ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​សម្រាប់​កសាង​អគារ​គរុកោសល្យ​ថ្មី​២​កន្លែង

ដោយ វ៉ែន សុមេធ
2017-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប្រាក់ សុខុន (ស្ដាំ) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) (ឆ្វេង) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការ​ពិភាក្សា ស្ដីពី​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ ២៨​លាន ៨​សែន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អគារ​វិទ្យាស្ថាន​គរុកោសល្យ​ថ្មី​២​កន្លែង កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១៧។
លោក ប្រាក់ សុខុន (ស្ដាំ) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) (ឆ្វេង) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការ​ពិភាក្សា ស្ដីពី​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ ២៨​លាន ៨​សែន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អគារ​វិទ្យាស្ថាន​គរុកោសល្យ​ថ្មី​២​កន្លែង កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo courtesy of MFA.IC

ឯកអគ្គរាជទូត​ជប៉ុន និង​ប្រមុខ​ការទូត​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការ​ពិភាក្សា ស្ដីពី​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ ២៨​លាន ៨​សែន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អគារ​វិទ្យាស្ថាន​គរុកោសល្យ​ថ្មី​២​កន្លែង កាលពី​ព្រឹក​ថ្ងៃ ទី​២០ ស្រប​នឹង​ឆ្នាំ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន។

ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង ជិត​២៩​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​កម្ពុជា លើ​គម្រោង​សាងសង់​អគារ​វិទ្យាស្ថាន​គរុកោសល្យ​ថ្មី​ចំនួន​២​កន្លែង គឺ​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​បាត់ដំបង ដើម្បី​រួមចំណែក​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​នៅ​កម្ពុជា។

ពិធី​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​ឥត​សំណង​នេះ ធ្វើ​ឡើង​នៅ​ក្រសួង​ការបរទេស​កម្ពុជា រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន និង​លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា។

ឯកអគ្គរាជទូត​ជប៉ុន លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា បាន​ថ្លែង​ឲ្យ​ដឹង​ថា ដោយ​យល់​ឃើញ​ធនធាន​មនុស្ស​ជា​សសរទ្រូង​នៃ​ប្រទេសជាតិ ជប៉ុន​កំពុង​រួច​ចំណែក​ក្នុង​ការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ឧស្សាហកម្ម​នៃ​ប្រទេស​កម្ពុជា តាម​កម្មវិធី​នានា ដូចជា​ការ​សាងសង់​សាលារៀន​ជាដើម។

លោក​ថ្លែង​ទៀត​ថា ជប៉ុន​កំពុងតែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស ព្រមទាំង​រៀបចំ​កម្មវិធី​សិក្សា ដើម្បី​ដំឡើង​សាលា​គរុកោសល្យ​ដែល​មាន​កម្មវិធី​សិក្សារ​យៈ​ពេល ៤​ឆ្នាំ និង​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​នៅ​កម្ពុជា។ «»

លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា បាន​ថ្លែង​ជា​ភាសា​ខ្មែរ យ៉ាង​ដូច្នេះ​ថា​៖ «សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​នឹង​ក្លាយ​ជា​គ្រូបង្រៀន​នៅ​តាម​សាលារៀន​នានា​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា សិស្សានុសិស្ស​កម្ពុជា ដែល​បាន​ទទួល​ការអប់រំ​តាមរយៈ​គ្រូបង្រៀន​នៅ​វិទ្យាស្ថាន​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា»

លោក ប្រាក់ សុខុន បញ្ជាក់​ថា ជំនួយ​បន្ថែម​នេះ នឹង​រួមចំណែក​ធំធេង​ដល់​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​ប្រទេស​កម្ពុជា​បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​ធនធានមនុស្ស ជា​អាទិភាព​ចម្បង។

លោក​ថ្លែង​ថា ដើម្បី​លើកកម្ពស់​ធនធានមនុស្ស​នៅ​កម្ពុជា ចាំបាច់​បំផុត​ត្រូវ​លើកកម្ពស់​ចំណេះដឹង​របស់​គ្រូបង្រៀន ហើយ​ចាប់ពី​ឆ្នាំ​២០២០ ទៅ​សិស្ស​ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ ត្រូវ​បន្ត​ការសិក្សា ៤​ឆ្នាំ​ទៀត ទើប​អាច​ក្លាយ​ជា​គ្រូ​ថ្នាក់​បឋមសិក្សា​បាន។

លោក​ថ្លែង​ថា៖ «ទន្ទឹម​នឹង​ការ​បណ្ដុះបណ្ដាល​ថ្មី តាម​ស្តង់ដារ​ថ្មី យើង​ក៏​ត្រូវ​បំពាក់បំប៉ន​ដល់​គ្រូ​ដែល​កំពុង​បម្រើការ​មួយ​ចំនួន​ធំ ដើម្បី​ឲ្យ​មាន​កម្រិត​គុណវុឌ្ឍិ ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ថ្មី​នេះ​ដែរ ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​យើង​ពង្រីក​លទ្ធភាព និង​បង្កើន​សមត្ថភាព​របស់​សាលា​គរុកោសល្យ​ឲ្យ​បាន​ឆាប់​បំផុត»

លោក​ថ្លែង​ទៀត​ថា អគារ​វិទ្យាស្ថាន​គរុកោសល្យ​ថ្មី​ទាំង​២​កន្លែង​នេះ នឹង​ត្រូវ​សាងសង់​រួចរាល់ ព្រមទាំង​បំពាក់​បរិក្ខារ​ឧបទេស ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដែល​អាច​នឹង​ពង្រីក​លទ្ធភាព បណ្ដុះបណ្ដាល​គ្រូ​បង្រៀន​ឲ្យ​ស្របតាម​តម្រូវ​ការ​អភិវឌ្ឍ​របស់​កម្ពុជា។

លោក ប្រាក់ សុខុន បញ្ជាក់​ថា វិទ្យាស្ថាន​គរុកោសល្យ​នៅ​រាជធានី​ភ្នំពេញ នឹង​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ក្នុង​រាជធានី និង​គ្រូ​ពី​ខេត្ត​នៅ​ខេត្ត​ចំនួន​៥​ទៀត គឺ​មណ្ឌលគិរី រតនគិរី ព្រះវិហារ កោះកុង និង​ស្ទឹងត្រែង។ ចំណែក​ឯ វិទ្យាស្ថាន​គរុកោសល្យ​ខេត្ត​បាត់ដំបង នឹង​ជួយ​បណ្ដុះបណ្ដាល​គ្រូ​នៅ​ខេត្ត​ក្បែរ​ៗ​នោះ ចំនួន​៥​ដែរ គឺ​មាន​ខេត្ត​ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល