសូរ និង​កោត​សរសើរ​តាម​បណ្ដាញ​សង្គម ចំពោះ​ភាព​ក្លាហាន​របស់​លោកស្រី ឈឿន ដារ៉ា​វី ដែល​ហ៊ាន​លះបង់ ដើម្បី​តស៊ូ​មតិ រក​យុត្តិធម៌​ជូន​សង្គម។

ម្ដាយ​លោកស្រី ឈឿន ដារ៉ាវី គឺ​លោកស្រី ថាច់ ធីតា ប្រាប់​ថា លោកស្រី ឈឿន ដារ៉ាវី បាន​សម្រេច​ចិត្ត​កោរ​សក់​នេះ នៅ​មុន​សវនាការ​ជំនុំ​ជម្រះ​សំណុំរឿង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ កាល​ពី​ថ្ងៃ​ទី១៧ កុម្ភៈ។ លោកស្រី​ថា មិន​ត្រឹម​តែ​កោរសក់​នោះ​ទេ លោកស្រី ឈឿន ដារ៉ាវី ក៏​បាន​ពហិការ​បង្អត់​អាហារ​ជា​យូរ​មក​ហើយ ដោយ​ញាំ​ផ្លែឈើ និង​ទឹក​ជំនួស​បាយ និង​ម្ហូប​ទាំង​នោះ។ លោកស្រី​រៀបរាប់​ទាំង​សំឡេង​ខ្សឹកខ្សួល​ថា លោក​ស្រី​អាណិត​អាសូរ​កូន​ស្រី​របស់​ខ្លួន​ជា​ខ្លាំង​ក្រោយ​ឃើញ​កូន​ស្រី​របស់​ខ្លួន​ក្នុង​សភាព​ស្គម​ស្គាំង និង​កោរ​សក់​បែបនេះ«ខ្ញុំ​ពិបាក​ចិត្ត ខ្ញុំ​គិត​កូន ហើយ​គិត​ពី​សុវត្ថិ​ភាព​កូន​ខ្ញុំ។ សមត្ថ​កិច្ច​ហ្នឹង​ក៏​គាត់​ត្រូវ​យល់​ពី​បញ្ហា​ស្ត្រី​ដូច​គ្នា​ដែរ គាត់​មិន​ត្រូវ​ធ្វើ​អ៊ីចឹង​ទេ។ គាត់​ជេរ​ប្រទេច​កូនខ្ញុំ​នៅ​មុខ​អ្នក​ទោស​អ៊ីចឹង ​វា​អត់​សម​សោះ។ គាត់​នៅ​មាន​គំនិត​មួយ​ស្អប់​ខ្ពើម​កូន​ខ្ញុំ​អ៊ីចឹង។ ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព​​កូន​ខ្ញុំ ហើយ​រឿង​នេះ ខ្ញុំ​គិត​ថា រឿង​បុគ្គល ថ្នាក់​លើ​របស់​គាត់​ប្រហែល​ជា​អត់​ដឹង​ទេ ខ្ញុំ​ជឿ​ជាក់​ថា អ៊ីចឹង។ កាល​ដែល​កូន​ខ្ញុំ​ធ្វើហ្នឹង ​ខ្ញុំ​គិត​ថា វា​មិន​បាន​ប៉ះពាល់​អី​ដល់​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ទេ ដូច​ជា​ការងារ​ការពារ​បរិស្ថាន​អ៊ីចឹង។ ការងារ​ដែល​គាត់​តស៊ូ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក រ៉ុង ឈុន អី។ ទោស​ប៉ុន​នេះ វា​បើ​យើង​គិត​ថា ច្បាប់​ហ្នឹង​មិន​គួរ​ដល់​ថ្នាក់​ទុក​កូន​ខ្ញុំ​យូរ​ចឹង​ទេ»

លោកស្រី ឈឿន ដារ៉ាវី ក៏​បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ប្រាប់​ម្ដាយ​ថា មន្ត្រី​អនុរក្ស​ពន្ធនាគារ បាន​ធ្វើ​ទុក​បុក​ម្នេញ​លោកស្រី​ដោយ​គំរាម​កំហែង ជេរ​ប្រមាថ និង​តាម​យាយី​តាម​គ្រប់​រូបភាព​មិន​ឲ្យ​លោកស្រី​បាន​សុខ​ឡើយ។ លោកស្រី​បន្ត​ថា ការ​រឹតត្បិត គាបសង្កត់​ផ្លូវ​ចិត្ត​ក្នុង​ពេល​ជាប់​ឃុំ​នេះ គឺ​លោកស្រី​យល់​ថា ខ្លួន​រង​ភាព​អយុត្តិធម៌​ខ្លាំង​បំផុត ដែល​ធ្វើ​ឲ្យ​ខ្លួន​គ្មាន​ជំនឿ​លើក​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា រហូត​ពឹងផ្អែក​ទៅ​លើ​ជំនឿ​ពី​បុរាណ។

ម្ដាយ​លោកស្រី ឈឿន ដារ៉ាវី ទទូច​ស្នើសុំ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ ផ្លាស់​បន្ទប់​លោកស្រី ឈឿន ដារ៉ាវី ទៅ​មណ្ឌល​អប់រំ​កែប្រែ (ម២) វិញ ដោយ​សារ​លោកស្រី​បារម្ភ​ពី​សុវត្ថិ​ភាព​របស់​កូន​ស្រី ក្រោយ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​មន្ត្រី​ពន្ធនាគារ​ភ្នំពេញ (PJ) បែប​នេះ«សូម​ឲ្យ សំណូមពរ​ឲ្យ​រដ្ឋា​ភិបាល ក៏​ដូចជា​ក្រសួង​ពាក់​ព័ន្ធ​ជាមួយ​ហ្នឹង​ក្រសួង​យុត្តិធម៌​ច្បាប់​ ហើយ​តុលាការ​ទាំង​អស់ សូម​ឲ្យ​ជួយ​ពិនិត្យ​ សើរើ​ឡើង​វិញ​ ជា​ករណី​កូនខ្ញុំក៏​ដូចជា​កូន​ខ្មែរ​ថាវរៈ និង​សកម្មជន​ទាំង​អស់ ​ដែល​ជាប់​ពន្ធនាគារ​ហ្នឹង សូម​គេ​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​កាត់​ទោស​ឲ្យ​បាន​ត្រឹមត្រូវ យុត្តិធម៌​តាម​ច្បាប់​ជាតិ។ សូម​លើក​លែង​ទោស​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ សូម​លើក​លែង​ទោស​ពួក​គាត់​ទាំង​ស្រុង​អ៊ីចឹង»

រូប​ថត​កោរសក់​របស់​លោកស្រី ឈឿន ដារ៉ាវី ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​តៗ គ្នា ដោយ​មាន​ការ​បញ្ចេញ​មតិ​អាណិត​អាសូរ និង​រិះគន់​ចំពោះ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ផង​ដែរ។

គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ស៊ីហាន យ៉ាង (Shehan Yang) បាន​បញ្ចេញ​មតិ​បែប​សើចចំអក​ចំពោះ​រដ្ឋាភិបាល​ថា ប្រសិន​បើ​លោក​ជា​មេ​ដឹក​នាំ​នៅ​កម្ពុជា​វិញ​ លោក​ខ្មាស​អៀន​ចំពោះ​លោកស្រី ដារ៉ាវី ណាស់ ព្រោះ​ខ្លួន​មាន​អំណាច​តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ បែរ​ជា​ដឹក​នាំ​បំផ្លាញ​ជាតិ និង​ចាប់​អ្នក​ការពារ​ជាតិ​ដាក់​គុក​យ៉ាង​ព្រៃផ្សៃ។

ស្រដៀង​គ្នា​នេះ​ដែរ គណនី​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ ហូលីខេមរា ហ៊ុន (Holykhemara Hun) បាន​បញ្ចេញ​មតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បក​ស្រាយ​ឱ្យ​បាន​ច្បាស់​ថា សកម្មភាព​របស់​លោកស្រី ឈឿន ដារ៉ាវី និង​ក្រុម​យុវជន​ដទៃ​ទៀត ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​នោះ ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​កម្រិត​ណា?

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ក៏បាន​បង្ហោះ​សារ​នៅ​លើ​គណនី​របស់​ខ្លួន​ថា លោកស្រី​កោត​សរសើរ​ចំពោះ​ស្មារតី​ដ៏​រឹងមាំ​របស់​លោកស្រី ឈឿន ដារ៉ាវី។ អ្នកស្រី​បន្ត​ថា មនុស្ស​មួយ​ចំនួន​អាច​មើល​ឃើញ និង​មាន​ក្ដី​អាសូរ​អាណិត​ដែល​ឃើញ​នាង​ក្នុង​សភាព​ទ្រុឌទ្រោម​បែប​នេះ ប៉ុន្តែ​ពួក​គេ​គួរ​មើល​ពី​ភាព​ខ្លាំង រឹងមាំ និង​មោះមុត​របស់​ស្ត្រី​រូប​នេះ​តាម​រយៈ​សារ​ដែល​នាង​ចង់​បង្ហាញ​ពី​ការ​ទាមទារ​យុត្តិធម៌​សង្គម។ រីឯ​មតិ​ជា​ច្រើន​ទៀត ក៏​បាន​លើក​ទឹក​ចិត្ត និង​ជំរុញ​ឲ្យ​កូន​ខ្មែរ​ដទៃ​ទៀត គួរ​គិតគូរ​ពី​ប្រទេស​ជាតិ និង​ក្លាហាន​ដូច​លោកស្រី​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​ការ​កោរ​សក់​នេះ មន្ត្រី​ពន្ធនាគារ​បដិសេធ​ថា លោកស្រី ឈឿន ដារ៉ាវី មិន​បាន​រង​ការ​ធ្វើ​បាប ក្នុង​ពន្ធនាគារ​រហូត​ដល់​កញ្ញា​កោរ​សក់​នោះ​ទេ។

អ្នកនាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​លោក នុត សាវនា បញ្ជាក់​ថា ការ​កោរ​សក់​របស់​លោកស្រី ឈឿន ដារ៉ាវី គឺ​ជា​រូបភាព​តស៊ូ​មតិ​តាម​ផ្លូវ​តុលាការ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ចំពោះ​ការ​លើក​ឡើង​ថា មាន​មន្ត្រី​ជេរ​ប្រមាថ ឬ​មាន​ការ​ធ្វើ​ទុក​បុក​ម្នេញ​ផ្សេងៗ លោក​នឹង​ស្រាវជ្រាវ​បន្ថែម ចំពោះ​ករណី​នេះ«ការគំរាម​កំហែង ឬ​ជេរ​ប្រមាថ​ពី​សំណាក់​មន្ត្រី វាជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ អ៊ីចឹង​ខ្ញុំ​ក៏​មិន​ដឹង​ថា រឿង​ហ្នឹង​វាពិត​កម្រិត​ណា ទាល់តែ​យើង​ស្រាវ​ជ្រាវ​មើល​ថា តើ​រឿង​ហ្នឹង​វា​យ៉ាង​ម៉េច។ អ៊ីចឹង​បាន​ថា មាន​ការ​លើក​ឡើង​អ៊ីចឹង យើង​នឹង​ស្រាវ​ជ្រាវ​រឿង​ហ្នឹង ថា​វា​ពិតជា​មាន​បញ្ហា​រឿង​ហ្នឹង ឬ​អត់។ រឿង​ផ្ទេរ ឬ​មិន​ផ្ទេរ​ទាល់​តែ​គាត់​ធ្វើ​ខ្លួន​គាត់ឲ្យ​បាន​ត្រឹម​ត្រូវ គោរព​វិន័យ គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង អាហ្នឹង​បាន​យើង​ស្រួល​និយាយ​គ្នា។ ប៉ុន្តែ​ បើ​យើង​មិន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ទេ អាហ្នឹង​គេ​យក​យើង​ពី​កន្លែង​ស្រួល​ទៅ​ដាក់​កន្លែង​ពិបាក​ហើយ។ មិន​មែន​ធ្វើ​បាន​យើង​ទេ ប៉ុន្តែ​ដោយសារ​ការ​គ្រប់​គ្រង​យើង​ហ្នឹង​វា​ពិបាក តែ​ការ​គ្រប់គ្រង​យើង​ហ្នឹង​វា​ពិបាក គេ​ដាក់​កន្លែង​តឹងរ៉ឹង​អ៊ីចឹង»

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ យុវជន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សកម្មជន​បក្ស​ប្រឆាំង​សរុប ១៥នាក់ កាល​ពី​ថ្ងៃ​ទី១៦ កុម្ភៈ។ ក្នុង​នោះ រួម​មាន​លោកស្រី ឈឿន ដារ៉ាវី រួម​ទាំង យុវជន និង​សកម្មជន​មួយ​ចំនួន​ទៀត។ ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​របស់​ក្រុម​យុវជន​ទាំង​នេះ បន្ត​​ទៅ​​ថ្ងៃ​ទី២ ខែ​មីនា​ខាង​មុខ​ទៀត។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធ​មនុស្ស​អាដហុក​លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​នឹង​ទំនាក់ទំនង​ទៅ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ស្នើសុំ​ឲ្យ​អង្គការ​នេះ ពិនិត្យមើល​ទៅ​លើ​​សុខ​ទុក្ខ​របស់​លោកស្រី ឈឿន ដារ៉ាវី នៅ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា មន្ត្រី​ពន្ធនាគារ និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ គួរ​ពិនិត្យ​មើល ចំពោះ​ការ​គ្រប់គ្រង​របស់​មន្ត្រី​ជាន់​ក្រោម​ដទៃ​ទៀត និង​ពិនិត្យ​មើល​ចំពោះ​ករណី​ដែល​មាន​ការ​លើក​ឡើង​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​អ្នក​កំពុង​ជាប់​ឃុំ។ លោក​បន្ថែម​ថា ប្រសិនបើ​ករណី​រក​ឃើញ​ថា មាន​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​អ្នក​ជាប់​ឃុំ​ពី​សំណាក់ មន្ត្រី​ពន្ធនាគារ​ពិត​មែន គួរ​មាន​ការ​ចាប់​វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ«យើង​យល់​ថា វិធានការ​របស់​អ្នក​ពន្ធនាគារ​ហ្នឹង អត់​ត្រូវ​ធ្វើអ្វី​លើស​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ និង​ថែ​រក្សា​ក្តីសុខ និង​សុវត្ថិភាព និង​សុខុមាល​ភាព​របស់​ពួកគាត់​នៅ​ក្នុង​ពន្ធ​នាគារ​ហ្នឹង​ទេ ហើយ​នឹង​អនុវត្ត​ទៅ​តាម​ការ​ណែនាំ ឬ​ក៏​បទ​បញ្ជា​ពី​ខាង​តុលាការ ដើម្បី​ឲ្យ​នាំ​ខ្លួន ឬ​ក៏​យក​ទៅ​ធ្វើ​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។ មិន​អាច​ប្រើ​ប្រាស់​នូវ​វិធាន​ការ​ធ្វើ​ទុក​បុក​ម្នេញ​ផ្សេងៗ ដែល​ផ្ទុយ​ពី​ច្បាប់​ឡើយ»

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ៥នាក់ និង​ចោទ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ពួក​គេ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្រោយ​ពេល​ពួក​គេ នាំ​គ្នា​ជម្នះ​រៀបចំ​ការ​តវ៉ា នៅ​ទីលាន​ប្រជាធិបតេយ្យ​ឱ្យ​ខាង​តែ​បាន ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ និង​តំណាង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ផ្សេង​ទៀត។

អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុងស្រុក និង​អង្គការ​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផង បាន​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​យាយី និង​ការ​ចោទ​ប្រកាន់​ទាំង​បំពាន​ច្បាប់ លើ​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​រិះគន់ អ្នក​នយោបាយ និង​ត្រូវ​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ​ដោយ​ការ​ចោទ​ប្រកាន់​ទាំង​បំពាន ឬ​តាម​ទំនើង​ចិត្ត​ទាំង​ឡាយ​ឱ្យ​មាន​សេរីភាព​មក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល